ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ក្រោយពេលដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំក្រាំងស្គា ស្រុកទឹកផុស បន្ទាប់ពីធ្លាក់លើម៉ូតូកាលពីវេលាម៉ោងប្រមាណ៣នឹង២០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវកោងជិតផ្លូវចូលទៅភូមិជន្លាវ និងភូមិព្រៃសំពៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខណៈដែលបុរសរងគ្រោះបានត្រឡប់ពីចូលរួមពិធីមង្គលការវិញ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ នុត លួន អាយុ៣១ឆ្នាំ នៅភូមិត្រពាំងម្លូរ ឃុំក្រាំងស្គា ស្រុកទឹកផុស មុនពេលកើតហេតុបុរសរងគ្រោះបានត្រឡប់ពីចូលរួមមង្គលការគេវិញនៅឃុំពង្រ ដោយជិះម៉ូតូពីរនាក់បុរសម្នាក់ទៀតឈ្មោះ សាំង ឈឿន អាយុ៣៦ឆ្នាំ មានទីលំនៅជាមួយគ្នាដែលជាអ្នកឌុបជនរងគ្រោះពីក្រោយលុះពេលមកដល់ចំណុចកើតហេតុស្រាប់តែបុរសរងគ្រោះបានធ្លាក់ពីលើម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ហើយត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំក្រាំងស្គាតែមិនអាចជួយបាន ព្រោះតែរងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការសាកសួរ និងធ្វើកោសល្យវិច្ច័យរួចបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ករណីគ្រោះថ្នាក់ចរាចរណ៌នេះសមត្ថកិច្ចសង្ស័យថា បុរសរងគ្រោះស្រវឹងហើយងោកធ្លាក់ពីលើម៉ូតូ ៕
ចែករំលែកព័តមាននេះ