ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយាបថ​5​យ៉ាង​ដែល​បំផ្លាញ​រថយន្ត​ខ្លាំង​ជាង​គ្រោះថ្នាក់​ទៅ​ទៀត

6 ឆ្នាំ មុន

ការ​ប្រើប្រាស់​រថយន្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មិន​ត្រឹមតែ​ប្រើ​សម្រាប់​ធ្វើ​ដំណើរ​ចេញពី​ចំណុច​មួយ​ទៅ​កាន់​ចំណុច​មួយទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យក​ល្អ យើង​គួរ​ថែទាំ​វា​ផង​ដែរ ដើម្បី​ពន្យារ​អាយុ​ការ​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង និង​សន្សំ​សំចៃ​ថ្លៃ​ថែទាំ​ទៀត​ផង ។ យើង​គួរ​ចៀសវាង​នូវ​ឥរិយាបថ​៥​យ៉ាង​ខាងក្រោម​នេះ ដែល​បំផ្លាញ​រថយន្ត​ដោយ​មិនដឹង​ខ្លួន ដែល​យើង​អាច​កំពុង​តែ​ធ្វើ​ក៏​ថា​បាន…

ការ​ប្រើប្រាស់​រថយន្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មិន​ត្រឹមតែ​ប្រើ​សម្រាប់​ធ្វើ​ដំណើរ​ចេញពី​ចំណុច​មួយ​ទៅ​កាន់​ចំណុច​មួយទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យក​ល្អ យើង​គួរ​ថែទាំ​វា​ផង​ដែរ ដើម្បី​ពន្យារ​អាយុ​ការ​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង និង​សន្សំ​សំចៃ​ថ្លៃ​ថែទាំ​ទៀត​ផង ។

យើង​គួរ​ចៀសវាង​នូវ​ឥរិយាបថ​៥​យ៉ាង​ខាងក្រោម​នេះ ដែល​បំផ្លាញ​រថយន្ត​ដោយ​មិនដឹង​ខ្លួន ដែល​យើង​អាច​កំពុង​តែ​ធ្វើ​ក៏​ថា​បាន ។

១-​ជាន់​បង្កើន​ល្បឿនខ្លាំង​ពេក ខណៈ​ម៉ាស៊ីនរថយន្ត​ត្រជាក់ ៖
មនុស្ស​ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ពេល​ព្រឹក ពេល​បញ្ឆេះ​ម៉ាស៊ីន​ហើយ ក៏​ធ្វើ​ដំណើរ​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ភ្លាម​ៗ ។ ការ​បញ្ឆេះ​ម៉ាស៊ីន​ពេល​ព្រឹក បន្ទាប់​ពី​ចត​រថយន្ត​ចោល​ពេញ​មួយ​យប់​ហើយ ប្រេងម៉ាស៊ីន​នៅ​មិន​ទាន់​ធ្លាក់​ទៅ​ដល់​ផ្នែក​ខាងក្នុង​គ្រឿង​ម៉ាស៊ីន​ភ្លាម​ទេ ។ ជា​លទ្ធផល នឹង​ធ្វើ​ឲ្យ​កកិត​ធ្ងន់ធ្ងរ រួម​ទាំង​សីតុណ្ហភាព​ប្រេង និង​ប្រេង​លេខ​រថយន្ត​នៅ​ត្រជាក់​ដូច​គ្នា ។

វិធី​ល្អ គួរតែ​ផ្លាស់​ទី​ទៅ​មុខ​យឺត​ៗ រហូត​ដល់​ភ្លើង​សញ្ញា​ប្រេង​ត្រជាក់ (​ពណ៌​ខៀវ​) ធ្លាក់​ចុះ ឬ​រហូត​ដល់​សន្ទះ​សីតុណ្ហភាព​ត្រជាក់​មក​ជិត​ចំណុចកណ្តាល​រង្វាស់ ។

២-Kickdown (​ប្ដូរ​លេខ​)​ជា​ញឹកញាប់ ៖
ការ​បង្កើន​ល្បឿន​លឿន​ដោយ​ប្ដូរ​លេខ រហូត​ដល់​លេខ​រថយន្ត​ផ្លាស់​ប្តូរ​ទាប​ជាង​(​ពី​លេខ​៤ ទៅ​លេខ​៣) ដើម្បី​ប្រញាប់​ឆ្ពោះទៅ​មុខជា​ញឹកញាប់ នឹង​ធ្វើ​ឲ្យ​កើត​ផល​មិនល្អ​ដល់​ប្រព័ន្ធ​លេខ​រថយន្ត​ក្នុង​រយៈពេល​យូរ ។ ក្រៅពី​ប្រអប់លេខ (​មី​ញុ​ង​) ត្រូវ​កម្លាំង​បង្វិល​កើនឡើង​យ៉ាង​ខ្លាំង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​នៃ​ការ​ប្រើប្រាស់​លេខ​រថយន្ត​ថយ​ចុះ ដូចដែល​បានឃើញ​យ៉ាង​ច្បាស់ ។ ដូច្នេះ បើ​គ្មាន​ភាព​ចាំបាច់​ត្រូវ​ប្រញាប់​ទេ គួរតែ​បើក​ទៅ​មុខ​សន្សឹម​ៗ​ល្អ​ជាង ។

៣-​ឆ្លង​ទួល​ថ្នល់​ដោយ​មិន​បង្អង់​ល្បឿន ៖
មិន​គ្រាន់តែ​ទីទួល​ដែល​ត្រូវ​បង្អង់​ល្បឿន ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ជង្ហុក និង​គម្រប​លូ​នៅ​តាម​​ផ្លូវ ក៏​ជាដើម​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រោម​នៃ​រថយន្ត​អន់​ថយ​លឿន​ជាង​ធម្មតា​បាន​ដែរ បើ​អ្នកបើកបរ​ឆ្លងកាត់​ដោយ​ល្បឿន​លឿន​ខ្លាំង ។

យើង​គួរតែ​បង្អង់​ល្បឿន​ឲ្យ​សម​ស្រប មុន​នឹង​ឆ្លងកាត់​ទួល​ថ្នល់ ឬ​បើកបរ​កាត់​គម្រប​លូ ។ វា​នឹង​ជួយ​ពន្យារ​អាយុ​ផ្នែក​ក្រោម​រថយន្ត​បាន ថែម​ទាំង​ជួយ​មិន​ឲ្យ​កើត​សំឡេង​ពី​ការ​ប៉ះទង្គិច​ខ្លាំង​ក្នុង​រយៈពេល​យូរ​ទៀត​ផង ។ រថយន្ត​ណា​ដែល​មាន​សម្បក​កង់​ទាប គួរតែ​ប្រុង​ប្រយ័ត្ន​ចំណុច​នេះ​ជា​ពិសេស ។

៤-​បើកបរ​កាត់ទឹក​លិច​ខ្លាំង ៖
ទោះបីជា​ពេល​ខ្លះ យើង​ចៀសវាង​ការ​បើកបរ​កាត់ទឹក​លិច​មិន​បាន ប៉ុន្តែ​គួរតែ​ជ្រើស​រើស​​បើកបរ​នៅ​កន្លែង​ណា​ដែល​មានទឹក​លិច​រាក់​បំផុត ព្រោះ​ទឹក​ចំនួន​ច្រើន​អាច​ត្រូវ​ស្រូប​ចូល​ទៅ​ក្នុង​គ្រឿង​ម៉ាស៊ីន និង​ធ្វើ​ឲ្យ​ទឹក​ចូល​ទៅ​ក្នុង​ប្រអប់លេខ​ផង​ដែរ ។

៥-​មិន​ចាប់អារម្មណ៍​នឹង​ភ្លើង​ព្រមាន​នានា ៖
ភ្លើង​ព្រមាន​នានា​នៅ​លើ​តា​ប្លូ គឺ​សំខាន់​ខ្លាំង​ណាស់ ជា​ពិសេស ភ្លើង​សញ្ញា​ពណ៌​លឿង និង​ពណ៌​ក្រហម ។ ភ្លើង​សញ្ញា​ក្រហម មាន​ន័យ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​មាន​សារសំខាន់​ក្នុង​ការ​បើកបរ និង​ប្រព័ន្ធ​សុវត្ថិភាព ។

បើ​មាន​សញ្ញា​ភ្លើង​ណាមួយ​លោត​ឡើង គួរតែ​ត្រួតពិនិត្យ​ភ្លាម​ថា កើត​បញ្ហា​អ្វី ហើយ​បើជា​ភ្លើង​រូប​ម៉ាស៊ីន គួរ​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល ដើម្បី​ឲ្យ​ជាង​ពិនិត្យ​បន្ត​ទៀត។ បើ​អ្នក​បណ្តោយ​វា​នោះ អាច​កើត​បញ្ហា​រាលដាល​បាន ។

ទាំងនេះ​គឺជា​វិធីសាស្ត្រ​តូច​ៗ ដែល​នឹង​ជួយ​ពន្យារ​អាយុ​ការ​ប្រើប្រាស់​របស់​រថយន្ត​ឲ្យ​បាន​​យូរ និង​ជួយ​សន្សំ​សំចៃ​ថ្លៃ​ថែទាំ​ផង​ដែរ ជា​ពិសេស​បំផុត សម្រាប់​អ្នកបើកបរ​ថ្មី​ដែល​នៅ​មិន​ទាន់​មានចំណេះ​ដឹង និង​ឈ្វេងយល់​អំពី​រថយន្ត​របស់​ខ្លួន​ប៉ុន្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ