ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ថវិកា​ជាង​1​លាន​ដុល្លារ​សម្រាប់​គម្រោង​ដោះ​មីន និង​សុខភាព​មាតា​-​ទារក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​គ្រោង​ការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​មក រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្ដល់​ថវិកា​ចំនួន​១.១៣១.៥៤៧​ដុល្លារ​ដល់​អង្គការ​ចំនួន​២ ដែល​កំពុង​បំពេញ​បេសកកម្ម​ដោះ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា និង​កំពុង​អនុវត្ត​គម្រោង…

រាជធានី​ភ្នំពេញ ៖ ក្រោម​គ្រោង​ការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​មក រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្ដល់​ថវិកា​ចំនួន​១.១៣១.៥៤៧​ដុល្លារ​ដល់​អង្គការ​ចំនួន​២ ដែល​កំពុង​បំពេញ​បេសកកម្ម​ដោះ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា និង​កំពុង​អនុវត្ត​គម្រោង «ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សុខភាព​មាតា និង​ទារក​នៅ​ក្នុង​ខេត្តតាកែវ​» ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្ដល់​ជំនួយ​នេះ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្ដល់​ថវិកា​ប្រមាណ​៦៧​ម៉ឺន​៦​ពាន់​ដុល្លារ​ដល់​អង្គការ JMAS សម្រាប់​ការ​ផ្ទេរ​បច្ចេកទេស​បោសសម្អាត​មីន​ទៅ​ឲ្យ​អង្គការ CMAC ដោយ​ប្រើ​ម៉ាស៊ីន​ដោះ​គ្រាប់បែក​ចង្កោម​លើក​ដំបូង​នៅ​កម្ពុជា ក្នុង​តំបន់​សម្បូរ​គ្រាប់​មីន និង​កាក​សំណល់​គ្រាប់បែក​ចង្កោម​នៅ​លាយ​បញ្ចូល​គ្នា និង​ផ្ដល់​ថវិកា​ដល់​អង្គការ World Vision Japan ចំនួន​៤៥​ម៉ឺន​៦​ពាន់​ដុល្លារ​សម្រាប់​ការ​បណ្ដុះបណ្ដាល​បុគ្គលិក​របស់​មណ្ឌល​សុខភាព ផ្ដល់​ការ​អប់រំ​សុខភាព​ដល់​អ្នក​ម្ដាយ​នៅ​ក្នុង​តំបន់ និង​កែ​លម្អ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​នៅ​តាម​មណ្ឌល​សុខភាព​នានា ។

លោក​ឯកអគ្គរាជទូត​ថ្លែង​ថា ៖« តាម​រយៈ​គម្រោង​នេះ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាជន​នឹង​បាន​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ដោយសារ​គ្រាប់​មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ​ដែល​សេសសល់​ពី​សង្គ្រាម​, សុខភាព​មាតា និង​ទារក នឹង​ត្រូវ​បាន​កែ​លម្អ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​យល់​ដឹង​ដ៏​ត្រឹមត្រូវ​អំពី​សុខភាព និង​ទទួល​បាន​ទឹក​ស្អាត​ប្រកបដោយ​សុវត្ថិ​ភាព ហើយ​គម្រោង​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​បន្ថែម​ទៀត » ។

ប្រធាន​តំណាង​អង្គការ JMAS លោក Shibata Mikio បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ JMAS បាន​និង​កំពុង​ធ្វើ​សកម្មភាព​របស់​ខ្លួន​នៅ​កម្ពុជា​អស់​រយៈពេល​១៦​ឆ្នាំ​ហើយ​។ ទោះបី​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ផ្ទុះ​បាន​ថយ​ចុះ​ក៏​ពិតមែន ប៉ុន្ដែ​ក៏​នៅ​មាន​ជន​រង​គ្រោះ​ប្រហែល​១០០​នាក់​ផង​ដែរ​ក្នុង​១​ឆ្នាំ​ៗ ។ ក្នុង​នោះ​ជាង​ពាក់កណ្ដាល​នៃ​ជន​រង​គ្រោះ គឺ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។

លោក​ថ្លែង​ថា ៖« តាម​រយៈ​គម្រោង​ថ្មី​របស់ JMAS នៅ​ពេល​នេះ យើង​នឹង​ដាក់​ឲ្យ​ប្រតិ​បត្តិការ​នូវ​គ្រឿងចក្រ​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​តំបន់​គោលដៅ​ស្ថិត​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ដែល​ជា​តំបន់​មាន​គ្រាប់​មីន​ប្រឆាំង​មនុស្សជាតិ និង​គ្រាប់បែក​ចង្កោម​នៅ​លាយឡំ​គ្នា ។ ជាមួយ​គ្នា​នេះ យើង​នឹង​ធ្វើការ​ផ្ទេរ​បច្ចេកទេស​ការ​បោសសម្អាត​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់​មីន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រតិបត្តិការ​រួម​គ្នា​រវាង​ក្រុម​ដោះ​មីន​ដោយ​មនុស្ស ក្រុម​គ្រឿងចក្រ​បោសសម្អាត​មីន​ប្រឆាំង​មនុស្ស និង​ក្រុម​គ្រឿងចក្រ​បោសសម្អាត​គ្រាប់បែក​ចង្កោម​» ។

លោក​បន្ដ​ថា ៖« ទោះបីជា​ការ​ចូលរួម​មាន​បន្ដិចបន្ដួច​ក៏​ដោយ តែ​យើង​មាន​បំណង​ចែក​រំលែក​នូវ​វិបុលភាព សុវត្ថិភាព និង​ការ​អភិវឌ្ឍ ដោយ​មាន​គោលដៅ​រំដោះ​ផ្ទៃដី​ឲ្យ​មាន​សុវត្ថិភាព​មក​វិញ និង​ធ្វើ​ឲ្យ​អត្រា​ថយ​ចុះ​ចំនួន​ជន​រង​គ្រោះជា​លំដាប់​នៅ​តំបន់​ដែល​បាន​និង​កំពុង​គំរាមកំហែង​ដោយសារ​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​អង្គការ​CMAC អ្នក​ដោះ​មីន អ្នក​បញ្ជា​គ្រឿងចក្រ និង​ទីប្រឹក្សា​ជប៉ុន​ឲ្យ​បាន​ស្អិត ​រ​មួ​ត » ។

លោក តា​គូ​យ៉ា ម៉ាត់​ស៊ូ​កា តំណាង​អង្គការ World Vision Japan បាន​សម្ដែង​នូវ​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការ​អនុវត្ត​គម្រោង «​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សុខភាព​មាតា និង​ទារក​នៅ​ក្នុង​ខេត្តតាកែវ​» ដែល​បាន​អនុវត្ត​ឆ្នាំ​ទី​១​កន្លង​ទៅ ។

លោក​ថ្លែង​ថា ៖« តាម​រយៈ​ជំនួយ​នេះ យើង​នឹង​បន្ដ​ផ្ដល់​នូវ​ការ​បំប៉ន​សមត្ថភាព បុគ្គលិក មន្ត្រី​មណ្ឌល​សុខភាព និង​ក្រុម​គាំពារ​សុខភាព​ភូមិ អំពី​ចំណេះដឹង​ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព​កុមារ និង​ទារក ទាំង​មុន និង​ក្រោយ​ពេល​សម្រាល ហើយ​យើង​នឹង​បង្កើត​ឲ្យ​មាន​បរិយាកាស​ប្រកបដោយ​អនាម័យ​នៅ​តាម​មណ្ឌល​សុខភាព តាម​រយៈ​ការ​សាងសង់​បង្គន់​អនាម័យ អាង​ស្ដុក​ទឹកភ្លៀង និង​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​។ ជាមួយ​គ្នា​នេះ យើង​នឹង​ធ្វើការ​នៅ​ភូមិ​ដទៃ​ទៀត ដើម្បី​បង្ការ និង​ស្ដារ​នីតិសម្បទា​កុមារ និង​ទារក​ដែល​កំពុង​ជួប​ប្រទះ​កង្វះ​អាហារូបត្ថម្ភ​តាម​រយៈ​គំរូ​សហគមន៍​កូន​ល្អ ឬ PD Hearth ដែល​នេះ​នឹង​នាំ​ឲ្យ​ទារក​អាច​លូតលាស់​ប្រសើរ​ក្នុង​កំឡុង​ពេល​១​ពាន់​ថ្ងៃ​នៃ​ជីវិត​ដំបូង​របស់​ពួក​គេ និង​ធានា​ថា ពួក​គេ​មាន​អនាគត​ល្អ » ។

លោក​ប្ដេជ្ញា​ថា នឹង​អនុវត្ត​គម្រោង​ឆ្នាំ​ទី​២​នេះ​ដោយ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ជា​ពិសេស​ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ យើង​នឹង​បន្ដ​អនុវត្ត​សកម្មភាព​ជា​ច្រើន​ជាមួយ​ដៃគូ រួម​មាន មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ស្រុក​ប្រតិបត្តិ​គិរី​វង្ស និង​ស្រុក​ប្រតិបត្តិ​កោះអណ្ដែត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​សុខភាព​សម្រាប់​មាតា និង​ទារក ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កម្មវិធី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​បាន​ចាប់ផ្ដើម​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០២​មក ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​ដល់​ការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​តាម​កម្រិត​មូលដ្ឋាន។

សេចក្ដី​ប្រកាស​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ថវិកា​ជាង​៣១​លាន​ដុល្លារ​ដល់​គម្រោង​ចំនួន​១០៧ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​កម្រិត​មូល​ដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ