ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​កៅស៊ូ​ពិតជា​ប្រសើរ​ឡើង​ដូច​ក្ដី​រំពឹង​ឬ​យ៉ាងណា?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ធុរកិច្ច​វិស័យ​កៅស៊ូ​នៅ​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ​មាន​សុទិដ្ឋិនិយម​ថា ស្ថានភាព​ទីផ្សារ​កៅស៊ូ​នឹង​ប្រសើរ​ឡើង​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន តម្លៃ​កៅស៊ូ​មិន​ឡើង មិន​ចុះ ស្ថិត​ក្នុង​រង្វង់​១.៥០០​ដុល្លារ​ក្នុង​១​តោន​ជា​ច្រើន​ខែ​មក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​ធុរកិច្ច​វិស័យ​កៅស៊ូ​នៅ​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ​មាន​សុទិដ្ឋិនិយម​ថា ស្ថានភាព​ទីផ្សារ​កៅស៊ូ​នឹង​ប្រសើរ​ឡើង​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន តម្លៃ​កៅស៊ូ​មិន​ឡើង មិន​ចុះ ស្ថិត​ក្នុង​រង្វង់​១.៥០០​ដុល្លារ​ក្នុង​១​តោន​ជា​ច្រើន​ខែ​មក​ហើយ ។

លោក ចេ​ហ្វ បូ​ដ (Jef Boedt) អគ្គនាយក​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា ដែល​ជា​អ្នក​វិនិយោគ​ដំណាំ​កៅស៊ូ​ដ៏​ធំ​មួយ​នៅ​ខេត្តមណ្ឌលគិរី បាន​លើក​ឡើង​ថា កៅស៊ូ​ជា​ដំណាំ​ក​សិ​-​ពាណិជ្ជ​កម្ម និង​ជា​អ្នក​នាំ​ចំណូល​ដល់​កម្ពុជា​ដ៏​សំខាន់​មួយ ។ ការ​នាំ​ចេញ​ក្នុង​វិស័យ​នេះ​មាន​សញ្ញា​កើន​ឡើងជា​បន្ដបន្ទាប់ និង​មាន​តម្លៃបន្ថែម​ជា​រៀង​រាល់​ឆ្នាំ ។

លោក​បន្ដ​ថា បើ​យោង​តាម​អគ្គនាយកដ្ឋាន កៅស៊ូ​នៃ​ក្រសួងកសិកម្ម កាលពី​ឆ្នាំ​២០១៧​កម្ពុជា​ទទួល​បាន​ចំណូល​ប្រហែល​៣០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ជិត​១៨​ម៉ឺន​៩​ពាន់​តោន កើនឡើង​៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​ចំពោះ​តម្លៃ​ជា​មធ្យម​កាលពី​ឆ្នាំ​២០១៧​ កើនឡើង​២៤%​ក្នុង​១​តោន ស្មើនឹង​១.៥៨៦​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​តម្លៃ​ត្រឹមតែ​១.២៨៣​ដុល្លារ​ប៉ុណ្ណោះ ។ ដូច្នេះ វា​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​កៅស៊ូ​នា​ពេល​បច្ចុប្បន្ន ដែល​តម្លៃ​នៅ​តែ​បន្ដ​រក្សា​កើនឡើង​បែប​នេះ ។

តាម​អ្នកជំនាញ​រូប​នេះ ទស្សនវិស័យ​សម្រាប់​វិស័យ​កៅស៊ូ​ធម្មជាតិ​ពិភពលោក ត្រូវ​បាន​ចាត់​ទុក​ថា មាន​ភាព​អំណោយផល​ច្រើន បើ​ទោះបីជា​មានការ​ប្រឈម​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ក៏​ដោយ ក៏​វា​មានឱកាស​ដ៏​សំខាន់​ក្នុង​ការ​វិនិយោគ និង​ទីផ្សារ​សម្រាប់​វិស័យ​កៅស៊ូ​នៅ​កម្ពុជា​ផង​ដែរ ។

លោក ចេ​ហ្វ បាន​កត់​សម្គាល់ថា ៖« ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​ថា​កៅស៊ូ​ធម្មជាតិ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​រួមចំណែក​បង្កើត​ការងារ​ជា​ច្រើន​មក វិស័យ​នេះ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​គាំទ្រ​កំណើន​នៃ​វិស័យ​កៅស៊ូ​នៅ​កម្ពុជា ។ តួយ៉ាង ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា ជា​សក្ខីភាព​ស្រាប់​ដែល​បាន​និង​កំពុង​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​នៅ​ខេត្តមណ្ឌលគិរី លើ​ផ្ទៃដី​ប្រមាណ​ជាង​៧​ពាន់​ហិកតា» ។

លោក​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្ដិភាព​ថា ៖« ចាប់តាំងពី​យើង​ចូល​មក​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​នៅ​ព្រះរាជាណាចក្រ​មួយ​នេះ យើង​បាន​វិនិយោគ​ជាង​៩៥​លាន​ដុល្លារ​មក​ហើយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។ យើង​មាន​បុគ្គលិក​ដែល​កំពុង​បម្រើ​ការ​ផ្ទាល់​ជាង​៥០០​នាក់ និង​ប្រយោល​៤៩០​នាក់​ដែល​ធ្វើការ​តាម​រយៈ​អ្នកម៉ៅការ ។ ជាមួយ​គ្នា​នេះ យើង​កំពុង​សាងសង់​រោងចក្រ​កែ​ច្នៃ​កៅស៊ូ​មួយ​នៅ​ខេត្តមណ្ឌលគិរី ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៨​នេះ ដែល​ជា​ការ​ផ្ដល់​ឱកាស​ទីផ្សារ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​អ្នក​ផលិត​កៅស៊ូ​ក្នុងស្រុក ហើយនឹង​ជួយ​ពង្រឹង​ទីផ្សារ​កៅស៊ូ​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត » ។

ទោះបី​យ៉ាងនេះ​ក៏​ដោយ លោក ចេ​ហ្វ បូ​ដ បាន​លើក​ឡើង​ថា អាជីវកម្ម​កៅស៊ូ ជា​ការ​វិនិយោគ​រយៈពេល​វែង បើ​ទោះជា​កៅស៊ូ​អាច​បង្កើត​ប្រាក់​ចំណូល​រយៈពេល​យូរ និង​មាន​ស្ថិរភាព​សម្រាប់​អ្នក​ផលិត​ក៏​ដោយ ក៏​ដើម​កៅស៊ូ​យ៉ាង​ហោច​ណាស់ មាន​អាយុ​កាលពី​៥​ឆ្នាំ​ឡើង បន្ទាប់​ពី​ដាំ ទើប​អាច​ផលិត​ជ័រ​បាន​។ ដូច្នេះ តម្លៃ​ក្នុង​អន្តរ​កាលនោះ វា​អាច​នឹង​ប្រែប្រួល ហើយ​ប្រវត្តិ​ក្រុមហ៊ុន​របស់​លោក​បានដឹង​ច្បាស់​ពី​កត្តា​ទាំងនេះ និង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ប្រឈម​បញ្ហា​ទាំង​អស់នេះ ។ ប៉ុន្ដែ​បើ​ទោះ​យ៉ាងនេះ​ក្ដី កំណើន​ទីផ្សារ​កៅស៊ូ​បច្ចុប្បន្ន នឹង​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​តូច​ៗ​បន្ដ​ការ​វិនិយោគ និង​បង្ការ​ពួក​គេ​ពី​ការ​កាប់​ដើម​កៅស៊ូ​ចោល ។

ទីប្រឹក្សា​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ យល់​ឃើញ​ថា វិស័យ​មួយ​នេះ​នឹង​ប្រសើរ​ឡើង បើ​ទោះបីជា​មាន​ពេល​ខ្លះ​ធ្លាក់​ចុះ​ក៏​ដោយ តែ​ជា​រួម គឺ​ត្រូវ​តែ​កើនឡើង ។

លោក ង៉ែត ជូ ថ្លែង​ថា ៖« ខ្ញុំ​ក៏​យល់​ឃើញ​ដូច្នេះ​ដែរ គ្រាន់តែ​ថា ឆ្នាំ​ខ្លះ​វា​ធ្លាក់​ថ្លៃ​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ជាដើម ប៉ុន្ដែ​ជា​រួម និន្នាការ​ទីផ្សារ​កៅស៊ូ វា​ត្រូវ​តែ​ឡើងថ្លៃ ដោយ​ផ្អែក​លើ​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​មួយ​ចំនួន​ដែល​មាន​តម្រូវ​ការ​កៅស៊ូ​ជា​ចាំបាច់​ដូច​ជា ឧស្សាហកម្ម​យានយន្ដ និង​ឧស្សាហកម្ម​ផ្សេង​ៗ​ទៀត»។

ចំណែក​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​កាលពី​ពេល​កន្លង​ទៅ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​កំណើន​បាន​ល្អ​ប្រសើរ ដោយសារ​មានការ​ទ្រទ្រង់​ពី​វិស័យ​៣​សំខាន់​ៗ គឺ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ហើយ​ក្នុង​នោះ ដំណាំ​កសិឧស្សាហកម្ម​រួម​មាន កៅស៊ូ និង​ដំឡូង មាន​និន្នាការ​កាន់តែ​ល្អ​ប្រសើរ ដែល​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

ស្រប​ពេល​ជាមួយ​នោះ លោក ម៉ែ​ន សុ​ភ័ក្ត្រ អគ្គលេខាធិការ​សមាគម​ចម្ការ​កៅស៊ូ​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដំណាំ​កៅស៊ូ​មាន​សន្ទុះ​កើន​ឡើង​​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ការ​ដាំ​ដុះ និង​ការ​នាំ​ចេញ ។ ការ​កើនឡើង​នេះ ដោយសារ​ផ្ទៃដី​ដាំ​កៅស៊ូ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​កើនឡើង​យ៉ាង​គំហុក តាម​រយៈ​ការ​ផ្តល់​សម្ប​ទាន​សេដ្ឋកិច្ច និង​ការ​ផ្តល់​ដី​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ ។ ចំណែក​តម្លៃ​កៅស៊ូ​ក៏​ទទួល​បាន​សមរម្យ​ផង​ដែរ​ចាប់តាំងពី​ឆ្នាំ​២០១០ ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​កសិ​ករ និង​ផ្នែក​ឯកជន​វិនិយោគ​ទៅ​លើ​វិស័យ​នេះ ។

ដើម្បី​ឲ្យ​វិស័យ​នេះ​ប្រសើរ​ឡើង​ថែម​ទៀត អគ្គនាយក​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា លោក ចេ​ហ្វ បូ​ដ បាន​ផ្ដល់​អនុសាសន៍​ដូច​តទៅ ៖

-​បច្ចុប្បន្ន កម្ពុជា​បាន​និង​កំពុង​ត្រឡប់​មក​ជា​អ្នក​ដើរតួ​ដ៏​សំខាន់​នៅ​អាស៊ី​អាគ្នេយ៍​សម្រាប់​វិស័យ​កៅស៊ូ ដូច្នេះ កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ការ​ដាំ​ដុះ​កៅស៊ូ​មាន​ន័យ​ថា ប្រាក់​ចំណូ​ល​មាន​ស្ថិរភាព ហើយ​កម្ពុជា​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ។

-​ការ​ដាំ​កៅស៊ូ​នៅ​កម្ពុជា​ក៏​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​​ផង​ដែរ ខណៈ​ដែល​អ្នកទិញ​ខុសច្បាប់​ហ៊ាន​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​កសិករ​ខ្នាត​តូច ដោយសារ​ពួក​គេ​មិន​បង់ពន្ធ​ដល់​រាជរដ្ឋាភិបាល ដែល​ជា​រឿង​គ្រោះថ្នាក់​ដល់​សេដ្ឋ​កិច្ចជាតិ ។

-​បណ្ដា​ប្រទេស និង​អង្គការ​ជា​ច្រើន​កំពុង​បង្កើត​ផែនការ​អភិវឌ្ឍ​វិញ្ញាបនបត្រ​សម្រាប់​ផលិតផល​គ្រប់​ប្រភេទ ។ ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ និង​ធានា​តម្លៃ​ល្អ​ប្រសើរ ការ​ទទួលស្គាល់​គុណភាព​នៃ​ផលិតផល នឹង​ជួយ​ដល់​វិស័យ​កៅស៊ូ​កម្ពុជា ។

ទោះ​យ៉ាងនេះ​ក្ដី ក៏​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​វិស័យ​កៅស៊ូ ដូច​ជា ៖

១-​ពន្ធ​នាំ​ចេញ​កៅស៊ូ គឺជា​ក្ដី​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ដាំ​កៅស៊ូ​នៅ​កម្ពុជា ពិសេស​ស្រប​​ពេល​ដែល​កំពុង​ប្រឈម​នឹង​ទីផ្សារ​តម្លៃ​ទាប ដូចដែល​យើង​កំពុង​ជួប​ប្រទះ​នា​ពេល​​បច្ចុប្បន្ន​នេះ ។ ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផលិត​ជិតខាង​ដែល​មិន​មាន​បង់ពន្ធ​ជូន​រដ្ឋ កំពុង​ក្លាយជា​រឿង​ដ៏​ពិបាក​មួយ ។

២-​កសិករ​មិន​ទទួល​បាន​តម្លៃ​សមរម្យ និង​ព័ត៌មាន​ពី​ទីផ្សារ​គ្រប់គ្រាន់ ។ ដោយឡែក កសិ​ករ​ខ្នាត​តូច គឺជា​អ្នក​ដែល​ត្រូវ​យកចិត្តទុកដាក់ ហើយ​ជា​ពិសេស ងាយ​រង​គ្រោះ​ដោយសារ​ការ​ប្រែប្រួល​នៃ​តម្លៃ ។ ព័ត៌មាន​ពី​តម្លៃ គឺជា​រឿង​ដែល​គួរ​បារម្ភ និង​ជា​រឿយ​ៗ​កើត​ចេញពី​អ្នកទិញ​ដែល​មាន​ចំណាប់អារម្មណ៍​នឹង​តម្លៃ​ទាប​។ បន្ថែម​លើស​នេះ ចំណេះដឹង​មាន​កម្រិត​របស់​អ្នកទិញ និង​អំណាច​ចរចា​នៅ​ទាប រ​វ​ងាង​(​អ្នក​ប្រមូល និង​អ្នកជំនួញ​) អាច​រុញ​ឲ្យ​តម្លៃ​លក់​ធ្លាក់​ចុះ ។

៣-​កសិករ​ភាគច្រើន​មិន​មាន​ដើមទុន​គ្រប់គ្រាន់​ក្នុង​ការ​ជួល​កម្មករ​ដើម្បី​ចៀរ​ជ័រកៅស៊ូ​របស់​ពួក​គេ ។ កម្លាំង​ពលកម្ម​ភាគច្រើន​មិន​មានបទពិសោធន៍ និង​ងាយ​ចាកចេញ ប្រសិន​បើ​ពួក​គេ​ទទួល​បាន​តម្លៃ​ប្រសើរ​នៅ​កន្លែង​ផ្សេង ។

៤-​ការ​ទទួល​បាន​ព័ត៌មាន​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​សម្រាប់​ទីផ្សារ​អន្តរជាតិ ។ មានការ​ខ្វះចន្លោះ​នៃ​សមត្ថភាព​តាមដាន​ផលិតផល ពិសេស​ពី​កសិករ​ខ្នាត​តូច ។ ប្រសិនបើ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នេះ នឹង​ជួយ​ធានា​ពី​គុណភាព និង​និរន្ដរភាព​នៃ​ផលិតផល ។

បើ​តាម​របាយការណ៍​នាយកដ្ឋាន​កៅស៊ូ ផ្ទៃដី​ដាំ​កៅស៊ូ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​៤៣​ម៉ឺន​ហិ​កតា (៤៣៦.៣៣៩) ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ជាង​១៧​ម៉ឺន​ហិ​កតា ស្មើនឹង​៣៩,០១% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន​២៦​ម៉ឺន​ហិ​កតា ស្មើនឹង​៦០,៩៨% ។ ខេត្ត​ដែល​ដាំ​កៅស៊ូ​ច្រើន​ជាងគេ គឺ​កំពង់ចាម ត្បូងឃ្មុំ រតនគិរី និង​ក្រចេះ រួម​ទាំង​ខេត្ត​មួយ​ចំនួន​ទៀត។ ពេញ​មួយ​ឆ្នាំ​២០១៧ ផលិតកម្ម​កៅស៊ូ​សម្រេច​បាន​ចំនួន​១៩៣.២៨៦​តោន កើន​ឡើង​ចំនួន​៤៨.០៨៧​តោន ស្មើនឹង​៣៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ