រាជធានីភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច និងប្រជាសាស្ត្របានធ្វើឲ្យតម្រូវការប្រើប្រាស់សម្ភារនានាកើនឡើងគួរឲ្យកត់សម្គាល់ ដែលផ្ដល់ឱកាសដល់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាបរទេសមកបណ្ដាក់ទុនរកស៊ីស្ទើរគ្រប់វិស័យ ។ ក្នុងនោះគេសង្កេតឃើញមានអាជីវកម្ម២ប្រភេទកំពុងតែលូតលាស់ខ្លាំងជាងគេ គឺអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ និងយានដ្ឋានជួសជុល ឬថែទាំយានយន្ដ ។
អាជីវកម្មទាំងពីរប្រភេទនេះ បច្ចុប្បន្ន កំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ចរឹងមាំជាងគេមួយនៅតំបន់អាស៊ីនេះ ខណៈដែលប្រាក់ចំណូលប្រជាពលរដ្ឋក្នុង១នាក់ បើតាមការព្យាកររបស់ADBថា នឹងកើនពី១.៣០២ដុល្លារកាលពីឆ្នាំមុន ដល់១.៤៣៤ដុល្លារនៅឆ្នាំនេះ ។
ដោយឡែក បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានឲ្យដឹងដែរថា គិតត្រឹមខែមេសាឆ្នាំនេះ រថយន្តបានចុះបញ្ជីនៅទូទាំងប្រទេស មានចំនួនជាង៩១ម៉ឺនគ្រឿង និងម៉ូតូជាង៣,២លានគ្រឿង ។
កត្តាប្រាក់ចំណូល និងកំណើនយានយន្ដ នេះហើយ បានជំរុញឲ្យអាជីវកម្មទាំងពីរនេះរីកលូតលាស់កាន់តែខ្លាំងឡើង ដោយសារវាជាប្រភេទអាជីវកម្មមានតម្រូវការចាំបាច់ ខុសប្លែកពីអាជីវកម្ម ឬមុខរបរដទៃ ដែលមានទំនិញ ឬសម្ភារអាចជំនួសបាន ។ ទោះបីយ៉ាងណា ដើម្បីបើកអាជីវកម្មទាំងនេះ ក៏ត្រូវចំណាយទុនច្រើន ហើយប្រសិនបើមិនសិក្សាពីទីតាំងឲ្យបានច្បាស់លាស់ទេនោះ ក៏អាចប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋរស់នៅជិតខាងផងដែរ ។
ជាងជំនាញខាងបាញ់ថ្នាំម្នាក់នៅយានដ្ឋានអាស៊ី ដែលមានទីតាំងខាងកើតអតីតរង្វង់មូលទួលគោក បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានម្ចាស់រថយន្ដជាច្រើនបានមករកសេវាជួសជុល និងតុបតែងលម្អរថយន្ដនៅតំបន់នេះ ព្រោះជាតំបន់ដែលសម្បូរយានដ្ឋានជួសជុល និងហាងលក់សម្ភារតុបតែងរថយន្ដ ។
ជាងជំនាញរូបនេះនិយាយថា ៖« សព្វថ្ងៃនេះ បើអ្នកមានលុយ ឬមានដីធំបន្ដិច បើកតែហ្គារ៉ាសជួសជុលរថយន្ដ ដឹងតែកើបលុយស្រួល ព្រោះមួយថ្ងៃៗ ខ្ញុំរកតែពេលហូបបាយសឹងមិនបាន ដោយសារតែអត់សូវមានជាងជំនាញ ហើយម្ចាស់ហ្គារ៉ាសវិញមិនពិបាកទេ គឺចាំតែចែកភាគរយជាមួយជាងប៉ុណ្ណោះ ។ ទោះបីយ៉ាងណា ក៏ត្រូវមានសម្ភារ និងឧបករណ៍សម្រាប់ឲ្យជាងជួសជុលដែរ មិនមែនមានតែកន្លែងទេ » ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បានមើលឃើញថា អាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ និងសេវាកម្មជួសជុល ថែទាំយានយន្ដ ពិតជាកើនឡើងខ្លាំងមែន ប៉ុន្តែវាក៏អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែរ ។
លោកលើកឡើងថា ៖« ដោយសារតែការប្រកួតប្រជែងគ្នាខ្លាំងពេក ធ្វើឲ្យសម្បូរតែបរិមាណ តែគុណភាពមិនល្អប្រសើរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ព្រោះកន្លែងខ្លះមិនបានសិក្សាពីតម្រូវការទីផ្សារថា តំបន់នោះផ្ដល់សក្ដានុពលដល់ក្រុមហ៊ុនដែរឬយ៉ាងណា » ។
ចំណែកអាជីវកម្មជួសជុលយានយន្តវិញក៏មានច្រើនដូចគ្នា គ្រាន់តែមិនសូវជាមានបញ្ហាអ្វីកើតឡើង ប៉ុន្តែសព្វថ្ងៃនេះ មិនទាន់មានយានដ្ឋានណាមួយមានឯកទេសលើរថយន្ដម៉ាកណាឲ្យប្រាកដទេ មានន័យថា នៅលាយឡំគ្នានៅឡើយ ។
យ៉ាងណាក៏ដោយ លោក ង៉ែត ជូ បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុនទាំងអស់ មិនថាម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈ ឬកន្លែងជួសជុលរថយន្តទេ មុននឹងសម្រេចបើកអាជីវកម្មណាមួយ ម្ចាស់ក្រុមហ៊ុននោះត្រូវតែសិក្សាឲ្យបានច្បាស់លាស់ទាំងតម្រូវការទីផ្សារ ទាំងសក្ដានុពលតំបន់ ។ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវការពារផលប្រយោជន៍ជូនអតិថិជន ដើម្បីចៀសវាងផលប៉ះពាល់ផ្នែកសេវាកម្ម និងការនាំចូលផលិតផលទាំងនោះយកមកលក់ជូនអតិថិជន ។
យោងតាមសៀវភៅព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០១៧នេះ នៅរាជធានីភ្នំពេញ មានស្ថានីយប្រេងឥន្ធនៈចំនួន៩គឺ ៖ ក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិច (SOKIMEX), តូតាល់ (TOTAL), កាល់តិច (CALTEX), ភីធីធី (PTT), កម្ពុជា តេលា (TELA), អិលអេចអ (LHR), សាវីម៉ិច (SAVIMEX), បីវីអឹម (BVM) និងស្ថានីយប្រេងឥន្ធនៈលីម ឡុង (LIM LONG) ។ ក្រៅពីនេះ ក៏មានដេប៉ូចែកចាយប្រេងឥន្ធនៈគ្រប់ទីកន្លែងទូទាំង២៥រាជធានី/ខេត្ត-ក្រុង ។
បើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងផងដែរថា ក្នុង១ឆ្នាំៗ កម្ពុជាបាននាំចូលប្រេងសាំងប្រមាណ៣៩១ពាន់តោន ស្មើនឹង២,៧%នៃប្រេងឥន្ធនៈសរុប ។ ចំពោះប្រេងម៉ាស៊ូត កម្ពុជាបាននាំចូលប្រមាណ២,២លានតោនក្នុង១ឆ្នាំ៕
ចែករំលែកព័តមាននេះ