ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​រដ្ឋ​អាមេ​រិក​ស្នើ​ឱ្យ​កម្ពុជា​សហការ​ការ​ពារ​សន្តិ​សុខ​ស្ថាន​ទូត​នៅភ្នំ​ពេញ​

12 ឆ្នាំ មុន

​​រា​ជ​ធា​នី​ភ្នំ​ពេញ​ ៖ មន្ត្រី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ថា សហរដ្ឋ​អាមេរិក​កាល​ពីពេល​ថ្មី​ៗ​នេះ​បាន​ជួប​ពិភាក្សា​ជា​មួយ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លើ​កិច្ច​សហ​ការការពារ​សន្តិ​សុខ សុវត្ថិ​ភាព​ស្ថាន​ទូត​អាមេ​រិក​ប្រចាំ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​ ។ ការ​ថ្លែង​របស់​មន្ត្រី​ស្ថាន​ទូត​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ដា​ច់ដោយ​ឡែក​​មួយ​ជាមួយ​អ្នក​សារ​ព័ត៌​មាន​​កម្ពុជា​មួយ​ក្រុម​នៅ​

​​រា​ជ​ធា​នី​ភ្នំ​ពេញ​ ៖ មន្ត្រី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ថា សហរដ្ឋ​អាមេរិក​កាល​ពីពេល​ថ្មី​ៗ​នេះ​បាន​ជួប​ពិភាក្សា​ជា​មួយ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លើ​កិច្ច​សហ​ការការពារ​សន្តិ​សុខ សុវត្ថិ​ភាព​ស្ថាន​ទូត​អាមេ​រិក​ប្រចាំ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​ ។ ការ​ថ្លែង​របស់​មន្ត្រី​ស្ថាន​ទូត​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ដា​ច់ដោយ​ឡែក​​មួយ​ជាមួយ​អ្នក​សារ​ព័ត៌​មាន​​កម្ពុជា​មួយ​ក្រុម​នៅ​សណ្ឋា​គារ​ភ្នំ​ពេញ ​ខណៈ​​ហូប​អាហារ​ពេល​ថ្ងៃ​ត្រង់​ជុំ​គ្នា​មួយ​ ។

លោក​ ចន សៀន ម៉ាក អីុន​តូស (John Sean Mc Intosh) មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ថា លោក​អូបា​ម៉ា ​ដាក់​បទ​បញ្ជា​ថា នៅ​គ្រប់​ស្ថាន​ទូត​អាមេ​រិក​ ត្រូវ​បង្កើន​ការ​យាម​កាម​ ដើម្បី​ពង្រឹង​កិច្ច​ការ​ពារ​សន្តិ​សុខ ។ ដូច​គ្នា​ផង​ដែរ​ ស្ថាន​ទូត​អាមេរិក​ប្រ​ចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក៏​បាន​ទាក់​ទង​ជា​មួយ​នឹង​ប៉ូលិស​កម្ពុជា​រួច​អស់​ហើយ ​ដើម្បី​បង្កើន​កិច្ច​សហការ​ ក្នុង​កិច្ច​ការពារ​សន្តិសុខ​នៅ​ស្ថាន​ទូត​ ក៏​ដូច​ជា​ការ​ពារ​សុវត្ថិ​ភាព​សម្រាប់​បុគ្គលិក​ស្ថាន​ទូត ។

ស្ថាន​ទូត​អាមេរិកប្រចាំ​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​ទី​តាំង​ស្ថិត​នៅក្នុង​ខណ្ឌ​ដូន​ពេញ​ជិត​វត្ត​ភ្នំ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ស្វែង​រក​កិច្ច​សហ ការ​ជាមួយ​នឹង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា ដើម្បី​បង្កើន​កិច្ច​កា​ពារ​សន្តិ​សុខ​សុវត្ថិ​ភាព​ ។ នេះ​ជា​បទ​បញ្ជា​ថ្មី​របស់​លោក​ប្រធានា​ធិប​តី អូ​​បា​ម៉ា ក្រោយ​ពេល​មាន​កុប​កម្ម​​ប្រឆាំង​​​តវ៉ារហូតដល់​វាយ​កម្ទេច​ស្ថាន​ទូត​ និង​សម្លាប់​ឯក​អគ្គ​រដ្ឋ​ទូត​ ប្រចាំ​ប្រទេស​លីប៊ី​ កាល​ពី​សប្តាហ៍​មុន​ ដោយ​សារ​តែ​កំហឹង​របស់​ជន​ជាតិ​អ៊ិស្លាម​ ។

មន្ត្រីស្ថាន​ទូត​បន្ត​ថា ការ​បង្កើន​កិច្ច​ការ​ពារ​ស្ថាន​ទូត​អាមេរិក ធ្វើ​​ឡើង​ពេល​ដែល​មាន​កុប កម្ម​​ប្រឆាំង​សហរដ្ឋ​អាមេរិក បង្ក​ឡើង​ដោយ​​ក្រុម​​ជន​ជាតិ​អ៊ិស្លាមបាន​ផ្ទុះ​ឡើងកាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ប្រទេស​លី​ប៊ី រហូត​ដល់​មាន​ការ​ដុត​កម្ទេច ស្ថាន​ទូត​ ហើយ​សម្លាប់​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថែម​ទៀត ។ ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​ផលិត​ករ​ខ្សែ​ភាព​យន្ត​អាមេរិក​បាន​តាក់​តែង​រឿង​ភាព​យន្ត​​ដែល​មាន​ការ​ប្រមាថ​លើ​ថ្នាក់​ដឹក​នាំ​សាសនា​អ៊ិ​ស្លាម ។

លោក​ ចន​ សៀន​ ម៉ាក អ៊ីន​តូស​ បន្ត​ថា ស្ថាន​ទូត​អាមេរិក​កំពុង​​ធ្វើ​ការ​ជាមួយ​រដ្ឋ​ា​ភិបាល​កម្ពុជា​ក៏​ដូច​ជា​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​កិច្ច​សហការ​គ្នា​ដើម្បីរក្សា​សុវត្ថិ​ភាព​សន្តិ​សុខ​​ដល់​មន្ត្រី​ស្ថាន​ទូត​ និង​បុគ្គលិក​ទាំង​អស់​របស់​ស្ថាន​ទូត​​។ បុគ្គលិក​ស្ថាន​ទូត​ទាំង​អស់​មាន​ចំនួន​ប្រមាណ​២០០​នាក់​ ដែល​កំពុង​បម្រើ​ការ​ងារ​នៅក្នុង​ស្ថាន​ទូត​ ។ នៅ គ្រប់​ស្ថាន​ទូត​អាមេរិក​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​ពង្រឹង​សន្តិ​សុខ​ ដោយ​ឡែក​នៅ​កម្ពុជា​មាន​កិច្ច​សហការ​គ្នា​រវាង​រដ្ឋា​ភិបាល​ និង​ស្ថាន​ទូត​រួច​ហើយ ។

លោក​ ចន សៀន ម៉ាក អ៊ី​ន​តូស​ ​បាន​បន្ថែម​ថា​ រដ្ឋ​ា​ភិបាល​កម្ពុជា​បាន​សន្យា​រួច​ហើយ​ក្នុង​ការ​ការ​ពារ​​សុវត្ថិ​ភាព​​ស្ថាន​ទូត​នៅ​ពេល​ដែល​មាន​អ្វី​មួយ​កើត​ឡើង​ អាជ្ញា​ធរ​នឹង​ចាត់​វិ​ធាន​ការ​ជា​បន្ទាន់​ភ្លាម​ ។ ស្ថាន​ទូត​ និង​ក្រសួង​មហា​ផ្ទៃ​គិត​  រួច​ហើយ​ចំពោះ​បញ្ហាសន្តិ​សុខ​សម្រាប់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា​ ។ ទោះ​បី​​ជា​យ៉ាង​ណា​លោក​ ចន សៀន ម៉ាក អ៊ីន​តូស មិន​បាន​បញ្ជាក់​ទេ​ថា មាន​ពល​រដ្ឋ​អា​មេរិក​ប៉ុន្មាន​នាក់​ដែល​កំពុង​រស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​ស្ថានទូត​មិន​បាន​ចាប់​អារម្ម​ណ៍​ពី​ចំនួន​ដែល​អ្នក​ចុះ​ឈ្មោះ​នៅ​ស្ថាន​ទូត​ទេ ។

នៅពេល​សួរ​ថា តើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​របៀប​ណា​ ក្រសួង​មហា​ផ្ទៃ​គ្រោង​នឹង​បញ្ជូន​ប៉ូលិស​​ការ​ពារ​ស្ថាន​ទូត​ឬ​យ៉ាង​ណា​នោះ​? លោក ចន​ សៀន ម៉ាក អ៊ីន​តូស ​ថ្លែង​ថា «អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំ​ដាប់​ថ្នាក់​របស់​រដ្ឋា​ភិបាល​នឹង​ធ្វើ​ការ​ងារ​នេះ​ដោយ​សហ​ការ​ជាមួយ​ស្ថាន​ទូត​ ប្រសិន​បើ​មាន​បញ្ហា​អ្វី​មួយ​​កើត​ឡើង» ។  លោក​ចន សៀន ម៉ាក អ៊ីន​តូស បន្ត​ថា បញ្ហាសន្តិ​សុខ​ស្ថាន​ទូត​វា​មិន​មាន​ជា​រឿង​សាមញ្ញ​នោះ​ទេ​ឬ​ក៏​​ស្ថាន​ទូត​គិត​លេង​ៗ​នោះ​ទេ ។ ស្ថាន​ទូត​បាន​គិត​ដល់​​បុគ្គលិក​ស្ថាន​ទូត​ផង​ដែរ ហើយ​កន្លង​មក​ស្ថាន​ទូត​នៅ​មិន​ទាន់​មាន​​កា​រគំរាម​កំហែង​ពី​ខាង​ណា​មួយ​នៅ​ឡើយ​ទេ តែ​​យើង​បាន​សហការ​ល្អ​ជា​​មួយ​​គ្រប់​មជ្ឍដ្ឋាន​ ហើយ​​យើង​មាន​អារម្ម​ណ៍​ថា​មាន​សុវត្ថិ​ភាព​នៅ​ទីនេះ ។ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ការ​ប្រឈម​​ខ្លះ​ដូច​ជា​នៅ​ប្រទេស​ថៃ​ជា​ដើម​ ដូច្នេះ​«បញ្ហា​សុវត្ថិ​ភាព​វា​ជា​កត្តា​ចម្បង​ដែល​យើង​ត្រូវ​តែ​គិត​» ។

គួរ​រំលឹក​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​ព្រឹត្តិ​ការណ៍​តវ៉ា​ដោយ​ហិង្សា​ដែល​បង្ក​ដោយ​ជន​ជាតិ​អ៊ិស្លាម​បាន​រាល​ដាល​ដល់​ប្រទេស​អ៊ិ​ស្លាម​មួយ​ចំនួន និង​​មក​ដល់​តំបន់​អាស៊ី ។ កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ កញ្ញា​ ២០១២ ក្រុម​បាតុ​ករ​អ៊ិ​ស្លាម នៅ ប្រទេស​ថៃ​បាន​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក ប្រចាំ​ទី​ក្រុង​បាង​កក ។ រី​ឯ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ប្រទេស​មានជន​​ជាតិ​អ៊ិ​ស្លាម​ច្រើន​ជា​ង​គេ​លើ​ពិ​ភព​​លោក​ ក៏​បាន​ផ្ទុះ​ការ​តវ៉ា នៅ​មុខ​ស្ថាន​ទូត​អាមេរិកក្នុង​ទី​ក្រុង​ហ្សា​ការតាដែរ​ កាល​ពី​ថ្ងៃ​ទី១៧ កញ្ញា ​២០១២ ៕