រាជធានីភ្នំពេញ ៖ តារាបង្ហាញម៉ូដ Khmer Super Model មាននារី២០នាក់ បុរស២០នាក់ បានចេញបង្ហាញមុខឱ្យក្រុមអ្នកកាសែតទស្សនាវដ្តី និងទូរទស្សន៍ថតរូបក្នុងសន្និសីទ កាសែត នៅសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃទី១៩ កញ្ញា ។នេះគឺជាការបង្ហាញមុខ មុនពេលដែលអ្នកបង្ហាញម៉ូដទាំងនោះត្រូវឆ្លងកាត់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី២១ កញ្ញា នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ។
នៅក្នុងសន្និសីទកាសែត អ្នកតំណាងក្រុមហ៊ុនBKA ដែលរៀបចំការប្រកួតនេះនិយាយឱ្យដឹងថា នេះជាឆ្នាំទី៤ហើយ ដែល BKA Entertainment ក្រោមការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនមួយចំនួនបានរៀបចំកម្មវិធីប្រកួតនេះ ជាកម្មវិធីប្រកួតទ្រង់ទ្រាយធំដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសតារាបង្ហាញម៉ូដអាជីពទាំងបុរសទាំងនារី ចូលខ្លួនបំរើលើវិស័យសិល្បៈ បំផុសនិងនាំមុខលើវិស័យបង្ហាញម៉ូដ បង្ហាញនូវម៉ូដសម្លៀកបំពាក់ដែលរចនាដោយស្នាដៃខ្មែរប្រើប្រាស់នូវហូល ផាមួង និងសូត្រខ្មែរ ឈរលើគោលការណ៍ Concept Smart &Beauty ។ លើសពីនេះទៅទៀតជាវេទិកាដ៏មានកិត្តិយស សម្រាប់ពួកគេ ក្នុងការឈានចូលសង្គមសិល្បៈលើផ្នែកផ្សេងៗទៀតដូចជា តារាចម្រៀង តារាសម្តែង ពិធីករ-ពិធីការិនីជាដើម ។
កាលពីឆ្នាំទៅមិញ តារាបង្ហាញម៉ូដ Khmer Super Model ដែលឆ្លងកាត់កម្មវិធីប្រកួតនេះ ទទួលបាននូវឱកាសការងារជាច្រើន ជាពិសេសគឺការដើរបង្ហាញចំនួន១៥ខេត្ត-ក្រុង ក្នុងតន្ត្រីស្រាបៀរអង្គរ ហើយអ្វីដែលអស្ចារ្យនោះគឺយើងក្លាយជាចំណុចចាប់ផ្តើមដំបូងគេដ៏ល្អមួយក្នុងការបូកបញ្ចូលរវាងសិល្បៈបង្ហាញម៉ូដ និងសិល្បៈចម្រៀង នៅលើវេទិកាប្រគំតន្ត្រី ហើយយើងនៅតែសង្ឃឹមថា យើងនៅតែជាអ្នកនាំមុខគេលើការប្រគំតន្ត្រីស្រាបៀរអង្គរនាឆ្នាំនេះផងដែរ ។អ្វីជាមោទនភាពសម្រាប់តារាបង្ហាញម៉ូដ Khmer Super Model នោះ គឺពេលថ្មីៗនេះ យើងបានទទួលកិត្តិយសពីលោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុញ្ញាតឱ្យយើងបានចូលរួមដើរបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរអង្គរ លង្វែក ចតុមុខ ក្នុងកម្មវិធីរាត្រីកម្ពុជា អបអរសាទរ ITE លើកទី៨ ក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងកម្មវិធីប្រកួតឆ្នាំទី៤នេះ មានការចូលរួមដាក់ពាក្យប្រកួតប្រជែងច្រើនលើសពីឆ្នាំទៅចំនួន៣០% ដោយពួកគេទាំងអស់ឆ្លងកាត់នូវវគ្គជម្រុះតាំងពីតាមរយៈរូបថត រហូតដល់វគ្គសម្ភាសន៍ផ្ទាល់ពី គណៈកម្មការចំនួន២ក្រុមដែលមានវិជ្ជាជីវៈផ្ទាល់ទាក់ទងលើផ្នែកបង្ហាញម៉ូដ ។ កម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រារព្ធធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី២១ កញ្ញា នៅវេលាម៉ោង៧និង៣០នាទី ។ កម្មវិធីប្រកួតចាប់ផ្តើមធ្វើជាបន្តបន្ទាប់នៅរៀងរាល់ថ្ងៃសុក្រវេលាម៉ោង៧និង៣០នាទីយប់ រហូតដល់ថ្ងៃសុក្រទី២៦ តុលា ជាកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ដែលប្រារព្ធធ្វើឡើងនៅកោះពេជ្រ ហើយនឹងមានកម្មវិធីអ្វីប្លែក សូមលោកអ្នកតាមដានទស្សនា ។នៅរៀងរាល់កម្មវិធីប្រកួតនឹងមានការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលជាសហសេវិកដ៏ល្អរបស់យើង ៕
ចែករំលែកព័តមាននេះ