ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃកោងកាង​មហាសាល​កំពុង​បូម​ខ្សាច់​លុប​អត់​អ្នក​ទទួលខុសត្រូវ(មានវីដេអូ)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សកម្មភាព​លួច​បូម​ខ្សាច់​ចាក់​លប់​រំលោភ​យក​ដី​ព្រៃកោងកាង​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេ​មរះ​ភូមិន្ទ​ខេត្តកោះកុង ជា​តំបន់​ការពារ​ដោយ​ក្រសួងបរិស្ថាន​រាប់​សិប​ហិ​កតា​ដែល កោះសន្តិភាព បាន​ចុះ​ផ្សាយ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​បែកធ្លាយ​រឿងអាស្រូវ​ហើយ ព្រោះ​ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​បាំង​ជិត​ឡើយ…

ខេត្តកោះកុង ៖ សកម្មភាព​លួច​បូម​ខ្សាច់​ចាក់​លប់​រំលោភ​យក​ដី​ព្រៃកោងកាង​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេ​មរះ​ភូមិន្ទ​ខេត្តកោះកុង ជា​តំបន់​ការពារ​ដោយ​ក្រសួងបរិស្ថាន​រាប់​សិប​ហិ​កតា​ដែល កោះសន្តិភាព បាន​ចុះ​ផ្សាយ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​បែកធ្លាយ​រឿងអាស្រូវ​ហើយ ព្រោះ​ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​បាំង​ជិត​ឡើយ ។

តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​កោះកុង​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ករណី​លួច​បូម​ខ្សាច់​ចាក់​លប់​រំលោភ​យក​ដី​ក្នុង​តំបន់​ព្រៃ​ការពារ​នេះ​មាន​បទល្មើស​២​ផ្សេង​គ្នា ។ ទី​១- បទល្មើស​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​(​បូម​ខ្សាច់​)​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ និង​ទី​២-​បទល្មើស​រំលោភ​យក​ដី​ក្នុង​តំបន់​ការពារ​និង​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ច្បាស់​ថា រឿង​នេះ​ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា​ក្នុង​ខេត្ត​ដូច​ជា​ប្រធាន​ការិយា​ល័យ​ភូមិបាល​ក្រុង ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ការិយាល័យ​រ៉ែ​ខ្សាច់ ប្រធាន​មន្ទីរ​បរិស្ថាន និង​អភិបាលរង​ខេត្ត​មួយ​ចំនួន បានដឹង​យ៉ាង​ច្បាស់ ប៉ុន្តែ​ខណៈ​ពេល​ដែល​ភ្នាក់ងារ​កាសែត​កោះសន្តិភាព​ខ​ល​សួរ​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងនោះ​តាម​ទូរស័ព្ទ​ចម្លើយ​មាន​តែ​មួយ​គត់​គឺ​អត់​ដឹង និង​ចាំ​ចាត់​មន្ត្រី​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល (sic) ។

បន្ទាប់​មក​មន្ត្រី​ជើង​ដប់​ទាំងនោះ​បាន​ខ​ល​ប្រាប់​ទៅ​ជនល្មើស​លួច​បូម​ខ្សាច់​ដែល​គេ​បាន​ឃុ​ប​ឃឹ​ត​គ្នា​ជា​ប្រ​ព័​ន្ឋ​រួច​ជា​ស្រេច​ហើយ​នោះ ឱ្យ​អូស​យក​ម៉ាស៊ីន​បូម​ខ្សាច់​ទៅ​លាក់​ទុក​រួច​ប្រាប់​មក​ភ្នាក់ងារ កោះសន្តិភាព វិញ​ម្តងទៀត​ថា ចុះ​ទៅ​មើល​ហើយ​តែ​អត់​ឃើញ​សកម្មភាព​បូម​ទេ​ឃើញ​តែ​ខ្សាច់​បូម​រួច ។

មន្ត្រី​ខាងលើ​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ចង្អេរ​មិន​អាច​បាំង​ដំរី​ងាប់​បាន​នៅ​អំឡុង​មួ​យស​ប្តា​ហ៍​ដើមខែ​កុម្ភៈ​នេះ​គេ​ឃើញ ម៉ាស៊ីន​លួច​បូម​ខ្សាច់​ដដែល​បាន​បណ្តែត​ខ្លួន​មក​ដាក់​នៅ​លើ​ទីតាំង​ចាស់​ធ្វើ​សកម្មភាព​បូម​ទៀត​ហើយ ។

មន្ត្រី​ការិយាល័យ​រ៉ែ​២​រូប​បាន​ប្រាប់ កោះសន្តិភាព ថា បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់ កោះសន្តិភាព ភ្លាម​លោក ស្រេង ហុង អភិបាលរង​ខេត្ត​បាន​បញ្ជា​ឱ្យ​មន្ទីរ​រ៉ែ​និង​ថាមពល​ធ្វើ​របាយការណ៍​ពាក់ព័ន្ធ​នឹង​បទល្មើស​បូម​ខ្សាច់​នេះ ។ ហើយ​ជំនាញ​បានរ​រក​ឃើញ​ថា បរិមាណ​ខ្សាច់​ដែល​បាន​លួច​បូម​នា​ពេល​កន្លង​មក​មាន​ចំនួន​ប្រមាណ​១២០០០​ម៉ែត្រគូប​ដែល​លួច​បូម​ដោយ​អត់​ច្បាប់ និង​ត្រូវ​បង់​សួយ​សារ​ចូល​រដ្ឋ​តែ​ជនល្មើស​មិន​ទាន់​ចូលខ្លួន​បង់​នៅឡើយ​ទេ ។

កោះសន្តិភាព បាន​ទាក់ទង​ទូរស័ព្ទ​សួរ​ទៅ​លោក ស្រេង ហុង អភិបាលរង​ខេត្ត​ពាក់ព័ន្ធ​នឹង​ចំ​ណាត់​ការ​តាម​ផ្លូវច្បាប់​ចំពោះ​បទល្មើស​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ តែ​បែរជា​លោក​​ឆ្លើយ​ត្រលប់​ត្រ​លឹន​ម្តង​ឱ្យទៅ​សួរ​មន្ទីរ​រ៉ែ ម្តង​ឱ្យទៅ​សួរ​អ្នក​លួច​បូម​ទៅ​វិញ ហាក់ដូចជា​គ្មាន​​ភាព​ទទួលខុសត្រូវ​រួច​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក សុខ សុ​ទ្ឋី អភិបាលរង​ខេត្ត​បាន​ធ្វើការ​កោះ​អញ្ជើញ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ប្រជុំ​រក​ដំណោះស្រាយ​រឿងអាស្រូវ​ខាងលើ​នេះ​ហើយ​អ្នកកាសែត និង​ទូរ​ទស្ស​ន៍​​ជា​ច្រើន​នាក់​នៅ​រង់ចាំ​ស្តាប់​លទ្ធផល​ចំណាត់ការ​ករណី​នេះ​ខាងក្រៅ​សាល​ប្រជុំ​រហូត​ដល់​​ម៉ោង​១២​ថ្ងៃត្រង់​តែ​ពេល​ដើរ​ចេញពី​សាល​ប្រជុំ​ភ្លាម​លោក​អភិបាលរង សុខ សុ​ទ្ឋី បាន​ឆ្លើយ​សំនួរ​របស់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ថា អាជ្ញារ​ខេត្ត​បាន​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​បូម​ហើយ​តែ​ពាក់ព័ន្ធ​នឹង​រឿង​ដី​ព្រៃកោងកាង​ដែល​គេ​រំលោភ​យក​នោះ​លោក​អភិបាលរង​ខេត្ត​រូប​នេះ​ឆ្លើយ​ថា មាន​ម្ចាស់​តែ​អត់​ស្គាល់ឈ្មោះ​ម្ចាស់​ទៅ​វិញ ។

ប៉ុន្តែ​មន្ត្រី​សាលាខេត្ត​ផ្សេង​ទៀត​បាន​បង្ហើប​ថា មាន​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ជា លាង​ហុង បាន​មក​ទិញ​ដី​ក្នុង​តំបន់​ខាងលើ​នេះ​ហើយ​ប្រើ​មនុស្ស​របស់​ខ្លួន​មួយ​ក្រុម​ឱ្យ​លួច​បូម​ខ្សាច់​ចាក់​បំពេញ​តែ​ម្តង ។

ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ប្រភព​ក្រៅផ្លូវការ​តែ​ប៉ុណ្ណោះ ។ ទោះបីជា​លោក​អ​ភ​បាល​រង​ខេត្ត សុខ សុ​ទ្ឋី ថា​បាន​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​បូម​ខ្សាច់​តែ​នៅ​ត្រឹម​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ម៉ាស៊ីន​បូម​ខ្សាច់​នៅ​បន្តសកម្មភាព​របស់​ខ្លួន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ