ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែឆេះអគារមន្ទីរពេទ្យបង្អែករកា​​ ក៏មានអ្នកផ្ទុកមេរោគអេដស៍ម្នាក់ស្លា.ប់​ទៀត​

7 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ មក​រា គឺ​ក្រោយ​មួយ​ថ្ងៃ​ដែល​អគារ​មន្ទីរពេទ្យ​បង្អែក​រកា នៅ​ក្នុង​ឃុំ​រកា ដែល​ជាទី​តាំង​រក្សា​ទុក​នូវ​ឯក​សារ សម្ភារ​ពេទ្យ…

ខេត្តបាត់ដំបង ៖ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ មក​រា គឺ​ក្រោយ​មួយ​ថ្ងៃ​ដែល​អគារ​មន្ទីរពេទ្យ​បង្អែក​រកា នៅ​ក្នុង​ឃុំ​រកា ដែល​ជាទី​តាំង​រក្សា​ទុក​នូវ​ឯក​សារ សម្ភារ​ពេទ្យ និង​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ថែទាំ​អ្នកជំងឺ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​នា​វេលា​ពាក់កណ្ដាល​អធ្រាត្រ ។សមាជិក​ក្រុមប្រឹក្សា​ឃុំ​រកា​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ជំងឺអេដស៍​ចុង​ក្រោយ​ឈ្មោះ ឈឿ​ន ឈុ​ក ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ។ ស្ត្រី​រង​គ្រោះ​រូប​នេះ​គឺជា​ជន​រង​គ្រោះ​ទី​២៧​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺអេដស៍ ក្នុង​ចំណោម​អ្នក​ផ្ទុក​ជំងឺអេដស៍​នៅ​ក្នុង​ឃុំ​រកា​សរុប​ចំនួន​២៩៤​នាក់ ។  បើ​តាម​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​រោគ​សង្គម​នេះ ភាគច្រើន​ជា​មនុស្ស​ចាស់ជរា ដែល​ឈឺ​ធ្ងន់ធ្ងរ​ដាច់​បាយ ដាច់​ទឹក បាក់កម្លាំង​បើ​ទោះជា​ក្រុម​គ្រូពេទ្យ​បាន​ប្រឹងប្រែង​ជួយ​ព្យាបាល​យ៉ាងណា​ក្ដី ។

សូម​បញ្ជាក់​ដែរ​ថា មុន​ពេល​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​ស្លាប់​មួយ​ថ្ងៃ គឺ​នៅ​វេលា​ម៉ោងជាង​១១​យប់ ថ្ងៃ​ទី​៧ មក​រា អគារ​មន្ទីរពេទ្យ​បង្អែក​រកា ស្ថិត​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ដែល​ជា​អគារ​សម្រាប់​រក្សា​ទុក​នូវ​ឯកសារ សម្ភារ​ពេទ្យ និង​ជា​កន្លែង​រក្សា​ទុក​នូវ​ថ្នាំសង្កូវ​។ ពិសេស​រក្សា​ទុក​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ថែទាំ​អ្នកជំងឺ បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អគ្គិភ័យ​នោះ​អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែរ​ភ្លើង ដែល​ត​ភ្ជាប់​ជាមួយ​ទូ​រក្សា​ស៊ី​តុ​ណ្ហ​ភាព​ថ្នាំ​ពេទ្យ ។

បើ​តាម​ការ​ប៉ាន់ស្មាន​ជាបឋម​នៃ​ការ​ខូចខាត​ដែល​ក្រុម​គ្រូពេទ្យ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ពី​៥​ទៅ​៦​ម៉ឺន​ដុល្លារ ហើយ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មានការ​រុះរើ​អគារ​នេះ​នៅឡើយ​ទេ ដោយ​​មន្ត្រី​ពេទ្យ​អះអាង​ថា ទុក​ឱ្យ​ខាង​ក្រសួង​ចុះ​មក​ពិនិត្យ​និង​វាយតម្លៃ ។គួ​រំលឹក​ដែរ​ថា អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ក្នុង​ឃុំ​រកា ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​តាម​រយៈ​ការ​ធ្វើតេស្ដ​ឈាម​ក្នុង​អំឡុង​ឆ្នាំ​២០១៤ មាន​សរុប​ចំនួន​២៩៤​នាក់ ហើយ​រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៨ មក​រា ២០១៨​នេះ មាន​អ្នក​ស្លាប់​ចំនួន​២៧​នាក់​ហើយ ក្រោម​ស្នាដៃ​គ្រូពេទ្យ​គ្មាន​ក្របខ័ណ្ឌ​និង​គ្មាន​វិជ្ជាជីវៈ​ម្នាក់​ឈ្មោះ យ៉ែ​ម ជ្រិ​ន ដែល​ជា​អ្នកចម្លង​មេរោគ​នេះ​ដល់​ជន​រង​គ្រោះ​តាម​រយៈ​ការ​ប្រើ​ម្ជុលចាក់​ថ្នាំ​ព្យាបាល ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ឃុំ​រកា ស្រុក​សង្កែ ដែល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ មក​រា​នេះ ។

គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន អាយុ​៥៦​ឆ្នាំ ដែល​ម​ជ្ឍ​ដ្ឋា​ន​នានា​ផ្ដល់​រហ័ស្ស​នាម​ថា​ជា​«​គ្រូពេទ្យ​មច្ចុរាជ​»​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​ផ្ទុះ​នូវ​សំណុំរឿង​សម្លាប់​មនុស្ស​ដោយ​វិធី​ព្យាបាល​ជំងឺ​នេះ ។ ទណ្ឌិត​រូប​នេះ​ត្រូវ​តុលាការ​ខេត្ត​​បាត់ដំបង ប្រកាស​ទោស​ជា​សាធារណៈ​កាល​ថ្ងៃ​ទី​៣ ធ្នូ ២០១៥​កន្លង​ទៅ ដោយ​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​ចំនួន​២៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ចូល​ថវិការដ្ឋ និង​បង់​សំណង​រដ្ឋប្បវេណី​ជូន​ជន​រង​គ្រោះ​ចំនួន​១២០​នាក់ ក្នុង​ម្នាក់​ៗ​ចាប់ពី​២​លាន​រៀល​ដល់​១២​លាន​រៀល ។

ស្ថាប័ន​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​ជន​នេះ​ចំនួន​៣​ករណី តែ​ត្រូវ​ប្ដូរ​បទ​ចោទ​១​វិញ​គឺ​ពី​បទ​«​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​»​តាម​បញ្ញត្តិ​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ មក​ជា​បទ​«​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​តែ​មរណភាព​នៃ​ជន​រង​គ្រោះ​»​តាម​បញ្ញត្តិ​មាត្រា​២១៥​នៃ​ក្រមព្រហ្មទណ្ឌ​វិញ ។ ប៉ុន្តែ​បទ​ចោទ​ចំនួន​២​ទៀត​នៅ​រក្សា​ដដែល គឺ​ពី​បទ​«​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល​» និង​ពី​បទ​«​ប្រព្រឹត្ត​ដោយ​ចេតនា​ចម្លង​មេរោគ​អេ​ដស៍​ដល់​អ្នក​ដទៃ​» ។

ទណ្ឌិត យ៉ែ​ម ជ្រិ​ន ដែល​ជា​អតីត​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា ត្រូវ​គេ​រក​ឃើញ​កំហុស​ថា បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត​៣០០​​នាក់ នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ «​ឆ្លង​មេរោគ​អេ​ដស៍​» តាម​រយៈ​ការ​ប្រកប​វិជ្ជាពេទ្យ​ដោយ​គ្មាន​វិជ្ជា​ជីវៈ ដែល​ប្រព្រឹត្ត​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៦​រហូត​ដល់​ឆ្នាំ​២០១៤ ។ មក​ដល់​ពេល​នេះ​ក្នុង​ចំណោម​អ្នក​ឆ្លងមេរោគ​អេ​ដស៍​ទាំងអស់​ក្រោម​ស្នាដៃ​គ្រូពេទ្យ​មច្ចុរាជ យ៉ែ​ម ជ្រិ​ន បាន​ស្លាប់​ជា​បន្តបន្ទាប់​អស់​ចំនួន២៧​នាក់​ហើយ​។ ភាគច្រើន​នៃ​ជន​រង​គ្រោះ​ដែល​ស្លាប់​គឺជា​មនុស្ស​ចាស់ជរា រីឯ​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ជួយ​ថែទាំ ព្យាបាល និង​ឧបត្ថម្ភ​ពី​អាជ្ញាធរ មន្ទីរ​សុខាភិបាល និង​អង្គការ​ជា​ដៃគូ​មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ