រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យសន្តិសុខនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនយុវជន៥នាក់ រថយន្តទំនើប១គ្រឿង អាវុធខ្លី១ដើម បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានច្បាប់អនុញ្ញាតដែលអះអាងថា ជាក្មេងទំនើង ។
យុវជនទី១-ឈ្មោះមួង ឆៃលី អាយុ២៥ឆ្នាំ ជាយោធា មានឋានៈអនុសេនីយ៍ទោ និងជានិស្សិតផ្នែកភាសាបារាំង ស្នាក់នៅផ្ទះភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ២-ឈ្មោះអ៊ន រ៉ាណូ អាយុ២៤ឆ្នាំ ជាយោធា មានឋានៈអនុសេនីយ៍ត្រី និងជានិស្សិតផ្នែកភាសាបារាំង មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសុរទី ស្រុកកំពង់ត្រាច ខេត្តកំពត ៣-ឈ្មោះអូនបញ្ញា អាយុ២១ឆ្នាំ មុខរបរនៅផ្ទះភូមិដើមគ សង្កាត់ព្រែកតាសែក ខណ្ឌឫស្សីកែវ ៤-ឈ្មោះម៉ូវ ផាន់កុសល អាយុ២០ឆ្នាំ ជាសិស្ស មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ និង៥-ឈ្មោះដួង ទីមករណា អាយុ២២ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៧១១ ផ្លូវជាតិលេខ6A ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជាមួយនឹងការឃាត់ខ្លួនយុវជនទាំង៥នាក់នោះសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការដកហូតអាវុធខ្លីម៉ាក K54 មួយដើម គ្រាប់៨គ្រាប់ បង់១ រថយន្តម៉ាកឡិចស៊ីស GS300 ពណ៌ខ្មៅមួយគ្រឿង ស៊េរី២០០០ កុំព្យូទ័រយួរដៃ១គ្រឿង និងទូរស័ព្ទចំនួន៥គ្រឿង ។
ទាក់ទិននឹងការឃាត់ខ្លួនយុវជន៥នាក់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នេះលោកវរសេនីយ៍ឯក ពូ ដាវី មេបញ្ជាការរង និងជាប្រធានមន្ទីរព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ធ្នូ ២០១២ នៅចំណុចមុខក្លិបកម្សាន្តហាយក្លិបជាប់ផ្សារទំនើបស៊ីធីម៉ល តាមបណ្តោយមហាវិថីព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា កម្លាំងល្បាតរបស់មូលដ្ឋាន គឺកងរាជអាវុធហត្ថខណ្ឌបានប្រទះឃើញរថយន្ត១គ្រឿងម៉ាកឡិចស៊ីស GS300 មានមនុស្ស៥នាក់ ប្រភេទក្មេងទំនើងជិះនៅក្នុងនោះ ហើយបើករេពេញផ្លូវធ្វើឱ្យមានការភ័យខ្លាចដល់អ្នកដំណើរ ហើយពេលនោះក៏មានបណ្តាពីថ្នាក់លើឱ្យ២នាក់ពួកគេ ។
លោកពូ ដាវី បន្តថា ដោយពិនិត្យក្នុងរថយន្តឃើញមានអាវុធ១ដើមអត់មានច្បាប់ ហើយយុវជនទាំង៥នាក់ជាក្មេងទំនើង លោកមេបញ្ជាការបានធ្វើរបាយការណ៍ជូនលោកឧត្តមសេនីយ៍ឯក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសពេលនោះក៏មានបទបញ្ជាឱ្យការិយាល័យសន្តិសុខនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនយុវជនទាំង៥នាក់នោះទៅកាន់សាលាដំបូង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ