ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋនៅស្រុករមាសហែកចំនួន៩នាក់ភាគច្រើនជាមនុស្សស្រីបានរងផលប៉ះពាល់សារធាតុគីមីនៃគ្រាប់បែកគីមី ខណៈពួកគេនាំគ្នាទៅសម្អាតស្មៅ នៅក្នុងចំការដំឡូងនៅតំបន់ជាយដែនហើយបានប៉ះសារធាតុគីមីនៃគ្រាប់បែកគីមីរបស់អាមេរិកទម្លាក់ក្នុងសម័យសង្គ្រាម ធ្វើឲ្យមានបញ្ហាដល់សុខភាព ថប់ដង្ហើម ក្អួតចង្អោ និងរមាស់ខ្លាំងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក រមាសហែក ។
បើតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន៩នាក់ ភាគច្រើនជាមនុស្សស្រី បាននាំគ្នាសម្អាតស្មៅនៅក្នុងចំការដំឡូងក៏ប៉ះចំគ្រាប់បែកគីមីរបស់អាមេរិកធ្វើឲ្យមានបញ្ហាសុខភាព ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ។ លោកបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំង៩នាក់នោះ រស់នៅភូមិព្រៃក្តី ឃុំគគីរ ស្រុកមាសហែក បានដើរទៅប៉ះចំគ្រាប់បែកគីមី ដែលកន្លងមកក្រុមមន្ត្រីជំនាញរបស់អង្គការស៊ីម៉ាក់មិនធ្លាប់បានរុករកគ្រាប់បែកគីមីនៅកន្លែងនេះនៅឡើយ ។
លោកប្រធានមន្ទីរបានបន្តថា ប្រជាពលរដ្ឋរងគ្រោះទាំង៩នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដែលមានអាការៈថប់ដង្ហើម និងរមាស់លើស្បែកធ្ងន់ធ្ងរកំពុងសង្គ្រោះ ៕
ចែករំលែកព័តមាននេះ