ស្ត្រីវ័យកណ្តាលម្នាក់ឈ្មោះស្រីមុំ រស់នៅខេត្តស្វាយរៀង មានកូនប្រុស៣នាក់ និយាយថា កូនយំគាំងគឺជាបញ្ហាគួរឱ្យខ្លាចបំផុតសម្រាប់គាត់ ប៉ុន្តែ យូរៗទៅវាប្រែជាទម្លាប់ទៅហើយ។ ពេលពួកគេធំឡើងបញ្ហាយំគាំងនេះលែងកើតមានទៀតចំពោះកូនរបស់គាត់។
ស្ត្រីរូបនេះឲ្យដឹងថា ក្នុងចំណោមកូនទាំងបីរបស់អ្នកស្រី គឺកូនពៅកើតមានបញ្ហាយំគាំង។ កាលពីកូនទើបនឹងកើត មិនដែលមានបញ្ហាយំគាំងទេ រហូតដល់បាន១ខួបទើបកូនអ្នកស្រីកើតមានបញ្ហាយំគាំងនេះឡើង ។ រាល់ពេលដែលកូនរបស់អ្នកស្ត្រីយំ ម្តងៗ គឺមានសភាពយំរហូតគាំងបាត់សំឡេង និងឡើងស្វាយបបូរមាត់ មុខមាត់ឡើងស្លេក ទន់ដៃទន់ជើង ។ ខណៈពេលយំ ម្តងៗអ្នកស្រីភ័យណាស់ និងបានច្របាច់ដៃជើង ហៅឈ្មោះកូន និងអង្រួនកូន ដើម្បីឱ្យគេដឹងខ្លួនមកវិញ ។
សភាពដែលគួរឱ្យភ័យខ្លាចបែបនេះ កើតមានជារាល់លើកនៅពេលដែលកុមាររូបនេះយំ ម្តងៗ ហើយប្រហែលជា៥ទៅ១០នាទីគេក៏ដឹងខ្លួនឡើងវិញ ។ អ្នកស្ត្រីមិនបានទៅព្យាបាលនៅតាមមន្ទីរពេទ្យអ្វីទេ រហូតដល់កូនមានអាយុ៤ឆ្នាំទើបលែងមានបញ្ហាយំគាំងទៀត ។

ជាការណ៍ពិតអាការយំដូចដែលអ្នកស្ត្រីមុំបានរៀបរាប់នេះ គឺជាការយំគាំងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ប៉ុន្ដែបើយំជាប់គាំងរហូតដល់ប្រកាច់រឹងខ្លួន ឬក៏យំជាប់គាំងនៅក្នុងមួយថ្ងៃច្រើនដងនោះ វាអាចនឹងមានបញ្ហាធ្ងន់ ដែលទាក់ទងទៅនឹងសុខភាពកូនរបស់លោកអ្នក និងទាមទាឱ្យលោកអ្នកដែលជាឪុកម្តាយគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ។
មកដល់ពេលនេះនៅមិនទាន់មានអ្នកណាដឹងពីដើមហេតុនៃការយំគាំងនេះទេ តែមានកត្ដាមួយចំនួនបង្កឱ្យកើតជាការយំគាំងនេះឡើង ដូចជា ការឈឺចាប់ ការរំជួលចិត្ដ ការភ័យខ្លាច ឬការរារាំងមិនឱ្យធ្វើអ្វីមួយដែលចង់ធ្វើ ។ ចំពោះក្មេងមួយចំនួន ការយំគាំងអាចទាក់ទងនឹងកង្វះជាតិដែកផងដែរ ។ យ៉ាងណាមិញដើម្បីការពារពីគ្រោះថ្នាក់ផ្សេង នៅពេលដែលកូនរបស់លោកអ្នកយំគាំងបាត់សំឡេង លោកអ្នកត្រូវដាក់ក្មេងដេកផ្អៀង ហើយត្រូវតាមដានអំពីអាការរបស់ក្មេង ។ មិនត្រូវអង្រួន ឬដាក់អ្វីក្នុងមាត់ ឬជះទឹកដាក់ក្មេងឡើយ ។ បន្ទាប់ពីដឹងខ្លួនធម្មតាវិញ ត្រូវប្រព្រឹត្ដចំពោះក្មេងដូចធម្មតា មិនត្រូវធ្វើទណ្ឌកម្ម ឬទំរើសពេកទេ ព្រោះអាចធ្វើឱ្យក្មេងងាយមានទម្លាប់យំគាំង ។ ត្រូវចាំថាការយំគាំងនេះនឹងត្រឡប់មកធម្មតាវិញដោយឯកឯង ។ បើសិនជាកូនរបស់លោកអ្នកកើតមានបញ្ហាធ្ងន់ត្រូវនាំទៅពិគ្រោះបញ្ហានេះជាមួយគ្រូពេទ្យដើម្បីឱ្យដឹងថា ពួកគេគ្មានបញ្ហាអ្វី ផ្សេងៗទៀត ដូចជាបេះដូងដើរមិនទៀងទាត់ជាដើម ។
ដើម្បីជៀសផុតពីបញ្ហាយំគាំនេះលោកអ្នកគួរតែ ឱ្យកូនសម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើឱ្យកូនមានអារម្មណ៍ថាមានសុវត្ថិភាព កាត់បន្ថយការធ្វើឱ្យក្មេងខឹងមិនសប្បាយចិត្ដជាដើម៕
ចែករំលែកព័តមាននេះ