ក្នុងសម័យកាលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ នៅក្រោមរបបផ្តាច់ការរបស់បនប៉ុល ពត ប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅយង់ឃ្នងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ប្រជាជនខ្មែរក៏ដូចជាជនបរទេសដែរ ដែលរស់នៅជំនាន់នោះ ប្រៀបបានរស់នៅក្នុងឋាននរក ។
ក្នុងសម័យនោះ នរណាហ៊ានក្រោកឡើងប្រឆាំងអ្នកនោះត្រូវចោទប្រកាន់ជាខ្មាំងរបស់អង្គការស្អីគេនោះ «សូវចាប់ច្រឡំកុំឱ្យលែងច្រឡំ ទុកមិនចំណេញដកចេញក៏មិនខាត ត្រូវតែកម្ទេច កម្ទេចទាំងពូជ កម្ទេចទាំងខ្សែ សូម្បីទារកនិងកូនក្មេងក្នុងពោះក៏កម្ទេចចោលដែរ គឺជីកស្មៅជីកទាំងឫស» ឥតមានទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬប្រព័ន្ធតុលាការណាជួយរកយុត្តិធម៌ឱ្យខ្មែរបានឡើយ ។
ជីវិតក្នុងដំណាក់កាលនោះប្រៀបបាននឹងយមបាលធ្វើទុក្ខទោស បោះមនុស្សចូលទៅក្នុងខ្ទះត្នោត ដែលមានទឹកមានខ្លាញ់កំពុងតែពុះកញ្ជ្រោលអីុចឹង ។ ក្នុងសម័យនោះរបបប្រល័យពូជសាសន៍បានបំផ្លាញសង្គមខ្មែរឱ្យខ្ទេចខ្ទីអស់ដល់ឫសគល់ ។ជ័យជម្នះថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បនប៉ុល ពត ប្រកាសឈ្នះដោយចុងអាវុធ បង្ខំជម្លៀសប្រជាជនឱ្យចេញពីលំនៅដ្ឋានដោយចុងអាវុធ បង្ខំឱ្យចេញពីទីក្រុងទៅជនបទ ដោយឱ្យមានតែខោអាវមួយចង្កេះឆ្អេះជាប់ខ្លួន ឥតស្បែកជើង ឱ្យចេញពីផ្ទះធំស្កឹមស្កៃឱ្យទៅនៅកូនខ្ទមតូចតាច រយីករយាក ដោយឥតមានទ្រព្យសម្បត្តិជាប់ខ្លួន បើមានរបស់ទ្រព្យច្រើនក៏ត្រូវអង្គការដកហូតអស់មិនទុកឱ្យប្រើប្រាស់ដែរ ។ សរុបទៅអង្គការបានបំបាត់ទីផ្សារមិនចាយប្រាក់ បំបាត់ជំនឿ សាសនា ផ្សឹកព្រះសង្ឃ បណ្តេញព្រះសង្ឃចេញពីវត្តអារាម មន្ទីរពេទ្យឥតមានអ្នកជំងឺ សាលារៀនឥតសិស្ស ប្រែសាលារៀន និងវត្តអារាមទៅជាគុក ជាមន្ទីរធ្វើទារុណកម្មមនុស្សយ៉ាងសាវហាវព្រៃផ្សៃមុនយកទៅសម្លាប់ចោល ។
របបប៉ុល ពត បានសម្លាប់អ្នកដឹកនាំក្នុងសមាសភាពគណៈរដ្ឋមន្ត្រី រួមទាំងមន្ត្រីជាន់ខ្ពស់យោធា នគរបាល សាស្ត្រាចារ្យ បញ្ញាវ័ន គ្រូបង្រៀន និងប្រជាជនទាំងឡាយណាដែលជាខ្មាំងរបស់អង្គការ ដូចជាប្រជាជនធ្វើបាក់ផាល នង្គ័លជាខ្មាំង ឃ្វាលគោឱ្យស៊ីស្រូវជាខ្មាំង ឃ្លានដកដំឡូងដាំខ្លួនឯងស្ងោរហូបក៏ជាខ្មាំងដែរ ។ល។ អង្គការសម្លាប់មនុស្សទាំងហ្វូងៗ ដោយដាក់ទិសដៅឱ្យប្រជាជនទាំងនោះ ផ្លាស់ទីលំនៅទៅកន្លែងដីខ្លាញ់ ឬឱ្យទៅរៀនសូត្រ ។ នៅទីបញ្ចប់អង្គការបោសសម្អាតផ្ទៃក្នុងអង្គការស្អីគេនោះដោយអង្គការចាត់តាំងឱ្យទៅធ្វើទូតនៅក្រៅប្រទេស គឺមានន័យថា កម្ទេចចោល ។ ប្រជាជនទូទាំងប្រទេសត្រូវបង្ខំរស់នៅជាសមូហភាព បង្ខំឱ្យធ្វើការរួម និងហូបរួមក្នុងសហករណ៍ព្រាត់ប្រាស់ពីក្រុមគ្រួសារ ឃ្លានគ្មានហូប ឈឺគ្មានឱសថព្យាបាល ខ្លះធ្វើការនៅកងចល័ត ខ្លះនៅកងយុវជន ខ្លះនៅកងយុវនារី និងខ្លះទៀតនៅកងកុមារ ។ ខ្មែររស់នៅក្នុងសម័យរបបប៉ុលពត ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយយប់ទៅមួយយប់ ក្នុងភាពភ័យខ្លាច រង់ចំាតើថ្ងៃណាអង្គការយកខ្លួនគេទៅកម្ទេចចោល ។
ក្នុងរបបដ៏ឃោរឃៅនេះ ប្រជាជនខ្មែរគ្រប់រូបរង់ចាំថ្ងៃរំដោះ ថ្ងៃជួយសង្គ្រោះឱ្យរួចផុតពីរបបផ្តាច់ការប្រល័យពូជសាសន៍ ។ ប្រជាជនខ្មែរប្រដូចរូបខ្លួនគេជាអ្នកទោសជាប់គុបឥតជញ្ជាំង គ្មានសិទ្ធិដើរហើរដោយសេរី គ្មានសិទ្ធិនិយាយស្តីបញ្ចេញមតិដោយសេរី សរុបទៅជារួមគ្មានសិទ្ធិក្នុងការរស់នៅតែម្តង ។ ពលរដ្ឋទាំងឡាយច្រណែននឹងសត្វគោ-ក្របី ដែលបនប៉ុល ពត ទុកជាយុទ្ធមិត្ត និងសត្វស្លាបទាំងឡាយដែលហោះហើរទាំងហ្វូងៗដោយសេរី ។ នៅពេលរដូវបុណ្យភ្ជុំបិណ្ឌម្តងៗជារដូវភ្លៀង ខ្ញុំឮសូរសំឡេងសត្វហ៊ីងយំគួរឱ្យស្រណោះ ប្រៀបខ្លួនឯងដូចជាធ្លាក់ខ្លួនក្នុងឋាននរកទាំងរស់ទៅហើយ ដោយនឹងក្នុងចិត្តពេលនោះថា បើសិនមានអ្នកមានបុណ្យមករំដោះ ជួយសង្គ្រោះជាតិខ្មែរឱ្យរួចផុតពីរបបប៉ុលពតប្រល័យពូជសាសន៍ ខ្ញុំសូមសន្យាយ៉ាងឧឡាឫកថា នឹងដឹងគុណចំពោះអ្នកមានបុណ្យនោះមួយជីវិត និងចាត់ទុកជាមាតាបិតាដែលបានផ្តល់ជីវិតទី២ចំពោះរូបខ្ញុំ ។ អាស្រ័យហេតុនេះហើយទើបប្រជាជនកម្ពុជាទាំងមូល លើកលែងតែក្រុមអគតិជ្រុលនិយមមួយចំនួនតូចប៉ុណ្ណោះ បានដឹងគុណចំពោះ ៖
ទី១-ព្រឹត្តិការណ៍ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបដិសន្ធិនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះជាតិមាតុភូមិ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។
ទី២-ព្រឹត្តិការណ៍២ធ្នូឆ្នាំ១៩៨៧ ជាថ្ងៃដែលសម្តេចតេជោហ៊ុន សែន ជួបចរចាលើកដំបូងជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ នៅហ្វែរអង់តា ដឺន័រ (Fere en Tardenois) ប្រទេសបារំាង ។ នេះជាការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបា៉រីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដើម្បីសន្តិភាព និងបង្រួបបង្រួមជាតិ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការសហប្រជាជាតិផង ។ សម្តេចតេជោសែន បានយាងសម្តេចឪ សម្តេចតា សម្តេចតាទួត ចូលស្រុកវិញ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៩១ ទ្រង់ធ្វើជាព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា ដើម្បីរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ដោយអ៊ុនតាក់ ដែលក្រោយមកបង្កើតបានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី២ ។
ទី៣-ព្រឹត្តិការណ៍២ធ្នូឆ្នាំ១៩៩៨ ជាថ្ងៃចេញគោលនយោបាយយុទ្ធសាស្ត្រត្រីកោណរបស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានធ្វើសន្តិភាវូបនីយកម្មបន្ទាប់ពីធ្វើសមាហរណកម្មទាំងស្រុងនៃកម្លាំងអគតិខ្មែរក្រហម ហើយក៏ជាការរលំរលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ក្រោមនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោសែន និងធ្វើសមាហរណកម្មយ៉ាងឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ រាប់ទាំងការទទួលបានអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ចូលជាសមាជិកអាស៊ាន ចូលអង្គការអន្តរជាតិដទៃទៀត ដូចជាអង្គការពាណិជ្ជកម្មពិភពលោកជាដើម ។
ព្រឹត្តិការណ៍ធំៗខាងលើគួបផ្សំនឹងសមិទ្ធផលជាបន្តបន្ទាប់ដែលកម្ពុជាធានាបាននូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ និងអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ គឺបានធ្វើឱ្យរូបខ្ញុំជាជនរងគ្រោះម្នាក់ក្នុងរបបប៉ុលពតចងចាំ និងមិនអាចបំភ្លេចបាននូវមហាទុក្ខវេទនាដែលធ្លាប់បានហែលឆ្លង។
សន្តិភាពវាមិនមែនធ្លាក់មកពីលើមេឃដោយចៃដន្យនោះទេ គឺពិតជាចេញពីបញ្ញាញាណដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បទពិសោធន៍ខ្ពស់ និងគិតគូរយ៉ាងល្អិតល្អន់ត្រឹមត្រូវរបស់ សម្តេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ដូច្នេះសិទ្ធិនៃការរស់រានមានជីវិតជាថ្មី ទើបនាំឱ្យមាននូវពិធីបុណ្យភ្ជុំបិណ្ឌដ៏អ៊ឹកអធឹក និងការរស់នៅសប្បាយរីករាយជួបជុំក្រុមគ្រួសារដោយសុខដុមរមនាដូចសព្វថ្ងៃ ៕
ដោយទិត្យ សារុនរ៉េត ជាទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា
ចែករំលែកព័តមាននេះ