អ្នកយកព័ត៌មាន «BBC»ម្នាក់បង្ហាញវីដេអូឃ្លីបពីសណ្ឋាគារដ៏ស្រស់ស្អាតស្រោបដោយមាស «Ritz Carlton» ដោយកែប្រែធ្វើជាគុកឃុំឃាំងអ្នកដែលទទួលការចោទប្រកាន់ថាប្រព្រឹត្តអំពើទុច្ចរិតមានទាំងសេដ្ឋី និងសមាជិករាជវង្ស ។
នៅក្នុងសណ្ឋាគារនោះមានសេដ្ឋី និងសមាជិករាជវង្សចំនួន១១នាក់ ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេត ពីបទប្រព្រឹត្តអំពើពុករលួយ និងកិបកេងប្រាក់របស់រដ្ឋតាមគោលនយោបាយនៃការបង្ក្រាបអំពើទុច្ចរិតរបស់ព្រះអង្គម្ចាស់មហាម៉េដ ប៊ីនសាល់ម៉ាន ព្រះជន្ម៣២ព្រះវស្សា ។
ស្ត្រីអ្នកសារព័ត៌មានរបស់BBCម្នាក់នោះ គឺជាអ្នកយកព័ត៌មានដំបូងបានទទួលការអញ្ជើញពីមន្ត្រីរបស់អារ៉ាប៊ីសាអ៊ូឌីត ឱ្យចូលទៅសណ្ឋាគារនោះ ក្នុងលក្ខខណ្ឌហាមថតរូប និងហាមថតសំឡេងពីការសន្ទនា ។
នៅសណ្ឋាគារផ្កាយ៥ដែលស្ត្រីអ្នកកាសែតចូលនៅពេលព្រឹកគឺមានភ្ញៀវរបស់សណ្ឋាគារអង្គុយផឹកកាហ្វេជាធម្មតា ខណៈពេលអ្នកដែលទទួលការឃុំឃាំងទទួលលក្ខណៈងាយស្រួលនៅក្នុងសណ្ឋាគារស្រោបមាសនេះ ព្រោះមានភោជនីយដ្ឋាន បន្ទប់ហាត់ប្រាណ បន្ទប់បោះបាល់បូលីង ហើយអ្នកដែលពាក់ព័ន្ធ ម្នាក់ៗត្រូវនៅក្នុងបន្ទប់របស់ខ្លួន។
នារីអ្នកកាសែតរូបនោះ ត្រូវជនសង្ស័យម្នាក់ឱ្យដឹងថា រូបគេត្រូវឃុំឃាំងនៅទីនោះដោយចំណាយពេលភាគច្រើនពិគ្រោះជាមួយមេធាវី ។
ចំណែកអ្នកស៊ើបអង្កេតម្នាក់បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅមិនទាន់ចោទសួរជាផ្លូវការទេ បច្ចុប្បន្នស្ថិតក្នុងបរិយាកាសជាមិត្តនឹងគ្នា ។
ក្រុមអ្នកជាប់ឃុំបានសម្តែងអាការខឹងមិនពេញចិត្ត ដោយអ្នកខ្លះគិតថា គឺជាឈុតឆាកមួយ និងត្រូវការចាកចេញពីទីនោះ ។ ៩៥%ចង់ឱ្យមានកិច្ចព្រមព្រៀងសងប្រាក់ដល់រដ្ឋាភិបាលជាថ្នូរនឹងការចាកចេញពីកន្លែងឃុំឃាំង ខណៈពេលថ្នាក់ដឹកនាំទ្រង់មានបទបញ្ជាថា មនុស្សគ្រប់រូបត្រូវត្រួតពិនិត្យនៅក្នុងដំណាច់ឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ