រាជធានីភ្នំពេញ ៖ ឆ្លើយតបតាមការអញ្ជើញរបស់លោកជំទាវ ផាម ធីហាយជៀន រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ ។
តាមមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវផាម ធី ហាយជៀន រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យសុខុមាល ភាពសង្គម ។ ជាមួយនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា និងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច វៀតណាម ដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង២ ក្នុងទិសដៅលើកស្ទួយកាលានុវត្តភាពការងារ ការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រ ជួយដល់ប្រជាពលរដ្ឋទន់ខ្សោយជាងគេក្នុងសង្គម និងកែលម្អពង្រឹងជាជំហានៗ បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយរបស់ជាតិ ។
បន្ទាប់មក លោកអិុត សំហេង បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជិន ដាយខ្វាង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពាក់ព័ន្ធទៅនឹងការ បង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន និងជំរុញដំណើរការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលជាជំនួយទ្វេភាគីពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឱ្យបានឆាប់រហ័ស ។ មន្រ្តីក្រសួងសង្គមកិច្ចបានបញ្ជាក់ថា ជាការឆ្លើយតប ភាគីវៀតណាមបានទទួលយកសំណើពីភាគីកម្ពុជា ហើយសន្យាថានឹងផ្តល់ចម្លើយនៅក្នុងពេលដ៏ឆាប់ខាងមុខ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ លោករដ្ឋមន្ត្រី អិុត សំហេង និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមជាមួយលោកង្វៀន ស៊ិនហ្វុក ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារ តំណាងរបស់លោកង្វៀន តាន់យុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសទាំង២កម្ពុជា-វៀតណាម ។ នៅក្នុងជំនួបនោះដែរ លោកបណ្ឌិត អិុត សំហេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូល គឺសម្តេចទាំង៣ជាពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕
ចែករំលែកព័តមាននេះ