ខេត្តព្រៃវែង ៖ ជារឿងដ៏គួរឱ្យហួសចិត្តបំផុតនិងមិនធ្លាប់កើតមានទាល់តែសោះនៅភូមិសាស្ត្រខេត្តមួយនេះ តែឥឡូវបានកើតមានហើយនៅឯស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងបានបង្កឱ្យមានការផ្អើលឆោឡោពេញរោងការ បន្ទាប់ពីកូនក្រមុំស្រែកពីក្នុងបន្ទប់ថា មានគេបន្លំធ្វើកូនកំលោះចូលផ្សំដំណេកជាមួយនាង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ មករា នៅក្នុងផ្ទះការមួយដែលស្ថិតនៅក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅពេលដែលក្រុមគ្រួសារម្ចាស់ដើមការទាំងសងខាងកំពុងតែរវល់រៀបចំសំអាតផ្ទះសម្បែង អ្នកខ្លះដេកមិនទាន់ភ្ញាក់ផងព្រោះអស់កម្លាំងអត់ងងុយ ស្រាប់តែឮសំឡេងកូនក្រមុំស្រែកឆោឡោចេញពីបន្ទប់ បន្ទាប់ពីដឹងថា អ្នកដែលនែបនិត្យក្រេបទឹកឃ្មុំក្នុងថ្ងៃផ្សំដំណេកយប់មិញនោះមិនមែនជាកូនកំលោះទេ ។ ពេលគ្រប់គ្នាចូលទៅមើល ស្រាប់តែឃើញយុវជនម្នាក់ឈ្មោះ ឈឺន ចាន់សេង អាយុ១៨ឆ្នាំ ដេកស្រាតខ្លួនននលគក លក់ស្រមុកយ៉ាងសុខសាន្តនៅក្នុងបន្ទប់ ក៏ចាប់ក្របួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
បើតាមព័ត៌មានពីលោកអធិការស្រុកកញ្ជ្រៀចបានឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុនោះមានពិធីមង្គលការកូនប្រុសស្រីទៅតាមទំនៀមទម្លាប់ ហើយយុវជន ឈឺន ចាន់សេង ក៏បានទៅឈរមើលគេផឹកស៊ីនិងរាំកម្សាន្តដែរ ព្រោះផ្ទះនៅជិតខាងគ្នា ។ រហូតដល់ជិតចប់កម្មវិធី បានឃើញកូនក្រមុំអស់កម្លាំងចូលទៅសម្ងំដេកនៅក្នុងបន្ទប់ផ្សំដំណេកម្នាក់ឯង ។ ចំណែកឯកូនកំលោះកំពុងបន្តផឹកស៊ីរាំរែកជាមួយមិត្តភក្តិ បងប្អូនក្នុងរោងការ ជាឱកាសល្អរបស់យុវជន ឈឺន ចាន់សេង ក៏យកសារុងរុំខ្លួនលបចូលទៅក្នុងបន្ទប់ផ្សំដំណេក បន្លំធ្វើជាកូនកំលោះ ហើយបានរួមមេត្រីជំនួសកូនកំលោះរហូតបានសម្រេច ហើយក៏សម្ងំដេកលង់លក់ក្នុងបន្ទប់ជាមួយកូនក្រមុំពេញមួយយប់យ៉ាងសុខសាន្តទៅ។ លុះដល់ភ្លឺឡើងទើបកូនក្រមុំដឹងថា អ្នកដែលក្រេបទឹកឃ្មុំនាងកាលពីយប់មិញ មិនមែនជាកូនកំលោះដែលក្រាបសំពះផ្ទឹមនោះទេ ក៏ស្រែកឆោឡោឡើងផ្អើលអស់មនុស្សនៅក្នុងផ្ទះ នាំគ្នាឡើងទៅចាប់ប្រគល់ជនព្រាននារីថ្លើមធំនោះឱ្យសមត្ថកិច្ចតែម្តង ។
នារីរងគ្រោះជាកូនក្រមុំ បានរាយការណ៍ប្រាប់នគរបាលឱ្យដឹងថា ក្នុងពេលដែលជនកំហូចនេះចូលទៅក្នុងបន្ទប់នោះ រូបនាងក៏បានដឹងដែរ ប៉ុន្តែដោយសារក្នុងបន្ទប់បិទភ្លើងងងឹតឈឹងមើលមិនឃើញមុខ ហើយរូបនាងគិតថា ជាកូនកំលោះ ទើបពេលគេធ្វើអ្វីៗតាមចិត្តនោះនាងមិនប្រកែកទេដោយគិតថាជាប្តីរបស់ខ្លួន ទៅហើយ ។ លុះដល់ភ្លឺឡើងនាងភ្ញាក់ព្រើត ព្រោះឃើញអ្នកដែលផ្សំដំណេកជាមួយនាងយប់មិញមិនមែនជាប្តី ក៏ស្រែកឆោឡោឡើងតែម្តង ។
ដោយឡែក យុវជនថ្លើមធំ ឈឺន ចាន់សេង បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេនិងកូនក្រមុំជាអ្នកជិតខាងគ្នា ហើយខ្លួនបានលួចស្រលាញ់នាងជាយូរមកហើយ តែមិនដែលបានសារភាពស្នេហ៍ទេរហូតដល់នាងរៀបការ រូបគេក៏មកមើលទៀតទាំងសោកស្តាយ ។ លុះដល់យប់ជ្រៅពេលឃើញនាងនៅក្នុងបន្ទប់ម្នាក់ឯង ឯកូនកំលោះឃើញទៅដេកនៅរោងខាងកូនកំលោះបាត់ទៅហើយ ដោយសារស្រវឹងខ្លាំង អស់កម្លាំងក៏ដេកដួល ជាឱកាសស្ងាត់ល្អ រូបគេក៏បន្លំធ្វើជាកូនកំលោះឡើងទៅផ្សំដំណេកជាមួយនាងតែម្តង ។
ជននេះបានសារភាពដោយត្រង់ទៀតថា ដោយសារខ្លួនខំប្រឹងក្រេបចន្ទទឹកឃ្មុំច្រើនពេករហូតដល់ទៅ៣ដងក្នុងមួយរាត្រី ធ្វើឱ្យអស់កម្លាំងរលីងក៏ដេកលង់លក់រហូតដល់ព្រឹកភ្លឺច្បាស់ ទើបនាងភ្ញាក់ឡើងឃើញមិនមែនជាប្តី ក៏ស្រែកឆោឡោផ្អើលដល់មនុស្សគ្រប់គ្នាតែម្តង ឯខ្លួនក៏ភ្ញាក់ពីដេកដែរ ។ តាមព័ត៌មានចុងក្រោយជុំវិញរឿងរ៉ាវលួចចូលផ្សំដំណេកជាមួយកូនក្រមុំដែលប្រៀបបានទៅនឹងអង្ករក្លាយជាបាយទៅហើយនោះ ពេលនេះមេបាចាស់ទុំទាំងសងខាងកំពុងសម្របសម្រួលគ្នា ដោយខាងកូនស្រីអះអាងថា មិនចង់ឱ្យរឿងអាស្រូវបែបនេះកើតឡើងទេ ប៉ុន្តែធ្វើម៉េចវាជារឿងដែលនឹកស្មានមិនដល់ ព្រោះកូនស្រីស្មានថាជាប្តី ទើបប្រគល់ខ្លួនប្រាណសម្រាប់រាត្រីទឹកឃ្មុំនេះ ។ លុះដឹងថាមិនមែនក៏បានស្រែកឆោឡោដែលនេះបានបញ្ជាក់ច្បាស់ថា កូនស្រីមានភក្តីភាពនឹងប្តី ដែលក្រាបសំពះក្បាលដល់កន្ទេល ដូច្នេះសូមឱ្យខាងប្រុសពិចារណានិងយោគយល់ផង ។
ទោះបីជាបែបនេះក្តីកូនកំលោះផ្ទាល់មិនទាន់បង្ហាញជំហរថាយ៉ាងណានោះទេ គឺទុកឱ្យចាស់ទុំពិចារណាសិន ថាតើត្រូវដោះស្រាយដោយបែបណា? រឿងរ៉ាវដែលបានកើតឡើងនេះពិតជាគួរឱ្យហួសចិត្តពន់ពេកណាស់ ដែលកូនកំលោះទុកនាងកូនក្រមុំ ឱ្យគេងរង់ចាំតែម្នាក់ឯងនៅក្នុងបន្ទប់ ហើយរូបគេបែរជាត្រេកត្រអាលការរាំសប្បាយនិងផឹកស្រាដល់ស្រវឹងធ្លាក់ភ្នែកទៅដេកលង់លក់នៅរោងផ្កាស្លាទៅវិញ(រោងការកូនកំលោះ) ដោយអត់ខ្វល់ចំពោះរាត្រីដ៏ពិសិដ្ឋនេះសោះ ។
អ្វីដែលគួរឱ្យសោកស្តាយ ចំពោះទង្វើចោរលួចបេះដូងមិនគួររឿងស្មោគគ្រោកបែបនេះកើតឡើងនោះឡើយដែលគ្រប់គ្នាហួសចិត្តគ្មានវាចានឹងថ្លែង ។ គេឆ្ងល់ថាបើលួចស្រឡាញ់នាងយូរមកហើយហេតុអីក៏មិនស្តីដណ្តឹងតាមប្រពៃណីទៅ បែរជាបន្លំខ្លួនធ្វើឱ្យអនាគតប្តី-ប្រពន្ធថ្មោងថ្មីរបស់គេត្រូវអាប់អួរបែបនេះទៅវិញ ៕

ចែករំលែកព័តមាននេះ