ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមី​​​ព្រះគោ​នៅ​ថាឡាបរិវ៉ាត់​ ធ្វើឱ្យ​អ្នកស្រុក​​ជឿ​​ខ្លាំង​​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​អ្នកទេសចរ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង មាន​ជំនឿ​ទៅ​លើ​រូបសំណាក​ព្រះ​គោ ស្ថិត​នៅ​ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ថា​មាន​បារមី​ជួយ​ឲ្យ​សុខ​សប្បាយ ។…

ខេត្តស្ទឹងត្រែង ​៖ ​អ្នកទេសចរ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង មាន​ជំនឿ​ទៅ​លើ​រូបសំណាក​ព្រះ​គោ ស្ថិត​នៅ​ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ថា​មាន​បារមី​ជួយ​ឲ្យ​សុខ​សប្បាយ ។ អ្នក ទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​នោះ តាម​ផ្លូវជាតិ​លេខ​៩ រួច​ចូល​ទៅ​តាម​ផ្លូវ​ក្រួស​ក្រហម កាត់​សាលាស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ប្រមាណ​ជា​៣​គីឡូម៉ែត្រ ។ ប្រាសាទ​នោះ នៅ​ទីទួល​គេ​ហៅ​ថា ប្រាសាទ​ស្រី ឬ​ប្រាសាទ​ព្រះ​គោ ។បើ​ទោះបី​សម័យ​ទំនើប​ពោរពេញ ដោយ បច្ចេកវិទ្យា និង​វិទ្យា សាស្ត្រ​យ៉ាងណា​ក្តី ក៏​របត់​គំនិត​នៃ​ការ​ជឿជាក់​លើ​វ​ត្តុ​ស័ក្តិសិទ្ធិ​របស់ ប្រជាជន​ខ្មែរ​បន្ត​មាន គឺ​មិន​ទាន់​សាបរលាប អស់​ទេ ជា​ពិសេស​ការ​បន់ស្រន់ ។

តាម​ជំនឿ ត​ៗ​គ្នា​ថា ជនជាតិ​ខ្មែរ​មិន​ថា ពី​ទី​ជិត ឬ​ឆ្ងាយ​ទេ​តែងតែ​ចូល​បន់ស្រន់ សុំ សេចក្តីសុខ​ដល់​ក្រុម​គ្រួសារ ឬ​បន់​សុំ​ឲ្យ​មានកូន ។ អ្វី​ជា​តង្វាយ​ថ្វាយ​ដល់​រូបសំណាក​ព្រះ​គោ​នោះ​គឺ មាន​ស្មៅ ផ្លែ​ចេក និង​ផ្លែ​ឈើ​នានា រួច​អុជ​ធូប​បែ​បន់ តាម​អ្វី​ដែល​ប្រាថ្នា ។ អ្នកខ្លះ​ទៀត​ក្រោយ​ពី​បន់​រួច យក​ទឹក​ស្រោច​លើ​ព្រះ​កេស ព្រះ​កាយ​រូបសំណាក​ព្រះ​គោ ហើយ​ត្រង​យក​ទឹក​ស្រោច​លុបលាង​មុខ ឬ​ផឹក ដោយ​មាន​ជំនឿ​ថា ជួយ​រំដោះ​គ្រោះភ័យ និង​ជា​ពី​ជំងឺ ផ្សេង​ៗ ។

តាម ចាស់​ៗ​បាន​តំណាល​ថា សម័យ​បុរាណ ព្រះ​គោ​មាន​មហិទ្ធិរឹទ្ធិ​ខ្លាំងក្លា អាច​ហោះហើរ​បាន ជា​អ្នក​យក អាសា​ដល់​ប្រជាពលរដ្ឋ​តាម​បំណងប្រាថ្នា តែ​ទោះបី​ព្រះ​អង្គ​ជួយ​សត្វលោក​យ៉ាងណា​ក្តី ប្រជាពលរដ្ឋ​មិន​ដែល​ធ្វើបុណ្យ រំលឹក​គុណ ដល់​ព្រះ​អង្គ​ឡើយ ។ មាន​សម័យមួយ​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​កើតក្តី​ក្តៅ ក្រហាយ ឈឺ​ថ្កាត់ និង​ស្លាប់​ជា​បន្តបន្ទាប់ ខណៈនោះ​ប្រជាពលរដ្ឋ​បាន​បន់ស្រន់ ស្រាប់តែ​បារមី​ព្រះ​គោ ចូល​រូប​សណ្ឋិត​លើ​ជីដូន​ម្នាក់ ។ បារមី​ព្រះ​គោ​បាន​ប្រាប់​ហេតុផល​ថា​៖ ត្រូវ​តែ​ធ្វើបុណ្យ​ព្រះ​គោ​ដើម្បី​ឧទ្ទិស​កុសល ថ្វាយ​ព្រះ​អវតា​របស់​ព្រះ​គោ និង​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រលឹង បុព្វបុរស​វីរក្សត្រ ដែល​បាន​កសាង​ប្រាសាទ ឱ្យ​បាន​៧​យប់​៧​ថ្ងៃ ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ថ្ងៃ​១៥ កើត ខែ ផល្គុន ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ទាំងមូល​បាន​សេចក្តី​រុងរឿង វៀរចាក​ការ​ឈឺ​ថ្កាត់ និង​រោគ​កាច​សហាវ ផ្សេង​ៗ ។

ចាប់ពី​ពេល​នោះ​មក​ការ​ធ្វើបុណ្យ​ប្រាសាទ ឬ​បុណ្យ​ព្រះ​គោ ក្លាយជា​ប្រពៃណី​មួយ​របស់​ប្រជាពលរដ្ឋ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។លោក​អាចារ្យ​ឈ្មោះ​អាំ ដង អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន​ប្រសាសន៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​៖ «​គឺ​គេ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​រំលឹក​គុណ​ឫទ្ធិ​អំណាច​ព្រះ​គោ ផ្តល់​នូវ​សេចក្តីសុខ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​ក្លាយជា​ប្រពៃណី​ទំនៀមទម្លាប់​រហូត​ដល់​បច្ចុប្បន្ន​នេះ»​។លោក​អាចារ្យ​អាំ ដង បញ្ជាក់​ថា​កាលពីដើម​គេ​តាំង​បុណ្យ​ព្រះ​គោ​នៅ​ខែ​ផល្គុន តែ​ដោយ សារ​ប្រជាពលរដ្ឋ​មាន​ភាព​មមាញឹក​នឹង​ការងារ ស្រែ​ចម្ការ មិនសូវ​មាន​អ្នកចូលរួម​ក្នុង​ពិធី ទើប​មានការ​មូលមតិ​គ្នា​លើកយក​ខែចេត្រ ជា​ថ្ងៃ​បុណ្យ​ព្រះ​គោ​វិញ ។ ម្យ៉ាងទៀត​ពិធីបុណ្យ​ព្រះ​គោ​នេះ​ធ្វើ​នៅ​ក្នុង​ខែចេត្រ ក៏​ពិតមែនតែ​មិន​ឱ្យ​ផុត​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ទេ ។

លោកតា​អាំ ដង រៀបរាប់​បន្ត​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​មូលមតិ​គ្នា​បុណ្យ​ធ្វើ​មុន​ពិធី​បុណ្យចូលឆ្នាំ ឬ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ គេ​មាន​ជំនឿ​ថា បារមី​របស់​ព្រះ​គោ​ស័ក្តិសិទ្ធិ​ជាង​អាច​ជួយ​ឱ្យ​មនុស្ស​ជា​ពី​ជំងឺ និង​ទទួល​បាន​សេចក្តីសុខ តែបើ​ប្រារ​ព្វ​ពិធី​នេះ​ក្រោយ​រដូវ​ចូល​ឆ្នាំ​ខ្មែរ គឺ​មិនសូវ​ជា​ស័ក្តិសិទ្ធិ​ប៉ុន្មាន​ទេ ។ មួយវិញទៀត​ការ​ប្រារព្ធ​ពិធីបុណ្យ​ព្រះ​គោ​ក្រោយ​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ប្រជាពលរដ្ឋ​មិនសូវ​ជួបជុំ​គ្នា​ឡើយ ព្រោះ​ពួក​គាត់​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​អស់ ។

តាម​សៀវភៅ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​បោះ​ពុ​ម្ភ​ឆ្នាំ​២០០៦​បាន​សរសេរ​ថា ប្រាសាទ​ព្រះ​គោ​ស្ថិត​នៅ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៅ​ត្រើយ​ខាងលិច​ទន្លេមេគង្គ មាន​ចម្ងាយ​ពី​ច្រាំង​ទន្លេ​ប្រមាណ​៥០០​ម៉ែត្រ ។ ប្រាសាទ​នេះ​កសាង​ឡើង​ចន្លោះ​សតវត្ស​ទី​៦ ដល់​សតវត្ស​ទី​៨ ប្រហែល​ស្ថាបនា ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វ័​រ្ម​នទី​១ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រហ្មញ្ញសាសនា ដោយ​សាងសង់​លើ​ដី​ទួល​ខ្ពស់​បែរមុខ​ទៅ​ទិស​ខាងកើត នៅ​ពីមុខ​មាន​រូបសំណាក​ព្រះ​គោ យ៉ាង​ធំ​លើសគេ​នៅ​ប្រទេស​កម្ពុជា សាងសង់​អំពី​ថ្មភក់ ។ កាលពីដើម​មាន​បល្ល័ង្ក​តម្កល់​ព្រះ​គោ តែ​សព្វ​ថ្ងៃនេះ​បល្ល័ង្ក​បាន​ស្រុត​ចុះ​អស់ ៕

អត្ថបទសរសេរ ដោយ