ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​បារម្ភ​ការគំរាមកំហែង​កាត់​ជំនួយ និង​ដាក់​ទណ្ឌកម្ម​ពីបរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ជា​ច្រើន​ឆ្នាំ​មកនេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ខ្លួនឯង និង​មិន​បារម្ភ​ពី​ការ​គំរាម​កំហែង​កាត់​ជំនួយ ឬ​ទណ្ឌកម្មសេដ្ឋកិច្ច​ណាមួយ​ពី​បរទេស​ឡើយ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ការ​លើក​ឡើង​នេះ…

រាជធានី​ភ្នំពេញ ៖ ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ជា​ច្រើន​ឆ្នាំ​មកនេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ខ្លួនឯង និង​មិន​បារម្ភ​ពី​ការ​គំរាម​កំហែង​កាត់​ជំនួយ ឬ​ទណ្ឌកម្មសេដ្ឋកិច្ច​ណាមួយ​ពី​បរទេស​ឡើយ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ការ​លើក​ឡើង​នេះ ក៏​ធ្វើ​ឲ្យ​មហាជន ពិសេស​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ដែល​កំពុង​បោះទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ទំនុកចិត្ត និង​អស់​ក្ដី​បារម្ភ​ផង​ដែរ ។

ថ្លែង​ក្នុង​វេទិកាសាធារណៈ​ស្ដី​ពី «​ថវិកា​ឆ្នាំ​២០១៨» ដែល​បាន​រៀបចំ​ឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ម្សិលមិញ លោក វ​ង្សី វិស្សុត រដ្ឋលេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា ដោយសារ​គោលនយោបាយ​គ្រប់គ្រង​ថវិកាជាតិ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ធ្វើ​ឲ្យ​ការ​ប្រមូល​ចំណូល​ថវិកាជាតិ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើនឡើង​យ៉ាងច្រើន ដែល​អាច​កត់ត្រា​បាន​ថា ជា​សមិទ្ធកម្ម​មួយ​ដ៏​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​កើន​ចំណូល បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ ក្នុង​តំបន់ ។ ចំណែក​ការ​ចំណាយ​របស់​រដ្ឋ​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ ក៏​ទាប​ជាង​ចំណូល​ដែរ ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​សល់​អតិរេក​ច្រើន (​ផល​លើស​) ដែល​ជា​កម្លាំង​មួយ​យ៉ាង​ខ្លាំង​សម្រាប់​ការពារ​សេដ្ឋកិច្ចជាតិ​ក្នុង​ករណី​មាន​វិបត្តិ​ណាមួយ​កើតឡើង ។

លោក​រដ្ឋលេខាធិការ​ថ្លែង​ថា ៖« ប្រទេស​យើង បើ​ធៀប​នឹង​ឆ្នាំ​១៩៩៨ ឬ​ឆ្នាំ​២០០៨ យើង​បាន​ដើរមក​ដល់​ឆ្ងាយ​ហើយ ថ្វី​ដ្បិតតែ​យើង​ត្រូវធ្វើ​ដំណើរ​វែង​ឆ្ងាយ​បន្ដ​ទៀត ប៉ុន្ដែ​យើង​បាន​ដើរ​ឆ្ងាយ​ហើយ » ។ លោក​ថា ៖« ទាំង​មូលដ្ឋាន​សេដ្ឋកិច្ច និង​ភាពរឹងមាំ​នៃ​សមត្ថ​ភាព យើង​ឃើញ​ថា មាន​ភាពរឹងមាំ​ច្រើន ។ ទី​២ យើង​មានការ​ត្រៀមខ្លួន ព្រោះថា ការ​គំរាមកំហែង​ណាមួយ វា​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​យើង​ខ្លាំង​ខ្លួនឯង​ទៅ​វិញ​ទេ ។ ទោះបី​យ៉ាងណា យើង​នៅ​តែ​ទ្រទ្រង់​ខ្លួនឯង​បាន ហើយ​ក៏​វា​អាច​ជា​យន្ដការ​ក្នុង​ការ​កែ​ទម្រង់​សេដ្ឋកិច្ច​របស់​យើង​ឲ្យ​ខ្លាំង​ថែម​ទៀត ។ ចំណែក​ជំនួយ វា​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​ទេ ។ ដូច​អស់លោក​ឃើញ​ស្រាប់​ហើយពី​ចំណូល​ចំណាយ​ថវិកាជាតិ និង​ផល​លើស​សម្រាប់​គ្រប់គ្រង​ហានិភ័យ គឺ​យើង​មាន​លទ្ធភាព​គ្រប់គ្រង​បាន ហើយ​ក៏​គ្មាន​ប្រទេស​ណា​ធ្វើ​ទណ្ឌកម្មសេដ្ឋកិច្ច​មាន​ប្រសិទ្ធភាព​លើ​នយោបាយ​ដែរ » ។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ​ដោយសារ​តែ​រាជរដ្ឋាភិបាល​មាន​ព័ត៌មាន​ច្រើន​ដែល​អាច​ធ្វើការ​វិភាគ​បាន​ស៊ីជម្រៅ និង​ច្បាស់លាស់ ។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នា​ឱកាស​នោះ​ដែរ លោក ច័ន្ទ សុផល បាន​មាន​ប្រសាសន៍​ថា ៖« ចំពោះ​ការ​យល់​ឃើញ​របស់ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​ទទួល​បាន​ព័ត៌មាន​ផ្សេង​ៗ ក៏​មិនសូវ​ជា​បារម្ភ​អ្វី​ដែរ​លើ​បញ្ហា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា​យើង » ។

« ខ្ញុំ​យល់​ថា គេ​ប្រហែលជា​មិន​ដាក់​ផង​ទេ ហើយ​ប្រ​សិន​គេ​ដាក់ ក៏​ប្រទេស​កម្ពុជា​យើង​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​នេះ​បាន​ដែរ » ។ នេះ​បើ​តាម​លោក ច័ន្ទ សុផល ។

យោង​តាម​ឯកសារ​ស្ដី​ពី​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨ ផលិតផល​ពិត​ក្នុងស្រុក​សរុប​សម្រាប់​ឆ្នាំ​២០១៨ ត្រូវ​បាន​ព្យាករណ៍​មាន​កំណើន​៦,៩%​ដូច​ការ​ប៉ាន់​ប្រមាណ​ក្នុង​ឆ្នាំ​២០១៧​ដែរ ដែល​គាំទ្រ​ដោយ​វិស័យ​សំខាន់​៣ គឺ​កសិកម្ម នឹង​មាន​កំណើន​២%, ឧស្សាហកម្ម​៨,៦% និង​សេវាកម្ម​៧,៦% ។ ចំណែក​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ឆ្នាំ​២០១៨ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​ដល់​១.៥៦៨​ដុល្លារ​អា​មេ​រិ​ក ខណៈ​ឆ្នាំ​២០១៧ កន្លង​ទៅ ស្មើនឹង​ប្រមាណ​១.៤៣៥​ដុល្លារ​។ ដោយឡែក ទុនបម្រុង​អន្តរជាតិ​ត្រូវ​បាន​ព្យាករណ៍​ស្មើនឹង​១០.៥១៨​លាន​ដុល្លារ ហើយ​ទុនបម្រុង​នេះ អាច​គ្រប់គ្រង​នាំ​ចូល​ទំនិញ និង​សេវាកម្ម ស្មើនឹង​៦​ខែ​កន្លះ (៦,៥) ខែ ។

រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​មាន​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ចំណូល​-​ចំណាយ និង​សល់​អតិរេក​សម្រាប់​ដោះស្រាយ​ហានិភ័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​និង​កំពុង​ខិតខំ​កាត់​បន្ថយ ឬ​លុប​ពន្ធ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ចំណាយ​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​មួយ​ចំនួន​ក៏​បាន​កាត់​បន្ថយ ឬ​លុប​បំបាត់​ផង​ដែរ​ដូច​ជា ភាស៊ី​ផ្សារ និង​ការ​បង់ពន្ធ​ផ្លូវ ជាដើម ។ ចំណែក​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ការ​ចំណាយ​ទៅ​លើ​សេវា​សាធារណៈ ថ្មី​ៗ ជា​ពិសេស​ទៅ​លើ​សេវា​ថែទាំ​សង្គម និង​វិនិយោគសាធារណៈ​ផ្សេង​ៗ​ទៀត ។

បើ​ទោះបីជា​កម្ពុជា​មាន​ជំហរ​រឹង​មាំ តែ​យ៉ាងណា​ក៏​ដោយ ក៏​មាន​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយ​ចំនួន​ពី​កត្តា​ខាងក្នុង និង​ខាងក្រៅ​ផង​ដែរ​ដូច​ជា សម្ពាធ​ចំណាយ​ថវិកា​, បន្ទុក​បុគ្គលិក ក្នុង​ខណៈ​ដែល​ចំណូល​ថវិកា​កៀក​នឹង​ពិ​ដាន​នៃ​សក្ដានុពល ។ និ​នា្ន​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង និង​សម្ពាធ​នៃ​ថ្លៃ​ម្ហូបអាហារ ព្រមទាំង​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត​ដូច​ជា ថ្លៃ​អគ្គិសនី​ខ្ពស់​, ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក​នៅ​ទន់ខ្សោយ​,​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​,​ផលិតភាព​ទាប និង​កង្វះ​ជំនាញ ជាដើម ។

ចំណែក​កត្តា​ខាងក្រៅ​មាន​ដូច​ជា កំណើនសេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍​មាន​កម្រិត​ទាប​, និន្នាការ​នៃ​គោលនយោបាយ​គាំពារ​និយម​នៅ​តែ​បន្ដ​,​ភាព​ប្រកួតប្រជែង​ខ្លាំង​ក្នុង​តំបន់ និង​ការ​ដាក់​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA)​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម​,​ការ​ថមថយ​កំណើនសេដ្ឋកិច្ច​ចិន និង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​ក្នុង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ