នៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូនិងក្រុងសាវប៉ូឡូ ប្រទេសប្រេស៊ីល ចោរស្រីសក់លឿងមួយក្រុមមានគ្នា៦នាក់ បង្កព្យុះភ្លៀងមួយឆ្នាំហើយមួយឆ្នាំទៀត ។ មិនត្រឹមតែជំនាញខាងលួចទំនិញតាមផ្សារទំនើបទេ នាងៗដ៏ស្រស់ស្អាតទាំងនោះថែមទាំងប្រើអាវុធប្លន់ស្រីៗអ្នកមានជាបន្តបន្ទាប់រាប់ភ្លេច ។ គោលដៅលួចនិងប្លន់របស់ពួកនាងគឺគ្រឿងប្រើប្រាស់ទំនើបមានតម្លៃខ្ពស់ និងគ្រឿងអលង្ការផ្សេងៗ ។
សកម្មភាពប្លន់របស់ក្រុមចោរស្រីសក់លឿងនេះគឺភ្ជង់គម្រាមមុខសញ្ញាដែលជាស្ត្រីអ្នកមាន ឬកូនក្រមុំអ្នកមាន កូនក្រមុំអ្នកធំដែលពាក់គ្រឿងអលង្ការស្រោចខ្លួន ពាក់ស្បែកជើងទំនើបធុនថ្លៃជាមួយខោអាវទាន់សម័យលេងខ្លួនលេចធ្លោ ។ នារីជនជាតិប្រេស៊ីលទាំង៦រូបក្នុងក្រុមGangue das loiras ជាពាក្យព័រទុយហ្គាល់ដែលមានន័យថា«ក្រុមចោរស្រីសក់លឿង»នេះរយៈពេល៤ឆ្នាំធ្វើសកម្មភាពប្លន់បានសម្រេច៥៤ដង តាមរបៀបបើករថយន្តរបស់ខ្លួនចូលទៅចតក្នុងទីធ្លារថយន្តរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ឬក្រុងសាវប៉ូឡូ ហើយក្លែងខ្លួនដូចស្ត្រីចង់រកទិញរបស់ទំនើបទាន់សម័យតម្លៃខ្ពស់ដោយដើរអើតមើលតាមទូតាំងលក់ទំនិញនានា តែតាមពិតឆ្លៀតដៀងភ្នែករកមើលមុខសញ្ញាដើម្បីប្លន់ ។ មុខសញ្ញាគឺស្ត្រីចំណាស់បន្តិច ឬនារីវ័យក្មេងលេងខ្លួនស្លៀកពាក់ឆើតឆាយ ដៃយួរកាបូបម៉ាកRucei, Prada, Chanel…និងពាក់ស្បែកជើងTod’s, Hermes, Louis Vuitton… ។
ពេលត្រូវចុងកាំភ្លើងខ្លី ឬចុងកាំបិតមុខស្រួចភ្ជង់ចូលទ្រូង ជនរងគ្រោះដែលធម្មតាឆ្នាសដូចភ្លើងស្រាប់តែភ័យអស់ព្រលឹងព្រលះពីខ្លួននិយាយលែងរួច ដឹងតែស្តាប់បញ្ជាគ្រប់យ៉ាង ។ ក្រុមចោរស្រីសក់លឿងបញ្ជាឱ្យជនរងគ្រោះដើរទៅខាងរថយន្តរបស់ខ្លួននៅចតចាំក្នុងទីធ្លាចតរថយន្ត ហើយបើកទ្វារឱ្យចូលតាមសម្រួល អ្នកក្រៅមើលមកស្មានថាមនុស្សក្នុងគ្រួសារតែមួយទើបត្រឡប់មកពីទិញអីវ៉ាន់ ។ ពេលចូលដល់ក្នុងរថយន្តហើយជនរងគ្រោះត្រូវគម្រាមយកកាបូបយួរ ស្បែកជើង គ្រឿងអលង្ការជាប់ខ្លួន ប័ណ្ណឥណទាន និងបញ្ជាឱ្យប្រាប់លេខកូដដកប្រាក់នៅគណនីធនាគារ ។ ប៉ុណ្ណឹងមិនទាន់រួចខ្លួនទេ ក្រុមចោរស្រីសក់លឿងបើករថយន្តទៅធនាគារដកយកប្រាក់ទាំងអស់ទៀត លុះចប់ស្រេចបាច់ហើយទើបដោះលែងជនរងគ្រោះឱ្យចុះចេញពីរថយន្តដើរជើងទទេត្រឡប់ទៅផ្ទះដោយគ្មានប្រាក់មួយសេនជាប់ហោប៉ៅ ជាមួយស្ថានភាពមុននេះពេលចូលផ្សារខ្ពស់កប់ពពក តែឥឡូវចេញពីផ្សារជ្រកអាចម៍ជន្លេន ។ រាល់លើកធ្វើសកម្មភាពប្លន់ជនរងគ្រោះ ក្រុមចោរស្រីសក់លឿងគ្រាន់តែយករបស់មានតម្លៃ និងលុយកាក់ប៉ុណ្ណោះ អត់សម្លាប់អ្នកណាឡើយ ។
ភ្នាក់ងារប៉ូលិសមួយរូបឈ្មោះAlberto Pereisa និយាយពីសកម្មភាពក្រុមចោរស្រីសក់លឿងថា«គិតជាមធ្យមក្នុងមួយថ្ងៃពួកគេរកបានជាមធ្យម១៧.០០០Rials(រូបិយវត្ថុប្រេស៊ីលស្មើនឹង៩.៥០០ដុល្លារអាមេរិក) ដោយប្លន់យកពីមនុស្សតែម្នាក់ក្នុងហាងលក់ទំនិញមួយ ។ របស់ដែលពួកគេត្រូវការបំផុតគឺគ្រឿងអេឡិចត្រូនិកធុនទំនើបដូចជា Ipod, Iphone, ទូរស័ព្ទថ្លៃៗ ព្រមទាំងគ្រឿងប្រើប្រាស់កម្រិតខ្ពស់របស់ស្រីៗ ដូចជាសម្លៀកបំពាក់ទាន់សម័យ កាបូបយួរ ស្បែកជើង មួក វ៉ែនតា គ្រឿងអលង្ការ របស់ប្រណីតធ្វើពីរោមពពែ ស្បែកក្រពើ ឬធ្វើពីមាស។ ពួកនេះសំឡឹងរកតែរបស់តែងខ្លួនកម្រិតខ្ពស់ របស់ធម្មតាអត់ខ្ចីប៉ះពាល់»។
ក្រុមចោរស្រីសក់លឿងទាំង៦នាក់មានរបៀបធ្វើសកម្មភាពដោយឡែកប្រកាន់យកភាពស្ងៀមស្ងាត់មិនមានការផ្អើលឆោឡោខុសពីក្រុមចោរប្លន់ប្រុសៗ ដែលប្លន់ត្រង់ណាផ្អើលបាញ់គ្នាត្រង់នោះ ។ ប៉ូលិសប្រេស៊ីលហៅក្រុម ចោរស្រីសក់លឿងនោះថា«ក្រុមវាយរហ័សដករហ័ស»។ ជនរងគ្រោះត្រូវចាប់ខ្លួនភ្លាមៗ ត្រូវយករបស់អស់ពីខ្លួនភ្លាមៗ ក្រោយមកបានទទួលការដោះលែងភ្លាមៗដែរ ។
ក្រោយពីព្យាយាមតាមដានរាប់ឆ្នាំ ទីបំផុតប៉ូលិសប្រេស៊ីលចាប់បាននាងដៃឆៅទាំងនោះជាបន្តបន្ទាប់ ។ ខុសពី«បុប្ផាតំបន់សម្បុកកណ្តុរ»ដែលមិនសូវបានរៀនសូត្រជ្រៅជ្រះ ក្រុមចោរស្រីសក់លឿងដ៏ស្រស់ស្អាតទាំងនេះសុទ្ធតែបានរៀនសូត្រខ្ពស់ដល់មហាវិទ្យាល័យ ខ្លះចេះច្រើនភាសា ខ្លះបានទៅរៀននៅបរទេសទៀត ។
មានសំនួរលើកឡើងថា ពួកនាងសុទ្ធតែឆ្លងកាត់មហាវិទ្យាល័យ មានការចេះដឹង ជំនាញច្រើនយ៉ាង ហេតុម៉េចមិនប្រើចំណេះដឹងប្រកបរបរសុចរិតបែរជាធ្វើចោរ? ចម្លើយគឺមកពីពួកនាងញៀនខ្លាំងពេក ញៀនរបៀបរកប្រាក់បានស្រួលៗ ញៀនប្រើរបស់មានតម្លៃខ្ពស់ ។ ច្រើនឆ្នាំហើយ ពួកនាងប្រឹងតែរត់តាមសុបិនក្លាយជាអ្នកមានឆាប់រហ័ស ភ្លេចគិតដល់ផលវិបាកដែលថ្ងៃណាមួយអស់លក្ខណ៍រងគ្រោះធ្ងន់ជាងពួកជនរងគ្រោះដែលត្រូវពួកខ្លួនប្លន់ទៅទៀត ។ ពេលនេះពួកនាងបានសម្រេចហើយ គឺសម្រេចបានឡើងរូបលើទំព័រមួយរបស់កាសែត និងបានបង្ហាញមុខតាមទូរទស្សន៍ ៕
តាមElleប្រែសម្រួលដោយតាទ្រី
ចែករំលែកព័តមាននេះ