ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក់ និង​ស្បែក​ក្បាល​អាច​ប្រាប់​ពី​សុខភាព​របស់​អ្នក​

6 ឆ្នាំ មុន

តើ​សក់​មិនល្អ អាច​មាន​ន័យ​ថា ​អ្នកមាន​សុខភាព​មិនល្អ​មែន​ទេ ? តើ​សក់​របស់​អ្នក​អាច​ព្យាយាម​ប្រាប់​អ្នក​អំពី​អ្វីមួយ ទាក់ទង​នឹង​សុខភាព​របស់​អ្នក​មែន​ទេ? ប្រហែលជា​វា​អាច ។ ស្ថានភាព និង​ឱសថ​មួយ​ចំនួន​មាន​ផល​ប៉ះពាល់​ដល់​ខ្លួន…

តើ​សក់​មិនល្អ អាច​មាន​ន័យ​ថា ​អ្នកមាន​សុខភាព​មិនល្អ​មែន​ទេ ?

តើ​សក់​របស់​អ្នក​អាច​ព្យាយាម​ប្រាប់​អ្នក​អំពី​អ្វីមួយ ទាក់ទង​នឹង​សុខភាព​របស់​អ្នក​មែន​ទេ? ប្រហែលជា​វា​អាច ។ ស្ថានភាព និង​ឱសថ​មួយ​ចំនួន​មាន​ផល​ប៉ះពាល់​ដល់​ខ្លួន ប្រាណ​អ្នក ក៏​ដូច​ជា​សក់​របស់​អ្នកផង​ដែរ ។

នៅ​ក្នុង​ករណី​ផ្សេង​ទៀត អ្នក​អាច​នឹង​គ្រាន់តែ​ត្រូវការ​ការ​ថែទាំ​ឱ្យ​ប្រសើរ​ជាង​នេះ​ទៀត​សម្រាប់​សក់ និង​ស្បែក​ក្បាល​របស់​អ្នក ។ សូម​ប្រើ​នូវ​គន្លឹះ​ទាំងនេះ ដើម្បី​រក​ឃើញ​ពី​អ្វី​ដែល​បែងចែក​រវាង​អ្វី​ដែល​យើង​យល់​ខុស និង​ការណ៍​ពិត នៅ​ពេល​ដែល​វា​កើត​មាន​ឡើង​ចំពោះ​សុខភាព​អ្នក និង​សក់​របស់​អ្នក ។

ការ​របកស្បែក​ក្បាល ស​ៗ គឺ​មិន​ចោទ​ជា​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទេ
អង្គែ​មិនមែន​ជា​ជំងឺឆ្លង​ទេ ។ ដូច្នេះ​តើ​អ្នក​អាច​កើត​វា​បាន​ដោយ​របៀប​ណា ? វេជ្ជបណ្ឌិត មិន​មាន​ភាព​ច្បាស់លាស់​ចំពោះ​រឿង​នេះ​ទេ ប៉ុន្តែ​មាន​ទ្រឹស្តី​និយាយ​ថា វា​អាច​កើត​មាន​ដោយសារ​តែ​ការ​រីក​លូតលាស់​ជ្រុល​នៃ​ពពួក​ផ្សិត ។

កត្តា​ប្រឈម​នឹង​បញ្ហា​នេះ ដែល​អាច​កើត​មាន​ដូច​ជា ស្បែក​ដែល​មាន​ជាតិ​ប្រេង ស្ត្រេ​ស ភាពធាត់​ជ្រុល អាកាសធាតុ​ត្រជាក់ ឬ​ស្ងួត និង​ការ​មាន​ជំងឺ​ត្រអក ឬ​រោគ​សើ​ស្បែក ។ ទោះបីជា​ជំងឺ​អង្គែ​អាច​ធ្វើ​ឱ្យ​អ្នកមាន​ភាព​ខ្មាស​អៀន និង​មានការ​រមាស់​ដែល​អាច​ជា​ផល​រំខាន​នោះ តែ​វា​មិន​មាន​ផ្តល់​ទុក្ខទោស​អ្វី​ដល់​អ្នក​នោះ​ទេ ។

គ​ន្លឺះ​សម្រាប់​ព្យាបាល​ស្បែក​ក្បាល​ដែល​មាន​អង្គែ
ដើម្បី​កាត់​បន្ថយ​នូវ​ការ​កើនឡើង​នៃ​កោសិកា​ស្បែក​ងាប់​ដែល​ជា​អង្គែ សូម​ព្យាយាម​ប្រើប្រាស់​សាប៊ូ​សម្រាប់​ព្យាបាល​ស្បែក​ក្បាល​ដែល​មាន​អង្គែ​ឱ្យ​បានជា​រៀងរាល់ថ្ងៃ ។ ទុក​សាប៊ូ​ឱ្យ​បាន​ប្រាំ​នាទី​នៅ​លើ​ក្បាល​របស់​អ្នក បន្ទាប់​មក​លាង​វា​ចេញ​ឱ្យ​បាន​ស្អាត​ល្អ។

អ្នក​អាច​នឹង​ត្រូវការ​សាកល្បង​ប្រភេទ​សាប៊ូ​សម្រាប់​ស្បែក​ក្បាល​ដែល​មាន​អង្គែ​ជា​ច្រើន​ប្រភេទ ដើម្បី​ស្វែងរក​ថា​តើ​ផលិតផល​មួយ​ណា ដែល​សក្តិ​សម​សម្រាប់​អ្នក​។ ប្រសិនបើ​ផលិតផល​ណាមួយ​ឈប់​ដំណើរការ​សម្រាប់​អ្នក សូម​ព្យាយាម​សាក​ផលិតផល​ថ្មី​ផ្សេង​ទៀត ។ ប្រសិនបើ​វា​នៅ​តែ​មិន​អាច​ជួយ​បាន​ទៀត សូម​ទាក់ទង​ទៅ​កាន់​វេជ្ជបណ្ឌិត​របស់​អ្នក ។

តើ​អ្វី​ជា​អង្គែ​ពណ៌​លឿង?
ប្រសិនបើ​ក្រ​ម៉​ស្បែក​ក្បាល​អង្គែ​ដែល​អ្នក​ឃើញ​មាន​ជាតិ​ខ្លាញ់​ច្រើន និង​មាន​ពណ៌​លឿង អ្នក​អាច​មានការ​រលាក​ស្បែក​ដោយសារ​តែ​មាន​ជាតិ​ប្រេង​ច្រើន ។ វា​គឺជា​ស្ថាន ភាព ​នៃ​ការ​រលាក​ស្បែក​ដែល​អាច​កើត​មាននៅ​កន្លែង​ណា ដែល​មាន​ក្រពេញ​ខ្លាញ់​ច្រើន មាន​ដូច​ជា​នៅ​លើ​ស្បែក​ក្បាល និង​មុខ ។

ទោះបីជា​ការ​រលាក​ស្បែក​ដោយសារ​តែ​ជាតិ​ប្រេង​នេះ មានការ​ទាក់ទង​ទៅ​នឹង​អ៊័​រ​ម៉ូ​ន ពពួក​ផ្សិត និង​ថែម​ទាំង​បញ្ហា​មួយ​ចំនួន​របស់​ប្រព័ន្ធ​ប្រសាទ​ក៏​ដោយ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ព្យាបាល​ដូច​គ្នា​ទៅ​នឹង​ការ​ព្យាបាល​ជំងឺ​អង្គែ​ធម្មតា​ដែរ ។ ក្នុង​ករណី​ធ្ងន់ គេ​អាច​នឹង​ត្រូវការ​វេជ្ជបញ្ជា​នៃ​ពពួក​ឱសថ​សេ្ត​រ៉ូ​អ៊ី​ត និង​ឱសថ​ប្រឆាំង​នឹង​ពពួក​ផ្សិត ។

អ្នក​អាច​នឹង​ជ្រុះ​សក់​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត
វា​មិនមែន​ជា​ការ​កំណត់​ទុក​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​អ្នកជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា យើង​អាច​នឹង​មានការ​ជ្រុះ​សក់​ចាប់ពី ១០០​សរសៃ ឬ​ច្រើន​ជាង​នេះ​ទៀត​ក្នុង​មួយ​ថ្ងៃ។ វា​មិនមែន​ជា​ការ​ប្រកាស​អាសន្ន ហើយ​វា​ក៏​មិនមែន​មាន​ន័យ​ថា អ្នក​នឹង​ទំពែក​នោះ​ដែរ ។

ប្រហែលជា​៩០​ភាគរយ​នៃ ឫស​សក់​ទាំង​១០០.០០០ បាន​បង្កើត​សក់​នៅ​ពេល​ណាមួយ ។ ១០​ភាគរយ​ផ្សេង​ទៀត គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សំរាក រួច​សក់​នឹង​ជ្រុះ​ចេញ​មក​បន្ទាប់​ពី​រយៈពេល​២​ទៅ​៣​ខែ ។ វា​ត្រូវ​បាន​ជំនួស​ដោយ​សក់​ថ្មី​ទៀត រួច​វដ្ត​នៃ​ការ​លូតលាស់​នឹង​ចាប់ផ្តើម​ជា​ថ្មី​ម្តងទៀត ។

តើ​អ្វី​បណ្តាល​ឱ្យ​មាន Telogen Effluvium ?
មានការ​ភ្ញាក់ផ្អើល​កើត​មាន​ចំពោះ​ប្រព័ន្ធ​រាង​កាយ​របស់​អ្នក​ដូច​ជា ការ​វះកាត់ ការ​សម្រាល​កូន ការ​ប្រើប្រាស់​ឱសថ​មួយ​ចំនួន ការ​តម​អាហារ មាន​ស្ត្រេ​ស​ក្នុង​កម្រិត​ធ្ងន់ និង​បញ្ហា​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត អាច​ជំរុញ​ឱ្យ​សក់​របស់​អ្នក​ចូល​ដល់​ដំណាក់កាល​ងាប់ ។

ប្រហែលជា​ក្នុង​រយៈពេល​២​ខែ​ក្រោយមក អ្នក​អាច​នឹង​ឃើញ​សក់​របស់​អ្នក​ជ្រុះ​ចេញ​មក និង​ស្តើង​ជា​មុន វា​គឺជា​ស្ថានភាព​មួយ​ដែល​យើង​ហៅ​ថា Telogen Effluvium ។ ពេល​ខ្លះ​គេ​អាច​ពិពណ៌នា​វា​ថា ជា​ការ​ជ្រុះ​សក់​ពេញ​មួយ​ដៃ ។ នៅ​ក្នុង​ករណី​ភាគច្រើន​សក់​ថ្មី​នឹង​ចាប់ផ្តើម​ដុះ​សា​ជា​ថ្មី​ឡើង​វិញ ។

ការ​វាយប្រហារ​ទៅ​លើ​ឫស​សក់
នៅ​ក្នុង​តំបន់​ដែល​ទំពែក ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកមាន​កំហុស​ក្នុង​ការ​វាយប្រហារ​នឹង​ឫស​សក់ ដែល​បណ្តាល​ឱ្យ​សក់​របស់​អ្នក​ជ្រុះ​ជា រឿយ​ៗ គឺ​ក្នុង​ពេល ភ្លាម​ៗ​នោះ ។

មនុស្ស​ភាគច្រើន​នឹង​មាន​ទំពែក​មួយ ឬ​ពីរ​ផ្នែក ប៉ុន្តែ​ក្នុង​ករណី​ផ្សេង​ទៀត រាល់​រោម​នៃ​រាង​កាយ​ក៏​ជ្រុះ​ចេញ​ផង​ដែរ ។ បរិវេណ​នៃ​កន្លែង​ទំពែក មិន​បាន​ផ្តល់​ទុក្ខទោស ឬ​ឆ្លង​រាលដាល​នោះ​ទេ ប៉ុន្តែ​វា​អាច​ជះ​ឥទ្ធិពល​ដល់​ផ្នែក​សតិអារម្មណ៍ ។ សក់​ទាំងនោះ​អាច​ដុះ​បាន​មក​វិញ​ដោយ​ខ្លួន​វា ហើយ​ការ​ព្យាបាល​អាច​ជួយ​ឱ្យ​វា​ដុះ​បាន​មក​វិញ​ឆាប់រហ័ស​ជាង​នេះ ។ តែ​ជា​សំណាងអាក្រក់ មាន​មនុស្ស​ខ្លះ​អាច​មានបទពិសោធន៍​ជួបនឹង​ភាព​ទំពែក​នេះ​ជា​ញឹកញាប់​ឡើង​វិញ ។

ហ្សែ​ន​អាច​បណ្តាល​ឱ្យ​បុរស​៩០​ភាគរយ ជ្រុះ​សក់​បាន
តាម​រយៈ​តំណពូជ លក្ខណៈ​រូបរាង​អាច​ជះ​ឥទ្ធិពល​ច្រើន​មក​ពី​ខាង​គ្រួសារ​របស់​ម្តាយ​ជាង​គ្រួសារ​របស់​ឪពុក​អ្នក ។ ដូច្នេះ​ការ​សំលឹង​ទៅ​រក​គន្លឹះ​នៃ​ជីតា​ខាង​ម្តាយ​អ្នក​អាច​ឱ្យ​សញ្ញា​យ៉ាង​ប្រសើរ​អំពី​អនាគត​របស់​អ្នក ។ គំរូ​នៃ​ភាព​ទំពែក​របស់​បុរស ជា​រឿយ​ៗ ចាប់​ផ្តើម​ជាមួយនឹង​ការ​សណ្តក​សក់​នៅ​ផ្តុំ​សៀតផ្កា និង​បន្ទាប់​មក​នៅ​ផ្នែក​ខាង​មុខ រួច​បន្សល់​​ទុក​សក់​រាងដូចជា​រង្វង់​នៅ​ជុំវិញ​ក្បាល​របស់​អ្នក ។ ឱសថ​ដែល​អាច​កាត់​បន្ថយ​ការ​ជ្រុះ​សក់​មាន​ដូច​ជា Rogaine (minoxidil ) និង Propeica ( finasteride) ។

គំរូ​នៃ​ភាព​ទំពែក​របស់​ស្ត្រី
ការ​ជ្រុះ​សក់​ចំពោះ​ស្ត្រី​ហាក់ដូចជា​មាន​ន័យ​ថា សក់​មាន​សភាព​ស្តើង​នៅ​ជុំវិញ​ក្បាល​របស់​នាង ។ ខុស​ពី​បុរស ស្ត្រី​កម្រ​នឹង​ក្លាយទៅជា​ទំពែក​ណាស់ ហើយ​ពួក​គេ​ក៏​ហាក់​ដូច​ជា​ជ្រុះ​សក់​យឺត​ជាង​មនុស្ស​ប្រុស​ផង​ដែរ ។ ផ្ទុយ​ពី​ជំនឿ​ទូទៅ សក់​វែង​គឺ​មិន​ដាក់​ទម្ងន់​ន់​ដល់​ឫស​សក់​ដែល​នាំ​ឱ្យ​ពួក​វា​ជ្រុះ​ចេញ​នោះ​ទេ ។

សាប៊ូ​វិញ ក៏​មិន​បាន​ទាញ​ឱ្យ​សក់​ជ្រុះ​ដែរ វា​គ្រាន់តែ​យក​សក់​ដែល​ជ្រុះ​ចេញ​រួច​ជា​ស្រេច​នោះ​ចេញ​មក​ប៉ុណ្ណោះ​។ ឱសថ Minoxidil អាច​ជួយ​សក់​ឱ្យ​ដុះ​មក​វិញ និង​ការពារ​សក់​មិន​ឱ្យ​ស្តើង ។

ជៀសវាង​ពន្លឺព្រះអាទិត្យ​ដែល​បំផ្លាញ​ដល់​សក់
ការ​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន​ជ្រុល​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ផុយ​ស្រួយ ស្ងួត ដែល​អាច​បែក និង​ដាច់​បាន​យ៉ាង​ងាយស្រួល ។ ប្រសិនបើ​អ្នកមាន​សក់​ស្តើង​រួច​ទៅ​ហើយ អ្នក​អាច​​ប្រឈម​នឹង​ការ​រលាក​ដោយសារ​កម្តៅ​ព្រះអាទិត្យ​នៅ​លើ​ស្បែក​ក្បាល​របស់​អ្នក ។

ការ​ជ្រើសរើស​ផលិតផល​ការពារ​សក់​ដែល​មាន​ផ្សំ​ជាមួយ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ អាច​ផ្តល់​​ឱ្យ​អ្នក​នូវ​ការ​ការពារ​មួយ​ចំនួន ទោះបីជា​វា​អាច​មាន​ភាព​ពិបាក​ក្នុង​ការ​ស្រោប​សក់​របស់​អ្នក​ឱ្យ​បាន​ស្មើ គ្នា​ៗ ។ ដូច្នេះ​ហើយ ទើប​វា​ជា​គំនិត​ដ៏​ល្អ​សម្រាប់​អ្នក ក្នុង​ការ​ពាក់​មួក​នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ ជា​ពិសេស​ប្រសិនបើ​ស្បែក​ក្បាល​របស់​អ្នក​ងាយ​ប៉ះ​នឹង​វា ។

អាហារ​ដែល​មាន​រសជាតិ​អាច​បិទ​បាំង​តម្រូវការ​សារជាតិ​បម្រុង​រាង​កាយ
តើ​ការ​ទទួលទាន​អាហារ​អាច​មាន​តម្លៃ​ស្មើ​សក់​របស់​អ្នក​ទេ ? នៅ​ក្នុង​ករណី​ធ្ងន់ វា​ពិតជា​អាច ។ សក់​របស់​អ្នក​ត្រូវការ​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​ដែក ដើម្បី​ឱ្យ​វា​មាន​សុខភាព​ល្អ រួម​ជាមួយនឹង​សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ជាតិ​ស័ង្កសី និង​វីតាមីន A ប៉ុន្តែ​វា​មិន​ត្រូវការ​ច្រើន​ពេក​នោះ​ទេ ។

ពួក​វា​អាច​ការពារ​សក់​របស់​អ្នក​ពី​ការ​ជ្រុះ​ដាច់ ។ ការ​បរិភោគ​អាហារ​ក្នុង​កម្រិត​ទាប ជា​រឿយ​ៗ គឺ​មាន​កង្វះខាត​នូវ​សារជាតិ​បម្រុង​រាង​កាយ និង​អាច​ធ្វើ​ឱ្យ​ការ​រីក​លូតលាស់​របស់​សក់​នៅ​នឹង​ថ្កល់ និង​ទន់ខ្សោយ​។ ប្រសិនបើ​កង្វះ​សារជាតិ​បំរុង​នេះ មាន​ទំហំ​ធំ​គ្រប់គ្រាន់​ដូច​ជា មនុស្ស​ដែល​មាន​បញ្ហា​នឹង​ការ​ទទួលទាន​អាហារ​មិន​បាន​ប្រក្រតី សក់​របស់​ពួក​គេ​អាច​នឹង​ដាច់​ជ្រុះ ។

អាហារ​សម្រាប់​សក់ និង​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ
អ្នក​អាច​ជួយ​ឱ្យ​សក់​របស់​អ្នក​មើលទៅ​មាន​សុខភាព​ល្អ ដោយ​ការ​ទទួលទាន​ត្រី​សាល់​ម៉ុ​ន និង​វ៉ាល់​ណាត់ ដើម្បី​ទទួល​បាន​នូវ​សារជាតិ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ស្ពី​ណា​ច និង​ការ៉ុត​សម្រាប់​វីតាមីន​A, សណ្តែកដី​ប្រេ​ស៊ី​ល ដើម្បី​សារជាតិ​សេ​លេ​ញ៉ូ​ម និង​គ្រុំ​សមុទ្រ និង​គ្រាប់ស្វាយចន្ទី ដើម្បី​ទទួល​បាន​សារជាតិ​ស័ង្កសី ។

គ្រប់​សារជាតិ​ទាំងនេះ​អាច​ថែរក្សា​ស្បែក​ក្បាល និង​សក់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ក៏​ដូច​ជា​ការ​ទទួលទាន​នូវ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច គ្រាប់​ធញ្ញជាតិ និង​បន្លែ ផ្សេង​ៗ​ទៀត​ផង​ដែរ ។ អ្នក​នឹង​ទទួល​បាន​នូវ​លទ្ធផល​ពីរ​ផ្ទួន​គ្នា គឺ​អាហារ​ដែល​មាន​ផល​ល្អ​ចំពោះ​សក់​​របស់​អ្នក ហើយ​ក៏​បាន​ផ្តល់​គុណសម្បត្តិ​ដល់​បេះដូង​របស់​អ្នក​ដែរ ។

សក់ស្កូវ​មុន​អាយុ គឺ​បណ្តាល​មក​ពី​ហ្សែ​ន
ការ​មាន​សក់ស្កូវ​មុន​អាយុ មិន​តែងតែ​ទាក់ទង​នឹង​កត្តា​អាយុ​នោះ​ទេ ។ ប្រសិនបើ​អ្នក​នៅ​មិន​ទាន់​មាន​អាយុ​៤០​ឆ្នាំ​ទេ ហើយ​អ្នក​ឃើញ​ថា ខ្លួនឯង​មាន​សក់ស្កូវ​ច្រើន​ជាង​ពីរ​បី​សរសៃ​​នោះ គឺ​ដោយសារ​តែ​អ្នកមាន​ឱកាស​កើត​មាន​វា​នៅ​ក្នុង​ចំណោម​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​។

សក់ស្កូវ​មិនមែន​ជា​សញ្ញា​នៃ​ការ​មាន​សុខភាព​ទន់ខ្សោយ​នោះ​ទេ ទោះជា​ជំងឺ​ខ្វះ​ឈាម​ក្រហម បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត កង្វះ​វីតាមីន​បេ​ដូ (Vitamin B-12) និង vitiligo អាច​បណ្តាល​​ឱ្យ​អ្នកមាន​សក់ស្កូវ​មុន​អាយុ​ក៏​ដោយ ។ អ្នក​អាច​ហា​យ​ឡាយ ឬ​លាបថ្នាំ​ពណ៌​លើ​សក់​របស់​អ្នក ដើម្បី​បិទ​បាំង​ភាព​ស្កូវ​នេះ ប៉ុន្តែ​សូម​ប្រយ័ត្ន ព្រោះ​មាន​មនុស្ស​មួយ​ចំនួន គឺ​មាន​ប្រតិកម្ម​ទៅ​នឹង​សារធាតុ​គីមី​នៃ​ថ្នាំលាបសក់ ។ លទ្ធផល​នោះ គឺ អ្នក​អាច​មាន​ភាព​រមាស់ និង​រលាក​ស្បែក​ក្បាល ។

ការ​ទាញ​សក់​តឹង​ពេក ដូច​ជា​ការ​ចង​សក់​ទៅ​ក្រោយ សក់ក្រង និង​ធ្វើ​សក់​ឱ្យ​រួញ អាច​បំផ្លាញ​ឫស​សក់​របស់​អ្នក និង​អាច​ធ្វើ​ឱ្យ​សក់​ផុយ​ស្រួយ និង​ជ្រុះ​ដាច់ ។ ការ​ទាញ​ពន្លា​សក់ និង​ដាក់​សក់​ជា បំណែក​ៗ​ពេល​ខ្លះ​អាច​នាំ​អ្នក​ទៅ​រក​ភាព​ទំពែក​ផង​ដែរ ដោយសារ​តែ​ទម្ងន់​បន្ថែម​របស់​ពួក​វា​ទាញ​ទៅ​លើ​សក់​ដែល​មាន​ស្រាប់ ។

ការ​ផ្លាស់​ប្តូរ​ម៉ូ​ដ​សក់​ជា​ធម្មតា អាច​ធ្វើ​ឱ្យ​សក់​ដុះ​មក​វិញ​បាន ។ ការ​ទាញ​សក់​ចងទៅ​ក្រោយ​យ៉ាង​តឹង​ក្នុង​រយៈពេល​យូរ​អាច​នាំ​ទៅ​រក​ភាព​ជ្រុះ​សក់​ជាប់​ជា​ប្រចាំ ។

ការ​ធ្វើ​សក់​ជ្រុល​ហួសហេតុ​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ទន់ខ្សោយ
ការ​ផ្លុំ​សក់ កៀប​សក់ត្រង់ លៀប​ពណ៌​សក់ និង​ប្តូរ​ពណ៌​សក់ ថែម​ទាំង​ការ​សិតសក់​ហួសហេតុ​ពេក ទាំង​អស់នេះ​អាច​បំផ្លាញ​ស្រទាប់​ផ្នែក​ខាងក្រៅ​នៃ​សក់ ។ នៅ​ពេល​ដែល​ផ្នែក​មូលដ្ឋាន​គ្រឹះ​ខាងក្នុង​នៃ​សក់​ត្រូវ​បាន​បង្ហាញ​ឡើង​នោះ​សក់​របស់​អ្នក​នឹង​ស្ងួត និង​រេចរឹល ។

ទោះបីជា​វា​មិន​បណ្តាល​ឱ្យ​មានការ​បំផ្លាញ​ជា​អា​ចិ​ន្ត្រៃ​យ៍​ដល់​សុខភាព​របស់​អ្នក​ក៏​ដោយ ជម្រើស​តែ​មួយ​របស់​អ្នក ដើម្បី​ទទួល​បាន​សក់​មាន​សុខភាព​ល្អ​នោះ គឺ​អ្នក​ត្រូវកា​ត់វា​ចេញ និង​ចាប់ផ្តើម​ឱ្យ​វា​ដុះ​ឡើង​វិញ ។

ផល​ប៉ះពាល់​ដែល​មាន​ភាព​ភ្ញាក់ផ្អើល
នៅ​ក្នុង​ចំណោម​ឱសថ​ទាំងឡាយ មាននៅ​ក្នុង​បញ្ជី​ថ្នាំ​ដែល​មាន​ផល​ប៉ះពាល់​នាំ​ឱ្យ​មាន​ការ​ជ្រុះ​សក់​មាន​ដូច​ជា ថ្នាំ​ប្រឆាំង​ជំងឺ​ឈាមកក ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ថ្នាំ​ប្រឆាំង​ភាព​ទុក្ខ​ព្រួយ ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក និង​ថ្នាំ​សម្រាប់​ភាព​អស់​រដូវ ថ្នាំ​ពន្យារកំណើត និង​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ។ ជា​ធម្ម​តាសក់​នឹង​ដុះ​ត្រលប់​មក​វិញ​នៅ​ពេល​ដែល​ការ​ប្រើប្រាស់​ឱសថ​ទាំងនោះ​ត្រូវ​បាន​បញ្ឈប់ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​វា​ក៏​នឹង​មិន​ដុះ​មក​វិញ​ដែរ ។

ការ​ម៉ាស្សា​ស្បែក​ក្បាល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ
វា​គ្មាន​ភស្តុ​តាង​ណា​ដែល​អាច​បង្ហាញ​ថា ការ​ម៉ាស្សា​ស្បែក​ក្បាល​របស់​អ្នក​អា​ច​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ឬ​ធ្វើ​ឱ្យ​ស្ថានភាព​ស្បែក​ក្បាល​របស់​អ្នក​ប្រសើរ​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ​វា​ពិតជា​អាច​ធ្វើ​ឱ្យ​អ្នក​រំសាយ​នូវ​សភាព​ស្ត្រេ​ស ។ ស្បែក​ក្បាល​របស់​អ្នក គឺ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ចុង​ស​សៃ​ប្រសាទ ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ភ្ញោ​ច​ជា​ខ្លាំង​ក្នុង​ការ​ប៉ះ ។

ការ​រឹត​ស្បែក​ក្បាល​របស់​អ្នក អាច​ជួយ​បន្ថយ​នូវ​ភាព​តានតឹង ។ ការ​ម៉ាស្សា​អាច​ជា​គន្លឹះ​នៃ​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ ដូច​ជា ដូ​ប៉ា​មីន (dopamine) និង សេ​រ៉ូ​តូ​នី​ន (serotonin) ។

ការ​វិភាគ​សក់​គឺ​មិន​អាច​ទុកចិត្ត​បាន​នោះ​ទេ
មាន​ក្រុមហ៊ុន​ជា​ច្រើន​អះអាង​ថា ពួក​គេ​អាច​វិភាគ​សក់​ដើម្បី​រក​ឃើញ​ថា តើ​អ្នកមាន​កង្វះ​វីតាមីន ឬ​មាន​បញ្ហា​សុខភាព ។ ទោះបីជា​ការ​វិភាគ​សក់​អាច​រក​ឃើញ​ពី​ជាតិពុល​មួយ​ចំនួន​ដូច​ជា សំណ ឬ​អាសេនិច គំហើញ​ទាំងនេះ អាច​មាន​ភាព​ប្រែប្រួល និង ផ្សេងៗ​គ្នា ។

វត្ថុ ផ្សេង​ៗ​ទៀត​ពី​ការ​បំពុល​នៅ​ក្នុង​អាកាស និង​សាប៊ូ​អាច​មាន​ផល​ប៉ះពាល់​ដល់​លទ្ធ​ផល​នៃ​ការ​ធ្វើតេស្ត ។ សមាគម​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ការ​ធ្វើ​វិភាគ ដើម្បី​កំណត់​ពី​ការ​ព្យា​ល​បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ