ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃថ្លៃយ៉ាង​​កប់ ត្រីប៉ាសេអុី​នា​បច្ចុប្បន្ន​​

7 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹង​ត្រែង​ ៖ «​ប៉ា​សេ​អុី» ជា​ឈ្មោះ​​ត្រី​មួយ​ប្រភេទ​​ត្រី​ដ៏ពិសេស​​​​ ប្រចាំ​តំបន់​ភូមិភាគ​ឦ​សាន​ ដោយសារ​តែ​​វា​​សម្បូរ​តែ​នៅ​ខេត្តស្ទឹងត្រែង​ប៉ុណ្ណោះ ​។ អំបូរ​ត្រី​ប៉ា​សេ​អុី មាន​បី​ប្រភេទ​​ គឺ​​ប៉ា​សេ​អុី​…

ខេត្ត​ស្ទឹង​ត្រែង​ ៖ «​ប៉ា​សេ​អុី» ជា​ឈ្មោះ​​ត្រី​មួយ​ប្រភេទ​​ត្រី​ដ៏ពិសេស​​​​ ប្រចាំ​តំបន់​ភូមិភាគ​ឦ​សាន​ ដោយសារ​តែ​​វា​​សម្បូរ​តែ​នៅ​ខេត្តស្ទឹងត្រែង​ប៉ុណ្ណោះ ​។ អំបូរ​ត្រី​ប៉ា​សេ​អុី មាន​បី​ប្រភេទ​​ គឺ​​ប៉ា​សេ​អុី​ ប៉ា​វ៉ា​មុខ​ពីរ និង​ប៉ា​វ៉ា តែង​តែ​​ប្រទះ​ឃើញ​​​​នៅ​២​រដូវ​ក្នុង​មួយ​ឆ្នាំ​ គឺ​នៅ​រដូវ​ទឹកដំឡើង​​ចាប់ពី​ដើមខែ​ឧសភា ​រហូត​ដល់​ចុងខែ​ក​ក្ក​​ដា​ និង​​រដូវរំហើយ​ចាប់ពី​ដើមខែ​វិច្ឆិកា​ រហូត​ដល់​ចុង​ខែមករា ​។

ត្រី​ទាំង​បី​ប្រភេទ​នេះ​ មាន​រសជាតិ​ប្រហាក់​ប្រហែល​គ្នា​ តែ​ត្រី​ប៉ា​សេ​អុី​ រសជាតិ​លេចធ្លោ​ជាងគេ​ ។ ​ត្រី​ប៉ា​សេ​អុី​​រសជាតិ​របស់​វា ​គឺស្ថិត​នៅ​លើ​ខ្លាញ់ ​​មាន​រសជាតិ​ឆ្ងាញ់​លើស​​​បង្កង​ទៅ​ទៀត​ ។ ចំណែក​ត្រី​ប៉ា​វ៉ា​មុខ​២ និង​ត្រី​ប៉ា​វ៉ា រសជាតិ​របស់​វា​បង្កប់​នៅ​ក្នុង​សាច់ បើកាលណា​ត្រី​កាន់តែ​ធំ សា​ច់រប​ស់វា​កាន់​​តែ​ស្វិត​ល្អ​ ហើយ​មាន​រសជាតិ​លើស​ពី​សាច់​មាន់​ស្ងោរ​ទៅ​ទៀត​ ។ ដូច្នេះ​​​ហើយ ទើប​​ត្រី​ប៉ា​សេ​អុីត្រូវ​​គេ​ឱ្យ​តម្លៃ​​​ក្លាយ​ជា​និមិត្ត​រូប​ខេត្តស្ទឹងត្រែង​ ហើយ​​​​បាន​សាងសង​​​់​ជា​ចម្លាក់​ថ្ម​​ដ៏ធំ​​តាំង​នៅ​ចំ​កណ្តាល​សួនច្បារ​តាម​បណ្តោយ​មាត់ទន្លេ​ ។
អ្នក​ដែល​ឈាន​ចូល​​ដល់​ខេត្តស្ទឹងត្រែង​តែង​តែ​មិន​ភ្លេច​​ត្រី​ប៉ា​សេ​អុីទេ​ ហើយ​គេ​អាច​រក​ទទួលទាន​បាន​​តែ​នៅ​​ចន្លោះ​​រដូវ​ទឹក​ឡើង ​និង​រដូវរំហើយ​ប៉ុណ្ណោះ ​។

​ប្រជា​នេសាទ​ឱ្យដឹង​​កាល​ពី​​ពេល​ ថ្មីៗ​កន្លងមក​​​ថា​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពួក​គាត់​ទន្ទឹងរង់ចាំ​ឈាន​ចូល​​ដល់​រដូវ​របស់​ត្រី​​​បា៉សេអុី​​​ចេញពី​ជម្រក​ ។ គ្រានោះ​ទូក​នេសាទ​ខ្វាត់ខ្វែង​លើ​ដង​ទន្លេ​ដើម្បី​រាយ​មង​​ចាប​់​ត្រី​​ប៉ា​សេ​អុី​ បើ​មាន​សំណាង​នេសាទ​បាន​ត្រី​ធំ​ដែល​​ជា​ត្រី​​ត្រូវ​ខ្នាត​នោះ​ អ្នកនេសាទ​​អរ​ខ្លាំង​ណាស់​ ព្រោះ​​យក​ទៅ​ទីផ្សារ​​​លក់​បាន​ថ្លៃ​ខ្ពស់​ ។ នារី​ម្នាក់​ប្រកប​របរ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ ​ហើយ​ជា​រៀង​រាល់​ព្រឹក​តែង​​តែ​យក​ត្រី​ទៅ​កាន់​ទីផ្សារ​​ ។​ ក្នុង​​ទឹកមុខ​ញញឹមញញែម​​នាង​រៀបរាប់​ថា​ ដល់​រដូវរំហើយ ការ​នេសាទ​ត្រី​មាន​ការ​មមាញឹក​ ព្រោះ​ជា​រដូវ​ត្រី​ប៉ា​សេ​អុី ។​ នាង​និយាយ​ថា​​ «នៅ​លើ​ទីផ្សារ​ត្រី​ប៉ា​សេ​អុីមាន​តម្លៃ​ជាង​ត្រី​​ដ​ទៃ​ ហើយ​ត្រី​ប៉ា​សេ​អុីគេ​បែងចែក​​តម្លៃ​​តាម​​ខ្នាត​ត្រី​ជា​បី​លក្ខណៈ ។ លក្ខណៈ​ទី​មួយ​ត្រី​តូច​ត្រឹម​មួយ​ក្បាល​ទម្ងន់​៥​ខាំ​ចុះ​តម្លៃ​ចាប់ពី​៦​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល ។

លក្ខណៈ​ទី​២​ត្រី​មាន​ទម្ងន់​ចាប់ពី​១​គីឡូក្រាម​ឡើង​រហូត​ដល់​ជិត​២​គីឡូ​តម្លៃ​ពី​២០​ម៉ឺន​រៀល​រហូត​ដល់​៣០​ម៉ឺន​រៀល​ ។ ចំណែក​លក្ខណៈ​ទី​៣ ជា​ប្រភេទ​ត្រី​ខ្នាត​ទម្ងន់​២​គីឡូក្រាម​កន្លះ​ឡើង​ទៅ​ គឺ​មួយ​គីឡូក្រាម​តម្លៃ​៥០​ម៉ឺន​រៀល ​។ ​តម្លៃ​ទាំងនេះ​ពិត​ថា​វា​ខ្ពស់ពិតមែន តែ​ប្រភេទ​​ត្រី​នេះ​ឱ្យ​តែ​មាន​មិន​ថា​ច្រើន ​ឬ​តិច​ តូច​ឬ​ធំ​នោះ​ឡើយ​ មាន​អ្នក​ប្រមូល​ទិញ​គ្មាន​សេស​សល់​ឡើយ​ ។​ ប្រសិនជា​ត្រី​ចូល​ខ្នាត​នោះ​ទោះបី​តម្លៃ​​ខ្ពស់​​យ៉ាង​ណា​ក៏ដោយ ​នៅ​តែ​មាន​អ្នក​ទទួលយក​ដែរ​គ្មាន​សល់​​ទេ​​» ។

ទាក់​ទិន​តម្លៃ​ត្រី​ខ្ពស់​រហូត​ដល់​មួយ​គីឡូក្រាម​១២៥​ដុល្លា​រ​​​ ដែល​​​មហា​​ជន​ទូទៅ​​មិន​អាច​ទិញ​យក​ទៅ​បរិ​ភោគ​ ​តែ​សម្រាប់​អ្នក​ដែល​មាន​ធនធាន ​គេ​មិន​គិត​ទៅ​លើ​តម្លៃ​ទេ​​ ព្រោះ​គេ​យល់​​ច្បាស់​​ថា​វា​​មាន​​​រស​ជាតិ​​​ឆ្ងាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ