រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្រែកទ្រហោយំនៅលើសួនច្បារ បន្ទាប់ពីបុរសជាប្តីញៀនថ្នាំតាមរករឿង និងវាយដំលើរាងកាយនាង ព្រោះតែភ្លើងប្រចណ្ឌ ហើយបានដណ្តើមយកកូនប្រុសម្នាក់ ដែលមានអាយុប្រមាណជា២ឆ្នាំទៅបាត់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១មករា នៅលើសួនច្បារសូគីមិុច តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

បុរសជាប្តីដែលវាយប្រពន្ធឈ្មោះសុន សុគន្ធា ហៅមាស អាយុ២៤ឆ្នាំ រីឯប្រពន្ធដែលរងកម្មដោយសារប្តីវាយ ឈ្មោះអុឹម រី អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ ។ តាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកហូរជោកមុខថា ខ្លួននាងជាស្ត្រីបម្រើផ្លូវភេទនៅតាមសួនច្បារ នៅមុខរង្គសាលទន្លេសាប និងវត្តភ្នំ ហើយបានទំនាក់ទំនងស្នេហា រស់នៅជាមួយគ្នាជាប្តីប្រពន្ធរយៈពេលប្រមាណជា៥ឆ្នាំមកហើយ ដោយបានកូនប្រុស២នាក់ កូនបងអាយុ៣ឆ្នាំ រស់នៅជាមួយជីដូន និងកូនប្អូនអាយុ២ឆ្នាំ ។

នារីរូបនោះបានឱ្យដឹងទៀតថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីគម្រក់នេះមិនដែលរកស៊ីអ្វីទេ គិតតែពីដើរលេង និងជក់ថ្នាំញៀនជាមួយមិត្តភក្តិ គឺគេសង្ឃឹមតែលើរូបនាងដើរលក់ខ្លួនរកប្រាក់ចិញ្ចឹមប៉ុណ្ណោះ ។
ស្ត្រីរូបនោះបានបន្តទៀតថា នៅពេលដែលនាងចូលផ្ទះម្តងៗ ប្តីគម្រក់នេះគិតតែពីទារប្រាក់ទៅជក់ថ្នាំញៀន ព្រមទាំងរករឿងប្រចណ្ឌវាយតប់នាងជាញឹកញាប់។ ជាក់ស្តែងនៅមុនពេលកើតហេតុ ពេលដែលនាងចូលមកដល់ផ្ទះភ្លាម ប្តីបានរករឿងប្រចណ្ឌ ព្រមទាំងសុំលែងលះ និងទាមទារយកកូនទៅចិញ្ចឹម តែនាងមិនព្រម ព្រោះគ្មានមុខរបរអ្វីដែលអាចចិញ្ចឹមកូនឱ្យរស់ ហើយនាងក៏បានបីកូនប្រុសតូចចេញពីផ្ទះហៅម៉ូតូជិះទៅអង្គុយលេងនៅលើសួនច្បារ ក៏ត្រូវប្តីទៅតាមរករឿងឈ្លោះគ្នាទារយកកូនទៀត ព្រមទាំងទះនាង៥កំផ្លៀងហឹុងត្រចៀក បែបផ្សែងភ្នេកហើយប្តីកំហូចនោះដណ្តើមយកកូនទៅបាត់ ។

បើតាមបុរសជាប្តីបាននិយាយថា ខ្លួនសុំប្រពន្ធលែងលះគ្នា ដោយទាមទារយកកូនតូចនេះទៅចិញ្ចឹម ចំណែកកូនបងទុកឱ្យខាងប្រពន្ធ មើលថែ ហើយក៏បានបីកូនតូចចេញទៅបាត់ ចំណែកស្ត្រីជាប្រពន្ធក៏មិនបានប្តឹងប្តល់អ្វីទេ ហើយបានឡើងជិះម៉ូតូចេញទៅបាត់ដែរ ៕

ចែករំលែកព័តមាននេះ