ខេត្តកណ្តាល ៖ ម៉ូតូមួយគ្រឿងត្រូវបានចោរលួចកាច់សោ.កយកទៅបាត់ស្រមោលក្នុងខណៈពេលដែលម្ចាស់របស់វាជិះចេញពីផ្ទះទៅ ច្រូតស្មៅនៅវាលស្រែរួចចតទុកចោលនៅលើចិញ្ចើមផ្លូវឆ្ងាយពីខ្លួន ហើយរវល់តែច្រូតស្មៅភ្លេចខ្លួនពេលក្រឡេកមកវិញក៏ស្រាប់តែបាត់មិនឃើញ ទើបមានការភ្ញាក់ផ្អើលឆោឡោតែម្តងតែវាហួសពេលទៅហើយ ។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ២០ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចវាលស្រែស្ថិតនៅក្នុងភូមិលំហាច ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ម៉ូតូដែលចោរលួចយកទៅបាត់នោះម៉ាកហុងដាសេ១២៥ស៊េរី២០០៦ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល១G-២៩៦៤ ហើយម្ចាស់របស់វាមិនបានប្រាប់ឈ្មោះឱ្យដឹងទេតែគាត់ជាកសិកររស់នៅក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែកចោរវិញមិនត្រូវបានគេដឹងថាមានគ្នាប៉ុន្មាននាក់នោះឡើយ ព្រោះនៅពេលដែលចោរនោះធ្វើសកម្មភាពម្ចាស់ម៉ូតូមិនបានឃើញទេ លុះពេលចោរជិះទៅបាត់ទើបមានការភ្ញាក់ផ្អើល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើបុរសជាម្ចាស់ម៉ូតូបានជិះម៉ូតូមួយគ្រឿងនោះចាកចេញពីផ្ទះសំដៅទៅកាន់វាលស្រែត្រង់ចំណុចកើតហេតុខាងលើ ដើម្បីច្រូតស្មៅឱ្យគោរបស់គាត់ស៊ី ។ លុះពេលទៅដល់បុរសនោះបានចតម៉ូតូទុកនៅលើចិញ្ចើមផ្លូវដោយចាក់សោ.ករួចដើរចេញទៅរកច្រូតស្មៅនៅឆ្ងាយពីម៉ូតូបន្តិច ខណៈកំពុងច្រូតស្មៅភ្លេចខ្លួនមិនបានមើលមួយសន្ទុះក៏ត្រូវចោរចូលទៅ កាច់សោ.កលួចជិះយកទៅបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីច្រូតបានស្មៅខ្លះហើយនឹកឃើញម៉ូតូដែលចតចោលឆ្ងាយពីខ្លួនបុរសនោះបានក្រឡេកមើលស្រាប់តែបាត់មិនឃើញទើបមានការភ្ញាក់ផ្អើលឆោឡោឡើង ប៉ុន្តែអ្វីៗវាបានហួសពេលទៅហើយព្រោះពុំដឹងថា ម៉ូតូរបស់ខ្លួននោះត្រូវចោរលួចជិះយកទៅដល់ណាបាត់ហើយ ។ ទាក់ទិនទៅនឹងហេតុការណ៍នោះកន្លងមកឧស្សាហ៍កើតមានសកម្មភាពចោរលួចកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋញឹកញាប់ដែរ ។
ឯចោរលួចគោប្រជាពលរដ្ឋនៅពេលយប់ក៏តែងតែកើតឡើងជារឿយៗដែរនៅ ក្នុងភូមិសាស្រ្តស្រុកអង្គស្នួលនោះ ហើយក្រុមចោរហាក់មានសំណាងបានគេចខ្លួនរួចរហូត ។ ចំណែកអ្នករងគ្រោះ គឺជាប្រជាពលរដ្ឋដូច្នេះសមត្ថកិច្ចប៉ូលិសគួរតែបង្កើនការល្បាតពួនស្ទាក់បង្ក្រាបក្រុមចោរទាំងនោះឱ្យបានដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ