ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ហោះ​ដំបូង​គេ​របស់​ពិភពលោក

6 ឆ្នាំ មុន

រថយន្ត​ហោះ​ដំបូង​គេ​របស់​ពិភពលោក​ដែល​អ្នក​អាច​រក​ទិញ​បាន​នោះ ពេល​នេះ​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​កម្មវិធី Geneva International Motor Show នៅ​ក្នុង​ប្រទេស​ស្វ៊ីស ។ ក្រុមហ៊ុន​ហូ​ឡង់ PAL-V…

រថយន្ត​ហោះ​ដំបូង​គេ​របស់​ពិភពលោក​ដែល​អ្នក​អាច​រក​ទិញ​បាន​នោះ ពេល​នេះ​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​កម្មវិធី Geneva International Motor Show នៅ​ក្នុង​ប្រទេស​ស្វ៊ីស ។

ក្រុមហ៊ុន​ហូ​ឡង់ PAL-V បាន​បង្ហាញ​គំរូ​ផលិតកម្ម​ចុង​ក្រោយ​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ហើយ​ឥឡូវនេះ​កំពុង​ទទួល​ការ​បញ្ជា​ទិញ​ជា​មុន តាម​រយៈ​គេហទំព័រ​របស់​ក្រុមហ៊ុន សម្រាប់​រថយន្ត​អាច​ហោះ​បាន​នេះ ។

ក្រុមហ៊ុន PAL-V បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​រថយន្ត​នេះ​ដល់​អតិថិជន​លើក​ដំបូង នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ជា​ពេលវេលា​មួយ​ដែល​ទទួល​បានការ​បញ្ជាក់​ពី​សុវត្ថិភាព​ចុង​ក្រោយ ។

ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា រថយន្ត​ហោះ​នេះ​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​បាន​ពីរ​នាក់ និង​មាន​ល្បឿន​បើក​លើ​ផ្លូវ​ត្រឹម​១០០​ម៉ា​យ​(១​ម៉ា​យ​ស្មើ​ជាង​១,៦​គីឡូម៉ែត្រ​)​ប៉ុណ្ណោះ​ក្នុង​១​ម៉ោង ខណៈ​វា​អាច​ហោះ​លើ​អាកាស​បាន​ដល់​ល្បឿន​១១២​ម៉ា​យ​ក្នុង​១​ម៉ោង និង​កម្ពស់​អតិបរមា​ជាង​៣​គីឡូម៉ែត្រ ។

ក្រុមហ៊ុន​និយាយ​ថា ការ​ប្តូរ​ពី​បើក​លើ​ផ្លូវ ទៅ​ហោះ​លើ​អាកាស មិនមែន​គ្រាន់តែ​ត្រូវ​ចុច​ប៊ូ​តុង​មួយ​នោះ​ទេ គឺ​អ្នកបើកបរ​ត្រូវ​តែ​ចុះ​ទៅ​ផ្លាស់​ប្តូរ​កន្លែង​ណាមួយ​នៅ​លើ​រថយន្ត ដែល​​ពេល​នេះ​យើង​មិន​ទាន់​ដឹង​ថា​ត្រូវធ្វើ​ដូច​ម្តេច​ទេ ប៉ុន្ដែ​ខាង​ក្រុមហ៊ុន​ប្រាប់​ថា ការ​ធ្វើ​បែប​នេះ​ប្រើ​ពេល​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ ។

ម៉ូ​ដែល​ពិសេស​ដែល​នឹង​ដាក់​លក់​ដំបូង​គេ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​ប្រហែល ៦២១.៥០០​ដុល្លារ ខណៈ​ម៉ូ​ដែល​ទាប​ជាង​នេះ​មាន​តម្លៃ​តែ​៣៦​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។

ចំណែក​ថ្លៃ​បង្រៀន​បើកបរ​លើ​អាកាស វិញ​ត្រូវ​បាន​គិត​ចូល​ជាមួយនឹង​តម្លៃ​របស់​រថយន្ត​ជា​ស្រេច​អស់ហើយ ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​បាន​ដាក់​តម្លៃ​កក់​លុយ​មុន​ពេល​ទិញ ហើយ​​លុយ​ដែល​កក់​រួច​នោះ មិន​អាច​ដក​យក​វិញ​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ