ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ និង​គុណវិបត្តិ​ក្នុង​ការ​រស់នៅ​ខុន​ដូ​ជាន់ខ្ពស់

6 ឆ្នាំ មុន
  • ភ្នំពេញ

យុគសម័យ​នេះ មនុស្ស​ភាគច្រើន​ជ្រើសរើស​ខុន​ដូ​សម្រាប់​រស់នៅ ខណៈ​វា​ជា​ទ្រព្យ​មួយ​ប្រភេទ​ទៀត​ដែល​ទទួល​បានការ​ពេញ​និយម ជា​ពិសេស អ្នក​ដែល​ត្រូវការ​ភាព​ងាយ​ស្រួល​ជា​ច្រើន​យ៉ាង ។ ខុន​ដូ​មាន​ទាំង​ប្រភេទ Low Rise ដែល​មាន​កម្ពស់​មិន​លើស​ពី​៨​ជាន់…

យុគសម័យ​នេះ មនុស្ស​ភាគច្រើន​ជ្រើសរើស​ខុន​ដូ​សម្រាប់​រស់នៅ ខណៈ​វា​ជា​ទ្រព្យ​មួយ​ប្រភេទ​ទៀត​ដែល​ទទួល​បានការ​ពេញ​និយម ជា​ពិសេស អ្នក​ដែល​ត្រូវការ​ភាព​ងាយ​ស្រួល​ជា​ច្រើន​យ៉ាង ។ ខុន​ដូ​មាន​ទាំង​ប្រភេទ Low Rise ដែល​មាន​កម្ពស់​មិន​លើស​ពី​៨​ជាន់ និង​ប្រភេទ High Rise មាន​កម្ពស់​លើស​៨​ជាន់ ។

មនុស្ស​ជា​ច្រើន​អាច​នឹង​មានឱកាស​សម្រាប់​ជ្រើសរើស​ខុន​ដូ​រស់នៅ ។ ការ​ជ្រើសរើស​ខុន​ដូ គឺ​ត្រូវ​មានការ​រើស​ជាន់​ផង​ដែរ អ្នកខ្លះ​ចូល​ចិត្ត​ខុន​ដូ​មិន​ខ្ពស់ ប៉ុន្តែ​សម្រាប់​អ្នកខ្លះ​វិញ​បែរជា​ចូល​ចិត្ត​រស់នៅ​ខុន​ដូ​ខ្ពស់​ៗ ។ តើ​ខុន​ដូ​ខ្ពស់​ៗ​ទាំងនេះ​មានគុណ​សម្បត្តិ និង​

គុណវិបត្តិ​ខុស​គ្នា​ដូច​ម្តេច​ខ្លះ ?
*​គុណសម្បត្តិ ៖
១-​ខុន​ដូ​ជាន់ខ្ពស់​មាន​ទេសភាព​ស្អាត បរិយាកាស​ល្អ និង​កម្លាំង​ខ្យល់​ខ្លាំង ៖
កាន់​តែ​រស់នៅ​ខុន​ដូ​ជាន់ខ្ពស់​កាលណា ទស្សនីយភាព និង​ទេសភាព​ផ្សេង​ៗ​កាន់តែ​ស្អាត ដោយ​យើង​អាច​មើលឃើញ​ទិដ្ឋភាព​បាន​ទូលំទូលាយ និង​ច្បាស់ ។ បើ​អ្នក​ជ្រើសរើស​បន្ទប់​នៅ​ផ្នែក​ដែល​គ្មាន​អគារ​ខ្ពស់​បាំង ខុន​ដូ​ជាន់ខ្ពស់​នឹង​កាន់តែ​បង្ហាញ​ទេសភាព​ប្រណីត ជា​ពិសេស ចាប់​ជាន់​ទី​១០-២០ ។

២-​បរិយាកាស​បរិសុទ្ធ ស្រស់ស្រាយ និង​មាន​អូហ្សូន​ពេញ​ៗ ៖
ជាន់​នេះ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ជាង​ជាន់​ក្រោម ព្រមទាំង​មាន​អូហ្សូន​ពេញ​។ នៅ​ជាន់​នេះ​នឹង​មាន​ខ្យល់​បរិសុទ្ធ​ចូល​មក​គ្រប់ពេលវេលា បើជា​ពេល​ព្រឹក​វិញ ជាន់​នេះ​មាន​ខ្យល់អាកាស​បរិសុទ្ធ​ស្រស់ស្រាយ​ជា​រៀង​រាល់​ព្រឹក ។

៣-​សារជាតិ​ពុល​នៅ​ជាន់ខ្ពស់ គឺ​តិច​ជាង​ជាន់​ក្រោម ៖
ជា​ពិសេស ខុន​ដូ​មា​នទី​តាំងនៅ​កណ្តាល​ក្រុង បរិមាណ​ធូលី ឬ​បរិយាកាស​កខ្វក់​ចេញពី​កន្លែង​ផ្សេង​ៗ​ដូច​ជា បំពង់ផ្សែង ឬ​ដី​នៅ​តាម​ផ្លូវ បើ​ខុន​ដូ​កាន់តែ​ខ្ពស់​ប៉ុនណា យើង​នឹង​អាច​ចៀសវាង​បរិយាកាស​កខ្វក់​ទាំងនេះ​កាន់តែ​ខ្លាំង​ឡើង ។

៤-​ជាន់ខ្ពស់​គ្មាន​មូស និង​សត្វល្អិត​រំខាន ៖
គ្មាន​បញ្ហា​រំខាន​ចិត្ត​ពាក់ព័ន្ធ​នឹង​រឿង​ស្រមោច មូស កន្លាត ។​ល​។ ព្រោះ​សត្វ​ទាំងនេះ ភាគច្រើន​តែង​ប្រទះ​ឃើញ​នៅ​ក្នុង​ខុន​ដូ​ជាន់​ទាប​ប៉ុណ្ណោះ ។

៥-​ជាន់ខ្ពស់​ស្ងប់ស្ងាត់ និង​មាន​ភាព​ផ្ទាល់ខ្លួន ជាង ៖
ខុន​ដូ​នៅ​ជាន់​ទាប​ៗ អ្នក​អាច​ទទួល​នូវ​ផល​ប៉ះពាល់​ពី​សំឡេង​រំខាន ដូច​ជា សំឡេង​ចរា​ចរ​នៅ​តាម​ផ្លូវ​, សំឡេង​ពី​ទីប្រជុំជន​នៅ​ម្តុំ​នោះ និង​សំឡេង​រំខាន​ពី​អ្នក​ជិតខាង ដូច្នេះ បើ​អ្នក​រស់នៅ​ខុន​ដូ​ជាន់ខ្ពស់​ៗ បញ្ហា​ទាំងនេះ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាងច្រើន ។

*​គុណវិបត្តិ ៖
១-​បន្ទប់​យន្ត​ប្រើ​មិន​បាន​ពេល​ដាច់​ភ្លើង ៖
វា​ជា​បញ្ហា​មួយ​ដែល​ត្រូវ​ជួប​ប្រទះ ព្រោះថា គ្មាន​គម្រោង​ណា​ដែល​ភ្លើង​មិន​រលត់​ទេ គឺ​ត្រូវ​​មាន​ហេតុការណ៍​ភ្លើង​ដាច់​ក្នុង​ពេល​ណាមួយ​។ បើ​អ្នក​រស់នៅ​ក្នុង​ខុន​ដូ​ជាន់ខ្ពស់​ៗ​ហើយ​មាន​ភ្លើង​ដាច់ បើ​រង់ចាំ​មិន​បាន គឺ​ត្រូវ​ដើរ​ចុះ​តាម​ជណ្តើរ​ជំនួស ទម្រាំ​នឹង​ចុះ​មក​ដល់​ដី គឺ​នឿយហត់​ខ្លាំង ខណៈ​ខុន​ដូ​ជាន់​ក្រោម​ងាយស្រួល​ជាង ក្នុង​ករណី​ដាច់​ភ្លើង ។

២-​ជាន់ខ្ពស់​ប្រើ​ពេល​យូរ​ជាង​ក្នុង​ការ​រង់ចាំ​បន្ទប់​យន្ត ៖
សម្រាប់​អ្នក​ណា​ដែល​ជ្រើសរើស​រស់នៅ​ខុន​ដូ​ជាន់ខ្ពស់ ក្នុង​ពេល​ទៅ​ធ្វើការ គឺ​ពួក​គេ​ត្រូវ​ភ្ញាក់​ពី​ព្រឹក​មុន​អ្នក​ដទៃ ព្រោះ​បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​រង់ចាំ​បន្ទប់​យន្ត​យូរ​ជាង​ធម្មតា ហើយ​បើ​គម្រោង​ខ្លះ​មាន​បន្ទប់​យន្ត​តែ​១ ថែម​ទាំង​ថ្ងៃ​នោះ​មាន​អ្នក​ផ្លាស់​មក​រស់នៅ​ថែម​ទៀត ឬ​មាន​អ្នក​រើ​ចេញពី​ទី​នេះ គឺ​ត្រូវ​រង់ចាំ​យូរ ។ ផ្ទុយ​មក​វិញ អ្នក​រស់នៅ​ជាន់​ក្រោម​មិន​លំបាក​ទេ ដោយ​ពួក​គេ​គ្រាន់តែ​ជ្រើសរើស​ដើរ​ចុះ​តាម​ជណ្តើរ​ផង និង​ហាត់ប្រាណ​ផង។

៣-​នៅ​ជាន់​ក្រោម​មាន​សេវា​ទូរស័ព្ទ​ល្អ​ជាងជាន់ខ្ពស់ ៖
មនុស្ស​ភាគច្រើន​តែង​ធ្លាប់​ជួប​បញ្ហា​នៅ​ពេល​ពួក​គេ​ឡើង​ទៅ​ជាន់​លើ គឺ​សេវា​ទូរស័ព្ទ​ស្ទើរតែ​គ្មាន ដោយសារ​សេវា​ខ្លះ​ត្រូវ​បាន​បញ្ជូន​មក​ក្នុង​កម្រិត​មិន​ខ្ពស់​ប៉ុន្មាន ដើម្បី​ឲ្យ​សេវា​ខ្លាំង​ៗ​បែក​ខ្ចាយ​បាន​ទូលាយ ។ ដូច្នេះ ធ្វើ​ឲ្យ​សេវា​ចែកចាយ​មិន​បាន​ទៅ​ដល់ទី​ខ្ពស់ ឬ​ជាន់​ខាងលើ​មាន​សេវា​ខ្សោយ ខណៈ​តាម​ជាន់​នីមួយ​ៗ​មាន​ចំនួន​បន្ទប់​ច្រើន ដែល​ធ្វើ​ឲ្យ​សេវា​ចូល​ទៅ​មិន​បាន​ដល់​ទូរស័ព្ទ​របស់​អ្នក ។

៤-​ខុន​ដូ​ជាន់ខ្ពស់​មាន​តម្លៃ​ថ្លៃ​ជាង​ជាន់​ក្រោម ៖
ទោះបីជា​ខុន​ដូ​ជាន់ខ្ពស់​មាន​ទេសភាព​ស្រស់​ស្អាត បរិយាកាស​ល្អ និង​ភាព​ផ្ទាល់ខ្លួន​ច្រើន​ជាង​ជាន់​ក្រោម​ក្តី ប៉ុន្តែ​វា​តែង​មាន​តម្លៃ​ខ្ពស់​ជាង​។ ពេល​ខ្លះ វា​អាច​មាន​តម្លៃ​ខ្ពស់​ជាង​២-៣​ដង​ឯណោះ ហើយ​ជាន់​លើ​នេះ​តែង​មាន​ឈ្មួញកណ្តាល ឬ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ជា​ច្រើន​ទិញ​យក​អស់ ហេតុនេះ វា​ធ្វើ​ឲ្យ​មាន​តម្លៃ​មានឱកាស​ឡើង​ខ្ពស់​ទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ