ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ខ្ចី​លុយ​ដោយ​គ្មាន​គោលដៅ នឹង​នាំ​ឱ្យ​កើត​បំណុល​វ័ណ្ឌក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដែល​កំពុង​ប្រតិបត្តិ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺជា​ប្រភព​មូលធន​មួយ​យ៉ាង​សំខាន់​សម្រាប់​សហគ្រិន អាជីវករ ពាណិជ្ជករ ក៏​ដូច​ជា​កសិករ ដើម្បី​បង្កើត និង​ពង្រីក​មុខរបរ…

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដែល​កំពុង​ប្រតិបត្តិ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺជា​ប្រភព​មូលធន​មួយ​យ៉ាង​សំខាន់​សម្រាប់​សហគ្រិន អាជីវករ ពាណិជ្ជករ ក៏​ដូច​ជា​កសិករ ដើម្បី​បង្កើត និង​ពង្រីក​មុខរបរ ឬ​អាជីវកម្ម​របស់​ពួក​គេ ប៉ុន្ដែ​ប្រសិនបើ​ការ​ខ្ចី​ពុំ​មាន​គោលដៅ​ពិតប្រាកដ ឬ​ពុំ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​សង​ត្រឡប់ ហានិភ័យ​នៃ​បំណុល​នឹង​កើត​មាន ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ឱកាស​គម្រប់​ខួប​៥​ឆ្នាំ​នៃ​ដំណើរការ​ការិយាល័យ​ឥណទាន​កម្ពុជា លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ការិយាល័យ​ឥណទាន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ទទួល​បាន​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺជា​រឿង​សំខាន់​ណាស់ ប៉ុន្ដែ​អ្នក​ខ្ចី​ត្រូវ​មានគំនិត និង​គោលដៅ​ច្បាស់លាស់ ។

លោក​ជំទាវ​ថ្លែង​ថា ៖« កុំ​យល់​ថា​ខ្ចី​លុយ​គេ សុទ្ធតែ​មិនល្អ ។ ប្រជាជន​នៅ​ប្រទេស​ណា​ក៏​មានការ​ខ្ចី​លុយ​ដែរ អ្នកខ្លះ​បើ​អត់​ខ្ចី​ទេ ក៏​អត់​មាន​លទ្ធភាព​ពង្រីក ឬ​បង្កើត​មុខរបរ​បាន​ដែរ ហើយ​អ្នកខ្លះ​ទៀត បើ​មិន​ខ្ចី​ទេ ក៏​ពុំ​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​​ដែរ ប៉ុន្ដែ​អ្នក​ខ្ចី​ត្រូវ​មានគំនិត និង​ត្រូវ​គិត​ថា ខ្ចី​លុយ​គេ​យក​ទៅ​ធ្វើ​អី ? ចាំបាច់​ដែរ​ឬទេ ? កន្លែង​ហ្នឹងហើយ​ដែល​យើង​ត្រូវ​គិត » ។

លោក​ជំទាវ​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖« បើ​មិន​ចាំបាច់​ទេ កុំ​ខ្ចី​លុយ​គេ តែ​អ្នកខ្លះ​ខ្ចី​យក​ទៅ​ជប់លៀង​កូន​ប្រឡង​ជាប់ ឬ​ខ្ចី​លុយ​ទិញ​ម៉ូតូ​ឲ្យ​កូន​ជិះ​ជាដើម ដែល​វា​អត់​មាន​ចំណូល​មក​វិញ នោះ​ហើយ​គឺជា​ហានិភ័យ​ដែល​នាំ​ឲ្យ​មាន​បំណុល​។ ដូច្នេះ យើង​ត្រូវ​សិក្សា​ពី​លទ្ធភាព​ខ្លួនឯង បើកាលណា​ខ្ចី​លុយ​ហើយ គឺ​ត្រូវ​តែ​មាន​កាតព្វកិច្ច​សង​គេ ។ ត្រូវ​ដឹង​ខ្លួនឯង​ថា ខ្ចី​គេ​ចាំបាច់​ឬ​អត់ បើ​ចាំបាច់​ហើយ ត្រូវ​តែ​មាន​កាតព្វកិច្ច​សង​គេ » ។

លោក​បណ្ឌិត ង៉ែត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា ធ្លាប់​លើក​​ឡើង​ថា ការ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក៏​មាន​សារ​ប្រយោជន៍​ដែរ ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់តែ​ដំណើរការ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត តែ​ត្រូវ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព ។

លោក​ថ្លែង​ថា ៖« បើ​យើង​ពឹងពាក់​តែ​លើ​ប្រាក់​សន្សំ​ម្ដង​បន្ដិច​ៗ​នោះ យើង​អត់​មាន​ដើមទុន​គ្រប់គ្រាន់​ក្នុង​ការ​ពង្រីក​មុខរបរ​ទេ អីចឹង​យើង​ត្រូវ​តែ​ខ្ចី ឲ្យ​តែ​យើង​យក​កម្ចី​ទាំងនោះ​ទៅ​ប្រើ​ចំ​គោលដៅ និង​ប្រើប្រាស់​ឲ្យ​ទទួល​បាន​ប្រភព​ចំណូល​មក​វិញ » ។

ទោះបី​យ៉ាងណា​លោក​ថា ៖« ខ្មែរ​យើង​នៅ​មាន​ផ្នត់គំនិត​មួយ គឺ​ខ្មាស​គេ មិន​ចង់​ឲ្យ​គេ​ដឹង​ថា​ខ្លួនឯង​ខ្ចី​លុយ​គេ ហើយ​កន្លង​មក មាន​អតិថិជន​ខ្លះ​យក​អចលនទ្រព្យ​ពីរ​ឬ​បី​កន្លែង​ទៅ​ដាក់​នៅ​គ្រឹះស្ថាន​ផ្សេង​ៗ​គ្នា ។ ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រាកដជា​មិនដឹង​លម្អិត​ពី​អតិថិជន​របស់​ខ្លួន​ឡើយ​។ ដូច្នេះ​ហើយ​ទើប​មាន​បញ្ហា​អតិថិជន​ជំពាក់​បំណុល​ជាន់​គ្នា រហូត​ក្លាយជា​បំណុល​វ័ណ្ឌក​នោះ » ។

ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ដើរតួ​ជា​អ្នក​ផ្ដល់​កម្ចី និង​ជា​អ្នក​ប្រមូល​ប្រភព​ទុន​យក​ឲ្យ​អតិថិជន​ខ្ចី ដើម្បី​បង្កើត ឬ​ពង្រីក​មុខរបរ​រកស៊ី ។ យ៉ាងណា​ក៏​ដោយ ការ​ឲ្យ​ខ្ចីប្រាក់​នេះ វា​មាន​ហានិភ័យ​ខ្ពស់ ប្រសិនបើ​មិន​បាន​សិក្សា​ពី​ប្រាក់​ចំណូល ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់ និង​ឈ្វេងយល់​ពី​អតិថិជន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដែល​នឹង​ក្លាយជា​បំណុល​វ័ណ្ឌក​នៅ​ថ្ងៃ​អនាគត ។

លោក​ជំទាវ​ជា សិរី ក៏​បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​មាន​យុទ្ធនាការ ឬ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​ពួក​គាត់​ពន្យល់​ទៅ​ប្រជាពលរដ្ឋ​ពី​ភាព​ចាំបាច់​នៃ​កម្ចី និង​ទំនួល​ខុស​ត្រូវ​ចំពោះ​បំណុល​ផង​ដែរ ព្រោះ​អ្នក​ខ្ចី និង​អ្នក​ឲ្យ​ខ្ចី គឺ​មាន​ការ​ទទួលខុសត្រូវ​ដូច​គ្នា ។

លោក​ជំទាវ​លើក​ឡើង​ថា ៖« កាតព្វកិច្ច​របស់​អ្នក​ឲ្យ​ខ្ចី​ក៏​អីចឹង​ដែរ ប្រសិនបើ​ដឹង​ថា អតិថិ​ជន​គ្មាន​លទ្ធភាព ឬ​ជំពាក់​បំណុល​គេ​ច្រើន​ហើយ នៅ​តែ​ឲ្យ​ខ្ចី​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​អតិថិ​ជន​កាន់តែ​មាន​បំណុល​កើនឡើង​ថែម​ទៀត ហើយ​នេះ​គឺជា​ការ​ខ្វះ​ទំនួល​ខុស​ត្រូវ​មួយ»។

ដើម្បី​ការពារ​ផលប្រយោជន៍​ទាំង​អ្នក​ខ្ចី និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ដែល​ផ្ដល់​កម្ចី និង​គ្រប់គ្រង​ហានិភ័យ​ពី​បំណុល ក៏​ដូច​ជា​ធ្វើ​ឲ្យ​វិស័យ​នេះ​រីក​ចម្រើន​ប្រកបដោយ​និរន្ដរភាព កាលពី​ខែមីនា ឆ្នាំ​២០១២ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ហៅ​កាត់​ថា (​ស៊ី​ប៊ី​ស៊ី​) បើក​ដំណើរការ​ការិយាល័យ​ប្រតិ​បត្តិ​ការ​​របស់​ខ្លួន​នៅ​កម្ពុជា ដែល​មាន​តួនាទី​ស្នូល​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ឥណទាន​ដែល​ពេញលេញ​អាច​ជឿ​ទុកចិត្ត​បាន​នៅ​ប្រទេស​កម្ពុជា ។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ស៊ី​ប៊ី​ស៊ី ជា​កូនសោ​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។ ស្ថាប័ន​នេះ​បាន​ប្រមូល​​ទិន្នន័យ​ពី​បណ្តា​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង​ប្រតិ​បត្តិ​ករ​ឥណទាន​ទាំងអស់ ដើម្បី​ធ្វើការ​វិភាគ និង​ចងក្រង​ទិន្នន័យ​ទាំងនោះ​ទុក​ផ្ដល់​ជា​ចក្ខុវិស័យ​ច្បាស់លាស់ និង​មាន​តម្លាភាព​អំពី​ប្រវត្តិ​ឥណទាន​របស់​ស្ថាប័ន​ទាំងនោះ ។

លោក​ថ្លែង​ថា ៖« គិត​ចាប់ពី​ឆ្នាំ​២០១២​មក ក្រុមហ៊ុន​បាន​ធ្វើ​របាយការណ៍​ជាង​១៣​លាន​របាយការណ៍​ដោយ​ផ្អែក​ទៅ​លើ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​នីមួយ​ៗ ជួយ​ឲ្យ​មាន​ទិន្នន័យ​ជា​រួម​មួយ​ដើម្បី​អាច​យល់​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ឥណទាន​ជា​សកល​របស់​បុគ្គល​ម្នាក់​ៗ » ។

វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មិន​ត្រឹមតែ​ដើរតួ​នាទី​ស្នូល​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី និង​ទទួល​ប្រាក់​បញ្ញើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បង្កើត​ការងារ ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាង​រឹង​មាំ​ថែម​ទៀត ហើយ​បច្ចុប្បន្ន​កំពុង​តែ​រីក​ចម្រើន​យ៉ាង​ខ្លាំង ពិសេស​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។
គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០១៧​នេះ ចំនួន​គ្រឹះស្ថាន​ធនាគារ​បាន​កើនឡើង​ដល់​៣៩, ធនា​គារ​ឯកទេស​១៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៧ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​កើន​ដល់​៦៦ ។ ចំណែក​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​មាន​ប្រមាណ​២៧,៣​ប៊ី​លាន​ដុល្លារ កើនឡើង​ជិត​៥​ដង ខណៈ​ដែល​ទ្រព្យសកម្ម​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ប្រមាណ​៤,៧​ប៊ី​លាន​ដុល្លារ កើនឡើង​ជិត​១០​ដង ។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ