ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្បាល​នាគ​ទាំង​100​នៅ​ទិស​ទាំង​4​នៃ​វិមាន​ឯករាជ្យ​មាន​ន័យ​បែប​ណា ?

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិមាន​ឯករាជ្យ​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ពី​បារាំង ហើយ​ក៏​ជា​សំណង់​បង្ហាញ​ពី​អច្ឆរិយ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ យើង​និយាយ​ពី​ការ​សាងសង់​ក្បាល​នាគ​ចំនួន​១០០ ដែល​បាន​ដាក់​នៅ​ទិស​ទាំង​៤​នៃ​វិមាន​ឯករាជ្យ ស្ថិត​ក្នុង​ភាព​ជា​អាថ៌​កំបាំង​នៅឡើយ…

រាជធានី​ភ្នំពេញ ៖ វិមាន​ឯករាជ្យ​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ពី​បារាំង ហើយ​ក៏​ជា​សំណង់​បង្ហាញ​ពី​អច្ឆរិយ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ យើង​និយាយ​ពី​ការ​សាងសង់​ក្បាល​នាគ​ចំនួន​១០០ ដែល​បាន​ដាក់​នៅ​ទិស​ទាំង​៤​នៃ​វិមាន​ឯករាជ្យ ស្ថិត​ក្នុង​ភាព​ជា​អាថ៌​កំបាំង​នៅឡើយ ។

ដើម្បី​បកស្រាយ​អាថ៌​កំបាំង​នេះ កោះសន្តិភាព​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​សាស្ត្រាចារ្យ ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​បកស្រាយ​អាថ៌​កំបាំង​នេះ ។

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ថា វិមាន​ឯករាជ្យ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​វីរ​ស្ថាបត្យករ វណ្ណ ម៉ូ​លី​វណ្ណ ក្នុង​កំឡុង​ឆ្នាំ​១៩៥៨ ។ វិមាន​ឯករាជ្យ​បាន​យក​លំនាំ​តាម​ប្រាសាទបាគង ក្នុង​ខេត្តសៀមរាប ជា​តំណាង​ឲ្យ​ទស្សន​ប្រាសាទភ្នំ ដែល​បាន​សាងសង់​នៅ​សតវត្សរ៍​ទី​៩ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​១ ។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ការ​សាងសង់​វិមាន​ឯករាជ្យ​នេះ ក៏​មានការ​ទទួល​ឯកភាព​ពី​អតីត​សម្តេច​ព្រះបាទ​នរោត្តម សីហ​នុ ដែល​បង្ហាញ​ពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ និង​ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ពី​បារាំង ហើយ​សំណង់​នេះ ក៏​បង្ហាញ​ពី​អច្ឆរិយ​ភាព​នៃ​ទស្សន​ស្ថាបត្យកម្ម​ខ្មែរ​ផង​ដែរ ។

លោក​បន្ត​ថា ៖« ប្រាសាទ​វិមាន​ឯករាជ្យ​ជា​តំណាង​ឲ្យ​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​សម​ស្រប​តាម​នយោបាយ​ដឹកនាំ​ប្រទេស​នា​សម័យ​នោះ និង​ក្សត្រ​ខ្មែរ​យើង ត្រូវ​គេ​ចាត់​ទុក​ជា​បុត្រ​របស់​ព្រះព្រហ្ម ដែល​យក​អំណាច​ពី​ឋាន​លើ​មក​ដឹកនាំ​ប្រទេស​ជាតិ ទើប​គេ​សាង​សង់​ប្រាសាទ​ឲ្យ​ខ្ពស់​បែប​នេះ » ។

លោក​បន្ថែម​ថា ៖« ការ​សាងសង់​វិមាន​ឯករាជ្យ ជា​ការ​បូក​បញ្ចូល​នូវ​ទស្សនៈ​ធំ​ៗ​ទាំង​អស់​នេះ និង​ការ​បង្ហាញ​ស្នា​ព្រះ​ហស្ត​របស់​សម្តេច​សីហ​នុ ដែល​លោក​បាន​យាងចុះ​តាម​គ្រប់​ខេត្ត ក្រុង​ទាំងអស់ ហើយ​ចលនា​ឲ្យ​មានការ​បង្កើត​កងកម្លាំង បង្កើត​កាំភ្លើង​ឈើ ដើម្បី​បង្ហាញ​កម្លាំង​ទាមទារ​ឯករាជ្យ រហូត​ដល់​បារាំង​ផ្តល់​ឯករាជ្យ​ភាព​ដល់​កម្ពុជា អាច​គ្រប់គ្រង​ដោយ​ខ្លួនឯង » ។

ចំណែក​ក្បាល​នាគ​ទាំង​១០០​នៅ​លើ​វិមាន​ឯករាជ្យ លោក​សាស្ត្រាចារ្យ ភឿ​ង សុ​ភ័​ណ្ឌ បាន​ថ្លែង​ថា ជា​ទូទៅ ក្នុង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង សត្វ​នាគ​តំណាង​ឲ្យ​ទេវ​កថា ព្រោះ​យើង​មិន​ដែល​ឃើញ​នាគរាជ​ទេ យើង​ឃើញ​តែ​ពស់ ។ នាគរាជ​នៅ​លើ​វិមាន​ឯករាជ្យ​មាន​ក្បាល​ចំនួន​៥ និង​បែរមុខ​ទៅ​ទិស​ទាំង​៤ ដែល​តំណាង​ឲ្យ​បារមី​ព្រះមហា​ក្សត្រ​គ្រប់គ្រង​ដឹកនាំ​ប្រទេស ។

លោក​បន្ត​ថា ៖« ក្បាល​នាគ​ទាំង​១០០​បង្ហាញ​ពី​អំណាច​បារមី​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ព្រះមហាក្សត្រ ក៏​ដូច​ជា​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​ដើម្បី​ការពារ​នូវ​ឯករាជ្យ​ភាព​ជាតិ​របស់​ខ្មែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ