អ្វីទៅជាជំងឺរលាកស្រោមខួរ
?
ដំបូងយើងត្រូវយល់ថា ចាប់តាំងពីខួរក្បាលរហូតដល់ខួរឆ្អឹងខ្នងរបស់យើង គឺរុំពទ្ធ័ដោយស្រោមខួរ ។ កាលណាមានបញ្ហានៃការបង្ករោគនៅលើស្រោមខួរ ឬក៏មានការប៉ះទង្គិចដាច់រហែក ដែលប៉ះទៅលើស្រោមខួរនោះ នឹងបណ្ដាលមានការរលាកដែលគេឱ្យឈ្មោះថា ជំងឺរលាកស្រោមខួរ ។
តើជំងឺរលាកស្រោមខួរបណ្ដាលឱ្យមានរោគសញ្ញាអ្វីខ្លះ ?
រោគសញ្ញាដំបូង និងសំខាន់ជាងគេនៃជម្ងឺរលាកស្រោមខួរ គឺការឈឺក្បាលខ្លាំងភា្លមតែម្ដង ព្រមទាំងក្ដៅខ្លួនខ្លាំងចាប់ពី៣៩ទៅ៤០អង្សា ។ រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតមានដូចជាការរឹងកញ្ចឹងក រឹងឆ្អឹងខ្នង ឬក្អួតខ្លាំង ដោយគ្មានមូលហេតុ ។ ការទល់លាមក អាចកើតមាននៅលើអ្នកជម្ងឺមួយចំនួន ។ អាការឈឺក្បាលរបស់អ្នកជំងឺរលាកស្រោមខួរជាទូទៅ គឺឈឺរឹតតែខ្លាំង នៅពេលណាដែលមានសំឡេងរំខាន ផ្សេងៗ ឬក៏មានពន្លឺខ្លាំងជាដើម ពោលគឺអ្នកជំងឺមានសញ្ញាខ្លាចពន្លឺ និងខ្លាចសំឡេង ។ រោគសញ្ញាខាងលើទាំងនេះ ច្រើនកើតលើមនុស្សធំ ដោយឡែកចំពោះទារក តូចៗដែលមិនចេះនិយាយប្រាប់ថាឈឺត្រង់នេះ ឬត្រង់នោះ អាចស្ដែងឡើងដោយអាការយំខ្លាំងខុសធម្មតា ។
តើជំងឺរលាកស្រោមខួរបង្កឡើងដោយមូលហេតុអ្វីខ្លះ ?
ជំងឺរលាកស្រោមខួរក្បាលភាគច្រើនបង្កឡើងដោយពពួកមេរោគ ផ្សេងៗដូចជា ៖
1. ពពួកបាក់តេរី ក្នុងនោះបាក់តេរីដែលសំខាន់ជាងគេ គឺពពួកមេណាំងហ្កូកូស ពពួកស្ដ្រិបតូកូស ពពួកអាំងព្លុយអង់សា,មេរោគ ជំងឺរបេង និងបាក់តេរីមួយចំនួនទៀត ។
2. ពពួកវីរុស ដូចជា វីរុសអ៊ែប៉េស វីរុសជម្ងឺស្រឡើទែន និងពពួកវីរុសមួយចំនួនទៀតដូចជា ៖ វីរុសជំងឺកព្ជ្រាឹល វីរុសជំងឺស្អូច វីរុសជម្ងឺផ្ដាសាយ ។
3. ពពួកមេរោគផ្សិត ជាពិសេសនៅលើអ្នកផ្ទុកមេរោគអេដស៍ ។
4. ពពួកប៉ារ៉ាស៊ីត ជាពិសេសមេរោគគ្រុនចាញ់បែបសន្ធំ ដែលបង្កផលប៉ះពាល់ទៅដល់ស្រោមខួរ ។
មួយវិញទៀត ជំងឺមហារីកក៏អាចរាតត្បាតឱ្យមានជម្ងឺរលាកស្រោមខួរបានដែរ ។
តើត្រូវធ្វើរោគវិនិច្ឆ័យជំងឺរលាកស្រោមខួរយ៉ាងដូចម្ដេច ?
1. បន្ថែមទៅលើរោគសញ្ញាខាងលើ ដើម្បីអាចធ្វើរោគវិនិច្ឆ័យជំងឺរលាកស្រោមខួរបាន គ្រូពេទ្យត្រូវបូមយកទឹកឆ្អឹងខ្នងយកទៅវិភាគក្នុងមន្ទីរពិសោធន៍ ។ គេវិភាគមើលអត្រាជាតិស្ករ ជាតិប្រ៉ូតេអ៊ីន វត្ដមានកោសិកាឈាមស និងវត្ដមានមេរោគ ផ្សេងៗ ។
2. ចំពោះជំងឺរលាកស្រោមខួរបង្កដោយ បាក់តេរី គេច្រើនឃើញជាតិប្រូតេអ៊ីនក្នុងទឹកខួរឆ្អឹងខ្នង មានការកើនឡើង ឬឃើញមានវត្ដ មានកោសិកាឈាមសច្រើន ឬជួនកាលអាចឃើញមេរោគបង្កតែម្ដង ។
3. ចំពោះជំងឺរលាកស្រោមខួរក្បាលដែលបង្កដោយពពួកវីរុសវិញ ទឹកឆ្អឹងខ្នងមិនសូវមានលក្ខណៈប្រែប្រួលប៉ុន្មាននោះទេ ហើយទឹកឆ្អឹងខ្នងមានសភាពថ្លា ។
4. ចំពោះជំងឺរលាកស្រោមខួរបង្កដោយមេរោគផ្សិតប្រភេទគ្រីបតូកុក ដែលច្រើនកើតមាននៅលើអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះ ខ្សោយ គេអាចវិភាគដោយប្រើទឹកខ្មៅ ហើយពិនិត្យដោយមីក្រូទស្សន៍ ដើម្បីរកមេរោគផ្សិត និងវិភាគ រកអង់ទីហ្សែនរបស់មេរោគនៅក្នុងឈាមនិងនៅក្នុងទឹកឆ្អឹងខ្នង ។

តើត្រូវព្យបាលជំងឺរលាកស្រោមខួរយ៉ាងដូចមេច ?
ការព្យបាលជំងឺរលាកស្រោមខួរ គឺត្រូវធ្វើឡើងក្រោយពេលគ្រូពេទ្យរកឃើញមូលហេតុបង្កតាមរយៈលទ្ធផលវិភាគរួចមក ។
1. ក្នុងករណីរកឃើញថា ជំងឺរលាកស្រោមខួរ បង្កដោយពពួកមេរោគបាក់តេរីនោះ ការព្យាបាល គឺត្រូវប្រើថាំ្នពពួកអង់ទីប៊ីយូទីក ដោយអនុលោមទៅតាមប្រភេទមេរោគ និងអាយុរបស់អ្នកជំងឺ ។ ចំពោះជំងឺរលាកស្រោមខួរដែលបង្កឡើងដោយមេរោគរបេង គេត្រូវធ្វើការព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគរបេង ។
2. ផ្ទុយទៅវិញប្រសិន បើគេសង្ស័យថាជំងឺរលាកស្រោមខួរបង្កឡើងដោយវីរុសអ៊ែប៉េសនោះ គេត្រូវព្យាបាលជាបន្ទាន់ ក្នុងគោលបំណងដើម្បីសង្គ្រោះជីវិតអ្នកជំងឺ ព្រោះគេមិនអាចរង់ចាំលទ្ធផលនៃការវិភាគនោះទេ ដោយសាររយះពេលនៃការវិភាគអូសបន្លាយពេលយូរ ។
3. ចំពោះជំងឺរលាកស្រោមខួរ ដែលបង្កឡើងដោយមេរោគផ្សិតប្រភេទ គ្រីបតូកុកដែលកើតមាននៅ លើអ្នកផ្ទុក មេរោគអេដស៍ គេត្រូវព្យាបាលដោយឱសថប្រឆាំងមេរោគផ្សិត និងធ្វើការបូម បង្ហូរទឹកខួរឆ្អឹង ខ្នងជាញឹកញាប់ផងដែរ ។
តើជំងឺរលាកស្រោមខួរអាចបង្កឱ្យមានផលវិបាកអ្វីខ្លះ ?
ជំងឺរលាកស្រោមខួរអាចបង្កឱ្យមានផលវិបាក ប្លែកៗពីគ្នាទៅតាមប្រភេទមេរោគដែលបង្កហេតុ ។ ក្រៅពីនេះវាក៏អាស្រ័យទៅតាមវេលាដែលអ្នកជំងឺទទួលការព្យាបាលដែរ ។ ប្រសិនបើអ្នកជំងឺមកមន្ទីរពេទ្យទាន់ពេលនោះ ផលវិបាកក៏ត្រូវកាត់បន្ថយទៅតាមនោះដែរ ។ ផ្ទុយទៅវិញបើការព្យាបាលមិនទាន់ពេលវេលានោះ ជំងឺរលាកស្រោមខួរអាចបណ្ដាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិត ឬក៏មានពិការភាពអស់មួយជីវិត ។
វិធីបង្ការជំងឺរលាកស្រោមខួរក្បាល
ដើម្បីបញ្ជៀសជំងឺរលាកស្រោមខួរបាន លុះត្រាតែលោកអ្នកក៏ដូចជាឪពុកម្ដាយទាំងឡាយ ប្រតិបត្ដិតាមវិធីសាស្ដ្រមួយចំនួនដូចខាងក្រោមនេះ ៖
1. នាំទារក តូចៗរបស់លោកអ្នកទៅទទួលថ្នាំបង្ការជំងឺរលាកស្រោមខួរឱ្យបានត្រឹមត្រូវ និងទៀងទាត់ ។
2. ធ្វើយ៉ាងណាការពារកុំឱ្យមានជំងឺដែលទាក់ទងនឹងផ្លូវដង្ហើមលើ គឺត្រចៀក ច្រមុះ បំពង់ក ញឹកញាប់ពេក ឬក៏រ៉ាំរ៉ៃ ។
3. ដូចយើងបានដឹងហើយពីមូលហេតុបង្កនៃជំងឺរលាកស្រោមខួរ ដូចនេះលោកអ្នកគួរគប្បី ទប់ស្កាត់កុំឱ្យមានជំងឺ ដែលអាចបង្កទៅជាជម្ងឺរលាកស្រោមខួរបាន ដែលមានដូចជា ជំងឺកញ្រ្ជឹល ជំងឺស្អូច ជំងឺផ្ដាសាយ គ្រុនចាញ់បែបសន្ឋំ ជំងឺស្រឡើទែន ជំងឺអេដស៍ ជាពិសេសពពួកមេរោគផ្សិតជាដើម ៕
ចែករំលែកព័តមាននេះ