ហ្វេសប៊ុកជាបណ្តាញទំនាក់ទំនងសង្គមតាមប្រព័ន្ទអីុនធើរណេត ដែលមានការពេញនិយមក្នុងការប្រើប្រាស់របស់យុវវ័យ ប៉ុន្តែតាមអ្នកជំនាញថា មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ។ លោកសូត តាំងលី ជាសាស្ត្រាចារ្យផ្នែកកុំព្យូទ័រនៅឯមណ្ឌលកំពង់ធំអូហ្វើនីច មានប្រសាសន៍ថា ហ្វេសប៊ុក (Facebook) ជាគេហទំព័រមួយដែលអនុញ្ញាតឱ្យបណ្តាអ្នកប្រើប្រាស់អាប់ឡូត និងចេញផ្សាយរូបភាពគ្រប់ប្រភេទនៅលើប្រព័ន្ធអីុនធើរណេត ព្រមទាំងព័ត៌មានផងដែរ ។
ទោះជាយ៉ាងណាក្តី ពេលប្រើប្រាស់អ្នកចេញផ្សាយរូបភាព ក៏ដូចជាវីដេអូអាសអាភាស អាចធ្វើឱ្យយុវជនមួយចំនួនភ្លើតភ្លើនឈានដល់ការប្រព្រឹត្តនូវអំពើអសីលធម៌ នាំឱ្យខូចអនាគត និងបាត់បង់ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរដែលមានតាំងពីយូរមកហើយ ។លោកតាំង លី បញ្ជាក់ថា ពេលខ្លះមិនត្រឹមតែជារូបភាព ឬក៏វីដេអូអាសអាភាសប៉ុណ្ណោះទេ គឺថែមទាំងមានការផ្សាយចេញពពួកមេរោគដែលបង្កប់ជាមួយរូបភាពប្លែកៗនៅពេលអ្នកប្រើប្រាស់ហ្វេសប៊ុកចុចលើរូបនោះ គឺពពួកមេរោគ នឹងជ្រៀតចូលក្នុងម៉ាសីុនកុំព្យូទ័ររបស់ខ្លួន បណ្តាលឱ្យគាំងមិនអាចដំណើរការបានទេ ។
លោកតាំង លី ផ្តាំផ្ញើដល់យុវវ័យទាំងអស់ ដែលប្រើប្រាស់ហ្វេសប៊ុក សូមកុំប្រើប្រាស់បណ្តាញទំនាក់ទំនងមួយនេះសម្រាប់ចេញផ្សាយរូបភាព,វីដេអូ,រួមទាំងដំណឹងណាមួយដែលមិនល្អ ព្រោះការចេញផ្សាយតាមហ្វេសប៊ុក មានអ្នកទស្សនាច្រើនលើពិភពលោក ។
យោងតាមការទាក់ទងតាមរយៈទូរស័ព្ទជាមួយលោក ផូង សុផា ដែលជាគ្រូកុំព្យូទ័រនៅមណ្ឌល Together For Cambodia ដែលមានទីតាំងនៅក្នុងខេត្តសៀមរាបឱ្យដឹងថា ហ្វេសប៊ុកជាវ៉េបសាយមួយសម្រាប់ទាក់ទងគ្នា ហើយក៏អាច Add friend ផងដែរ ប៉ុន្តែក្នុងការ Add friend យើងត្រូវមើលពី Profile របស់ Friend នោះល្អ ឬមិនល្អ ។ ក្នុងករណីដែល Friend នោះមិនល្អ គឺពួកគេតែងតែចេញផ្សាយនូវរូប ឬក៏វីដេអូអាសអាភាសដែលជាលក្ខណៈអសីលធម៌ក្នុងសង្គម ។
លោកផូង សុផា បន្តទៀតថា នៅពេលយើងឃើញ Friend មិនល្អ និងរូបភាពក៏ដូចជាវីដេអូអាសអាភាស គឺយើងអាច Unfriend ឬ Block ចោល ។ ពេលខ្លះការចេញផ្សាយអាចបង្កនូវគ្រោះថ្នាក់ដល់អ្នកចេញផ្សាយនោះខ្លួនឯង។លោកសុផា បានផ្តាំផ្ញើដល់អ្នកប្រើហ្វេសប៊ុកទាំងអស់ត្រូវប្រើឱ្យមានអត្ថប្រយោជន៍សម្រាប់សង្គម។
យោងតាមអ្នកប្រើហ្វេសប៊ុកមួយចំនួនឱ្យដឹងថា កាលពីមុនពួកគេគិតថាហ្វេសប៊ុកជាបណ្តាញទំនាក់ទំនងសង្គមដែលត្រូវប្រើដើម្បីចេញផ្សាយរូបភាព និងវីដេអូទាំងល្អ និងមិនល្អគ្រប់បែបយ៉ាង តែពេលឥឡូវនេះ គេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះសម្រាប់ចេញផ្សាយព័ត៌មាន រូបភាព និងវីដេអូល្អក្នុងគោលបំណងតែមួយគត់ គឺជួយដល់សង្គម ៕
ចែករំលែកព័តមាននេះ