ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជា​ប្រទេស​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​ឥណទាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផ្ដល់​សេវា​ឥណទាន​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា​កាន់តែ​មាន​​វិសាលភាព​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស ។ ដោយសារ​តែ​កម្ពុជា​ឈរ​លើ​ច្បាប់​ផ្ដល់​ឥណទាន​មាន​ភាព​ច្បាស់លាស់ និង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ចែករំលែក​ព័ត៌មាន​បាន​ត្រឹមត្រូវ ឯករាជ្យ អព្យាក្រឹត និង​មាន​តម្លាភាព…

រាជធានី​ភ្នំពេញ ៖ ការ​ផ្ដល់​សេវា​ឥណទាន​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា​កាន់តែ​មាន​​វិសាលភាព​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស ។ ដោយសារ​តែ​កម្ពុជា​ឈរ​លើ​ច្បាប់​ផ្ដល់​ឥណទាន​មាន​ភាព​ច្បាស់លាស់ និង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ចែករំលែក​ព័ត៌មាន​បាន​ត្រឹមត្រូវ ឯករាជ្យ អព្យាក្រឹត និង​មាន​តម្លាភាព នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ត្រូវ​បាន​ធនាគារ​ពិភពលោក​វាយតម្លៃ​ថា ជា​ប្រទេស​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​ឥណទាន​ជាប់​ចំណាត់ថ្នាក់​ទី​៧ ក្នុង​ចំណោម​១៩០​ប្រទេស​នៅ​លើ​ពិភពលោក ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។

នៅ​ក្នុង​ពិធី​ខួប​៥​ឆ្នាំ​នៃ​ដំណើរការ​ការិយាល័យ​ឥណទាន​កម្ពុជា ដែល​មានឈ្មោះ​ថា ក្រេ​ឌី​ត​ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ឬ​ហៅ​កាត់​ថា​(​ស៊ី​ប៊ី​ស៊ី​) កាលពី​ថ្ងៃ​ទី​២៧ តុលា នៅ​សណ្ឋា​គារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន លោក អឿ សុធា​រ័​ត្ន បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​កម្ពុជា​ឈរ លើ​ច្បាប់ និង​មាន​ប្រព័ន្ធ​ចែក​រំលែក​​ព័ត៌មាន​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​កាន់​តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​វាយតម្លៃ​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក ស្ដី​ពី​ភាព​ងាយ​ស្រួ​កល​ក្នុង​ការ​ធ្វើ​ជំនួញ​។ ក្នុង​នោះ ក្រុមហ៊ុន​ស៊ី​ប៊ី​ស៊ី គឺជា​កូនសោ​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​បាន​រួមចំណែក​ជួយ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មានមុខមាត់​លើ​ឆាក​អន្តរជាតិ ។

លោក​ថ្លែង​ថា ៖« មុន​ពេល​បង្កើត​ការិយាល័យ​ឥណទាន​កម្ពុជា ប្រទេស​យើង​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៩០​ជាង បន្ទាប់​ពី​មាន​វត្តមាន​ការិយាល័យ​នេះ​នៅ​ឆ្នាំ​២០១២​មក ចំណាត់​ថ្នាក់​របស់​យើង​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ល្អ​បំផុត​ទី​៧​នៅ​លើ​ពិភពលោក​ក្នុង​ចំណោម​១៩០​ប្រទេស ចំពោះ​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ឥណទាន » ។

លោក​បញ្ជាក់​ថា ៖« ពិន្ទុ​សម្រាប់​ប្រទេស​នីមួយ​ៗ​នេះ ត្រូវ​បាន​គណនា​តាម​លក្ខណៈ​វិនិច្ឆ័យ​ជា​ច្រើន​រួម​មាន ការ​បង្កើត​ការិយាល័យ​ឥណទាន និង​ការ​អនុលោម​ទៅ​តាម​បទដ្ឋាន​អន្ដរជាតិ ជាដើម » ។

លោក​ជំទាវ ជា សិរី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ស៊ី​ប៊ី​ស៊ី បាន​ថ្លែង​ដែរ​ថា ក្នុង​រយៈ​ពេល​ប្រតិបត្តិការ​៥​ឆ្នាំ​កន្លង​មកនេះ ស៊ី​ប៊ី​ស៊ី​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បាន​​ចូលរួម​ចំណែក​លើកកម្ពស់​មុខមាត់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។

លោក​ជំទាវ​ថ្លែង​ថា ៖« ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​បាន​ក្លាយជា​ឧបករណ៍​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​វិភាគ​ពី​ស្ថានភាព​បំណុល​របស់​អតិថិជន ជួយ​ដល់​ធនាគារ និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​គ្រប់គ្រង​ហានិភ័យ​ឥណទាន និង​ជំរុញ ក៏​ដូច​ជា​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ខ្ចីប្រាក់​ដែល​មាន​ប្រវត្តិ​ឥណទាន​ល្អ ក្នុង​ការ​ទទួល​បាន​ឥណទាន​ឆាប់រហ័ស​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ » ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា បច្ចុប្បន្ន ស៊ី​ប៊ី​ស៊ី​បាន​និង​កំពុង​ប្រមូល​ទិន្នន័យ​ឥណទាន​របស់​រូប​វ័​ន្ត​បុគ្គល​ទូ​ទាំង​ប្រទេស​ពី​គ្រឹះស្ថាន​ជា​សមាជិក​ដែល​មាន​ចំនួន​ជាង​១៤០ ដើម្បី​ជា​ជំនួយ​ដល់​សមាជិក​នីមួយ​ៗ​ក្នុង​ការ​វាយតម្លៃ និង​កាត់​បន្ថយ​ហានិភ័យ​ឥណទាន​បាន​ប្រសើរ​ជាង​មុន ព្រមទាំង​កាត់​បន្ថយ​គម្លាត​ព័ត៌មាន និង​ពង្រីក​មូលដ្ឋាន​អតិថិជន ព្រមទាំង​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ ដែល​ទាំងនេះ​ផ្ដល់​លទ្ធភាព​ឲ្យ​គ្រឹះស្ថាន​បង្កើត​ប្រាក់​ចំណេញ និង​ជំរុញ​តម្លាភាព​នៃ​ការ​ផ្ដល់​កម្ចី ។

លោក​ជំទាវ​បញ្ជាក់​ថា ៖« គិត​មក​ត្រឹម​ដំណាច់ត្រីមាស​ទី​៣​ឆ្នាំ​នេះ ទិន្នន័យ​អតិថិជន​ខ្ចីប្រាក់​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កើនឡើង​ដល់​ជាង​២​លាន​នាក់ ជាមួយ​អត្រា​កំណើន​ប្រមាណ​២៥% ។ សមិទ្ធផល​សំខាន់​មួយទៀត​គឺ​ក្រុមហ៊ុន​បាន​ជួយ​ទាក់ទាញ​វិនិយោគិន​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន តាម​រយៈ​ការ​ចូលរួម​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ចំពោះ​ស្ថានភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ផ្អែក​តាម​ចំណាត់ថ្នាក់ «Doing Business» របស់​ធនាគារពិភពលោក » ។

គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០១៧​នេះ ចំនួន​គ្រឹះស្ថាន​ធនាគារ​បាន​កើនឡើង​ដល់​៣៩, ធនាគារ​ឯកទេស​១៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៧ និង​គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​កើន​ដល់​៦៦​។ ចំណែក​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​មាន​ប្រមាណ​២៧,៣​ប៊ី​លាន​ដុល្លារ កើនឡើង​ជិត​៥​ដង ខណៈ​ដែល​ទ្រព្យសកម្ម​នៅ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ប្រមាណ​៤,៧​ប៊ី​លាន​ដុល្លារ កើនឡើង​ជិត​១០​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ