រាជធានីភ្នំពេញ ៖ ការប្រកួតដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទម្ងន់៦៩គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍បាយ័នបឹងស្នោ កាលពីរាត្រីថ្ងៃសៅរ៍ ទី២៩ កញ្ញា កន្លងមកនេះ បានធ្វើឱ្យអ្នកទស្សនាជក់ចិត្តស្រែកហោ៊កញ្ជ្រៀវយ៉ាងកងរំពងតាំងពីបើកឆាកប្រកួតគូទី១ម៉្លេះ ។
អ្នកស្នេហាវិស័យកីឡាប្រដាល់តិចណាស់ដែលជឿថា កីឡាករកែងឆេះជង្គង់ហោះ អូត ភូថង អាចការពារខ្សែក្រវាត់បានដោយសារតែកីឡាករ អ៊ុង វីរៈ កំពុងតែហក់ឡើងវិជ្ជាគុនឥតឈប់ឈរផ្តួលគេឯងឱ្យចុះចាញ់ច្រើននាក់មកហើយ ។ ម៉្លោះហើយម្នាក់ៗស្ទើរតែហើបគូទពីកៅអីនៅពេលដែលឃើញអ្នកលេងមុខស្ងួត អ៊ុង វីរៈ អាចបំបែកស្នៀតដ៏មានឥទ្ធិពលរបស់គូសងសឹកបានហើយវាយសម្រុកវិញធ្វើឱ្យខ្លាចាស់ អូត ភូថង សន្លប់ស្តូកត្រឹមទឹកទី៤ស្ទើរមិនគួរឱ្យជឿ ។
ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ពិតជាមិនធម្មតាឡើយ ដោយមានទស្សនិកជនមកទស្សនាពេញណែនសង្វៀនប្រដាល់ និងមានការប្រគំតន្ត្រីចូលរួមសម្តែងពីតារាចម្រៀងល្បីលោក ណូយ វ៉ាន់ណេត និងអ្នកស្រី ហឹុម សីុវន កំដរបរិយាកាស ព្រមទាំងមានបាញ់កាំជ្រួចលើឆាកផងដែរ ។
ការរង់ចាំអ៊ុតមើលលទ្ធផលអ្នកណាជាម្ចាស់ជើងឯកពិតប្រាកដបានរកឃើញហើយ គឺកីឡាករ អុ៊ង វីរៈ មកពីក្លិបកងពលតូចឆត្រយោង៩១១ ដែលបានផ្តួលកីឡាករ អូត ភូថង មកពីក្លិបក្រសួងការពារជាតិឱ្យសន្លប់ក្នុងទឹកទី៤ ធ្វើឱ្យអ្នកគាំទ្រ អូត ភូថង សោកស្តាយមិនតិចឡើយ ដែលម្ចាស់ខ្សែក្រវាត់ អូត ភូថង របូតខ្សែក្រវាត់ជាលើកទី២ ខណៈកាលពីបីខែមុន បានបណ្តោយឱ្យអ្នកលេងជើងរន្ទះ កែវ រំចង់ ឆក់យកខ្សែក្រវាត់ជើងឯកអស់១ ធ្វើឱ្យអូត ភូថង ត្រូវខាតបង់មិនតិចទេ ពិសេសបញ្ហាប្រជាប្រិយភាព គឺពិតជារង្គោះរង្គើមិនខាន ។
ហេតុផលតែមួយគត់ដែលធ្វើឱ្យទស្សនិកជនភាគច្រើនផ្តល់ទំនុកចិត្តលើ អ៊ុង វីរៈ ថាពិតជាឈ្នះការប្រកួតដណ្តើមខ្សែក្រវាត់នេះដោយសារតែសំអាងថា កីឡាករ អូត ភូថង មានអាយុច្រើនថមថយកម្លាំង មិនដូចកាលនៅក្មេងឡើយ គួបផ្សំនឹងរឿងមានប្រពន្ធកូនក៏ជាចំណែកមួយធ្វើឱ្យឆាប់ហត់ ទើបជួបរឿងស៊យផ្ទួនៗបែបនេះ ។ ទោះយ៉ាងណា អូត ភូថង នាគ្រានោះក៏មិនណយដែរ ជាក់ស្តែងក្នុងរវាងបីទឹកដំបូងគឺលោកបានបញ្ចេញស្នៀតកាចៗ ធ្វើឱ្យអ៊ុង វីរៈ តក់ស្លុតម្តងៗដែរ ។
ដោយឡែកមួយគូទៀត ដែលធ្វើឱ្យសង្វៀនបាយ័នបឹងស្នោកក្រើកថែមមួយជាន់ទៀតនោះ គឺការប្រកួតរវាងកីឡាករ វង្ស ណយ មកពីក្លិបកងពលតូចលេខ៣១ ប៉ះជាមួយកីឡាករមុខស្រស់ ចាន់ រតនា មកពីក្លិបខេមរៈខ្លាហោះ ។ គូនេះថ្វីបើនៅទឹកដំបូងមិនសូវវាយគ្នាមែន ប៉ុន្តែចាប់ពីទឹកទី២ទៅពួកគេចាប់ផ្តើមវាយគ្នាយ៉ាងចាស់ដៃ ហើយវង្ស ណយ បានភ្លាត់ស្នៀតត្រូវ ចាន់ រតនា វាយចំក្បាលបែកឈាមធ្វើឱ្យ គេមានកំហឹងស្ទុះចាប់បោក ចាន់ រតនា ដួលភីងពីរបីដង ។
ចាន់ រតនា បានប្រើស្នៀតនាគវាត់កន្ទុយដ៏ជំនាញរបស់គេដែរ តែមិនបានលទ្ធផលឡើុយ ផ្ទុយទៅវិញស្រាប់តែវង្ស ណយ ប្រើស្នៀតវាត់កន្ទុយវិញចំគោលដៅល្អត្រូវអាជ្ញាកណ្តាលរាប់ប៉ុន្មានដង ទើបខាតពិន្ទុចាញ់បែបនេះ ។ចំពោះលទ្ធផលគូផ្សេងទៀត កីឡាករ សិុន ជីវ័ន មកពីក្លិបរកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន ឈ្នះកីឡាករ សូយ កក្កដា មកពីក្លិបអូដឹមកីឡា និងកីឡាករ កែវ មនោរា មកពីក្លិបនិរោធមានជ័យ ចាញ់កីឡាករ បឺត សំខាន់ មកពីក្លិបរា៉ហាប់ស្វាយប៉ាក ៕
ចែករំលែកព័តមាននេះ