ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​មាន​តម្រូវការ​លំនៅ​ឋាន​ប្រមាណ​1​ម៉ឺន​ខ្នង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​លំនៅ​ឋាន​ចំនួន​១​ម៉ឺន​ខ្នង​ក្នុង​១​ឆ្នាំ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ចំនួន​នេះ​គិតតែ​នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​លំនៅ​ឋាន​ចំនួន​១​ម៉ឺន​ខ្នង​ក្នុង​១​ឆ្នាំ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ចំនួន​នេះ​គិតតែ​នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​ប៉ុណ្ណោះ ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​កាល​ដើម​ស​ប្តា​ហ៍​មុន​ថា ដោយសារ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​ការ​កើនឡើង​នូវ​កត្តា​ប្រជាសាស្ត្រ បាន​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវការ​លំនៅ​ឋាន​ប្រមាណ​១​ម៉ឺន​ខ្នង​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​តម្រូវការ​ភាគច្រើន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម ។ ហេតុនេះ អ្នក​អភិវឌ្ឍន៍​គួរ​ផ្តោត​វិនិយោគ​សាងសង់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ទាប​បន្ថែម​ទៀត​នៅ​តំបន់​ជាយក្រុង ។

លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា បើ​សាងសង់​លំនៅ​ឋាន​មិន​មានការ​រចនា និង​បំពាក់​សម្ភារ​បរិក្ខារ​ច្រើន​ទេ លំនៅ​ឋាន​សាងសង់​រួច​អាច​លក់​ក្នុង​តម្លៃ​ទាប​បាន » ។ លោក​បន្ត​ថា ៖ «ជាមួយ​គ្នា​នេះ ពលករ​កម្ពុជា​ជាង​១,២​លាន​នាក់ ដែល​កំពុងធ្វើការ​នៅ​បរទេស​បាន​ផ្ញើ​ប្រាក់​ប្រមាណ​២.០០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។ ហេតុនេះ អ្នក​អភិវឌ្ឍន៍​គួរ​ធ្វើការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ឬ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឲ្យ​អ្នកធ្វើការ​នៅ​បរទេស​ទាំងនោះ​អាច​ទិញ​ផ្ទះ​បាន » ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ទេស​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​បាន​លើក​ឡើង​ថា លំនៅ​ឋាន​មាន​តម្លៃ​ទាប​ពិតជា​មាន​តម្រូវការ​ច្រើន ដោយសារ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ជីវភាព​បែប​នេះ​មាន​ចំនួន​ច្រើន ។ ជាក់ស្តែង លោក​បាន​ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​ដែល​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា គឺ​លក់ដាច់​យ៉ាង​ឆាប់រហ័ស ក្រោយ​ពី​ប្រកាស​គម្រោង​រួច ។

លោក​បន្ត​ថា ៖« ខ្ញុំ​នឹង​វិនិយោគ​លំនៅ​ឋាន​តម្លៃ​ទាប​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​កើនឡើង​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក ព្រោះ​ខ្ញុំ​មើលឃើញ​ថា លំនៅ​ឋាន​មាន​តម្លៃ​ខ្ពស់ ការ​លក់​មាន​ភាព​យឺតយ៉ាវ ខណៈ​តម្រូវការ​ពិតប្រាកដ​ភាគច្រើន​ជា​អ្នកមាន​ជីវភាព​មធ្យម » ។

គិត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ចំនួន​៤​ហើយ ដែល​បាន​និង​កំពុង​វិនិយោគ​លើ​លំនៅ​ឋាន​មាន​តម្លៃ​ទាប ដូច​ជា ក្រុមហ៊ុន WorldBridge Group កំពុង​វិនិយោគ​លើ​លំនៅ​ឋាន​តម្លៃ​ទាប​ស្ថិត​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ប៊ុ​ន​ជេស្ឋ វិនិ​យោគ​​លើ​លំនៅ​ឋាន​នៅ​សង្កាត់​ព្រែក​តា​ទែន តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥​។ ក្រុមហ៊ុន Arakawa Cambodia Co, Ltd វិនិយោគ​លំនៅ​ឋាន​អគារ​សហកម្មសិទ្ធិ (​ខុន​ដូ​) តម្លៃ​ទាប​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ក្រុមហ៊ុន​បុរី​វិមាន​ភ្នំពេញ កំពុង​វិនិយោគ​លំនៅ​ឋាន​មាន​តម្លៃ​ទាប​នៅ​ក្នុង​សង្កាត់​បាក់​ខែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ។

យោង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ លោក សា​រិ​ន វ​ណ្ណា បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ដាក់​លិខិតស្នើ​សុំ​សាង​សង់​ទាំង​បុរី និង​អគារ​ផ្សេង​ៗ​មាន​ចំនួន​ច្រើន ដោយសារ​វិនិយោគិន​មាន​ភាព​ជឿជាក់​ទៅ​លើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ ។

លោក​ថ្លែង​ថា ៖« នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ការ​សាងសង់​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី​មាន​ចំនួន​១៨៨​ទីតាំង ហើយ​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​រៀបចំ​ដែនដី កំពុង​បង្វិល​ពី​ការ​សាងសង់​អគារ​ដែល​មាន​តម្លៃ​ថ្លៃ មក​សាងសង់​អគារ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ឱ្យ​បាន​ច្រើន ។ ចំណែក​អ្នក​អភិវឌ្ឍន៍ មុន​នឹង​វិនិយោគ គេ​គិត​ទៅ​តំបន់​ណា​ដែល​អំណោយផល និង​មាន​សក្ដានុពល​ទាំង​សេដ្ឋកិច្ច និង​បរិយា​កាស​រស់នៅ គេ​នឹង​អ​វិ​ឌ្ឍ​ន៍​នៅ​តំបន់​នោះ ពិសេស​តំបន់​ដែល​មាន​ដង់ស៊ីតេ​មនុស្ស​រស់​នៅ​ច្រើន » ។

អភិបាលរង​រាជធានី​ភ្នំពេញ លោក អៀង អូ​នី ធ្លាប់​បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ ដើម្បី​លក់​ជូន​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​ទិញ​លំនៅ​ឋាន​តម្លៃ​ខ្ពស់​ស្នាក់​នៅ​បាន ។ ការ​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ គឺជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិត​ៗ ។

លោក​បន្ត​ថា តម្រូវការ​លំនៅ​ឋាន​ក្នុង​រាជធានី​ភ្នំពេញ នឹង​កើន​ឡើងជា​បន្តបន្ទាប់​យោង​ទៅ​តាម​កំណើន​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា​ផ្លាស់​មក​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​កំណើន​សិស្ស​-​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ជាដើម ។

នៅ​ឆ្នាំ​២០១៨​នេះ ក្រសួង​រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​មួយ​ចំនួន​ទៀត​បាន​ចូលរួម ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​ទាំងនោះ​កំពុង​ចាប់អារម្មណ៍ ហើយ​គ្រោង​បង្ហាញ​ពី​គម្រោង​របស់​គេ ។

យោង​តាម​អគ្គនាយករង​លំនៅ​ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ហ៊ី ចិន្តា បាន​ថ្លែង​កាលពី​អំឡុង​ដើមខែ​កុម្ភៈ​ថា សព្វ​ថ្ងៃនេះ មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​កំពុង​ពិចារណា និង​ទាក់ទង​មក​ក្រសួង ដោយ​ពួក​គេ​មាន​បំណង​ចង់​ចូលរួម​សាងសង់​អគារ​តម្លៃ​សមរម្យ ។ ដូច្នេះ​រំពឹង​ថា អាច​នឹង​មាន​ច្រើន​ជាង​ឆ្នាំ​២០១៧ ។

ជាមួយ​គ្នា​នេះ ក្រសួង​កំពុង​ផ្សព្វផ្សាយ​ដល់​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅ​ឋាន​នេះ ពិសេស​​ក្រុមហ៊ុន​តូច​ៗ​ដែល​ធ្លាប់​សាងសង់​ផ្ទះ​លក់​ក្នុង​តម្លៃ​សមរម្យ មក​ពិភាក្សា​ជាមួយ​ក្រសួង ដើម្បី​ស្នើ​សុំ​គម្រោង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ។

លោ ហ៊ី ចិន្តា បញ្ជាក់​ថា ៖« បើសិនជា​ក្រុមហ៊ុន​ចាប់អារម្មណ៍​ចូលរួម​ជាមួយ​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ គឺ​ក្រុមហ៊ុន​នោះ​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ព្រោះ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ច្រើន​ទៅ​លើ​គម្រោង​លំនៅ​​ឋាន​តម្លៃ​សមរម្យ​នេះ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ