ខេត្តកំពង់ស្ពឺ ៖ គ្រួសារមួយនៅខេត្តកំពង់ស្ពឺដែលមេគ្រួសារមានវ័យចំណាស់ទៅហើយនោះទ្រាំទ្រចិញ្ចឹមកុមារកំព្រា៦នាក់ ទាំងលំបាកលំបិន ។ កុមារទាំងនោះខ្លះត្រូវឪពុកម្តាយស្លាប់ចោល ខ្លះទៀតត្រូវឪពុកម្តាយយកទៅបោះបង់ចោលតាមគំនរសំរាម បណ្តាលមកពីជីវភាពក្រីក្រ អវិជ្ជា និងខ្លះខ្វះព្រហ្មវិហារធម៌។ ដូច្នេះហើយក្មេងទាំងនោះត្រូវលោកតាឈឿយ ឆុំ រើសយកទៅចិញ្ចឹមតាំងពីតូចរហូតដល់ធំ ។
លោកតាឈឿយ ឆុំ អាយុ៧៨ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ជារៀងរាល់ថ្ងៃអូសកង់ដើររើសអេតចាយគ្រប់ច្រកល្ហកនៅក្នុងខេត្តកំពង់ស្ពឺ តែអាចរកកម្រៃបានតែពី២.០០០ទៅ៣.០០០រៀលប៉ុណ្ណោះដើម្បីដោះស្រាយជីវភាព ។
លោកតាឆុំឱ្យដឹងថា ជីវភាពក្រុមគ្រួសាររបស់គាត់ក្រីក្រណាស់ គ្មានដីធ្លីប្រកបរបរកសិកម្មទេ មានតែដីសង់លំនៅឋានដ៏តូចមួយប៉ុណ្ណោះសម្រាប់ស្នាក់នៅ ។
លោកតារូបនេះរៀបរាប់ថា ក្មេង៦នាក់ដែលគាត់ចិញ្ចឹមនោះសុទ្ធតែជាក្មេងដែលគាត់ទៅរើសអេតចាយប្រទះនៅជិតគំនរសំរាម ហើយមានចិត្តអាណិតអាសូរក៏រើសយកទៅឱ្យប្រពន្ធគាត់ចិញ្ចឹមរហូតមកដល់សព្វថ្ងៃ ។ ក្នុងចំណោមកូនចិញ្ចឹមទាំង៦នាក់សព្វថ្ងៃរស់នៅជាមួយគាត់៣នាក់ និង៣នាក់ទៀតទៅស៊ីឈ្នួលគេក្នុងនោះខ្លះធ្វើជាកម្មករលើកដាក់អីវ៉ាន់តាមរថយន្ត ។ យូរៗម្តងពួកគេមកលេង និងជូនប្រាក់គាត់ខ្លះ តែគាត់មិនចង់បានពីពួកគេទេ ចង់ឱ្យតែរស់នៅបានដោយខ្លួនឯងគាត់អស់ចិត្តហើយ ។
លោកតាឈឿយ ឆុំ ឱ្យដឹងថាសព្វថ្ងៃនេះគាត់រើសអេតចាយមិនសូវបានទេ ព្រោះមានអ្នករើសច្រើន ដូច្នេះជីវភាពរបស់គាត់កាន់តែយ៉ាប់ទៅៗ ណាមួយកម្លាំងកាន់តែដុនដាបទៀត ព្រោះវ័យរបស់គាត់ជរាណាស់ទៅហើយ ។ ក្នុងស្ថានភាពបែបនេះគាត់មិនដែលបានហូបអាហារឆ្ងាញ់ម្តងណាទេ ហើយទំនងជាមិនបានហូបជារៀងរហូតដ្បិតជីវភាពក្រលំបាកបែបនេះ ។ គាត់ប្រាថា្នាបានហូបឆ្ងាញ់ម្តងមុនពេលអស់ជីវិតពីលោកនេះ ។
លោកតានិយាយទាំងអួលដើមក និងហូរទឹកភ្នែកពេលនឹកដល់ចៅចិញ្ចឹម៣នាក់របស់គាត់ ។ គាត់បារម្ភថា ពេលអត់ពីគាត់ទៅតើអ្នកណាគាំពារពួកគេ តើជីវិតពួកគេទៅជាយ៉ាងណា ? លោកតាសប្បុរសអំពាវនាវដល់អង្គការ ឬសប្បុរសជនសូមជួួយផ្តល់ការឧបត្ថម្ភ ឬយកក្មេងកំព្រាដែលគាត់គ្រប់គ្រងទៅចិញ្ចឹមផង ។ សព្វថ្ងៃក្មេង២នាក់កំពុងរៀន និងម្នាក់ទៀតអាយុទើបតែ៣ឆ្នាំប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ