ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កម្រ​រក​ឃើញ​ណាស់ អណ្តើក​ហ្លួង​នេះ

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល អង្គការ WCS និង​ប្រជាជន​សហគមន៍​បាន​រក​ឃើញ​អណ្តើក​ហ្លួង​ចំនួន​០១​សំបុកមាន​ពង​ចំនួន​១៦​គ្រាប់ នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​អង្គ​កែវ ស្រុកស្រែ​អំបិល ខេត្តកោះកុង…

ខេត្តកោះកុង ៖ ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល អង្គការ WCS និង​ប្រជាជន​សហគមន៍​បាន​រក​ឃើញ​អណ្តើក​ហ្លួង​ចំនួន​០១​សំបុកមាន​ពង​ចំនួន​១៦​គ្រាប់ នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​អង្គ​កែវ ស្រុកស្រែ​អំបិល ខេត្តកោះកុង នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ ។

អង្គការ​WCS បាន​ផ្តល់​ការងារ​ដល់​សមាជិក​សហគមន៍​ចំនួន​០៤​នាក់ ឲ្យ​យាម​សំបុក​អណ្តើក​ហ្លួង​នេះ រហូត​ដល់​កូន​វា​ញាស់ ។ វា​គឺជា​សំបុក​អណ្តើក​ហ្លួង​ទី​០១ ដែល​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។ អណ្តើក​ហ្លួង​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​ជា​ប្រភេទ ជិត​ផុត​ពូជ​បំផុត និង​ស្ថិត​ក្នុង​ចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ ដែល​កំពុង​រង់​គ្រោះថ្នាក់​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។

ការ​ដាក់​ឈ្មោះ​អណ្តើក​ហ្លួង​យ៉ាង​ដូច្នេះ ពីព្រោះ​កាលពីមុន​មាន​តែ​គ្រួសារ​រាជ្យ​វង្ស​ប៉ុណ្ណោះ​ដែល​អាច​សោយ​ពង​វា​បាន ។ ព្រះរាជក្រឹត្យ​ន​ស​/​រក​ត​/០៣០៥/១៤៩ ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០០៥ បាន​ដាក់​បញ្ចូល​អណ្តើក​ហ្លួង​ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ។

លោក អ៊ិ​ន ហ៊ុ​ល មន្ត្រី​រដ្ឋបាល​ជលផល និង​ជា​មន្ត្រី​សម​ភាគី​របស់​អង្គការ WCS បាន​និយាយ​ថា​៖ “​ចាប់ពី​ពេល​នេះ​រហូត​ដល់​ខែមីនា គឺជា​រដូវ​ការ​ពង​កូន​របស់​សត្វ​អណ្តើក​ហ្លួង ដូច្នេះ​ហើយ​ក្រុម​អ្នក​អភិរក្ស​កំពុង​តែ​ស្វែងរក​ទីតាំង​សំបុក​ពង​កូន​របស់​ពួក​វា ។ ប្រសិនបើ​រក​ឃើញ យើង​នឹង​ធ្វើការ​ជាមួយ​ប្រជាជន​សហគមន៍ ដើម្បី​ការពារ​រហូត​ដល់​កូន​វា​ញាស់ ហើយ​យើង​នឹង​យក​កូនអណ្តើក​ហ្លួង​ទាំងនោះ​ទៅ​កាន់​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង​ដើម្បី​ចិញ្ចឹម និង​ថែរក្សា​រហូត​ដល់​ពួក​វា​ធំ​ពេញវ័យ ទើប​លែង​ទៅ​ក្នុង​ធម្មជាតិ​វិញ​” ។ លោក ហ៊ុ​ល បន្ត​ថា​៖ “​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍​រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​អំពី​សារៈសំខាន់​សត្វ​អណ្តើក​ហ្លួង ដែល​ជា​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយ​កំពុង​តែ​រង់​គ្រោះ​ជិត​ផុត​ពូជ ។

ការ​ប្រមូល​យក​ពង​កូន ឬ​ចាប់​យក​មេអណ្តើក​ហ្លួង​មក​លក់ ឬ​ហូប គឺជា​សកម្មភាព​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ” ។ អណ្តើក​ហ្លួង​ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា ផុត​ពូជ​ពី​កម្ពុជា​ទៅ​ហើយ រហូត​ដល់​ឆ្នាំ​២០០០ នៅ​ពេល​រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​សិក្សា​ស្រាវជ្រាវ និង​រក​ឃើញ​ចំនួន​សេសសល់​តិចតួច​របស់​វា មាន​រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ។
នៅ​ក្នុង​ឆ្នាំ​២០០១ រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​រៀបចំ​កម្មវិធី​ការពារ​សំបុក ដោយ​មានការ​ចូលរួម​ពី​ប្រជាជន​សហគមន៍​រស់នៅ​ក្នុងស្រុក​ស្រែអំបិល ដោយ​បាន​ជ្រើសរើស​យក​អតីត​អ្នក​ប្រមូល​ពង និង​កូន​សត្វ​អណ្តើក​ហ្លួង ឲ្យ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​គម្រោង ដើម្បី​ស្វែងរក និង​ការពារ​សំបុក​សត្វ​អណ្តើក​ហ្លួង​ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​កូន​ទៅ​លក់ ។

លោក សោម ស៊ី​ថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ប្រចាំ​ខេត្តកោះកុង​នៃ​អង្គការ WCS បាន​និយាយ​ថា​៖ “​ទោះបី​ទទួល​បាន​ជោគជ័យ​ក្រោយ​ពេល​រក​ឃើញ​ពួក​វា​ម្តងទៀត​នៅ​ក្នុង​ឆ្នាំ​២០០០ អណ្តើក​ហ្លួង​នៅ​តែ​ប្រឈម​នឹង​ការ​ផុត​ពូជ ។ សំបុក​ពង​កូន​របស់​វា​រក​ឃើញ​ជា​រៀង​រាល់​ឆ្នាំ មាន​ចំនួន​តិចតួច​ណាស់ ដោយ​សំបុក​ពងអណ្តើក​ហ្លួង​តែ​០៣ ប៉ុណ្ណោះ​រក​ឃើញ​សម្រាប់​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​” ។ លោក ស៊ី​ថា បាន​បន្ត​ថា​៖ “​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹកជា​ទីជម្រក និង​ការ​នេសាទ​ខុសច្បាប់ កំពុង​តែ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​រស់នៅ​ការ​របស់​សត្វ​អណ្តើក​ហ្លួង ។ ប្រជាជន​គ្រប់​រូប​ក៏​អាច​ចូលរួម​អភិរក្ស​អណ្តើក​ហ្លួង​ដែល​ជា​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន ដោយ​បញ្ឈប់​ការ​ទិញ ឬ​បរិភោគ​សាច់ និង​ពង​សត្វ​អណ្តើក​ហ្លួង​ជាដើម​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ