រាជធានីភ្នំពេញ ៖ កម្មវិធី «Hello Loy DJ Hunt»វគ្គ២ដែលបានចាប់ផ្តើមផ្សាយពីថ្ងៃទី១ តុលា ឆ្នាំ២០១២ តាមរយៈវិទ្យុហង្សមាសFM 104.5 ចាប់ពីម៉ោង១២ដល់ម៉ោង១រសៀល រៀងរាល់ថ្ងៃចន្ទដល់សុក្រត្រូវបានបញ្ចប់ និងរកឃើញDJថ្មី វ័យក្មេង ដើម្បីបន្តកម្មវិធីវិទ្យុរបស់ហេឡូកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១២ ។ នេះជាកម្មវិធីពិសេសតែមួយគត់ដែលផ្តល់ឱកាសដល់យុវជនកម្ពុជាបញ្ចេញទេពកោសល្យដើម្បីក្លាយជាពិធីករវិទ្យុ និងទទួលរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពីក្រុមហ៊ុនទូរស័ព្ទចល័តហេឡូថែមទៀត ។ បេក្ខជនដែលទទួលការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារនឹងក្លាយជាជ័យលាភី ។
បេក្ខជនជា ឧត្តម ដែលពាក់ស្លាកDJលេខ៤ត្រូវបានជ្រើសរើសជាពិធីករដែលមានទេពកោសល្យជាងគេដោយទទួលបានការគាំទ្រច្រើនលើសលប់ពីប្រិយមិត្តអ្នកស្តាប់ទាំងតាមរយៈការផ្ញើសារ និងការទូរស័ព្ទចូលក្នុងកម្មវិធី។ ឧត្តម ឱ្យដឹងថា «ខ្ញុំពិតជារំភើបមែនទែននៅពេលដែលបានជ្រើសរើសជាពិធីករដែលឡូយជាងគេរបស់ហេឡូ ព្រោះការជ្រើសរើសនេះមានការឆ្លងកាត់វិញ្ញាសាច្រើន ហើយប្លែកៗជារៀងរាល់វគ្គ ដូច្នេះធ្វើឱ្យខ្ញុំដឹងថាដើម្បីក្លាយជាពិធីករវិទ្យុដ៏ពូកែមួយរូបមិនមែនស្ថិតនៅលើតែសំឡេងមួយមុខនោះទេ គឺទាមទារឱ្យយើងមានចំណេះដឹងទូទៅ និងសមត្ថភាពផ្សេងៗជាច្រើនទៀត»។
ជានិច្ចកាលក្រុមហ៊ុនទូរស័ព្ទចល័តហេឡូ មិនត្រឹមតែផ្តល់នូវសេវាកម្មអស្ចារ្យ និងឡូយៗប៉ុណ្ណោះទេ ហេឡូ ថែមទាំងផ្តល់ឱកាសដល់យុវជន យុវនារីកម្ពុជាឱ្យសម្រេចបាននូវសុបិនរបស់គេថែមទៀតផង ។លោកស៊ុន ប៊ុណ្ណារ័ត្ន ដែលជាបេក្ខជនពាក់ស្លាកDJលេខ១៨ បានឱ្យដឹងថា «កម្មវិធីនេះល្អណាស់ដែលផ្តល់ឱកាសឱ្យយុវជន យុវនារីខ្មែរ យើងបានបញ្ចេញសមត្ថភាពលើវិញ្ញាសាប្លែកៗជាច្រើន ។ លើសពីនេះទៀតគឺផ្តល់ឱកាសឱ្យពួកយើង ជាពិសេសរូបខ្ញុំផ្ទាល់តែម្តងបានចូលមកដល់បន្ទប់ផ្សាយរបស់វិទ្យុ និងបានបង្ហើរសំឡេងផ្សព្វផ្សាយទូទាំងប្រទេសផងដែរ ។ នេះពិតជាឱកាសដែលកម្រមានណាស់ ។ សូមអរគុណចំពោះក្រុមហ៊ុនហេឡូដែលបានបង្កើតកម្មវិធីនេះឡើង » ។
អ្នកនាងម៉ុក សាខន ប្រធានគ្រប់គ្រងស្លាកសញ្ញា និងផ្សព្វផ្សាយរបស់ក្រុមហ៊ុនហេឡូបានឱ្យដឹងថា «ជា ឧត្តម គឺជាពិធីករមួយរូបទៀតរបស់កម្មវិធី Hello Loy DJ Hunt ហើយយើងពិតជាមានមោទនភាពណាស់ដែលបានរកឃើញនូវបេក្ខភាពដែលមានសមត្ថភាពពិតៗដើម្បីក្លាយជាម្ចាស់កម្មវិធីវិទ្យុរបស់យើង ។ ឧត្តមនឹងក្លាយជាម្ចាស់កម្មវិធីKPop Update ដែលនឹងផ្សាយតាមរយៈវិទ្យុហង្សមាសFM 104.5 ចាប់ពីម៉ោង១២ដល់១រសៀល រៀងរាល់ថ្ងៃចន្ទដល់សុក្រពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១២ នេះតទៅ » ៕
ចែករំលែកព័តមាននេះ