ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហារជីវិត​ផុត​16ឆ្នាំ​ទើបរក​ឃើញ​ការពិតថាខុស​មុខសញ្ញា ​​

12 ឆ្នាំ មុន

តុលាការតៃ​វ៉ាន់​​ថ្មី​ៗ​នេះ​ទើប​តែ​ចេញ​សេច​ក្តី​ប្រកាស​សម្រេច​ទទួលស្គាល់​កំហុស​ខ្លួន​ដែល​កាល​ពី​​១៦​ឆ្នាំ​មុន​កាត់​ទោស​ខុស​នាំ​ដល់​ប្រហារ​ជីវិត ភ័ន្ត​ច្រឡំ​លើ​យុវជន​មួយ​រូប​ឈ្មោះ ​ចាន ​ជុងគ័រ ​ពី​បទរំលោ.ភ​សេព​​ស​ន្ថវៈ ​រួច​សម្លា.ប់​កុមារី​ម្នាក់ ​។ ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការភ្ញាក​់​ផ្អើល​លាយ​ឡំ​ការ​ស្តីបន្ទោស​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ចំពោះ​បណ្តា​ស្ថាប័ន​ច្បាប់​តៃ​វ៉ាន់ ​។

តុលាការតៃ​វ៉ាន់​​ថ្មី​ៗ​នេះ​ទើប​តែ​ចេញ​សេច​ក្តី​ប្រកាស​សម្រេច​ទទួលស្គាល់​កំហុស​ខ្លួន​ដែល​កាល​ពី​​១៦​ឆ្នាំ​មុន​កាត់​ទោស​ខុស​នាំ​ដល់​ប្រហារ​ជីវិត ភ័ន្ត​ច្រឡំ​លើ​យុវជន​មួយ​រូប​ឈ្មោះ ​ចាន ​ជុងគ័រ ​ពី​បទរំលោភ​សេព​​ស​ន្ថវៈ ​រួច​សម្លាប់​កុមារី​ម្នាក់ ​។ ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការភ្ញាក​់​ផ្អើល​លាយ​ឡំ​ការ​ស្តីបន្ទោស​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ចំពោះ​បណ្តា​ស្ថាប័ន​ច្បាប់​តៃ​វ៉ាន់ ​។

រឿង​ហេតុ​ផ្ទុះ​ឡើង​តាំងពីឆ្នាំ​១៩៩៦​ដែល​និស្សិត​រៀនបើក​យន្ត​ហោះ​ម្នាក់​ក្នុង​អង្គ​ភាព​ទ័ព​អាកាស​តាំង​​នៅ​ក្បែរ​តៃ​ជុង ​កោះតៃវ៉ាន់ ​ត្រូ​វ​តុលាការ​កាត់​ទោសពី​បទរំលោភ​និងសម្លាប់ ​។ ​ជន​រងគ្រោះ​​គឺ​កុមារី​អាយុទើប​តែ​៥​ឆ្នាំ ​កូន​របស់​ម្ចាស់​តូប​លក់​គ្រឿង​ភេសជ្ជៈ​នៅក្នុង​​បរិវេណ​​មូល​ដ្ឋាន​កង​ទ័ព ។ សព​កុមារី​នោះ​រកឃើញ​ក្នុងរណ្តៅ​ជី​ជីវ​ឧស្ម័ន​ក្បែរ​បង្គន់​​សាធារណ​ៈ​ ចំណែក​ក្នុង​កន្ក្រ​ក​សម្រាម​ក្បែរ​នោះ ​មាន​ក្រដាស​អនាម័យ​មួយ​បន្ទះ ​ប្រឡាក់​ឈាម​ជន​រងគ្រោះ​ ​និងទឹក​កាម​របស់​និស្សិត​ឈ្មោះ​ចាន​ ជុងគ័រ ​។ ស្ថិត​ចំពោះ​​មុខ​ភស្តុតាង​នេះ ទោះ​ចាន ជុងគ័រ ​ពន្យល់​យ៉ាង​​ណា​ក៏​អត់​​​បាន​ការ​ នាយ​ត្រូវ​គេចាប់ខ្លួន​និង​កាត់​ទោស​ប្រហារជីវិត ​លុះ​ជិតមួយ​ឆ្នាំ​​ក្រោយ​ក៏​នាំទៅ​ទីលាន​ប្រហារជីវិត ។

​តាំង​ពី​ថ្ងៃ​ចេន ជុងគ័រ ​ត្រូវ​ចាប់ខ្លួន ​ឪពុក​ម្តាយ​របស់​និស្សិត​រូបនេះ ​គឺលោក​ចា​ន ចាងអា​ន​ និងអ្នកស្រី​វ៉ាន់ ​តា​យឡែន ​តវ៉ា​យ៉ាង​ប្តូរ​​ផ្តាច់​​ថា​កូន​ប្រុសខ្លួន​ត្រូវ​​គេធ្វើ​ទារុណ​កម្ម​បង្ខំ​ឱ្យ​សារភាព។ លោក​ចាន ចាងអា​ន​ បង្ហាញ​សំបុត្រ​​របស់​កូន​ប្រុស​ដល់​កាសែត​Taipei Times ​ជាភស្តុតាង​​នៃ​ការ​អះ​អាង​របស់ខ្លួន ​។ ​សំបុត្រ​នេះ​កូនប្រុស​គាត់​លួច​ផ្ញើ​ឱ្យគាត់​ជាសម្ងាត់​តា​ម​រយៈ​មិត្ត​ជិត​ស្និទ្ធ ​ពេលគាត់​ទៅសួរសុខ​ទុក្ខ​កូន​ប្រុស​នៅ​កន្លែង​​ឃុំ​ឃាំង ​។

ពេញ​រយៈ​ពេល​១៣​ឆ្នាំ ​បន្ទាប់​ពី​ចាន ជុងគ័រ ​ត្រូវ​ប្រហារជីវិត ​ប្តី-ប្រពន្ធ​លោក​ ​ចាង នៅតែ​ពុះ​ពារ​ធ្វើ​ការ​តវ៉ា​ដើម្បី​រក​យុត្តិ​ធម៌​​ឱ្យ​វិញ្ញាណ​ក្ខន្ធ​កូន​ប្រុស ​។ ​​ពួកគាត់​ដាក់​ពាក្យ​ទៅគ្រប់​ស្ថា​ប័ន​ទាំង​អស់ ​តែ​មិន​ដែល​បាន​ស្ថា​ប័ន​ណា​អើ​ពើ​ជួយ​ពួក​គាត់​ឡើយ ។ ​​រហូត​ដល់​ខែ​​មិថុនា ​២០១០ ​ទើប​អ្វី​ៗ​ធូរ​ស្រាល​វិញ ​។ ​អង្គ​ការ​ឈ្មោះ​Control Yuan ​ដែលជាអង្គ​ការ​​ឃ្លាំ​មើល​ការ​ងារ​ស្ថា​ប័ន​រដ្ឋ ​ព្រម​ទទួល​ស្រាវ​ជ្រាវ​​រឿង​នេះ​ឡើង​វិញ ឱ្យ​ម៉ត់​ចត់​​បំផុត ​។ ​លទ្ធ​ផល​សើុប​អង្កេត​ដោយ​ផ្អែក​លើ​គំរូ​DNA ​ដែល​ផ្ញើទៅ​វិភាគ​នៅ​​បរទេស​បង្ហាញ​ច្ប​ាស់​ឧក្រិដ្ឋ​ជន​ពិត​ប្រាកដ​គឺ​ឈ្មោះ​ជូស៊ុន ​ស៊ូ ​មិន​មែន​ឈ្មោះ​ចាន ​ជុងគ័រ ​ដែល​ត្រូវ​​ប្រហារ​​ជីវិត​យ៉ាង​​អយុត្តិធម៌​ទេ ​។
ជូស៊ុន ស៊ូ ​ជានាយ​ទាហាន​រង​មួយរូប​ក្នុង​កង​​ការ​​​ពារ​មូលដ្ឋាន​​ទ័ព ​។ ​ជន​នេះ​​ប្រើ​ក្រដាស​អនា​ម័យ​​ក្នុង​​កន្ក្រ​ក​សម្រាម​​​​ដែល​មាន​ប្រឡាក់​ទឹក​កាម​ចាន ជុងគ័រ ​យក​ទៅ​ជូន​សម្អាត​ឈាម​នៅ​កន្លែង​​ប្រព្រឹត្ត​បទ​ល្មើស​របស់ខ្លួន ​។ ​​

មូល​ហេតុ​ដែល​ក្រដាស​នោះ​មាន​ប្រឡាក់ទឹក​កាម​របស់​ចាន ជុង​គ័រ​ ព្រោះ​មុន​ហ្នឹង​បន្តិច​ ចាន ជុងគ័រ ​​បំបាត់​ចំណង់​​ខ្លួន​ឯង​តាម​របៀប​​ប្រើ​ដៃ​​រហូតដល់​ចេញ​ទឹក​កាម ​លុះ​ជូត​រួចក៏​យក​ក្រដាស​នោះ​ទៅចោល​ក្នុង​កន្ក្រ​កសំរាម ​។ ​ជូស៊ុន ស៊ូ ​ស្រវា​​ចំ​ក្រដាស​ដដែល​នោះ​ ប្រើ​ជូត​សម្អាត​កន្លែង​​ប្រព្រឹត្ត​បទ​ល្មើស​របស់ខ្លួន ​​ភស្តុ​តាង​គឺ​ស្នាម​ខ្ចៅ​ដៃ​​ក្រវាម​ពេញ​ទាំង​អស់ ​។ ​ភស្តុតាង​នៅ​លើ​គោក​សោះ ​មិន​គួរ​​បើគេ​អត់​ចាប់​អារម្មណ៍​ ប្រឹង​តែ​កំណត់​លើ​ទឹក​កាម​មួយ​មុខ ​ទោះ​បី​ចាន ជុងគ័រ ​​ប្រាប់​ថា​ទឹក​កាម​​ពីការ​បំបាត់​​ចំណង់​​ដោយ​​​ដៃ​ខ្លួន​ឯង ​ក៏​អត់​​រវល់​ពិនិត្យ​ឡើង​វិញ ​នាំ​ដល់​ប្រព្រឹត្តកំហុស ​ធ្ងន់​​​ប្រហារ​ជីវិត​អ្នក​គ្មាន​ទោស​​ពៃរ៍​ទាល់​តែបាន ។​

​ក្រុម​ស្រាវ​ជ្រាវ​​​របស់​អង្គការ​ Control Yuan​ ​នៅ​បាន​រកឃើញ​​ទៀតថា ​ពេលចាន ជុងគ័រ​ ​ត្រូវចាប់ខ្លួន​នោះ ​​បុគ្គលិក​សន្តិសុខ​កង​ទ័ព ​១៤​នាក់ ​ព្រួ​តគ្នា​ធ្វើ​ទារុណ​កម្ម​​សួរ​​ចម្លើយ​ពេញ​រយៈ​ពេល​៣៧​ម៉ោង ​តាម​វិធី​សាហាវ​​ឃោរឃៅ​ដូច​យ៉ាង​​បញ្ចាំង​ពន្លឺ​ភ្លើង​ខ្លាំង​ចូលមុខ ​ឆក់ខ្សែ​ភ្លើង​ ​ជ្រមុជ​ទឹក​ជា​ដើម ​ដើម្បី​​បង្ខំ​ឱ្យ​ត្រូវ​តែ​សារ​ភាព​ទទួល​ទោស​ដែលខ្លួន​អត់​ប្រព្រឹត្ត​ ។ ​Control Yuan​ ស្នើ​ឱ្យ​មាន​ការដាក់​ទោស​បុគ្គលិក​សន្តិសុខ​​កង​ទ័ព​​ទាំង​១៤នាក់​នោះ​​ឱ្យ​បាន​ធ្ងន់​សក្តិសម​នឹង​​ការ​ប្រព្រឹត្ត​របស់ខ្លួន​ ។

ក្រោយ​Control Yuan​ ​រកឃើញ​ការពិត ​ជូស៊ុន ស៊ូ ​ត្រូវចាប់ខ្លួន​កាលពី​ដើម​ឆ្នាំ​​២០១២​នេះ ​​ហើយ​២ខែ​​ ក៏​ត្រូវ​តុលាការ​​កាត់​ទោស​ដាក់​ពន្ធ​នាគារ​ចំនួន​២០​ឆ្នាំ ​។ ​ជន​នេះ​អត់បាន​វាយ​ដំ​អ្វី​ទាំង​អស់ ​វាឆ្លើយ​ទទួល​ទោស​តាម​សម្រួល​សារ​ភាព​ថាខ្លួន​ពិតជា​បាន​រំលោភ​សម្លាប់​កុមារី​កម្សត់​នោះ​មែន ​។

ក្រោយ​បាន​ទទួល​បទ​ល្មើស​សម្រេច​សារ​ភាព​កំហុស​ឆ្គង​របស់​តុលាការ ​អ្នកស្រី​វ៉ាន់ ​តាយ​ឡែន ​ត្រេក​អរ​និយាយ​ប្រាប់​អ្នក​កាសែត​«​បាន​ប៉ុណ្ណឹង​ខ្ញុំ​អស់​ចិត្ត​ហើយ ​។ ​ខ្ញុំនឹងយក​លិខិត​របស់​តុលាការ​ទៅ​អាន​ចំពោះ​​មុខ​ផ្នូរ​​​ប្តី​និង​​កូន​ប្រុសខ្ញុំ​ ដើម្បី​​ឱ្យ​ព្រលឹង​ពួកគេ​បាន​ស្ងប់​ចិត្ត ​។​ស្តាយ​ណាស់​ដែល​ប្តី​ខ្ញុំ​ស្លាប់​កាលពី​ឆ្នាំទៅ ​មិន​បាន​នៅ​រស់​មើល​ឃើញ​ការពិត​ដែលគាត់​ប្រឹង​ស្វែងរក​ជាង​១០​ឆ្នាំ​ជាមួយ​ខ្ញុំ »។

​តៃវ៉ាន់ ជាដែន​ដី​មួយ​​ក្នុងចំណោម​ដែន​ដី​មាន​ទោស​ប្រហារជីវិត​​ច្រើន ​។ ​កាល​ពី​ទសវត្ស​៨០​និង​៩០​ក្នុងសតវត្ស​មុ​ន ​មាន​អ្នក​ទោស​តៃ​វ៉ាន់​៥០៥​នាក់​ត្រូវ​​ប្រហារជីវិត ​លុះ​ចូល​ដល់​ទស​វត្ស​ដំបូង​នៃសតវត្ស​ទី​​២១​នេះ ​ថយ​មក​នៅត្រឹម​៣៦​នាក់ ​ដោយ​ហេតុ​មាន​ភាព​មិនចុះ​សម្រុងគ្នា​ខ្លាំង ​ជុំវិញ​ការកំណត់​ទម្ងន់​ទោស​ដែល​ត្រូវ​ប្រហារ​ជីវិត​ ។ ​ឆ្នាំ​២០០៥​តៃវ៉ាន់ ​ផ្អាក​ទោស​ប្រហារ​ជីវិត​៤ឆ្នាំ ​។ រយៈ​ពេល​៤​ឆ្នាំ​នោះ​ទោស​​ប្រហារ​ជីវិត​​បន្ធូ​រ​បន្ថយ​មក​ត្រឹម​ទោសដាក់​ពន្ធនាគារ​មួយ​ជីវិត​វិញ ​។ ​ប៉ុន្តែ​ក្រោយ​ផុត​រយៈ​ពេល​៤ឆ្នាំ ​លោកជំ​ទាវ​វ៉ាង ​ឈីងហ្វេង ​រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិ​ធម៌​តៃវ៉ា​ន់ ​បំផុសបំផុល​ឱ្យ​មាន​ចលនា​ទាម​ទារ​ផ្អាក​​ទោស​ប្រហារជីវិត​តទៅ​ទៀត​ដោយ​គ្មាន​កាល​កំណត់​​។

គាត់​ត្រូវ​គេដក​តំណែង​ព្រោះ​តែ​មិន​ព្រម​ចុះ​ហត្ថ​លេខា​ឱ្យ​ប្រហារជីវិត​អ្នក​ទោស​៤៤​នាក់ ​។ ​​ក្រោយ​ពេល​គាត់​ដើរ​ចេញ​ពី​ក្រសួង​យុត្តិ​ធម៌​ អ្នកថ្មី​គឺ​លោក​សេង ​យុង​ហ៊្វូ ​ប្រកាស​បន្ត​ឱ្យ​មាន​ទោស​​ប្រហារជីវិត​ឡើង​វិញ​ដដែល ​។ គេ​ដឹង​ថាក្នុងឆ្នាំ​២០១២​នេះ​អ្នក​ទោស​នៅតៃវ៉ាន់ ដែល​ប្រហារជីវិត​មាន​ចំនួន​៤៥​នាក់ ៕