ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​នឹង​មាន​វត្តមាន​អគារ​កប់​ពពក​សម្រាប់​បង្អួត​ពិភពលោក​មែន​ទេ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក កំពុង​បង្អួត​គ្នា​ដើម្បី​បង្ហាញ​ពី​កិត្យានុភាព និង​មូលដ្ឋាន​នៃ​ការ​រីក​ចម្រើន​របស់​ខ្លួន ដោយ​សាងសង់​អគារ​ខ្ពស់ៗ​កប់​ពពក កម្ពុជា​ក៏​បាន​និង​កំពុង​ដើរ​តាម​លំ​អាន​នេះ​ដែរ​ដើម្បី​បង្ហាញខ្លួន​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​ស័ក្តិ​សមជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់ ។ ជាមួយនឹង​មហិច្ឆតា​នេះ កាលពី​ស​ប្តា​ហ៍​មុន…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក កំពុង​បង្អួត​គ្នា​ដើម្បី​បង្ហាញ​ពី​កិត្យានុភាព និង​មូលដ្ឋាន​នៃ​ការ​រីក​ចម្រើន​របស់​ខ្លួន ដោយ​សាងសង់​អគារ​ខ្ពស់ៗ​កប់​ពពក កម្ពុជា​ក៏​បាន​និង​កំពុង​ដើរ​តាម​លំ​អាន​នេះ​ដែរ​ដើម្បី​បង្ហាញខ្លួន​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​ស័ក្តិ​សមជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់ ។

ជាមួយនឹង​មហិច្ឆតា​នេះ កាលពី​ស​ប្តា​ហ៍​មុន មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី​បាន​បង្ហើប​ថា ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ គ្រុប បាន​ស្នើ​សុំ​ការ​សាងសង់ អគារ​ពាណិជ្ជកម្ម​កម្ពស់​៦០០​ម៉ែត្រ​នៅ​ទីតាំង​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​សព្វ​ថ្ងៃនេះ ។ វា​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈ​អគារ​ពាណិជ្ជកម្ម​ភ្លោះ Thai Bunrong Twin Tower កម្ពស់​៥៦០​ម៉ែត្រ ដែល​គ្រោង​សាង​សង់​នៅ​ក្បែរ​នោះ​ហាក់​ស្ងៀមស្ងាត់ មិន​ទាន់​មាន​ព័ត៌មាន​អ្វី​នៅឡើយ​ទាក់ទង​នឹង​ពេល​វេលា​សាងសង់​ជាក់លាក់ ។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េ​ង គ្រោង​​នឹង​ឈូស​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់​៦០០​ម៉ែត្រ ។

លោក​ថ្លែង​បន្ត​ថា ៖« វា​គ្រាន់តែ​ជា​ផែនការ​ប៉ុណ្ណោះ ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ គ្រុប បាន​ស្នើ​សុំ​រាជរដ្ឋាភិបាល​នូវ​សិទ្ធិ​សម្រាប់​គម្រោង​នេះ » ។ លោក​បន្ត​ថា ៖« តាម​គម្រោង​ក្រុមហ៊ុន Royal Group គ្រោង​វាយ​កម្ទេច​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ហើយ​ក្រុមហ៊ុន​នេះ​នឹង​សាង​សង់​អគារ​កម្ពស់ ៦០០​ម៉ែត្រ​នៅ​ទីនោះ » ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន ថៃ ប៊ុ​ន​រ៉ុ​ង ដែល​បាន​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ក៏​បាន​ប្រកាស​ពី​ផែនការ​សាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់​៥៦០​ម៉ែត្រ​នៅ​ទីតាំង​ជិត​នោះ​ផង​ដែរ ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន ស្ថាបត្យករ​ដែល​ចូលរួម​រចនា​ប្លង់​ស្ថាបត្យកម្ម​អគារ​ពាណិជ្ជកម្ម Thai Bunrong Twin Tower ធ្លាប់​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​សាងសង់​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ នឹង​មិន​មានការ​ផ្លាស់​ប្តូរ​ទេ ដោយ​សារ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​លុយ​រឹង​មាំ និង​បាន​ត្រៀម​ទុន​រួច​ហើយ ដើម្បី​សាងសង់​អគារ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​រៀបចំ​រចនា​ប្លង់​អគារ​នេះ​ឡើង​វិញ ដោយ​មានការ​ចូលរួម​ពី​ស្ថាបត្យករ វិស្វករ​លំដាប់​ពិភពលោក ដែល​មានបទពិសោធន៍​សាង​សង់​អគារ​ខ្ពស់​ៗ​ចូលរួម​រចនា​គម្រោង​នេះ » ។

លោក​បន្ត​ថា ៖« នៅ​ពេល​អគារ​នេះ​សាងសង់​ហើយ វា​នឹង​ជា Landmark មួយ​សម្រាប់​រាជធានី​ភ្នំពេញ ហើយនឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​ទាក់ទាញ​បាន​នូវ​អ្នក​វិនិយោគ​អន្តរជាតិ ក៏​ដូច​ជា​ក្រុមហ៊ុន​ធំ​ៗ​លំដាប់​ពិភពលោក មក​តាំង​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​ច្រើន​ថែម​ទៀត » ។

តាម​គម្រោង​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Bunrong Twin Tower គ្រោង​នឹង​ប្រើប្រាស់​ចម្រុះ​ដូច​ជា ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ សណ្ឋាគារ​កម្រិត​ផ្កាយ​៦ អា​ផាត​មិន សម្រាប់​អភិជន ខុន​ដូ​ប្រណីត ភោជនីយដ្ឋាន និង​ការិយាល័យ​លំដាប់​ពិភពលោក​ជាដើម ។ នេះ​បើ​តាម​លោក ទួ​ស សា​ភឿន បាន​បញ្ជាក់ ។

លោក​បន្ត​ថា ក្រោយ​ពេល​សាងសង់​ចប់ ក្រុមហ៊ុន​គ្រោង​ចំណាយ​ទុន​៣.០០០​លាន​ដុល្លារ​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ដំណើរការ​ដោយ​រស់​រវើក និង​ទទួល​បាន​ជោគជ័យ ។

ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​ក៏​គ្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​៦០០​ម៉ែត្រ​មួយទៀត ស្ថិត​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ផង​ដែរ ដោយ​គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ស្ថិត​នៅ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា និង​ផ្លូវជាតិ​លេខ​៥ ស្របគ្នា​នឹង​ដង​ទន្លេមេគង្គ និង​ទន្លេសាប ។

គម្រោង​ទីក្រុង​នេះ គ្រោង​ចំណាយ​ប្រាក់​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ផែនការ​នៅឡើយ ដោយសារ​រាជរដ្ឋាភិបាល​កំពុង​រង់ចាំ​ដៃគូ​វិនិយោគ​អន្តរ​ជាតិ​នានា ពិសេស​ប្រទេស​ចិន ។

លោក ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​បាន​ថ្លែង​ថា គម្រោង​នេះ​លោក​បាន​ដាក់​ឆ្លង​សម្តេច​តេ​ជោ​រួច​ហើយ ហើយ​សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​ឲ្យ​មានការ​សិក្សា​លម្អិត​បន្ថែម​ទៀត មុន​ពេល​គម្រោង​នេះ​ទទួល​បានការ​យល់ព្រម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

លោក​បន្ត​ថា ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ ស្ថិត​នៅ​លើ​ផ្ទៃដី​ជាង​៣​ម៉ឺន​ហិ​កតា ជាទី​ក្រុង​មួយ​សាងសង់​ឡើង​ដើម្បី​ដឹងគុណ​ដល់​សម្តេច ដែល​ហ៊ាន​ពលី​ជីវិត​ដើម្បី​នាំ​មក​នូវ​សុខ​សន្តិភាព និង​អភិវឌ្ឍន៍​ជាតិ ។

លោក​បន្ត​ថា ៖« កម្ពុជា​ខកខាន​សាងសង់​ទីក្រុង​៥៨០​ឆ្នាំ​មក​ហើយ ហេតុនេះ កម្ពុជា​គួរតែ​សាងសង់​ទីក្រុង​ថ្មី ដោយសារ​ទីក្រុង​ភ្នំពេញ ជាទី​ក្រុង​ចាស់ និង​មាន​មនុស្ស​រស់នៅ​កកកុញ​រួច​ទៅ​ហើយ » ។ លោក​បន្ត​ថា ៖« ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​នេះ​មាន​ទាំង​ផ្លូវ​ក្រោម​ដី ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស ដែល​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​បាន​រាប់រយ​ឆ្នាំ » ។

រដ្ឋលេខាធិការ​រូប​នេះ​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ចិន និង​វិនិយោគិន​ចិន​គាំទ្រ​គម្រោង​នេះ ព្រោះ​សម្តេច​តេ​ជោ​តែងតែ​គាំទ្រ​ចិន​នៅ​លើ​ឆាក​អន្តរជាតិ និង​ប្រកាន់​យក​គោល​នយោ​បាយ «​ចិន​តែ​មួយ​» ជា​អ្វី​ដែល​សម្តេច​បាន​ខិតខំ​ពូន​ជ្រំ​នូវ​ទំនាក់ទំនង និង​ផល​ប្រយោជន៍​​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ