ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​បើកបរ ៖ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ពី​ការ​កំណត់​ល្បឿន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ ថ្វី​ដ្បិតតែ​ការ​កកស្ទះ​ចរាចរណ៍​មិន​ថមថយ តែ​អាកប្បកិរិយា​របស់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ហាក់ដូចជា​មាន​របៀបរៀបរយ និង​ប្រសើរ​ឡើងជា​បន្ដបន្ទាប់ ហើយ​សង្ឃឹមថា ការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​នឹង​កាន់តែ​ប្រសើរ​ឡើង​ដូច​ប្រទេស​ជិតខាង ។ ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ ថ្វី​ដ្បិតតែ​ការ​កកស្ទះ​ចរាចរណ៍​មិន​ថមថយ តែ​អាកប្បកិរិយា​របស់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ហាក់ដូចជា​មាន​របៀបរៀបរយ និង​ប្រសើរ​ឡើងជា​បន្ដបន្ទាប់ ហើយ​សង្ឃឹមថា ការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​នឹង​កាន់តែ​ប្រសើរ​ឡើង​ដូច​ប្រទេស​ជិតខាង ។

ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ស្លាក​សញ្ញា​ចរាចរណ៍ ជា​កត្តាចាំបាច់​មួយ​ជួយ​ឲ្យ​ម្ចាស់​យានជំនិះ​ទាំងឡាយ​ដឹង​ច្បាស់​ថា ខ្លួន​កំពុង​បើកបរ​លើ​ទិស​ដៅ​ខុស​ឬ​ត្រូវ និង​ដឹង​ច្បាស់​ថា ខ្លួន​គួរ​ឬ​មិន​គួរ មុន​នឹង​សម្រេចចិត្ត​ឈប់​, បត់​ឆ្វេង​ឬ​ស្ដាំ និង​ទិស​ដៅ​ដែល​ខ្លួន​ឆ្ពោះទៅ​នោះ គួរ​បើកបរ​លើ​គន្លង​មួយ​ណា ជាដើម ។

នៅ​ថ្ងៃនេះ សារព័ត៌មាន​កោះសន្ដិភាព ផ្នែក​រថយន្ត និង​បច្ចេកវិទ្យា សូម​លើកយក​ការ​កំណត់​ល្បឿន​នៃ​ការ​បើកបរ​ថា តើ​រថយន្ដ ឬ​ម៉ូតូ ត្រូវ​បើកបរ​ក្នុង​ល្បឿន​ប៉ុន្មាន​នៅ​ក្នុង​ទីប្រជុំជន និង​ក្រៅ​ទីប្រជុំជន ។

ការ​កំណត់​ល្បឿន​បើកបរ​ក្នុង​ទីប្រជុំជន រថយន្ដ​គ្រប់​ធុន​បើកបរ​ក្នុង​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​, ម៉ូតូ និង​រ៉ឺ​ម៉ក​កង់​បី បើកបរ​ក្នុង​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ចំណែក​នៅ​ក្រៅ​ទីប្រជុំជន រថយន្ដ​គ្រប់​ប្រភេទ​បើកបរ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​, ម៉ូតូ​កម្លាំង​១២៥​សេស​ឡើង ៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​, ម៉ូតូ​កម្លាំង​ក្រោម​១២៥​សេស ៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​, រ៉ឺ​ម៉ក​កង់​បី និង​ត្រាក់ទ័រ ៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

យោង​តាម​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក មាត្រា​១៦ ចែង​ថា ល្បឿន​បើកបរ​យានជំនិះ​ត្រូវ​បាន​កំណត់​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

-​ការ​កំណត់​ល្បឿន​សម្រាប់​យានជំនិះ​ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ ។

-​អ្នកបើកបរ​មិន​ត្រូវ​ប្រើ​ល្បឿន​យឺត​ខុស​ប្រក្រតី​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​យានជំនិះ​ដទៃ​ទៀត​ទេ ។ អ្នកបើកបរ​ដែល​ប្រើ​ល្បឿន​យឺត ត្រូវ​បើកបរ​អែប​ទៅ​ខាងស្ដាំ ដើម្បី​ទុក​ឲ្យ​អ្នកបើកបរ​ដែល​ប្រើ​ល្បឿន​លឿន ជែង​ខាងឆ្វេង​ដៃ​បាន​ដោយ​ងាយស្រួល ។

-​អ្នកបើកបរ​ណា​ដែល​ត្រូវ​បង្ខំចិត្ត​បន្ថយល្បឿន​ឲ្យ​យឺត​ខុស​ប្រក្រតី ត្រូវ​ឲ្យ​ដំណឹង​ដល់​អ្នកបើកបរ​ផ្សេង​ទៀត ដោយ​ប្រើ​ភ្លើង​សញ្ញា​អាសន្ន ហើយ​ត្រូវ​បើកបរ​អែប​ទៅ​ខាងស្ដាំ​បំផុត​នៃ​ទ្រូងផ្លូវ ។

-​បទ​ប្បញ្ញត្តិ​កំណត់​ល្បឿន មិន​អនុវត្ត​ចំពោះ​អ្នកបើកបរ​យានយន្ដ​ក្បួន​នគរបាល ក្បួន​យោធា ក្បួន​គណៈប្រតិភូ ក្បួន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ យានយន្ដ​ពន្លត់​អគ្គិភ័យ យានយន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យ និង​យានយន្ដ​ខ្លះ​ទៀត​ដែល​បន្លឺ​សូរ​ស័ព្ទ ភ្លើង​សញ្ញា ពិសេស​នៅ​ពេល​កំពុង​បំពេញភារកិច្ច​ឡើយ ។

តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ កញ្ញា កន្លង​មក មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស កើតឡើង​ចំនួន​៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៤​គ្រឿង ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​បើក​ល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក និង​ប្រជែង​២​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ