ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​៣​ក្រុម​ឈ្នះ​ពានរង្វាន់​គី​ណា​ល់​ឆ្នាំ​២០១៧ លើ​ការ​ស្រាវជ្រាវ​រុក្ខជាតិ​ឱសថ​សម្រាប់​បំបាត់​ការ​ឈឺចាប់​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ នេះ​ជា​ឆ្នាំ​ទី​៥​ហើយ​ដែល​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹ​ម (PPM) បាន​រៀបចំ​ការ​ប្រឡងប្រជែង​ស្នាដៃ​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល​ដែល​ល្អ​ប្រសើរ​ជាងគេ​ក្នុង​ចំណោម​ស្នាដៃ​របស់​និស្សិត​ឱសថ​សាស្ត្រ និង​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិបាល​នានា​នៅ​ទីក្រុង​ភ្នំពេញ​។​ ​សម្រាប់​ប្រធានបទ​ឆ្នាំ​នេះ ​គឺ​ផ្តោត​សំខាន់​ទៅ​លើ…

​រាជធានី​ភ្នំពេញ​៖ នេះ​ជា​ឆ្នាំ​ទី​៥​ហើយ​ដែល​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹ​ម (PPM) បាន​រៀបចំ​ការ​ប្រឡងប្រជែង​ស្នាដៃ​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល​ដែល​ល្អ​ប្រសើរ​ជាងគេ​ក្នុង​ចំណោម​ស្នាដៃ​របស់​និស្សិត​ឱសថ​សាស្ត្រ និង​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិបាល​នានា​នៅ​ទីក្រុង​ភ្នំពេញ​។​

​សម្រាប់​ប្រធានបទ​ឆ្នាំ​នេះ ​គឺ​ផ្តោត​សំខាន់​ទៅ​លើ «​ការ​អង្កេត Ethnobotany ទៅ​លើ​រុក្ខ​ជាតិ​​ឱសថ​ដែល​ប្រើប្រាស់​សម្រាប់​បំបាត់​ការ​ឈឺចាប់​» ដោយ​មានការ​ចូលរួម​ប្រកួត​ប្រជែង​​ពី​និស្សិត​ផ្នែក​សុខាភិបាល​ទាំងស្រី​-​ប្រុស​ប្រមាណ​៨០ មក​ពី​សាកលវិទ្យាល័យ​សុខាភិបាល និង​សាកលវិទ្យាល័យ​អន្តរជាតិ​។​

​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹ​ម (PPM) កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៧ នេះ​ បាន​រក​ឃើញ​​និស្សិត​ស្រី ៣​ក្រុម ដែល​មាន​គ្នា​១៣​នាក់ មាន​ស្នាដៃ​ល្អ​ក្នុង​ការ​ស្រាវជ្រាវ ជាប់​ជា​ជ័យ​លា​ភី​សម្រាប់​ការ​ប្រកួតប្រជែង​នេះ​។

​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​គី​ណា​ល់ ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០១៣​មក ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​និស្សិត​ផ្នែក​សុខាភិបាល​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ត្រឹម​ត្រូវ​សម​ស្រប​ទៅ​តាម​កម្រិតស្តងដា​អន្តរជាតិ ពង្រីក​វិសាលភាព ចំណេះដឹង​ជំនាញ​របស់​ខ្លួន លើកតម្កើង​ចំណេះដឹង​និស្សិត​ដែល​ជាដើម​ទុន​ក្នុង​វិជ្ជាជីវៈ​នា​ពេល​អនាគត ទាំង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​។​

​លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​ហៀ​ង ប្រធាន​មូលនិធិ​គី​ណា​ល់ មាន​ប្រសាសន៍​ថា​កម្មវិធី​ប្រកួតប្រជែង​នេះ នឹង​ជំរុញ​ឱ្យ​និស្សិត​កម្ពុជា​បង្កើន​ការ​ស្រាវជ្រាវ​របស់​ខ្លួន ដែល​អាច​​មើលឃើញ​នូវ​ចំណុច​ខ្វះខាត​ និង​រក​មធ្យោបាយ​ដើម្បី​ឆ្លើយ​តប​នូវ​ចំណុច​ខ្វះ​នៃ​ផ្នែក​វិ​ជ្ជ​សាស្ត្រ​របស់​កម្ពុជា​ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​​ជាង​មុន​។​

​លោក​ឧកញ៉ា​ឱសថ​បណ្ឌិត បន្ត​ថា​៖ «​នៅ​ក្នុង​នឹង​គឺថា យើង​បាន​ចូលរួម​បង្កើត​នូវ​ការ​ភ្ញាក់ ដាស់សតិ​ឡើង​វិញ​ ដើម្បី​ឱ្យ​ក្មួយ​ៗ​និស្សិត​អស់ហ្នឹង​មានការ​ចាប់អារម្មណ៍ និង​មាន​ការ​ត្រិះ​រិះ​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​នូវ​ការ​ខ្វះខាត​ផ្នែក​វិស័យ​សុខាភិបាល​យើង​។ អ​ញ្ចឹ​ង​ការ​ស្រាវជ្រាវ​ហ្នឹង គឺ​ឱ្យ​គាត់​មើលទៅ​ឆ្ងាយ​ទៅ​ទៀត ព្រោះថា ​ឥឡូវ​ហ្នឹង​យើង​ឃើញ​​គេ​ធ្វើ យើង​ធ្វើ​បាន ប៉ុន្តែ​ឥឡូវនេះ​យើង​ត្រូវធ្វើ​ឱ្យ​បាន​លើស​ហ្នឹង​ទៅ​ទៀត​»​។​

​លោក នួន វ៉ា​ន់​សឿ​ន អនុប្រធាន​នាយកដ្ឋាន​តំរង់​ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា ​ការ​ស្រាវជ្រាវ​នេះ ​មាន​សារសំខាន់​ណាស់ ដែល​ធ្វើ​ឱ្យ​និស្សិត​មានការ​ខិតខំ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង ។ លោក​សង្ឃឹមថា​ នៅ​ឆ្នាំ​​ក្រោយ​ៗ សមត្ថភាព​នៃ​ការ​ស្រាវជ្រាវ​នឹង​កាន់តែ​ល្អ​ថែម​ទៀត ​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​វិស័យ​វិ​សាស្ត្រ​នៅ​កម្ពុជា​។​

​កញ្ញា ​ថេ​ង សេ​ដា​ដួង ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​សុខាភិបាល​តំណាង​ក្រុម​ទទួល​បាន​ជ័យ​លា​ភី​លេខ​៣ ជា​ក្រុម​ដែល​បាន​អង្កេត​ទៅ​លើ Ethnobotany ទៅ​លើ​រុក្ខ​ជាតិ​ឱសថ​ដែល​ប្រើប្រាស់​ដោយ​គ្រូ​បុរាណ​ ដើម្បី​បំបាត់​ការ​ឈឺធ្មេញ​បានឱ្យ​ដឹង​ថា ក្រុម​របស់​នាង​បាន​រយៈពេល​ជាង​មួយ​ខែ​ ដើម្បី​ស្រាវជ្រាវ​ទៅ​លើ​ប្រធានបទ​នេះ ដែល​ការ​សិក្សា​​ស្រាវជ្រាវ​បាន​ជួប​លំបាក​ជា​ច្រើន តែ​រៀន​បាន​ច្រើន​ពី​ការ​ស្រាវជ្រាវ​នេះ​។​

​កម្មវិធី​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​គី​ណា​ល់​ ប្រព្រឹត្តិ​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​របស់​សហ​គ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹ​ម ដែល​ជា​សហគ្រាស​ផលិត​ឱសថ​ដ៏​ធំ ​និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ