ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធារណរដ្ឋ​កូរ៉េ​ស្នើ​សុំ​សម្តេច​ប្រធានរដ្ឋសភា​គាំទ្រ​គោលនយោបាយ​អាស៊ី​ខាងត្បូង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជួប​សម្តែង​ការ​គួរសម​ទ្វេរ​ភាគី​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក អូ ណា​ក់​យ៉ុ​ង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជួប​សម្តែង​ការ​គួរសម​ទ្វេរ​ភាគី​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក អូ ណា​ក់​យ៉ុ​ង (Oh Nak-Young ) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ទើប​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​បាន​ស្នើរ​សុំ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​គាំទ្រ និង​ជំរុញ​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ចំពោះ​តំបន់​អាស៊ី​ខាងត្បូង ។

លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា ។ នៅ​ក្នុង​ឱកាស​នោះ​លោក​បាន​ជម្រាប​ជូន​សម្តេច​ថា ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ឯកឧត្តម មូ​ន ចែ​អ៊ី​ន បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​កិច្ច​សហប្រតិបត្តិការ​អាស៊ី​ខាងត្បូង ដែល​សំដៅ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​កូរ៉េ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​-​អាគ្នេយ៍ ។ កិច្ច​សហប្រតិបត្តិការ​នេះ​មិន​សំដៅ​ត្រឹមតែ​ការ​រឹតចំណង​ការទូត​នោះ​ទេ​តែ​សំដៅ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រជាជន​ថែម​ទៀត ។​

លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា ចំណងមិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ដែល​មាន​តាំងពី​យូរ​មក​ហើយ​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នា​រយៈពេល​ចុង​ក្រោយ​នេះ ។ ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​បាន​បង្កើត​សហគមន៍ ជា​ច្រើន​ក្នុង​ប្រទេស​កូរ៉េ ចំណែក​សហគមន៍​ប្រជាជន​កូរ៉េ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មានការ​រីក​ចម្រើន​ជា​លំដាប់​ដែរ ។ លោក​បញ្ជាក់​ថា «​ចំណងមិត្តភាព​រវាង​ប្រទេស​និង​ប្រទេស ។ ចំណងមិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​គឺជា​លក្ខណៈសម្បត្តិ​សមគួរ​ណាស់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អាស៊ី​ខាងត្បូង ។ យើងខ្ញុំ​ស្នើ​សុំ​សម្តេច​ជួយ​ជំរុញ​កិច្ចការ​នេះ​» ។​

សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា ។ បេសកកម្ម​នេះ ស្រប​ពេល​ដែល​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​(​កម្ពុជា​-​កូរ៉េ​)​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សំគាល់​លើ​គ្រប់​វិស័យ​ទាំង វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ជាដើម ។

សម្តេច​បាន​គូសបញ្ជាក់​ថា សាធារណរដ្ឋ​កូរ៉េ​បាន​នឹង​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង កម្ចី​ឥណទាន​សម្បទាន ដែល​គំរោង​នានា​ជា​ច្រើន ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និង​អភិវឌ្ឍន៍ជនបទ​ជាដើម ។ ក្រៅពី​នេះ​សាធារណរដ្ឋ​កូរ៉េ​ក៏​ជាទី​ផ្សារ​ការងារ​ដ៏​ធំ​សម្រាប់​ពលករ​កម្ពុជា ។

សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​សង្ឃឹមថា តាម​រយៈ​បេសកកម្ម​ការទូត​ដ៏​ឧត្តុង្គឧត្តម​នេះ​លោក​នឹង​បន្ត​ខិតខំ​លើកទឹកចិត្ត​រដ្ឋាភិបាល​កូរ៉េ​បន្ត​បង្កើន​ចំនួន​កូតា​ចំពោះ​ពលករ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ