ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ជំងឺ​គាំងបេះដូង

6 ឆ្នាំ មុន

រោគ​គាំងបេះដូង ដែល​ភាសា​អង់គ្លេស​ហៅ​ថា heart attack ឬ​myocardial infarction គឺជា​ការ​ខូចខាត​ជា​រៀង​រហូត​នៃ​សាច់ដុំ​បេះដូង ។ `«Myo»​មាន​ន័យ​ថា សាច់ដុំ…

រោគ​គាំងបេះដូង ដែល​ភាសា​អង់គ្លេស​ហៅ​ថា heart attack ឬ​myocardial infarction គឺជា​ការ​ខូចខាត​ជា​រៀង​រហូត​នៃ​សាច់ដុំ​បេះដូង ។ `«Myo»​មាន​ន័យ​ថា សាច់ដុំ “cardial”​មាន​ន័យ​ថា​បេះដូង និង “infarction”​មាន​ន័យ​ថា​ជា​ការ​ស្លាប់​ជាលិកា ដោយ​មក​ពី​ការ​ផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់ ។

តើ​មាន​អ្វីខ្លះ​កើតឡើង​នៅ​ក្នុង​រោគ​គាំងបេះដូង ?
សាច់ដុំ​បេះដូង​ត្រូវការ​ជា​ប្រចាំ​នូវ​ការ​ផ្គត់ផ្គង់​ឈាម ដែល​សម្បូរ​ទៅ​ដោយ​អុក​ស៊ី​សែន ដើម្បី​ចិញ្ចឹម​សាច់ដុំ​នោះ ។ គឺ​សរសៃឈាម​អាកទែរ​ចិញ្ចឹម​បេះដូង (coronary arteries) ដែល​ជា​អ្នក​ធានា​ក្នុង​ការ​ផ្គត់ផ្គង់​ឈាម​នេះ ។ បើសិនជា​សរសៃឈាម​អាកទែរ​ចិញ្ចឹម​បេះដូង​មាន​ជម្ងឺ វា​នឹង​ទៅ​ជា​រួម​តូច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈាម មិន​អាច​រត់​តាម​តម្រូវការ​បាន​ទេ ។

សារជាតិ​ខ្លាញ់ កាល់ស្យូម ប្រូតេអ៊ីន និង​កោសិកា​រលាក (inflammatory cells) បង្ក​បាន​ទៅ​ជា​បន្ទះ​(plaques) ដែល​មាន​ទំហំ ផ្សេង​ៗ នៅ​ក្នុង​សរសៃ​អាកទែរ​នោះ ។ បន្ទះ​ដែល​កកើត​ឡើង​នេះ មាន​សភាព​រឹង​ពី​ខាងក្រៅ តែ​ទន់​និង គ្រើម​ៗ (mushy) ពី​ខាងក្នុង ។

កាលណា​បន្ទះ​មួយ​ឡើង​រឹង សំបក​ខាងក្រៅ​របស់​វា​ប្រេះ​បែក (plaque rupture) ធ្វើ​ឲ្យ​ប្លា​កែ​ត (​កោសិកា​គ្រាប់​ឈាម​ដែល​ជួយ​ធ្វើ​ឲ្យ​ឈាមកក​) លេច​ចេញ​មក ហើយ​បង្ក​ឲ្យ​កើត​មាន​ក្រមរ​ឈាម​នៅ​ជុំវិញ​នោះ ។ កាលណា​ក្រមរ​ឈាមកក ហើយ​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​អាកទែរ​នោះ​សាច់ដុំ​បេះដូង​នឹង​ខ្វះ​ខ្យល់​អុក​ស៊ី​សែន ហើយ​មិនយូរ​ប៉ុន្មាន កោសិកា​សាច់ដុំ​បេះដូង​នោះ ក៏​នឹង​ស្លាប់​បាត់​ទៅ បណ្តាល​ឲ្យ​មានការ​ខូចខាត​ជា​រៀង​រហូត ។ នេះឯង​គឺជា​រោគ​គាំងបេះដូង ។

ជួនកាល​រោគ​គាំងបេះដូង ក៏​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​កន្ត្រាក់​ខ្លាំង​ពេក​របស់​សរសៃឈាម​ចិញ្ចឹម​បេះដូង (a spasm of a coronary artery) ផង​ដែរ ។ នៅ​ក្នុង​ពេល​ដែល​មានការ​កន្ត្រាក់​ខ្លាំង អាកទែរ​ចិញ្ចឹម​បេះដូង​កន្ត្រាក់​ចុះឡើង ធ្វើ​ឲ្យ​បរិមាណ​ឈាម​ដែល​ផ្គត់ផ្គង់​ទៅ​ឲ្យ​សាច់ដុំ​បេះដូង​ថយ​ចុះ ដែល​គេ​ហៅ​ថា ischemia ។ ហេតុការណ៍​នេះ អាច​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​សម្រាក ហើយ​និង​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​មាន​ជំងឺ​បេះដូង​ផង​ដែរ ។

សរសៃ​អាកទែរ​មួយ​នាំ​ឈាម​ទៅ​កាន់​តំបន់​មួយ​នៃ​សាច់ដុំ​បេះដូង ។ បរិមាណ​សាច់ដុំ​បេះដូង​ដែល​រង​ការ​ខូចខាត អាស្រ័យ​ទៅ​តាម​ទំហំ​នៃ​កន្លែង​ដែល​ត្រូវ​ទទួល​ឈាម ពី​សរសៃ​អាកទែរ​ដែល​ស្ទះ និង​ទៅ​តាម​រយ​:​ពេល​ចន្លោះ​ពី​ការ​របួស​ទៅ​ដល់​ការ​ព្យាបាល។

ដំណើរ​សះជា​ដោយ​ខ្លួនឯង​របស់​សាច់ដុំ​បេះដូង ចាប់ផ្តើម​ភ្លាម​បន្ទាប់​ពី​មាន​រោគ​គាំងបេះដូង ហើយ​ត្រូវការ​រយ​:​ពេល​ចំនួន​៨​ស​ប្តា​ហ៍ ។ ដូច​ជា​ការ​មាន​របួស​នៅ​លើ​ស្បែក​ដូច្នេះ​ដែរ របួស បេះដូង​អាច​សះជា​ទៅ​វិញ​ដោយ​ខ្លួនឯង ដោយ​បន្សល់​ទុក​នូវ​ស្លាកស្នាម​ត្រង់​កន្លែង​របួស​នោះ ។ ក៏​ប៉ុន្តែ​ជាលិកា​ស្លាកស្នាម​នោះ វា​មិន​កន្ត្រាក់​ទេ ។ ម្ល៉ោះហើយ​សមត្ថភាព​ច្របាច់​បូម​ឈាម របស់​បេះដូង​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​រោគ​គាំងបេះដូង​រួច​មក ។ ការ​ចុះ​ខ្សោយ​នេះ​អាស្រ័យ​ទៅ​តាម​ទំហំ និង​ទីតាំង​របស់​ស្លាកស្នាម​របួស​នោះ ។

រោគ​សញ្ញា​នៃ​រោគ​គាំងបេះដូង
1.​ភាព​មិន​ស្រួល​ក្នុង​ខ្លួន (discomfort) ថា​ហាក់ដូចជា​មាន​សម្ពាធ​រាងដូចជា ធ្ងន់​ៗ ឬ​ឈឺ​ក្នុង​ទ្រូង ឈឺដៃ ឬ​ឈឺ​ក្រោម​ឆ្អឹងទ្រូង

2.​ភាព​មិន​ស្រួល​រាលដាល​ចាក់​ទៅ​ក្រោយ ទៅ​ដល់​ថ្គាម បំពង់ក ឬ​ដៃ

3.​តឹង​ពោះ​(fullness) ចាក់ច្រាស​(indigestion) ឬ​មាន​អារម្មណ៍​ថា​ដូច​ជា ថប់​ៗ (choking feeling) (​ដូច​ជា​ឆ្អល់ចុងដង្ហើម​ជាដើម heartburn)

4.​បែកញើស​(sweating) ចង់​ក្អួត​(nausea) ក្អួត​(vomiting) វិលមុខ​ធី​ង​ធោ​ង​(dizziness)
5.​អស់កម្លាំង​ខ្លាំង ថប់​អារម្មណ៍​(anxiety) ឬ​ដង្ហើម ដង្ហក់​ៗ(shortness of breath)
6.​បេះដូង​ដើរ​ញាប់ ឬ​ខុសធម្មតា​(rapid or irregular heartbeats) ។

នៅ​ពេល​មាន​រោគ​គាំងបេះដូង រោគ​សញ្ញា​លេច​ចេញ​មក​អស់​រយៈកាល​ប្រមាណ​ជា​៣០​នាទី ឬ​យូរ​ជាង​នេះ ហើយ​មិន​បាត់​ទៅ​វិញ​ទេ​ដោយ​ការ​សម្រាក​ស្ងៀម ឬ​ការ​បៀម​ថ្នាំ nitroglycerin ។ មាន​អ្នកខ្លះ​កើតរោគ​គាំងបេះដូង​ដោយ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ដែល​គេ​ហៅ​ថា ជា​ជំងឺ​គាំងបេះដូង​ស្ងៀមស្ងាត់​(a silent myocardial infarction – silent MI)​។ ហេតុការណ៍​នេះ អាច​កើត​មាន​លើ​មនុស្ស​គ្រប់​រូប​ភាគច្រើន គឺ​លើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ។

តើ​ត្រូវធ្វើ​ដូច​ម្តេច​ពេល​កើតរោគ​គាំងបេះដូង ?
បន្ទាប់​ពី​មាន​កើតរោគ​គាំងបេះដូង​ភ្លាម ការ​ឆាប់​ព្យាបាល​ដើម្បី​បើក​សរសៃឈាម ដែល​ស្ទះ​មាន សារ​:​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ការ​ខូចខាត​សាច់ដុំ​បេះដូង ។ រយ​:​ពេល​ល្អ​បំផុត​ដើម្បី​ព្យាបាល​រោគ​គាំងបេះដូង គឺ​ក្នុងអំឡុងពេល​ពី​១​ទៅ​២​ម៉ោង បន្ទាប់​ពី​មាន​លេច​រោគ​សញ្ញា​ដំបូង ។ ការ​រេរា​បង្អង់​យូរ​ធ្វើ​ឲ្យ​បេះដូង​ខូចខាត​កាន់តែ​ច្រើន និង​កាត់​បន្ថយ​ភ័ព្វ​រស់រាន​មានជីវិត ។ ដូច្នេះ​ត្រូវ​ប្រញាប់​ទូរស័ព្ទ​រក​គ្រូពេទ្យ​ជូ​យ​ជា​បន្ទាន់ បើ​សង្ស័យ​នរណា​ម្នាក់​មាន​រោគ​គាំងបេះដូង ។

សូម​ចង​ចាំ​ថា ការ​មិន​ស្រួល​ក្នុង​ទ្រូង អាច​ត្រូវ​បកស្រាយ​បាន​ច្រើន​យ៉ាង ។ វា​អាច​កើត​មាននៅ​ក្នុង​ទ្រូង លើ​ដៃ ខ្នង ឬ​ថ្គាម ។ បើសិនជា​លោក​អ្នកមាន​រោគ​សញ្ញា​ដូច​រៀបរាប់​មកនេះ សូម​កត់ចំណាំ​ថា​នោះ​គឺជា​សញ្ញា​ថា មាន​រោគ​គាំងបេះដូង​ហើយ សូម​ប្រញាប់​ប្រញាល់​រក​ការ​ថែទាំ​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ