មិនថា ផ្ទះតូចឬធំ បញ្ហាចម្បងរបស់ផ្ទះភាគច្រើន គឺរឿងមាសប្រាក់ ។ ប៉ុន្តែកត្តាសំខាន់ វាមិនមែនមកពីហុងស៊ុយទេ គឺជាវិន័យរបស់ខ្លួនឯងទាំងផ្នែកលុយកាក់ និងការទុកដាក់។
ទោះបីជាហុងស៊ុយផ្ទះល្អប៉ុនណាក្តី ប៉ុន្តែបើម្ចាស់ផ្ទះ ឬមេគ្រួសារគ្មានការងារគង់វង្ស គ្មានគោលដៅ និងគ្មានផែនការទុកដាក់ប្រាក់ទេនោះ ហុងស៊ុយក៏មិនអាចជួយអ្វីបានច្រើនដែរ។ បើទុកដាក់ប្រាក់បានល្អ ហុងស៊ុយនឹងជាអ្នកបន្ថែមឲ្យកើតសិរីមង្គលធ្វើឲ្យការទុកលុយកាក់ងាយស្រួលបន្ថែមទៀត ។ ផ្ទះដែលទុកប្រាក់មិនបាន មានន័យថា ផ្ទះនោះមានជោគលាភចូលមកហើយ គឺមកលឿន ចេញលឿន មាសប្រាក់ធ្លាក់មក តែទុកមិនសល់សម្រាប់អនាគត គឺមានលក្ខណៈដូចខាងក្រោមនេះ ៖
១-ទ្វារផ្ទះ ៖
ផ្នែកសំខាន់ចម្បង គឺទ្វារផ្ទះ ។ ជាធម្មតា ការធ្វើទ្វារផ្ទះ មិនគួរឲ្យមានទ្វារត្រូវគ្នាច្រើនទេ ដូចជា ទ្វារមុខផ្ទះត្រូវគ្នាជាមួយទ្វារខាងក្រោយផ្ទះ ដែលអាចមើលឃើញធ្លុះពីមុខទៅក្រោយ ។ វាប្រៀបដូចជាប្រាក់ចូលក្នុងហោប៉ៅហើយ តែចេញទៅវិញដោយងាយ ។
២-បង្អួច ៖
បង្អួចខ្ពស់មានលក្ខណៈស្រដៀងនឹងទ្វារផ្ទះដែរ ពិតណាស់ វានឹងមានលទ្ធផលដូចគ្នា។ តាមលក្ខណៈហុងស៊ុយ មិនគួរឲ្យបង្អួចនោះមើលឃើញផ្នែកខាងក្រៅខ្លាំងពេកទេ ដូចជា បើឈរនៅត្រង់បង្អួចផ្ទះ ប៉ុន្តែអាចមើលឃើញច្បាស់ដល់ខាងក្រោយផ្ទះ លក្ខណៈបែបនេះ គឺមិនខុសគ្នាពីទ្វារផ្ទះមុខត្រូវគ្នាជាមួយទ្វារក្រោយទេ ។
វិធីដោះស្រាយ ៖
១-ប្រើផ្ទាំងឡប់ឡែ ៖
ក្នុងករណីត្រូវការភាពងាយស្រួល និងមានរបៀប យើងអាចទិញផ្ទាំងឡប់ឡែមកដាក់រវាងទ្វារផ្ទះមុខ និងទ្វារក្រោយ ឬរវាងចន្លោះបង្អួចដែលមានលក្ខណៈដូចការរៀបរាប់ខាងដើម ដើម្បីធ្វើឲ្យខ្សែត្រង់រវាងច្រកទ្វារទាំងពីរបែកចេញពីគ្នា ។
២-ដាក់ទូកញ្ចក់ ឬទូសៀវភៅ ៖
វាជួយឲ្យកើតជាប្រយោជន៍បាន ទូកញ្ចក់ភាគច្រើនតែងតែដាក់នៅផ្នែកខាងមុខផ្ទះ និងបរិវេណបន្ទប់ទទួលភ្ញៀវ ដែលគេតែងដាក់វានៅកណ្តាលផ្ទះ ដើម្បីបែងចែកទីធ្លាផ្ទះជាផ្នែក និងមិនទុកផ្ទះមើលទៅស្រឡះខ្លាំងពេក ដូចជា បែងចែកបន្ទប់ទទួលភ្ញៀវ ជាមួយតុអាហារជាដើម ។
ការជ្រើសរើសទិញទូកញ្ចក់មកដាក់នៅកណ្តាលផ្ទះ ចំណុចសំខាន់ គឺត្រូវរើសទូណាដែលសមស្របជាមួយបន្ទប់ជាមុនសិន ។ ម៉ូដទូកញ្ចក់ភាគច្រើនបានបែងចែកជាម៉ូដក្រាស់ និងម៉ូដភ្លឺថ្លា។ ម្យ៉ាងទៀត ការជ្រើសរើសប្រភេទទូ មានផលទាក់ទងនឹងហុងស៊ុយខុសៗគ្នា ។
*ទូកញ្ចក់បែបក្រាស់ ៖ វាសមស្របនឹងបន្ទប់មានទំហំធំ និងទូលាយ ។ ទូប្រភេទនេះក៏ស័ក្តិសមសម្រាប់ប្រើប្រាស់ដោះស្រាយករណីផ្ទះខុសហុងស៊ុយផងដែរ ដូចជា មានជណ្តើរបែរមករកខាងមុខផ្ទះ ឬទ្វារមុខផ្ទះ និងទ្វារក្រោយត្រូវគ្នា ។
*ទូមើលទៅភ្លឺថ្លា ៖ វាសមជាមួយបន្ទប់មានទំហំតូចៗ ដូចជាផ្ទះ Townhouse ឬផ្ទះដាច់តែឯង ដែលមានទំហំបន្ទប់មិនលើសពី៥ម៉ែត្រ ព្រោះទូលក្ខណៈបែបនេះនឹងធ្វើឲ្យបន្ទប់មើលទៅមិនងងឹត ។
៣-ពន្លឺភ្លឺច្បាស់ ៖
ពន្លឺច្បាស់ធ្វើឲ្យមានកម្លាំងថាមពល ។ អ្នកអាចដាក់តាំងអំពូលភ្លើងមានពន្លឺច្បាស់ខ្លាំងក្នុងបរិវេណទ្វារមុខ ទ្វារក្រោយ ឬប្រើប្រាស់ពន្លឺភ្លើងគោមលើពិដានគ្រីស្តាល់ វានឹងជួយបែងចែកថាមពលបានល្អ ។
គោលការណ៍ខាងលើនេះ នឹងមិនធ្វើឲ្យប្រាក់ហូរចេញក្រៅ ខណៈកម្លាំងថាមពលនឹងចូលទៅដល់បន្ទប់ផ្សេងៗ និងស្ថិតនៅក្នុងផ្ទះទៀតផង ។
យ៉ាងម៉េចទៅហើយ ? មកដល់ចុងបញ្ចប់នេះ អ្នកអាចសាកល្បងសង្កេតមើលផ្ទះរបស់ខ្លួនថា វាដូចគ្នានឹងការសរសេរនេះឬទេ ? ប្រសិនបើដូចនោះ ក៏មិនចាំបាច់ខ្វល់ខ្វាយចិត្តទេ ព្រោះយើងអាចដោះស្រាយបានដោយងាយ និងមិនវាយកម្ទេចរុះរើថ្មី ។
ទោះជាយ៉ាងណា ការប្រើជីវិតយ៉ាងគ្រប់គ្រាន់ ត្រូវស្គាល់ពីការសន្សំ និងផែនការទុកដាក់ប្រាក់ ជាចំណែកសំខាន់ដែលគ្រប់លំនៅឋានត្រូវមាន និងសិក្សាយ៉ាងត្រឹមត្រូវ ។ យើងគួរផ្តល់ភាពសំខាន់ជាមួយចំណុចទាំងនេះច្រើនជាងហុងស៊ុយ ។ ចំណែកខាងហុងស៊ុយ វាជាផ្នែកបន្ថែមធ្វើឲ្យផ្ទះរក្សាទ្រព្យបានគង់វង្ស និងកាន់តែចង់រស់នៅ ៕
ចែករំលែកព័តមាននេះ