រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារសាន់វ៉េបានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលអនុវត្ដបញ្ចប់គម្រោងកម្មវិធីសកម្មភាពស្ដីពីការឆ្ពោះទៅរកការបង្កើតតំបន់គំរូគ្មានទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅរាជធានីភ្នំពេញដែលបានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមដោយលោកស្រី ទូច សារ៉ុមអភិបាលរងរាជធានីភ្នំពេញ និងលោក អ៊ុក ស៊ីសុវណ្ណ នាយកគម្រោងកម្មវីធីអន្ដរជាតិស្ដីពីការលុបបំបាត់ពលកម្មកុមារ (ILO-IPEC) កាលពីព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០១២ ។
ឆ្លៀតក្នុងឱកាសនោះ លោកវង សូត រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ការលុបបំបាត់ពលកម្មកុមារ និងពង្រីកសុវត្ថិភាពការងារសម្រាប់កុមារមានអាយុអប្បបរមាអាចចូលបម្រើការងារគឺជាមុខសញ្ញាអាទិភាពក្នុងវិស័យការងារ និងដើម្បីឆ្ពោះទៅរកគោលដៅអាស៊ានស្ដីពីលំហូរពលករដោយសេរី ការងារសមរម្យ និងការអភិវឌ្ឍសន្ដិសុខសង្គម ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្ដោតលើកត្ដាសំខាន់ពីររួមមាន ទី-១ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងកាត់បន្ថយពលកម្មកុមារនៅកម្ពុជាតាមរយៈការដកហូតកុមារពីការងារប្រកបដោយគ្រោះថ្នាក់ ផ្ដល់ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មកុមារទៅក្នុងសង្គមជាតិ និងទី-២កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងស្រ្ដី ។
លោកវង សូត បានបន្ដទៀតថា គម្រោងនេះបានទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ហើយវាអាចជាបទពិសោធន៍ដ៏មានសារសំខាន់សម្រាប់រួមចំណែកអនុវត្ដគោលនយោបាយ និងផែនការសកម្មភាពជាតិលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅតំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ និងអាចឈានទៅសម្រចគោលដៅភ្លោះរបស់រាជរដ្ឋាភិបាល និងអង្គការពលកម្មអន្ដរជាតិ (ILO) តាមផែនការដែលបាន គ្រោងទុក ។ លើសពីនេះទៀតលទ្ធផលល្អនេះគឺជាការចូលរួមចំណែកដ៏មានសារសំខាន់ក្នុងទិសដៅកាត់បន្ថយពលកម្មកុមារមកត្រឹម៨%នៅដំណាច់ឆ្នាំ២០១៥និងគោលដៅសកលនាដំណាច់ឆ្នាំ២០១៦ ក្នុងទិសដៅគ្មានទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារតទៅទៀតនៅកម្ពុជា ។
លោកវង សូត អះអាងថា ចាប់ពីពេលអនុវត្ដគម្រោងនេះ ជាលទ្ធផល ក្នុងនោះបានសម្រចដកហូតកុមារពីការងារប្រកបដោយគ្រោះថ្នាក់ប្រមាណ៤២.០០០នាក់ និងជួយគ្រួសារពលករ កុមារក្រីក្រប្រមាណ៥.០០០គ្រួសារដោយបង្វែរទិសដៅទៅរកការអប់រំបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈវិញ ។
ដោយឡែក អភិបាលរងរាជធានីភ្នំពេញលោកស្រីទូច សារ៉ុម ក៏បានអំពាវនាវដល់អាជ្ញាធរខណ្ឌ សង្កាត់ និយោជក អ្នកធុរកិច្ច ម្ចាស់ភោជនីដ្ឋាន សណ្ឋាគារ ម្ចាស់សិប្បកម្ម សហជីព អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសគឺប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សូមផ្ដល់នូវកិច្ចសហការ និងគាំទ្រដើម្បីសម្រេចបានគោលដៅរបស់រដ្ឋាភិបាលកម្ពុជា និងអង្គការពលកម្មអន្ដរជាតិ ILO ត្រូវបានបញ្ចប់នូវទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅកម្ពុជានៅដំណាច់ឆ្នាំ២០១២ខាងមុខនេះ ។
នាយកគម្រោងកម្មវីធីអង្គការពលកម្មអន្ដរជាតិ (ILO-IPEC) លោកអ៊ុក ស៊ីសុវណ្ណ បានសម្ដែងចំណាប់អារម្មណ៍អបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាមកំណត់គោលដៅស្ដីពីបញ្ហាពលកម្មកុមារ និងសំខាន់បំផុតនោះគឺការអនុវត្ដដ៏មានប្រសិទ្ធិភាពរបស់ប្រទេសក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ។
គួររំលឹកថា គម្រោងនេះបានប្រើពេល២៦ខែដោយចំណាយថវិកាសរុប១០៨,៩៦០.០០ដុល្លារអាមេរិក បានចាប់ផ្ដើមអនុវត្ដកាលពីថ្ងៃទី២៦មេសា ឆ្នាំ២០១០រហូតដល់ថ្ងៃទី២៥ កក្ដដា ឆ្នាំ២០១២ដោយអនុវត្ដបាន២៣ទិន្នផលមានចំនួន១៦២កម្មភាពនៅសង្កាត់ចំនួន១៣គឺខណ្ឌដូនពេញមាន៤សង្កាត់ ខណ្ឌឫស្សីកែវមាន៣សង្កាត់ ខណ្ឌមានជ័យមាន៤សង្គាត់ និងខណ្ឌចំការមនមាន២សង្គាត់ដែលអនុវត្ដដោយអង្គភាពចំនួន៩ ៕
ចែករំលែកព័តមាននេះ