រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២១ កញ្ញានៅសណ្ឋាគារកាំបូឌីយ៉ាណាមានប្រារព្ធពិធីរំលឹកខួបលើកទី១៩ ទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។ ចូលរួមក្នុងពិធីនោះមាន សម្តេច នរោត្តម សិរីវុឌ្ឍ លោកមិន សា៊ន លោកប៉ែន ថុន ដែលជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូបទៀត ។ ការរំលឹកខួបលើកទី១៩ ទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះស្ថិតក្រោមការជួយឧបត្ថម្ភរបស់មូលនិធីខុរ៉ាដអាដិនណៅអ៊ែរ ។
លោកឯក សំអុល មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យប្រើមានអាយុ១៩ឆ្នាំហើយ បើប្រៀបធៀបនឹងវ័យរបស់មនុស្ស គឺដល់វ័យជានីតិជនពេញលក្ខណៈ ។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមពីឆ្នាំ១៩៥៥ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ ជាកោះសន្តិភាពមួយមានស្ថិរភាព និងវឌ្ឍនភាពថ្កុំថ្កើង ។ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០មក ប្រទេសកម្ពុជាបានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងភ្នក់ភ្លើងសង្គ្រាមអស់រយៈពេលជាង២ទសវត្ស និងឆ្លងកាត់ទុក្ខសោកវិនាសកម្មគ្រប់បែបយ៉ាង ហើយបានផ្លាស់ប្តូររបបនយោបាយ និងផ្លាស់ប្តូររដ្ឋធម្មនុញ្ញចំនួន៤លើក ។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ សម្តេចនរោត្តម សីហនុ និងសម្តេច ហ៊ុន សែន បានជួបចរចាស្វែងរកសន្តិភាពអស់រយៈពេលជាបន្តបន្ទាប់ជិត៤ឆ្នាំ រហូតបានសម្រេចគោលដៅរួម គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបា៉ារីសស្តីពី«ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា»ដែលកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។
លោកឯក សំអុល បានបន្តទៀតថា កិច្ចព្រមព្រៀងបានធ្វើជាភាសាចិន អង់គ្លេស បារាំង ខ្មែរ និងរុស្ស៊ី ដែលត្រូវបានតម្កល់ទុកនៅរដ្ឋាភិបាលសាធារណរដ្ឋបារាំង និងរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌូណេស៊ី និងច្បាប់ចម្លងផ្ញើជូនទៅបណ្តាប្រទេសជាហត្ថលេខី និងជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ លោកបានបន្ថែមថា នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ មានការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលបានចាត់ចែងដោយអ៊ុនតាក់(UNTAC) ក្នុងនោះមានប្រជាពលរដ្ឋចំនួន៨៦,៥៩%បានទៅបោះឆ្នោត និងមានគណបក្សចំនួន៤ទទួលបានអាសនៈនៅសភាធម្មនុញ្ញ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានឈរឈ្មោះជាបេក្ខជន ។
លោកឯក សំអុល បញ្ជាក់ថា គណបក្សដែលទទួលបានអាសនៈមានគណបក្សហ៊្វុនស៊ិនប៉ិច ៥៨អាសនៈ គណបក្សប្រជាជនកម្ពុជា ៥១អាសនៈ គណបក្សប្រជាធិបតេយ្យស៊េរីនិយមព្រះពុទ្ធសាសនា ១០អាសនៈ និងគណបក្សម៉ូលីណាកា ១អាសនៈ ហើយពេលនោះសភាធម្មនុញ្ញមានសមាជិកចំនួន១២០រូប ៕
ចែករំលែកព័តមាននេះ