ខេត្តសៀមរាប ៖ ចាប់តាំងពីព្រលឹមស្រាងៗរហូតដល់ព្រះអាទិត្យរះផុតចុងព្រឹក្សានាថ្ងៃទី២២ កញ្ញា កន្លងទៅ ភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ពាន់នាក់មកពីជុំវិញពិភពលោក ខ្លះមានកាន់ម៉ាស៊ីនថតរូបជាប់នៅនឹងដៃផង ខ្លះនាំមុខដោយមគ្គុទ្ទេសក៍បានមកប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូននៅលើរានហាលនៃប្រាសាទអង្គរវត្ដ ដើម្បីទស្សនាព្រះអាទិត្យរះចំលើកំពូលប្រាសាទអង្គរដែលជារតនវត្ថុលំដាប់ពិភពលោកដ៏ល្បាញល្បីរបស់កម្ពុជា ។
ព្រះអាទិត្យនិងព្រះចន្ទរះចំកណា្ដលកំពូលប្រាសាទអង្គរវត្ដ ត្រូវបានក្រុមអ្នកតារាវិទូចាត់ទុកជាបាតុភូតដ៏អស្ចារ្យមួយបង្កើតឡើងដោយដំណើរត្រួតគ្នានៅលើខ្សែបន្ទាត់អេក្វាទ័រតែមួយរវាងព្រះអាទិត្យនិងព្រះចន្ទ ដែលកើតមានពីរដងក្នុងមួយឆ្នាំ ។ ថ្វីបើយ៉ាងនេះក្ដី មន្ដ្រីគ្រប់គ្រងចំនួនភ្ញៀវចេញចូលទស្សនារមណីយដ្ឋានអង្គរនៅមិនទាន់អាចផ្ដល់តួលេខនៃចំនួនភ្ញៀវទេសចរចេញចូលទៅទស្សនាព្រឹត្ដិការណ៍ដ៏អស្ចារ្យនោះបាននៅឡើយទេគ្រាន់តែអះអាងក្នុងន័យប៉ាន់ស្មានថាមានប្រមាណជាងពីរពាន់នាក់ ។
អគ្គនាយករងអាជ្ញាធរអប្សរាលោកម៉ី ម៉ារ៉ាឌី កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះបានមានប្រសាសន៍ថា បាតុភូតដ៏អស្ចារ្យព្រះអាទិត្យរះចំកំពូលទាំងប្រាំនៃប្រាសាទអង្គរហ្នឹងវាគឺជារឿងធម្មតាទេ ប៉ុន្ដែវាបង្កើតឱ្យមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ភ្ញៀវទេសចរជាតិ-អន្ដជាតិទាំងឡាយណាដែលមាននិស្ស័យទៅរកការទស្សនាព្រះអាទិត្យរះនិងលិច ។
លោកបានបន្ថែមថា នៅព្រឹកថ្ងៃទី២២ កញ្ញា នោះមានភ្ញៀវទេសចរចូលទៅទស្សនាថ្ងៃរះច្រើនជាងថ្ងៃធម្មតា ដោយនៅរានហាលនៃប្រាសាទអង្គរទាំងមូលឃើញសុទ្ធមនុស្សកកកុញ ហើយភាគច្រើនពួកគេបានថតផ្ដិតយករូបភាពដ៏អស្ចារ្យនោះផងដែរ ។ លោកបញ្ជាក់បន្ថែមថា បាតុភូតបែបហ្នឹងវាកើតមានពីរលើកក្នុងមួយឆ្នាំគឺនៅថ្ងៃទី២០ មីនា ម្ដង និងថ្ងៃទី២២ កញ្ញា ម្ដងទៀត ខណៈពេលព្រះអាទិត្យធ្វេ្វីដំណើរគោចរពីជើងទៅត្បូងនិងពីត្បូងទៅជើងវិញជួបនឹងចំណុចកណ្ដាល ឬហៅថាខ្សែអេក្វាទ័រ«Equator »។
តាមការកត់សម្គាល់ឃើញថា បាតុភូតដ៏អស្ចារ្យនោះ«ព្រះអាទិត្យរះ»បានចាប់ផ្ដើមនៅវេលាម៉ោង៦និង៣០នាទីព្រឹកហើយរះយ៉ាងសន្សឹមៗផុសពីចុងព្រឹក្សាមកចាំងកម្ទេចរស្មីពណ្ណរាយលើកំពូលប្រាសាទអង្គរជាមួយនឹងការផ្ចិតផ្ចង់ផ្ដិតយករូបភាពនិងការស្រែកហ៊ោប្រកបដោយការរំភើបពីក្រុមអ្នកទស្សនាដែលទន្ទឹងរង់ចាំយ៉ាងអន្ទះសាតាំងពីព្រលឹមស្រាងៗឯណោះ។
លោកមឿង ញៀន ជាអ្នកកាសែតផ្នែកថតរូបនៅក្នុងប្រទេសកម្ពុជា បានផ្ញើរូបថតរបស់លោកនិងចំណាប់អារម្មណ៍របស់លោកមកកាន់ការិយាល័យកោះសន្តិភាព ។ លោកសរសេរថា ខ្ញុំបានឮគេនិយាយប្រាប់ខ្ញុំអំពីការប្រកួតថតរូបសម្រាប់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០១២ អំពីយប់និងថ្ងៃមានរយៈពេលស្មើគ្នានៅពេលដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ ។ ខ្ញុំចង់ផ្ញើរូបថតរបស់ខ្ញុំ៦សន្លឹកទៅលោកនិពន្ធនាយកនិងក្រុមការងារដើម្បីជ្រើសរើសមើលថាតើរូបណាអាចបោះពុម្ពផ្សាយលើកាសែតបាន ។ រូបថតនោះមិនជាស្អាតប៉ុន្មានទេ ព្រោះថាអាកាសធាតុមិនល្អនិងមានពពកច្រើន ប៉ុន្តែខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីប្រមាញ់យករូបថតថ្ងៃដ៏អស្ចារ្យនេះសម្រាប់ប្រទេសយើង ។ គ្រប់រូបថតទាំងអស់ខ្ញុំមានfile ដើមដើម្បីឱ្យក្រុមបោះពុម្ពផ្សាយពិនិត្យមើលថាតើរូបណាមានគុណ ភាពល្អ ។
ចាប់តាំងពីព្រលឹមស្រាងៗម៉ោង៤កន្លះមានមនុស្សម្នាជាច្រើននាំគ្នាមកទស្សនានិងមើលប្រាសាទអង្គរ ។ វាពិតជាធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាច្រើនឆ្នាំមកហើយរហូតមកទល់នឹងពេលនេះក្នុងនាមជាអ្នកថតរូបភាពនិងជាអ្នកស្រាវជ្រាវខ្ញុំមិនដែលឃើញមនុស្សមកមើលប្រាសាទអង្គរច្រើនដូចថ្ងៃនេះទេ ។ ខ្ញុំបានសួរពួកគាត់ហើយពួកគាត់ឆ្លើយថា បានអានកាសែតកោះសន្តិភាព ឃើញមានព្រឹត្តិការណ៍ដ៏អស្ចារ្យទើបធ្វើឱ្យពួកគាត់ខំស្កាត់មកពីខេត្តនានានិងទីក្រុងភ្នំពេញដើម្បីមកមើលផ្ទាល់ភ្នែក ។ ពួកគាត់ចាប់អារម្មណ៍ខ្លាំងណាស់ពេលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយធ្វើឱ្យពួកគាត់កាន់តែស្រឡាញ់និមិត្តរូបជាតិគឺប្រាសាទអង្គរ ។ បើតាមការប៉ាន់ស្មានរបស់ខ្ញុំមានអ្នកទេសចរពី៤ទៅ៦ពាន់នាក់នៅព្រឹកនោះ ហើយ៥០ភាគរយជាខ្មែរ នាំគ្នាឈរហូរហែតាមផ្លូវចូលទៅប្រាសាទ ។
ខ្ញុំសូមអរគុណចំពោះកាសែតកោះសន្តិភាពដែលផ្តល់ព័ត៌មានដ៏សំខាន់នេះដល់ប្រជាជនទូទាំងប្រទេស ។ សូមគោរពជូនពរជួបតែសុខភាពល្អនិងសម្រេចគ្រប់ភារកិច្ច ។
អ្នកស្រី សុខា អាយុ៤៨ឆ្នាំ មកពីខេត្តបាត់ដំបងនិយាយថា គាត់ពុំធ្លាប់បានមើលប្រាសាទអង្គរវត្តពេលថ្ងៃរះទេ ប៉ុន្តែមានប្អូនទូរស័ព្ទប្រាប់ពីដំណឹងតាមកាសែតកោះសន្តិភាព ក៏នាំក្រុមគ្រួសារមកមើល ។ គាត់ភ្ញាក់ផ្អើលណាស់ពេលមកដល់ប្រាសាទអង្គរទាំងងងឹតមានមនុស្សយ៉ាងច្រើនកុះករពេញផ្លូវដើរតែម្តង ។ គាត់មកមើលនេះប្រាថ្នាតែម្យ៉ាង គឺសុំឱ្យស្រុកទេសមានសុខសន្តិភាព សម្បូរសប្បាយតរៀងទៅ ។
អ្នកនាង ជា ចណ្ណា អាយុ២៨ឆ្នាំ បម្រើការងារនៅសណ្ឋាគារក្នុងខេត្តសៀមរាបបានប្រាប់ថា ៖«ខ្ញុំធ្លាប់ដឹងពីជនបរទេសនិយមមកមើលថ្ងៃរះនៅអង្គរ ប៉ុន្តែខ្ញុំពុំធ្លាប់មកទេ ទើបតែលើកនេះ មិត្តភក្តិបបួលដោយប្រាប់ពីហេតុការណ៍អស្ចារ្យនេះផង ខ្ញុំក៏មកតាមគេ។ ខ្ញុំរំភើបចិត្តណាស់ពេលឃើញពន្លឺពណ៌ក្រហមព្រឿងៗនៅពីក្រោយកំពូលប្រាសាទអង្គរដ៏ខ្ពស់ស្កឹមស្កៃដែលដូនតាខ្មែរយើងកសាងបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ» ។
លោក សុផាណា វ័យជាង៣០ឆ្នាំ ជាមគ្គុទ្ទេសក៍ទេសចរភាសាជប៉ុន បានឱ្យដឹងថា គាត់តែងនាំភ្ញៀវមកទស្សនាថ្ងៃរះនៅអង្គរវត្តជាប្រចាំ ប៉ុន្តែលើកនេះអត់នាំភ្ញៀវមកទេ គឺមកមើលខ្លួនឯងឱ្យសប្បាយចិត្តម្តង ។ លោកសុផាណា បន្តថា ថ្វីត្បិតគាត់អត់នាំភ្ញៀវមកក៏ពិតមែន ប៉ុន្តែមិត្តភក្តិជាអតីតភ្ញៀវមកពីជប៉ុនជាច្រើននាក់បានផ្តាំឱ្យគាត់ថតរូបភាពថ្ងៃអស្ចារ្យ គឺថ្ងៃសមទិវា និងសមរាត្រីបង្ហោះដាក់ហ្វេសប៊ុកឱ្យគេបានឃើញផង ។ គ្រាន់តែម្សិលមិញ (២២-០៩-២០១២ )មានអ្នកមើលអ្នកអរគុណគាត់តាមរយៈហ្វេ៊សប៊ុក ពួកគេនៅបរទេសសប្បាយចិត្តណាស់ពេលបានឃើញរូបភាពកាលពីម្សិលមិញ បើទោះជាអាកាសធាតុ ពពក មិនអំណោយផលមែន ប៉ុន្តែពួកគេនៅតែសប្បាយចិត្តដូចបានមកមើលដែរ ។
ប្រាសាទអង្គរតូចត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្មន័ទី២ និងព្រះបាទជ័យវរ្ម័នទី៧ ដោយព្រះអង្គបានជ្រើសរើសទីតាំងសាងសង់ប្រាសាទអង្គរនេះចំគន្លងព្រះអាទិត្យ និងព្រះចន្ទ ឬចំចំណុចកណ្តាលរវាងព្រះអាទិត្យ និងព្រះចន្ទ ដោយយកកំពូលប្រាសាទកណ្តាលក្នុងចំណោមទាំង៥ធ្វើជាចំណុចអ័ក្សនៃគន្លងព្រះអាទិត្យ និងព្រះចន្ទជា ថ្ងៃដែលកើតមានសមភាពរាត្រី និងសុរិយៈ ។ ការរៀបចំបែបនេះមានអត្ថន័យជាច្រើនទាក់ទិននឹងភាពស្មើគ្នា អំពើអាក្រក់ និងអំពើល្អត្រូវខណ្ឌចែកដាច់ពីគ្នា វេលាយប់ និងវេលាថ្ងៃត្រូវខណ្ឌដាច់ពីគ្នា ប៉ុន្តែមានរយៈវេលាស្មើគ្នា គឺម្ខាង១២ម៉ោងស្មើគ្នា និងពាក់ព័ន្ធនឹងទេវកថារឿងកូរសមុទ្រទឹកដោះ ។
ការសាងសង់ប្រាសាទអង្គរវត្ត គឺជាប់ពាក់ព័ន្ធនឹងរឿងព្រេងទេវកថា ជាតំណាងឱ្យភ្នំព្រះសុមេរុលំនៅនៃទេវតា ហើយកំពូលទាំង៥តំណាងឱ្យកំពូលភ្នំ ជញ្ជាំង និងគូទឹកព័ទ្ធជុំវិញតំណាងឱ្យជ្រលងជួរភ្នំ និងមហាសមុទ្រ។ នៅក្នុងរឿងព្រេងទេវកថា មានរឿងរ៉ាវអស្ចារ្យមួយ គឺការកូរសមុទ្រទឹកដោះរវាងក្រុមអសុរានិងទេវតាប្រយុទ្ធគ្នាដណ្តើមយកទឹកអម្រឹតដែលទឹកនេះផឹកហើយមានជីវិតអមត ដូចមានរូបសំណាកទេវតា និងយក្សទាញព្រ័ត្រនៅមុខផ្លូវចូលប្រាសាទអង្គរវត្តជាតឹកតាង ៕
ចែករំលែកព័តមាននេះ