ខេត្តមណ្ឌលគិរី ៖ ប្រជាកសិករដាំដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី សប្បាយរីករាយនៅរដូវប្រមូលផល ខណៈទិន្នផលទទួលបានជាទីគាប់ចិត្ត ឯតម្លៃវិញក៏បានថ្លៃជាឆ្នាំមុនផងដែរ ដោយសារមានក្រុមហ៊ុនប្រមូលទិញកាហ្វេធម្មជាតិពីកសិករ នាំចេញទៅក្រៅប្រទេស ។
លោក រ៉ូយ ទើប រស់នៅភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា គ្រួសាររបស់គាត់មានផ្ទៃដីដាំកាហ្វេចំនួន៧ហិចតា ហើយសព្វថ្ងៃកំពុងប្រមូលផលចំនួន៣ហិចតា ។ លោក រ៉ូយ ទើប បន្តថា កាហ្វេជាដំណាំមួយប្រភេទងាយស្រួលដាំ នឹងថែទាំ មិនពិបាកដូចដំណាំម្រេចទេ ។ ចំណែករយៈពេលនៃការប្រមូលផល មានរយៈពេល២ឆ្នាំកន្លះ ដោយគិតចាប់ពីថ្ងៃដាំ ។
កសិករដដែលបានបញ្ជាក់ថា តម្លៃកាហ្វេកាលពីឆ្នាំ២០១៦បានត្រឹម៦ពាន់រៀលទៅ៧ពាន់រៀលប៉ុណ្ណោះ តែនៅឆ្នាំនេះគាត់អាចលក់បានតម្លៃមួយគីឡូក្រាមរហូតដល់១ម៉ឺនរៀល ចំពោះគ្រាប់កាហ្វេស្ងួត ឯគ្រាប់កាហ្វេស្រល់ក្នុងមួយគីឡូក្រាមតម្លៃ៣ពាន់រៀល ដែលបានធ្វើឲ្យគាត់ រួមនិងកសិករដទៃទៀតទទួលបានផលចំណេញច្រើនពីដំណាំនេះ ។ ចំណែកទិន្នផលដែលទទួលបានគឺមួយហិចតាបានគ្រាប់កាហ្វេស្រល់ប្រមាណ៧ទៅ៨តោន បើហាលស្ងួតអាចនៅសលត្រឹម៤ទៅ៥តោន ។
លោក យស ចាន់ថា តំណាងក្រុមហ៊ុន Coffee Timor ប្រចាំខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងាររបស់លោក បាននឹងកំពុងបង្កើនសកម្មភាពចុះបង្រៀន នឹងជួយផ្តល់ជាដើមទុនសម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេបែបធម្មជាតិ ដើម្បីអាចនាំចេញទៅក្រៅប្រទេស ហើយទទួលបានតម្លៃថ្លៃ ។
លោក ចាន់ថា បានឲ្យដឹងទៀតថា ក្រុមការងាររបស់លោក បានចុះធ្វើសកម្មភាពជួយដល់ប្រជាកសិករដាំកាហ្វេ នៅស្រុកពេជ្រាដារយៈពេល២ឆ្នាំមកហើយ ដោយបានផ្តល់ជាបច្ចេកទេស ឧបករណ៍ប្រើប្រាស់ ដើមទុន រួមនិងទទួលទិញគ្រាប់កាហ្វេពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារធម្មតា ។ តែបានតម្លៃថ្លៃសម្រាប់តែគ្រាប់កាហ្វេដែលដាំដោយគ្មានប្រើជីកសិកម្មគីមីប៉ុណ្ណោះ នេះជាការបញ្ជាក់បន្ថែមពីលោក យស ចាន់ថា ។
តំណាងក្រុមហ៊ុន Coffee Timor បានបង្ហាញពីការថែទាំកាហ្វេ គឺចាំបាច់ត្រូវដើរបេះខ្នែងវាដុះចេញពីមែក និងត្រូវស្រោចទឹកនៅរដូវប្រាំងឲ្យបានក្នុង១គុម្ព ចំណុះទឹក១០ទៅ២០លីត្រ ក្នុង១ថ្ងៃ ។ បើនៅរដូវវស្សាទឹកមិនបាច់ស្រោចក៏បាន ព្រោះអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់សើមដី ។ តែបើដីស្ងួតអាចស្រោចទឹក៣ថ្ងៃម្ដង និងថែមជីក្នុង១គុម្ព២បង្គីសម្រាប់ជីកំប៉ុស្ត ។
គាត់បានអះអាងថា ការថែទាំកាហ្វេដិតដល់វានឹងហុចផលក្នុងរយៈពេល៣ឆ្នាំ នៅឆ្នាំទី៤ ទើបគេចាប់ផ្ដើមប្រមូលផលមែនទែន ។ ដើមកាហ្វេបើគេអាចថែទាំវាបានល្អស្រោចទឹកដាក់ថែមជីគ្រប់គ្រាន់ វានឹងឲ្យផលបេះផ្លែបានរហូតដល់ជិត២០ឆ្នាំ ។ ហើយវាអាចផ្តល់ទិន្នផលប្រមាណពី៣ទៅ៦តោនក្នុងមួយហិកតា ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តថា បច្ចុប្បន្ននេះ ផ្ទៃដីដំណាំកាហ្វេមានការកើនឡើងច្រើន ដោយឆ្នាំ២០១៧ ផ្ទៃដីដំណាំកាហ្វេនៅទូទាំងខេត្តមណ្ឌលគិរី មានចំនួនជាង៧០ហិកតា ដែលកាលពីឆ្នាំ២០១៦មានចំនួនប្រមាណ៣០ទៅ៤០ហិកតាប៉ុណ្ណោះ ។ ចំណែកទីផ្សារកាហ្វេសព្វថ្ងៃនេះ លោកប្រធានមន្ទីរបានឲ្យដឹងថា កំពុងមានតម្រូវការខ្ពស់ ដោយសារតែប្រជាពលរដ្ឋជាពិសេសអ្នកនិយមពិសាកាហ្វេបានយល់ដឹងច្បាស់ពីផលប្រយោជន៏ នៃការពិសាកាហ្វេធម្មជាតិ និងកាហ្វេគីមីមានភាពខុសគ្នាដូចម្តេច ៕




















ចែករំលែកព័តមាននេះ