ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ត្រូវអ្នកដែលរស់នៅជាមួយចាក់សម្លាប់ រួចយកសពញាត់បញ្ចូលក្រោមគ្រែ ហើយគេចខ្លួនបាត់ ។ ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៩ កញ្ញា នៅក្នុងផ្ទះជួលរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ។
លោកអនុសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់កោះសន្តិភាពថា ជនរងគ្រោះឈ្មោះសុខា ឡៃ អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅឃុំអូរស្មាច់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានមកជួលផ្ទះស្នាក់នៅបណ្តោះអាសន្ន នៅឃុំប្រមោយ ស្រុកវាលវែងនេះ រយៈពេលជិត២ឆ្នាំមកហើយ ដោយមានមុខរបរលក់ថ្នាំពេទ្យ និងចាក់ថ្នាំឱ្យអ្នកជំងឺក្នុងស្រុកភូមិនោះ ។ ពីមុន ជនរងគ្រោះនៅម្នាក់ឯងទេ ទើបតែប្រហែលមួយខែនេះ បានហៅបុរសម្នាក់ឈ្មោះ យូ អាយុប្រហែល២០ឆ្នាំ ជាកម្មករសំណង់ មករស់នៅជាមួយ។
បើតាមការសាកសួរប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយគ្នាប្រាប់ថា ឈ្មោះសុខា ឡៃ (ជនរងគ្រោះ) នោះមានលក្ខណៈជាភេទទី៣ ហើយឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃជាមួយឈ្មោះយូ ដែលហៅមកនៅជាមួយ ។ នៅថ្ងៃកើតហេតុពួកគេទាំង២នាក់ក៏ឈ្លោះគ្នាដែរ ក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញដូចរាល់ដង ។ ដោយបាត់មនុស្សមិនឃើញចេញមកក្រៅផ្ទះយូរពេក ប្រជាពលរដ្ឋនៅក្បែរៗនោះឆ្ងល់ក៏ដើរចូលទៅមើលស្រាប់តែរហូតឃើញជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមក្រោមគ្រែ ទើបមករាយណ៍ប្រាប់សមត្ថកិច្ច ។ លោកអធិការបន្តទៀតថា ហេតុការណ៍នេះកើតឡើងក្នុងចន្លោះពីម៉ោង១ទៅម៉ោង២រសៀលថ្ងៃទី១៩កញ្ញា តែដល់ម៉ោង៦ល្ងាចទើបសមត្ថកិច្ចរបស់លោកដឹង និងមិនទាន់ពិនិត្យភ្លាមទេ គឺការពារកន្លែងកើតហេតុនោះរង់ចាំប៉ូលិសបច្ចេកទេសវិទ្យាសាស្ត្រ ប៉ូលិសព្រហ្មទណ្ឌ គ្រូពេទ្យនិងស្ថាប័នតុលាការធ្វើកោសល្យវិច័យ ។
នៅថ្ងៃទី២០ កញ្ញា លោកយូ យឺននី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលឃើញសាកសពមានស្នាមចាក់នឹងកាំបិតចុងស្រួចចំនួន២កាំបិតចំបោះដៃផុត និងអារផ្តាច់សរសៃ.កមួយកន្លែងទៀតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ។ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ករណីនេះជាអំពើឃាតកម្មដោយគំនុំដែលអាចការរស់នៅមិនចុះសម្រុងនឹងគ្នា ។ នៅថ្ងៃទី២០ កញ្ញា នោះដែរ សមត្ថកិច្ចបានស្រាវជ្រាវឃើញទូរស័ព្ទរបស់ជនរងគ្រោះនៅហាងលក់ទូរស័ព្ទមួយកន្លែងខាងត្បូងផ្សារពោធិ៍សាត់ ដែលជនដៃដល់យកមកលក់នៅទីនោះ ។ សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមរកជនដៃដល់ជាឃាតករ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ