ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ខ្វះ​អ្នកជំនាញ​គ្រប់គ្រង​អចលនទ្រព្យ ​ខណៈ​វិស័យ​នេះ​កំពុង​លូតលាស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា កំពុង​រីក​ចម្រើន​ខ្លាំង ប៉ុន្តែ​ប្រទេស​នេះ​កំពុង​ខ្វះ​អ្នកជំនាញ​គ្រប់គ្រង​អចលនទ្រព្យ ។ នេះ​បើ​តាម​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើក​ឡើង ។ ប្រធាន​សមាគម​អ្នក​វាយតម្លៃ…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា កំពុង​រីក​ចម្រើន​ខ្លាំង ប៉ុន្តែ​ប្រទេស​នេះ​កំពុង​ខ្វះ​អ្នកជំនាញ​គ្រប់គ្រង​អចលនទ្រព្យ ។ នេះ​បើ​តាម​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើក​ឡើង ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត គី​ម ហ៊ា​ង បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​កំពុង​ខ្វះខាត​អ្នកជំនាញ​គ្រប់គ្រង​អចលនទ្រព្យ ជា​អាជីព​មួយ​ដែល​ក្រុមហ៊ុន​ក្នុងស្រុក​មិន​ទាន់​មាន ដោយសារ​អាជីព​នេះ​ថ្មី​ក្នុង​ទីផ្សារ​កម្ពុជា គឺ​មាន​តែ​ក្រុមហ៊ុន​អន្តរជាតិ​២ ឬ​៣​ប៉ុណ្ណោះ​កំពុងធ្វើការ​ងារ​នេះ ហើយ​ក៏​កំពុង​កើប​លុយ​យ៉ាងច្រើន​ពី​ផ្នែក​ដ៏​សំខាន់​នេះ​ផង​ដែរ ។

លោក​បន្ត​ថា ៖« នៅ​ពេល​មាន​អគារ​ខ្ពស់​កាន់តែ​ច្រើន ហើយ​គម្រោង​វិនិយោគ​កាន់តែ​ច្រើន​បាន​បញ្ចប់ ម្ចាស់​គម្រោង​នឹង​ត្រូវការ​អ្នកជំនាញ​គ្រប់គ្រង​ផ្នែក​អចលនទ្រព្យ ។

ហេតុនេះ អ្នកចេះ​ជំនាញ​នេះ​នឹង​ត្រូវប៉ាន់ និង​រក​លុយ​បាន​ច្រើន ។ ដូច្នេះ ដើម្បី​អាច​ធ្វើ​ការងារ​នេះ​បាន មាន​តែ​ការ​សិក្សា​រៀនសូត្រ​បន្ត រៀន​យក​ជំនាញ​នេះ ហើយ​ធ្វើ​ការងារ​នេះ ជា​ការងារ​ដែល​រក​ប្រាក់​បាន​ច្រើន » ។

លោក​បណ្ឌិត​បាន​បន្ត​ថា ដោយសារ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក​ភាគច្រើន​មិន​ទាន់​មាន​ជំនាញ​លើ​ការងារ​នេះ ខណៈ​ដែល​តម្រូវការ​នូវ​សេវាកម្ម​បែប​នេះ​កើនឡើង ការ​បណ្តុះបណ្តាល ឬ​ស្វែងរក​ការ​សិក្សា​លើ​ជំនាញ​នេះ​ពិតជា​មាន​សារសំខាន់ ព្រោះ​រយៈ​ពេល​៣​ទៅ​៥​ឆ្នាំ​ទៀត តម្រូវការ​សេវាកម្ម​បែប​នេះ​នឹង​កើនឡើង​ច្រើន ដោយសារ​ចំនួន​ខុន​ដូ អា​ផាត​មិន និង​អគារ​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត នឹង​បញ្ចប់​កាន់តែ​ច្រើន ។

លោក​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក និង​អ្នក​ចង់​ចាប់ផ្តើម​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ និង​សិក្សា​ជំនាញ​នេះ ដោយសារ​វា​ជា​ជំនាញ​ថ្មី ដែល​មាន​ទីផ្សារ​ការងារ​ច្រើន និង​ជា​ឱកាស​អាច​រក​ប្រាក់​បាន​ច្រើន ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​មាន​ប្រសាសន៍​ទទួលស្គាល់​ថា ជំនាញ​គ្រប់គ្រង​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​វា​ជា​វិស័យ​ថ្មី​មួយ​នៅ​កម្ពុជា ហើយ​ភ្នាក់ងារ​អចលនទ្រព្យ​ភាគ​ច្រើន​មិន​បាន​ទទួល​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ​ទេ គឺ​កម្ពុជា​មាន​តែ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​ប៉ុណ្ណោះ​ដែល​មាន​ជំនាញ​លើ​ផ្នែក​នេះ ។

អ្នក​នាង​បន្ត​ថា ជំនាញ​គ្រប់គ្រង​អចលនទ្រព្យ​មាន​សារសំខាន់​ណាស់ ដែល​អាច​ជួយ​ឲ្យ​អចលនទ្រព្យ​នោះ​ទាក់ទាញ​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​អចលនទ្រព្យ និង​អ្នក​ជួល ជា​ដើម ព្រោះ​អ្នកមាន​ជំនាញ​នេះ នឹង​ផ្តល់​សេវាកម្ម​ថែទាំ​អគារ​ឲ្យ​នៅ​ថ្មី​ជា​និច្ច និង​ផ្តល់​សេវាកម្ម​ពាក់ព័ន្ធ​នានា​ឲ្យ​មានដំណើរ​ការ​ល្អ ដើម្បី​ទាក់ទាញ​អ្នក​ជួល ឬ​អ្នក​វិនិយោគ​ថ្មី​ៗ​ចូល​ទៅ​ប្រើប្រាស់​អគារ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ