ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំង​អម្បូរ​មនុស្ស​ស្បែក​ខៀវ​ដែល​គេ​មិន​សូវ​ដឹង​​លើ​លោក​យើង​នេះ​

12 ឆ្នាំ មុន

កាល​ពី​ទស​វត្ស​៥០​នៃ​សតវត្ស​ទី​២០ មជ្ឈ​មណ្ឌល​វេជ្ជ​សាស្ត្រ​អាមេ​រិក​ភ្ញាក់​ផ្អើល​បាតុ​ភូត​ចម្លែក​មួយ​គឺ​នៅ​រដ្ឋ​កេនទុកគី​(Kenteeky)​មនុស្ស​ត្រកូល​Fugate ច្រើន​តែ​មាន​ស្បែក​ពណ៌​ខៀវ​ខុស​ពី​​មនុស្ស​ធម្ម​តា ។ សម្បុរ​ស្បែក​ខុស​ប្រក្រតី​របស់​អ្នក​ទាំង​នោះ​ ក្លាយ​​ជា​ប្រធាន​បទ​នៃ​រឿង​អាថ៌កំបាំង​​ផ្សេង​ៗ​សម្រាប់​អ្នក​ឯ​ទៀត ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​វិទ្យា​សាស្ត្រ​ត្រូវ​តែ​ស្វះ​ស្វែង​រក​ចម្លើយ ។

កាល​ពី​ទស​វត្ស​៥០​នៃ​សតវត្ស​ទី​២០ មជ្ឈ​មណ្ឌល​វេជ្ជ​សាស្ត្រ​អាមេ​រិក​ភ្ញាក់​ផ្អើល​បាតុ​ភូត​ចម្លែក​មួយ​គឺ​នៅ​រដ្ឋ​កេនទុកគី​(Kenteeky)​មនុស្ស​ត្រកូល​Fugate ច្រើន​តែ​មាន​ស្បែក​ពណ៌​ខៀវ​ខុស​ពី​​មនុស្ស​ធម្ម​តា ។ សម្បុរ​ស្បែក​ខុស​ប្រក្រតី​របស់​អ្នក​ទាំង​នោះ​ ក្លាយ​​ជា​ប្រធាន​បទ​នៃ​រឿង​អាថ៌កំបាំង​​ផ្សេង​ៗ​សម្រាប់​អ្នក​ឯ​ទៀត ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​វិទ្យា​សាស្ត្រ​ត្រូវ​តែ​ស្វះ​ស្វែង​រក​ចម្លើយ ។

មាន​ពាក្យ​តំ​ណាល​តៗ​គ្នា​ថា កាល​ពី​ដើម​ឡើយ​លើ​ភព​ផែន​ដី​យើង​នេះ​មាន​អម្បូរ​មនុស្ស​ស្បែក​ខៀវ​ហៅ​ថា Lemuria ។ ជន​ជាតិ​ Lemuria មាន​កម្ពស់​ជា​មធ្យម​៣ម៉ែត្រ ។ ស្បែក​ពួកគេ​ប្រែ​ពណ៌​ពី​ខៀវ​ស្លឹក​ឈើ​ទៅ​ខៀវ​ផ្ទៃ​មេឃ​តាម​រដូវ​កាល​នីមួយ​ៗ ។ ផ្ទៃ​មុខ​ពួកគេ​លេច​ធ្លោ​ជា​មួយ​ភ្នែក​ទាំង​គូ​ធំ​ក្រឡែត​, ត្របក​ភ្នែក​លើ​និង​ក្រោម​ធ្វើ​ចលនា​ដូច​ទ្វារ​ជណ្តើរ​យន្ត​ ពេល​បិទ​ឬ​បើក​ ។ ជន​ជាតិ​ Lemuria មិន​ដក​ដង្ហើម​តាម​សួត​ទេ គឺ​តាម​ស្បែក​ស្រោប​ខ្លួន ។

នេះ​ជាការ​ពណ៌​នា​ពី​ប្រភេទ​មនុស្ស​ក្នុង​ខឿន​អារ្យ​ធម៌​ Mu ឬ Lemuria, ជា​ខឿន​អារ្យ​ធម៌​បុរាណ​បំផុត​ក្នុង​លោក ។ បន្ទាប់​ពី​រី​ក​ចម្រើន​ដល់​កំពូល​ អារ្យ​ធម៌​ Lemuria ស្រាប់​តែ​រលត់​រលាយ​បាត់​បង់​វិញ​យ៉ាង​អាថ​៌កំបាំង ។ សព្វ​ថ្ងៃ​មាន​ការ​សន្និ​ដ្ឋាន​ផ្សេង​ៗ​ជុំ​វិញ​ភាព​វិនាស​បាត់​បង់​អារ្យ​ធម៌​ Lemuria ។ ការ​សន្និ​ដ្ឋាន​មួយ​និយាយ​ថា កាល​ណោះ​មិន​មែន​មាន​តែ​អារ្យ​ធម៌​ Lemuria ទេ, លើ​ភព​ផែន​ដី​យើង​មាន​អារ្យ​ធម៌​មួយ​ទៀត​រីក​ចម្រើន​ណាស់​ដែរ គឺ​អារ្យ​ធម៌​ Atlantis ។ អារ្យ​ធម៌​ទាំង​ពីរ​នេះ​មាន​ទំនាក់​ទំនង​គ្នា​ធម្ម​តា ។ ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​ការ​ពិសោធ​វិទ្យា​សាស្ត្រ​​ចុះ​ឡើង​របស់​មនុស្ស​ក្នុង​ខឿន​អារ្យ​ធម៌​ Allantis ធ្វើ​ឱ្យ​ខឿន​អារ្យ​ធម៌​ទាំង​ពីរ​រលត់​រលាយ​ទាំង​អស់​គ្នា ។

នៅ​រដ្ឋ​កេន​ទុកគី សហរដ្ឋ​អាមេរិក សុខៗ​ស្រាប់​តែ​លេច​មាន​មនុស្ស​ក្នុង​ត្រកូល​មួយ​ស្បែក​ខៀវ​ខុស​ធម្មតា​ ។ តើ​មនុស្ស​ក្នុង​ត្រកូល​នោះ​មាន​ពាក់​ព័ន្ធ​អ្វី​ជា​មួយ​មនុស្ស​ស្បែក​ខៀវ​ Lemuria ពី​បុរាណ​ដែរ​ឬ​ទេ ?
បុព្វ​បុរស​មនុស្ស​ស្បែក​ខៀវ​នៅ​អាមេរិក​មាន​មនុស្ស​ជា​ច្រើន​គិត​ថា មនុស្ស​ស្បែក​ខៀវ​ជា​អម្បូរ​មនុស្ស​មក​ពី​ភព​ផ្សេង​ មិន​មែន​អម្បូរ​មនុស្ស​នៅ​ភព​ផែន​ដី​នេះ​ឡើយ ។ អ្នក​ខ្លះ​ទៀត​មិន​យល់​ថាជា​អម្បូរ​​មនុស្ស​ភព​ផ្សេង​ទេ តែ​សន្និ​ដ្ឋាន​ថា​​ស្បែក​ខៀវ​មក​​ពី​ជំងឺ​តំណ​ពូជ​អ្វី​ម្យ៉ាង​, ប៉ុន្តែ​កា​រវិភាគ​របស់​ពួក​វេជ្ជ​បណ្ឌិត​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រៅ​ពី​ស្បែក​ពណ៌​ខៀវ​ អ្នក​ទាំង​នោះ​មាន​សុខ​ភាព​ធម្ម​តា​ដូច​គេ​ឯង​​ ពុំ​មាន​អ្វី​ខុស​គ្នា​ឡើយ ។

លើ​ភាព​ជាក់​ស្តែង​ក្នុង​សង្គម, ដោយ​ហេតុ​មាន​សម្បុរ​ស្បែក​ខុស​គេ មនុស្ស​ស្បែក​ខៀវ​ជួប​បញ្ហា​រើស​អើង​ក្នុង​ការ​រស់​នៅ ។ មនុស្ស​ភាគ​ច្រើន​ថយ​ឆ្ងាយ​ពី​ពួកគេ​, មិន​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ថែម​ទាំង​សង្ស័យ​ពួកគេ​មាន​ពាក់​ព័ន្ធ​ជា​មួយ​«មនុស្ស​ព្រិល​ភ្នំ​ហិម​ពាន្ត​»​ចំហៀង​ដែន​ដី​ទីបេ​​ទៀត​ផង ។កាលពីសតវត្ស​ទី​១៩ មាន​យុវជន​បារាំង​ម្នាក់​ឈ្មោះ​ Martin Fugate ចេញ​ពី​ប្រទេស​បារាំង ទៅ​រស់​នៅ​សហរដ្ឋ​អាមេ​រិក ។ ពេល​ទៅ​​ដល់​ទឹក​ដី​ថ្មី​ Martin Fugate ជួប​បញ្ហា​លំបាក​គ្រប់​យ៉ាង​ព្រោះ​គ្មាន​សាច់​ញាតិ​ គ្មាន​ធន​ធាន តែ​​ដោយ​សារ​ឆន្ទៈខ្ពស់ ស្មារតី​តស៊ូ​ខ្លាំង​ក្លា​ គេ​ធ្វើ​គ្រប់​ការ​ងារ​​ដើម្បី​រស់​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ អត់​ពឹង​ពាក់​អ្នក​ណា​ទាំង​អស់ ។ មិន​យូរ​ប៉ុន្មាន​គេ​សង់​បាន​ផ្ទះ​មួយ​ខ្នង​នៅ​ក្បែរ​ទន្លេ Trou​blesome ភាគ​ខាង​កើត​រដ្ឋ​កេនទុកគី ។

ដោយ​ហេតុ​តំបន់​ដែល​ខ្លួន​រស់​នៅ​ជា​តំបន់​ដាច់​ស្រយាល​ មនុស្ស​នៅ​រង្វើល​ៗពី​គ្នា​​ គេ​មិន​សូវ​មាន​ឱកាស​ទាក់​ទង​ជា​មួយ​អ្នក​ក្រៅ​ច្រើន​ឡើយ ។ ក្រោយ​មក​ Martin រៀប​ការ​ជា​មួយ​នារី​​ឈ្មោះ​ Elizabeth Smith ដែល​រស់​នៅ​ជិត​ខាង​គ្នា ។ ដំបូង​​អ្វី​ៗ​ហាក់​ដូច​ជា​ធម្ម​តា​ តែ​ក្រោយ​ពី​មាន​កូន​​៧នាក់​ក៏​លេច​ចេញ​នូវ​ភាព​ចម្លែក​ គឺ​ចំណោម​កូន​ទាំង​៧​នាក់​របស់​ពួក​គេ​៤​នាក់ដំបូង​ស្បែក​ខៀវ​ ឯ​៣នាក់​បន្ទាប់​ស្បែក​ធម្ម​តា ។ អ្នក​ជិត​ខាង​ខ្សឹប​ខ្សៀវ​គ្នា​ថា​​កូន​ដំបូង​៤នាក់​របស់​ពួកគេ​មាន​ជំងឺ​ចម្លែក​អ្វី​ម្យ៉ាង​ពាក់​ព័ន្ធ​ដល់​ឈាម​ ទើប​ស្បែក​ប្រែ​ពណ៌ទៅ​ជា​ខៀវ ។ ប៉ុន្តែ​ពេល​ពួក​គេ​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ ពួក​វេជ្ជ​បណ្ឌិត​និយាយ​ថា​កូន​ៗ​ពួកគេ​សុខ​ភាព​ធម្ម​តា​ដូច​គេ​ឯង គ្មាន​ជំងឺ​អ្វី​ពាក់​ព័ន្ធ​ដល់​ឈាម​ទេ ។ តាំង​ពី​ពេល​នោះ​ Martin និង​ប្រពន្ធ​កូន រស់​នៅ​ធម្ម​តា លែង​មាន​ការ​តូច​ចិត្ត​នឹង​សម្បុរ​ស្បែក​ទៀត​, ប៉ុន្តែ​លើ​ភាព​ជាក់​ស្តែង អ្វី​ៗ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដូច​ការ​ចង់​បាន​របស់​ពួកគេ​ឡើយ ។

ពេល​ពេញ​វ័យ កូន​ៗ​ពួកគេ​រៀប​ការ​ជា​មួយ​កូន​ៗ​គ្រួសារ​នៅ​ជិត​ខាង​ ។ ដោយ​ហេតុ​តំបន់​ដែល​ពួកគេ​រស់​នៅ​ជា​តំបន់​ដាច់​ស្រយាល ហេតុ​នេះ​ដល់​ជំនាន់​មួយទៀត​យក​​ប្តី​យក​ប្រពន្ធ​ តែ​ជា​មួយ​អ្នក​ជាប់​ឈាម​ជ័រ​ជា​មួយ​គ្នា ។ អ្វី​ៗ​ចេះ​តែ​វិវត្តទៅ​មុខ​របៀប​នេះ​អស់​ពី​​មួយ​ជំនាន់​ដល់​មួយ​ជំនាន់ ធ្វើ​ឱ្យ​កុមារា កុមារី​ស្បែក​ខៀវ​កាន់​តែ​ច្រើន​ឡើង​ៗ ។ ពេល​នោះ​ទើប​អ្នក​ស្បែក​ខៀវ​ត្រកូល​ Fugate ត្រូវ​សាធារណ​មតិ​ចាប់​អារម្មណ៍​ ។

ឆ្នាំ​១៩៥៨ Luke Combs បច្ឆា​ជន​របស់​ Martin Fugate ជូន​ប្រពន្ធ​ទៅ​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មហា​វិទ្យា​ល័យ​កេនទុកគី ។ គ្រាន់​តែ​ក្រឡេក​ឃើញ​ប្តី​ប្រពន្ធ​​ Luke Combsភ្លាម ទាំង​​គ្រូ​ពេទ្យ​ ទាំង​អ្នក​ជំងឺ​នៅ​ទី​នោះ​បើក​ភ្នែក​ធំ​ៗ​ដោយ​ការ​ភ្ញាក់​​ផ្អើល​ ព្រោះ​ស្បែក​ពួកគេ​ពណ៌​ខៀវ​ខុស​ធម្ម​តា ។ អ្នក​ខ្លះ​គិត​ថា ពួកគេ​ជា​មនុស្ស​​ភព​ផ្សេង​ ។​ ក្មេង​ៗ​ខ្លះ​ខ្លាច​ដល់​ថ្នាក់​ស្រែក​​យំ​ផង ។

ពួក​វជ្ជ​បណ្ឌិត​នៅ​ទី​នោះ​មិន​ត្រឹម​តែ​ពិនិត្យ​ជំងឺ​ឱ្យ​ប្រពន្ធ​ Luke Combs ប៉ុណ្ណោះ​ទេ ថែម​ទាំង​បក់​ដៃ​ហៅ Luke Combs ចូល​ពិនិត្យ​ជំងឺ​ទៀត ព្រោះ​ឆ្ងល់​ពុំ​ដឹង​ជា​មាន​ជំងឺ​អ្វី​បាន​ជា​ស្បែក​ខៀវ​យ៉ាង​នេះ ។ ប៉ុន្តែ​ទោះ​ពិនិត្យ​ល្អិត​ល្អន់​យ៉ាង​ណា​ក៏​វេជ្ជ​បណ្ឌិត​រក​មិន​ឃើញ​មូល​ហេតុ​ធ្វើ​ឱ្យ​ស្បែក​មាន​ពណ៌​ខៀវ​សោះ ។មនុស្ស​ចម្លែក​ខុស​គេអ្នក​មាន​ស្បែក​ពណ៌​ខៀវ មិន​ត្រឹម​តែ​គ្មាន​ជំងឺ​ពាក់​ព័ន្ធ​ស្បែក​ប៉ុណ្ណោះ ថែម​ទាំង​មាន​សុខ​ភាព​ល្អ​ជាង​មនុស្ស​ស្បែក​ស​ទៀត​ផង, រី​ឯ​អាយុ​ក៏​ខ្ពស់​ល្អ ដោយ​មាន​អាយុ​ជា​មធ្យម​៨៥​ឆ្នាំ។

ក្រោយ​មក​មាន​ការ​ភ្ញាក់​ផ្អើល​តាម​មន្ទីរ​ពេទ្យ​ម្តង​ទៀត ពេល​កុមារ​ស្បែក​ខៀវ​ឈ្មោះ​Benjamin ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​ជំងឺនៅ​មន្ទីរ​ពេទ្យ​ Lexinton ។ ពួក​វេជ្ជ​បណ្ឌិត និង​ពួក​គិលានុ​ប​ដ្ឋា​យិកា​មើល​មុខ​គ្នា​ឡឹង​ឡង់​រអើល​ៗ​។ ពេល​នោះ​ជី​ដូន​របស់​កុមារ​ Benjamin ប្រាប់​គ្រូ​ពេទ្យ​ថា​ចៅ​របស់​គាត់​ជា​បច្ឆា​ជន​ជំនាន់​ទី​៦របស់​Martin Fugate អ្នក​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជាង​មួយ​សតវត្ស​កន្លង​មក ។វិល​ត្រឡប់​​ទៅ​មើល​អតីត​កាល​បន្តិច​ ។ Martin Fugate ជា​កូន​គ្រួសារ Fugate រស់​នៅ​តំបន់​ភ្នំ Appalachian ប្រទេស​បារាំង ។ ម្តាយ​របស់ Martin Fugate មាន​ស្បែក​ពណ៌​ខៀវ​ស្រាល ហេតុ​នេះ​ទើប​បន្ត​មក​ដល់​គាត់​ រហូត​ដល់​គាត់​មក​រស់​នៅ​សហរដ្ឋ​អាមេ​រិក​រៀប​ការ​ជា​មួយ​នារី​​ត្រកូល​ Smith បង្កើត​កូន​បាន​៧​នាក់ ក្នុង​នោះ​៤នាក់​ស្បែក​ខៀវ​ទៀត ។

ទោះ​ដូច្នេះ​ក្តី​ មិន​មែន​មាន​តែ​វង្ស​ត្រកូល Fugateទេ ដែល​ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើល​ពី​ស្បែក​​សម្បុរ​ខៀវ ។ ​នៅ​ប្រទេស​អង់​គ្លេស​ក៏​មាន​មនុស្ស​ម្នាក់​ស្បែក​ខៀវ​ធ្វើ​ឱ្យ​គេ​ឯង​ភ្ញាក់​ផ្អើល​ដែរ ។ នោះ​គឺ​នាយ​ទាហាន​អង់​គ្លេស​ឈ្មោះ Fred Walter ។ នាយ​ទាហាន​រូប​នេះ​កើត​នៅ​ឆ្នាំ​១៨៥៥ ។ ដំបូង​គាត់​ស្បែក​ស​ដូច​គេ​ឯង តែ​បន្ទាប់​ពី​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​បាន​មួយ​រយៈ​ស្រាប់​តែ​ស្បែក​ប្រែ​ប្រួល​បន្តិច​ម្តង​ទៅ​ជា​ខៀវ​វិញ ។ យក​លេស​ខ្លួន​ឯង​មាន​ជំងឺ​ចម្លែក​ Fred Walter សុំ​ឈប់​បម្រើ​ទ័ព​ ហើយទៅ​រស់​នៅ​សហរដ្ឋ​អាមេ​រិក​នៅ​ក្នុង​ឆ្នា​ំ​១៨៩១ ។ ក្រោយ​ពេល​គាត់​ស្លាប់​ក្នុង​ឆ្នាំ​​១៩២៣ ពួក​វេជ្ជ​បណ្ឌិត​ធ្វើ​កោសល្យ​វិច័យ​ ស្រាប់​តែ​រក​ឃើញ​មានសារ​ជាតិ​ប្រាក់​ច្រើន​ខុស​ធម្ម​តា​ក្នុង​ខ្លួន​គាត់ ។ លុះ​ស្រាវ​ជ្រាវ​ល្អិត​ល្អន់គេ​ដឹង​ថាពី​មុន​គាត់​ចូល​ចិត្ត​ហូប​ជាតិ​​ប្រាក់​ ដើម្បី​ឱ្យ​ស្បែក​ប្តូរ​ពណ៌​ទៅ​ខៀវ​ ក្លាយ​ជា​មនុស្ស​មាន​ជំងឺ​ចម្លែក​ ងាយ​ស្រួល​រក​លុយ​ចាយ​ពី​​អ្នក​មាន​ចិត្ត​សប្បុរស​ ។ ដូច្នេះ​ Fred Walter មាន​ស្បែក​ពណ៌​ខៀវ​ដោយ​សារ​ចេតនា​ចង់​ធ្វើ​ដូច្នេះ មិន​មែន​ខៀវ​ពី​កំណើត​ដូច​វង្ស​ត្រកូល​ Fugate នៅ​រដ្ឋ​កេន​ទុកគី សហរដ្ឋ​អាមេរិក​ឡើយ ។

ករណី​មួយ​ទៀត​ប្រហាក់​ប្រហែល​នាយ​ទាហាន​ Fred Walter ដែរ​ គឺ​បុរស​​ឈ្មោះ Paul Karason អាយុ​៥៨​ឆ្នាំ​ ស្បែក​ប្រែ​ពណ៌​ខៀវ​តាំង​ពី​១៥​ឆ្នាំ​មុន ។ ពី​មុន​ Paul Karason ស្បែក​ស​និង​មាន​អាចម៍​រុយ​ពេញ​ខ្លួន​ឃើញ​គួរ​ឱ្យ​ខ្ពើម ។ ក្រោយ​មក​គាត់​មាន​ទម្លាប់​ផឹក​ទឹក​លាយ​សារ​ជាតិ​ប្រាក់ គឺ​ប្រើ​ចរន្ត​អគ្គិសនី​ដក​ជាតិ​ប្រាក់​ពី​លោហ​ធាតុ​បញ្ចូល​ក្នុង​ទឹក​ដែល​គេ​ឃោស​នា​ថា អាច​ព្យា​បាល​ជំងឺ​មួយ​រយ​ជំពូក ។ គាត់​ចង់​អស់​អាចម៍​រុយ​ពី​ខ្លួន​ប្រាណ ខំ​ផឹក​ទឹក​នោះ​រាល់​ថ្ងៃ​ជា​ហេតុ​ធ្វើ​ឱ្យ​ស្បែក​ប្រែ​ពណ៌​ជា​ខៀវ​វិញ ។

មាន​ការ​កត់​ត្រា​មួយ​និយាយ​ថា ពី​ដើម​​តំបន់​ Woolpie ប្រទេស​អង់​គ្លេស​ កើត​មាន​ការ​ភ្ញាក់​ផ្អើល​ករណី​ពើប​ប្រទះ​ក្មេង​ពីរ​នាក់​ស្បែក​ខៀវ ។ ក្មេង​ទាំង​ពីរ​នាក់​នោះ​ពុំ​ដឹង​មក​ពី​ណា​ទេ ស្រាប់​តែ​មាន​វត្ត​មាន​នៅ​វាល​ស្មៅ​មួយ ហើយ​ស្រែក​យំ​លាន់​ទ្រ​ហឹង ។ អ្នក​ស្រុក​ភ្ញាក់​ផ្អើល​នាំ​គ្នា​រត់​ទៅ​មើល, ទៅ​ដល់​ទច់​ង៉ក់ ព្រោះ​ក្មេង​ទាំង​ពីរ​នាក់​ស្បែក​ខៀវ​ខុស​ធម្ម​តា មិន​តែ​ប៉ុណ្ណោះពុំ​ដឹង​​និយាយ​ភា​សា​អី គ្មាន​អ្នក​ណា​ស្តាប់​បាន ។ ពួក​វា​ស្លៀក​ពាក់​ខោ​អាវ​ផ្កា​ក្រ​ឡេក្រឡា​យ៉ាង​ចម្លែក និង​ធ្វើ​ពី​វត្ថុ​ធាតុ​ដើម​ក៏​ចម្លែក​មិន​ដែល​ឃើញ​ ។
ក្មេង​ទាំង​ពីរ​នាក់​នោះ​អ្នក​ស្រុក​ឯក​ភាព​គ្នា​ប្រគល់​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​ Richard de Calne យក​ទៅ​ចិញ្ចឹម​បី​បាច់​នៅ​ផ្ទះ​គាត់ ។ ពួក​វា​អត់​ព្រម​​ស៊ី​ចំណី​អ្វីទាំង​អស់ ក្រៅ​តែ​ពី​គ្រាប់​សណ្តែក ។

មួយ​រយៈក្រោយ​មក​ ក្មេង​ប្រុស​មាន​ជំងឺ​ស្លាប់​សល់​តែ​ក្មេង​ស្រី ។ កុមារី​នោះ​នៅ​ជា​មួយ​បុរស​Richard de calne រហូត​ដល់​ចេះ​និយាយ​ប្រាស្រ័យ​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន ហើយ​ស្បែក​របស់​គេ​​ក៏​ហើរ​បាត់​ពណ៌​ខៀវ​បណ្តើរ​ៗ​ ។ ពេល​ចេះ​​និយាយ​ កុមារី​ប្រាប់​ថា​បង​ប្អូន​នាង​មក​ពី​ភព​មួយ​ដែល​អត់​ឃើញ​ព្រះ​អាទិត្យ ។ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ស្បែក​ខៀវ ។ គ្រប់​គ្នា​រស់​កណ្តាល​បរិយា​កាស​ស្រទំ​អួអាប់​រហូត​ ។ តំបន់​ដែល​នាង​រស់​នៅ​ឈ្មោះ​ ដែន​ដី​មហា​ទេព Martin ។ នាង​និយាយ​រំលឹក​ថា រូប​នាង​និង​បង​ប្រុស​សុខៗ​ស្រាប់​តែ​ឮ​មាន​ស្នូរ​ជួង រួច​ឃើញ​មាន​ផ្លូវ​មួយ ។ បន្ទាប់​មក​​ពេល​បើក​ឡើង ស្រាប់​តែ​ឃើញ​ខ្លួន​ឯង​នៅ​ភព​នេះ​តែ​ម្តង ។

អយុត្តិ​ធម៌​សង្គម​ចំពោះ​អ្នក​ស្បែក​ខៀវ​ពេល​ជន​គ្រប់​គ្នា​ដឹង​ពី​វត្ត​មាន​មនុស្ស​ស្បែក​ខៀវ​លើ​ភព​ផែន​ដី គ្មាន​អ្នក​ណា​ចង់​រាប់​រក​ឡើយ ។ ប្រការ​នេះ​ធ្វើ​ឱ្យ​មនុស្ស​ស្បែក​ខៀវ​កាន់​តែ​តូច​ចិត្ត​ខ្លួន​ឯង គេច​វេះកន្លែង​អ៊ូអរ​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រ​យាល ។ ពេល​មាន​ជំងឺ​ល្មមៗ​ពួក​គេ​​ព្យា​បាល​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បទ​ពិសោធ​ន៍​ពី​ដូន​តា, ទាល់​តែ​ឈឺ​ធ្ងន់​ណាស់​ទើប​ប្រ​ថុយ​ទៅ​ពេទ្យ ។លោក​ Thomas បច្ឆា​ជន​ម្នាក់​​ក្នុង​ត្រកូល​ Fugate និយាយ​​ទាំង​តូច​ចិត្ត​ដក​ដង្ហើម​វែង ​«​អ្នក​មាន​សម្បុរ​ស្បែក​ខៀវ​ដូច​​ពួក​ខ្ញុំ​មិន​ដែល​បាន​ទទួល​សម​ភាព​ក្នុងសង្គម​ទេ ​។ ​រូប​ខ្ញុំ​​​នេះ ​កាលពី​តូច​​ទៅសាលា​រៀន ​តែង​ត្រូវ​មិត្ត​ភក្តិ​ក្នុង​សាលា​ព្រួត​​គ្នា​ធ្វើ​បាប ។ ​ហេតុ​នេះ​ទី​បំផុត​ ខ្ញុំ​លែង​ហ៊ាន​​ទៅ​រៀនទៀត ។ ដោយសារ​សម្ពាធ​សង្គម​កាន់​តែ​ខ្លាំង ​​គ្រួសារ​ខ្ញុំ​សម្រេច​ចិត្ត​ដក​ឃ្លា​ទៅរស់​នៅ​តំបន់​ដាច់​​ស្រយាល​វិញ» ។

ក្រោយ​មក​​តាម​បណ្តោយ​ទន្លេ​Tzou​blesome ​​មាន​មនុស្ស​​រស់​នៅ​ច្រើន​ជាងពី​ដើម​ ក្នុង​នោះ​ក៏​មាន​គ្រួសារ​មនុស្ស​ស្បែក​ខៀវ​ដែរ ​។ ​ដោយ​ហេតុ​មនុស្ស​ស្បែក​ខៀវ​មិន​បាន​សង្គម​រាប់​រក​ ហេតុ​នេះ​ជំនាន់​ក្រោយ​ៗ​តែង​យក​ប្តី​យក​ប្រពន្ធ​តែជា​មួយ​មនុស្ស​ស្បែកខៀវ​ដូច​គ្នា ​ឬ​យ៉ាងណា​ក៏​ជាមួយ​មនុស្ស​​ក្នុងត្រកូល​Fugate ដូចគ្នា ​។ ដូច​​ករណី​បុរស​ឈ្មោះ​ Thomas ដែរ ​លោក klipphin Fugate ទទួល​អយុត្តិ​ធម៌​ជាបន្ត​បន្ទាប់​ព្រោះ​តែស្បែក​ពណ៌​ខៀវ​របស់ខ្លួន ​ថ្វី​បើ​ត្រូវ​បាន​​វាយ​តម្លៃ​ជាអ្នក​មាន​ឆន្ទៈខ្ពស់​ ខួរក្បាល​ភ្លឺ​ស្វាង​ល្អ​ក៏​ដោយ ​។ ​klipphin មានឧបនិស្ស័យ​ខ្ពស់ខាង​អគ្គិ​សនី​ ។ ​

តាំងពី​នៅ​រៀន ​ការរក​ឃើញ​ថ្មីៗ​របស់​គាត់​ ត្រូវ​អ្នក​ផង​វាយ​តម្លៃ​ល្អ ​។ ប៉ុន្តែ​ការ​វាយ​តម្លៃ​ជា​រឿង​មួយ​ ការទទួល​យក​ជា​រឿង​ផ្សេង​មួយ​ទៀត ​។ ដោយ​​ហេតុ​ស្នា​ដៃ​​រកឃើញ​របស់​​ខ្លួន​ មិនដែល​បាន​សង្គម​ទទួ​លយក​ ទី​បំផុត​គាត់​​តូច​ចិត្ត​ពេក​ក៏​​ជ្រើស​យក​ការ​រស់​នៅ​ក្នុង​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ដែរ ។ចម្លើយ​ពី​មូល​ហេតុ​ស្បែកខៀវចម្លើយ​ពីបាតុ​​ភាព​ស្បែក​ខៀវ​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ក្រោយ​មក ។​​អ្នក​វិទ្យា​សាស្ត្រ​វ័យ​ក្មេង​ឈ្មោះ​ Madison Cawein ​នៅវិទ្យាស្ថាន​​កេណ្ណី​ឌី ​ប្តេជ្ញា​​ស្រាវ​​ជ្រាវ​​ត្រកូល​ Fugate ដោយ​ផ្អែក​​លើ​ឯក​សារ​ដែល​រកបាន ។ ​គាត់​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ក្រុម​មនុស្ស​ត្រកូល​Fugate ធា្លប់​រស់​នៅ​ដើម្បី​រកឫស​គល់​ស្បែក​ខៀវ​ ។ ​សំណាង​ដែរ ​គាត់បាន​ទទួល​ការ​ជ្រោម​ជ្រែង​ពេញ​ទំហឹង​ពីអតីត​​គ្រូ​ពេទ្យ​​ឈ្មោះ​Ruth ដែល​ដឹង​ព័ត៌​មាន​​ច្រើន​ពី​ត្រកូល​Fugate ។ ​ពួកគេ​ប្រទះ​ស្ត្រី​ស្បែក​ខៀវ​ម្នាក់​សុំ​ធ្វើ​ការ​ពិសោធ​សាក​មើល ​។ ​លទ្ធ​ផល​ពិសោធន៍​ធ្វើ​ឱ្យ​អ្នក​​ទាំង ពីរ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ គឺ​ស្ត្រី​ត្រកូល​Fugate ​ស្បែក​ពណ៌​ខៀវម​្នាក់​នេះមិន​ធ្លាប់​មាន​ជំងឺ​ពាក់​ព័ន្ធ​បេះដូង​ សួត ​ឬគ្រឿង​ក្នុង​ផ្សេង​ៗ​ម្តងណាឡើយ ។

​ដោយ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុក​ដាក់​លោក​Madison Cawein រក​ឃើញ​​មនុស្ស​មួយ​ក្រុម​ជាបច្ឆា​ជន​ជំនាន់​ទី​៦​របស់​ត្រកូល​Fugate ​មាន​គ្នា​១៣​នាក់ ​សុទ្ធ​តែ​ស្បែក​ខៀវ​ ។ ពិសោធ​ឈាម​អ្នក​ទាំង​នោះ​គាត់​រកឃើញ​មាន​methe​moglobim (Met H b) កម្រិតខ្ពស់​ដែលជា​មូ​ល​ហេតុ​ធ្វើ​ឱ្យ​ស្បែក​មាន​ពណ៌​ខៀវ​​ខុស​ពី​មនុស្ស​ធម្មតា​ទូទៅ ។មនុស្ស​ធម្មតា​ Met Hb  ក្នុង​ឈាម​មា​ន​​ក្រោម​១ភាគ​រយ​ ប៉ុន្តែ​សម្រាប់​មនុស្ស​ក្នុង​គ្រួសារ​ Fugate ​វិវឌ្ឍ​ខុស​ប្រក្រតី​ ។ លោក Cawein រក​ឃើញ​ថា ពេល​ចាក់ methylene ចូល​ក្នុង​ឈាម​​អ្នក​ស្បែក​ខៀវ​ប៉ុន្មាន​នាទី ស្បែក​ពួក​គេ​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ប្រឿង​ភ្លាម​ ។ ហេតុ​នេះ​ មនុស្ស​ទាំង​១៣​នាក់​ក្នុង​ត្រកូល​ Fugate ត្រូវ​បាន​ឱ្យ​ផឹក​សាក​ល្បង​ methylene ប្រភេទ​គ្រាប់​ក្រែង​លោក្រោយ​មក​ស្បែក​ប្រែ​ពណ៌​ជា​ក្រហម​ប្រឿង​​ៗដូច​គេ​ឯង ។

បច្ចុប្បន្ន​ប្រភព​វេជ្ជ​សាស្ត្រ​អះ​អាង​ថា​ ត្រកូល​​Fugate ​មាន​ជំងឺ​ចម្លែក​ម្យ៉ាង​ឈ្មោះ​ Methaemoglobinaemia (សរសេរ​កាត់​ met -H) ។ ​ជំងឺនេះ​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​ត្រូវថម​ថយ​លទ្ធ​ភាព​ចរាចរ​របស់​អុក​ស៊ី​ហ្សែ៊ន ​ជាហេតុ​នាំ​ឱ្យ​ឈាម​មាន​ពណ៌​​ដិត​ជាង​ បើ​ប្រៀប​ធៀប​ទៅ​មនុស្ស​ធម្មតា ​។​ ជំងឺនេះកើតមានដោយ​សារ​ហ្សែន​បង្កប់​មួយ ។ ​Martin Fugateនិង​ Elizabeth Smith ​មាន​ហ្សែ​ន​បង្កប់​នោះដូចគ្នា​ ហេតុ​នេះ​រួម​គ្នា​​ខ្លាំង​ជា​មុន ។ក្នុងដំណាក់​កាល​ស្វែង​យល់​ពី​ជំងឺ​នេះ ​ពួក​វេជ្ជ​បណ្ឌិត​អះអាង​ថា​សុខ​ភាព​អ្នក​ស្បែក​ខៀវ​ដូចអ្នក​ឯទៀត ​នេះបើ​មិនចង់​និយាយ​​ថា​ល្អ​ជាង​អ្នក​ស្បែក​ស ។ ​មិន​តែប៉ុណ្ណោះ​ សូម្បី​​សន្ទស្សន៍​IQ ​ក៏​ខ្ពស់​ជាងអ្នកស្បែក​ស​ដែរ ​។ ពួក​គេ​ភាគច្រើន​មាន​ឧបនិស្ស័យ​ខ្ពស់ខាង​គណិត​សាស្ត្រ ។

​បច្ចុប្បន្ន​ ប្រជាជន​នៅ​ប៉ែក​ខាង​កើត​រដ្ឋ​កេ​ន​ទុក​គី កាន់​តែ​មាន​ចំនួន​ច្រើន​​ឡើង​តាម​​ពេល​វេលា​ ហេតុ​នេះ​ទើប​​ក្រោយ​ម​កប​ច្ឆា​ជន​ត្រកូល​ Fugate មានឱ​កាស​ច្រើន​រៀបការ​ជាមួយ​មនុស្ស​ត្រកូល​ផ្សេង​នៅ​ក្នុង​សហ​គមន៍​ មិន​បាច​់​ត្រូវ​តែ​រៀប​ការ​ជាមួយ​មនុស្ស​ក្នុង​ត្រកូល​Fugate ដូច​គ្នា​ទៀត ​ដែលប្រការ​នេះធ្វើ​ឱ្យ​កុមារា ​កុមារី ​​ស្បែក​ខៀវ​កាន់​តែ​តិច​ទៅ​ៗ ។ ​តាម​ស្ថិតិ​របស់​អាជ្ញា​ធរ​មូ​លដ្ឋាន​ឃើញ​ថាក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ​អត​់មាន​កុមារា ​កុមារី​ ពណ៌​ខៀវ​ណាប្រសូតក្នុង​សហ​គមន៍​ឡើយ ៕