ខេត្តបាត់ដំបង ៖ ពិធីប្រគល់ពានរង្វាន់សន្តិភាពដល់ឥស្សរជនសំខាន់ចំនួន៤រូប ដែលបានរួមចំណែកលើកស្ទួយដល់អ្នកសារព័ត៌មានកម្ពុជា-ថៃ និងធ្វើទស្សនៈកិច្ចសិក្សាពីភាគីថៃលើទឹកដីកម្ពុជា ក្នុងខេត្តសៀមរាប គឺបានធ្វើឡើងនៅក្នុងសណ្ឋាគារស៊ីធីអង្គរក្រុងសៀមរាបវេលាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានសមាសភាពអ្នកកាសែតថៃចំនួន៥០នាក់ និងអ្នកកាសែតកម្ពុជាចំនួន៥០នាក់ ។
ក្រោយពីអានរបាយការណ៍សកម្មភាពការងាររបស់សហព័ន្ធសារព័ត៌មានអាស៊ាន ដែលហៅកាត់ថា UMA ដោយលោក សុខ សុវណ្ណ រួចមក លោក ប្រាស៊ិត សែនរុងរឿង អគ្គលេខាធិការសហព័ន្ធប្រចាំប្រទេសថៃ បានបញ្ជាក់ពីគោលបំណងមូលហេតុ នៃការរួបរួមគ្នារវាងអ្នកកាសែតថៃ ជាមួយកម្ពុជាកន្លងមកនេះ គឺចៀសវាងការផ្សព្ធផ្សាយខុសគ្នាដែលធ្លាប់មានបណ្ដាលកើតជាអំពើហិង្សាដុតស្ថានទូតថៃកាលពីជាង១០ឆ្នាំមុននៅកម្ពុជា ហើយបានចាប់ផ្តើមជួបគ្នាលើកដំបូងដែលមានលោក ឱម ច័ន្ទតារា ជាប្រធានសមាគមអ្នកសារព័ត៌មាន និងលោក យូ បូរ ជាប្រធានសមាគមអ្នកនិពន្ធខ្មែរ រួមគ្នាពង្រឹងផ្លាស់ប្តូរវិស័យព័ត៌មានពីគ្នាទៅវិញទៅមករហូតមានដំណើរការដល់ថ្ងៃនេះ ក្នុងនោះក៏មានការជួយជ្រោមជ្រែង ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀតផងដែរ ។
បន្ទាប់មកលោក សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ដែលជាឥស្សរធ្លាប់ជួយជ្រោមជ្រែង លើកស្ទួយវិស័យសារព័ត៌មានកន្លងមកនោះ បានកោតសរសើរដល់អ្នកសារព័ត៌មានកម្ពុជា-ថៃ បានរក្សាចាប់ដៃរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការទទួលបានលទ្ឋផលល្អបន្តបានរហូតដល់សព្វថ្ងៃនេះ ហើយកំពុងពង្រីកវិសាលភាពឆ្ពោះទៅរកប្រទេសផ្សេងៗទៀត នៅក្នុងប្រទេសអាស៊ាន ក្នុងគោលដៅរួមគ្នារក្សាសុខសន្តិភាព និងវិបុលសុខជូនប្រជាជាតិ សង្គមជាតិឲ្យទទួលបានការរីកចម្រើន និងផលប្រយោជន៍បានដូចៗគ្នា ។
បន្ទាប់មកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា លទ្ឋផលដែលកើតមានដល់ថ្ងៃនេះ គឺព្រោះតែលោក ប្រាស៊ិត សែនរុងរឿង ជាអ្នកកាសែតជើងចាស់ប្រចាំប្រទេសថៃ បានយកអាយុជីវិតរបស់គាត់ជិត២០ឆ្នាំ ដើម្បីឲ្យអ្នកកាសែតដែលមានអាជីពដូចគ្នារវាងថៃ-កម្ពុជា បានរួមការងារជាមួយគ្នា ដែលកាលនោះប្រៀបបានដូចជាស្ពានឫស្សីមួយប៉ុណ្ណោះ សម្រាប់ឲ្យអ្នកកាសែតទាំងអស់គ្នាបានឆ្លងកាត់ តែពេលនេះគឺមានភាពរឹងមាំប្រៀបដូចជាស្ពានថ្ម (បេតុង) សម្រាប់ឲ្យដើរទៅមុខជាបន្តទៅទៀត ។
លោករដ្ឋមន្ត្រីបានលើកជាឧទាហរណ៍អំពីអ្នកកាសែតនៅប្រទេសអាមេរិកចំនួន៩០ភាគរយ ដែលកាលពីឆ្នាំ២០១៦ បានចុះផ្សាយមិនគាំទ្រ លោក ត្រាំ ឲ្យបានឡើងកាន់តំណែងគ្រប់គ្រងប្រទេសឡើយ រហូតដល់ពេលនេះទើបយើងបានយល់ដឹងថា លោក ត្រាំ បានឡើងកាន់អំណាចពីសំឡេងឆ្នោតពិតៗ ទើបគេឲ្យតម្លៃអ្នកកាសែតនៅអាមេរិកកំពុងជួបវិបត្តដែលមើលឃើញពីការធ្លាក់ចុះ នៃឥទ្ធិពលនៃអ្នកសារព័ត៌មាន ដូច្នោះនេះជាគំរូមួយដែលនៅកម្ពុជាយើងវិញ គ្រប់អ្នកកាសែតទាំងអស់ត្រូវបង្កើនវិជ្ជាជីវៈ បង្កើនទំនាក់ទំនងដល់អ្នកអានឲ្យមានការចាប់អារម្មណ៍បន្ថែមទៀត មានការគាំទ្រពីគ្រប់មជ្ឍដ្ឋាននៅលើពីភពលោកយើងនេះ ។
លោករដ្ឋមន្ត្រីបានផ្តាំផ្ញើគ្រប់អ្នកកាសែតត្រូវរៀបចំសណ្តាប់ធ្នាប់ សីលធម៌ សុភាពរាបសា ទន់ភ្លន់ ឲ្យមហាជនគោរពស្រឡាញ់ ហើយក៏បានទទួលយកសំណើនៃការជួបគ្នា១ឆ្នាំម្តងនៅកម្ពុជា ជាមួយអ្នកកាសែតថៃផងដែរ ។ ចុងក្រោយការប្រគល់បានរង្វាន់ដល់ឥស្សរជន់៤រូបនោះមាន លោក នូវ សុវត្ថិរ៉ូ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ធៀង វណ្ណរ៉ុង រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីម វណ្ណា មន្ត្រីក្រសួងមហាផ្ទៃ លោក សុខ ភាព មន្ត្រីក្រសួងការពារជាតិ ហើយបានប្រកាសទទួលស្គាល់គណៈកម្មការ សមាជិកទីប្រឹក្សារបស់សហព័ន្ធសារព័ត៌មានអាស៊ាន ថៃ-កម្ពុជា រួចបញ្ចប់កម្មវិធី ៕
ចែករំលែកព័តមាននេះ